ខេត្ដកណ្ដាល ៖ ប្រធានពន្ធនាគារខេត្ដកណ្ដាល លោក មួង សំអាត ត្រូវបានមន្ដ្រីពន្ធនាគារ រួមទាំងអ្នកទោសនិងក្រុមគ្រួសារទណ្ឌិតចោទប្រកាន់ថា បានធ្វើសកម្មភាពដាំកញ្ឆាក្នុងបរិវេណពន្ធនាគារ និងប្រើអ្នកទោសឱ្យធ្វើការងារមួយចំនួន ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ជាងនេះទៅទៀត លោកតែងជំរិតទារប្រាក់ ពីក្រុមគ្រួសារអ្នកទោស ដែលបានជាប់ពន្ធនាគារខេត្ដកណ្ដាល ។
មន្ដ្រីពន្ធនាគារម្នាក់បានប្រាប់នគរវត្ដ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា សព្វថ្ងៃនេះនៅក្នុងពន្ធនាគារខេត្ដ កណ្ដាល ដែលមានលោក មួង សំអាត ជាប្រធានបានប្រើអ្នកទោសឱ្យដាំកញ្ឆា សម្រាប់ប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន។ ប្រភពដដែលបានឱ្យដឹងទៀតថា លោក មួង សំអាត តែងជេរប្រទិចផ្ដាសារមន្ដ្រី ក្រោមឱវាទដែលហ៊ានប្រឆាំងនឹងរូប លោក បញ្ជាឱ្យដាំកញ្ឆាឬប្រមូលអ្នក ទោសមកធ្វើការដើម្បីបម្រើផលប្រយោជន៍ របស់ខ្លួន ហើយបើកូនចៅក្រោមឱវាទ ណាមិនស្ដាប់បង្គាប់ លោកតែងតែដកបញ្ឈរជើង ។
ប្រភពដដែលបានបន្ដឱ្យដឹងថា ជារឿយៗលោកមួង សំអាត តែងទិញកម្ទេចកំណាត់យកទៅឱ្យអ្នកទោសប្រមាណពី ៣០-៤០នាក់អង្គុយដេរនៅក្នុងគុក ហើយ បើអ្នកទោសណាខ្ជិលច្រអូស ឬធ្វើការយឺត លោកតែងបញ្ជាកូនចៅឱ្យវាយដំ ដែល ទង្វើនេះ ត្រូវបានកូនចៅក្រោមឱវាទ មួយចំនួនជំទាស់ តែមិនអាចទៅរួច ដោយសារតែលោក មួង សំអាត ជាមេប្រើអំណាចគាបសង្កត់ជាហេតុធ្វើឱ្យកូនចៅត្រូវតែធ្វើកាមបញ្ជារបស់គាត់ ។
ជុំវិញការចោទប្រកាន់ខាងលើនេះ លោក មួង សំអាត ប្រធានពន្ធនាគារខេត្ដកណ្ដាល មានប្រសាសន៍ទទួលស្គាល់ប្រាប់កាសែតនគរវត្ដតាមទូរស័ព្ទនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២ថា លោក ពិតជាបានដាំកញ្ឆាក្នុងពន្ធនាគារប្រាកដមែន ប៉ុន្ដែដាំតែ២ដើមសម្រាប់ទុក ព្យាបាលជំងឺចុកពោះរបស់អ្នកទោសតែប៉ុណ្ណោះ ខណៈកញ្ឆា២ដើមនោះមិនមែន ដាំសម្រាប់ប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួននោះទេ ។
តាមប្រភពព័ត៌មានពីមន្ដ្រីពន្ធនាគារ ខេត្ដកណ្ដាលបានឱ្យដឹងថា បន្ទាប់ពីភ្នាក់ ងារកាសែតនគរវត្ដភ្ជាប់ទូរស័ព្ទសួរនាំ ករណីដែលលោក មួង សំអាត ដាំកញ្ឆា ក្នុងពន្ធនាគារខាងលើនេះ គឺលោកបានបញ្ជាឱ្យកូនចៅកាប់បំផ្លាញកញ្ឆា និងឈូសថ្នាលបណ្ដុះកូនកញ្ឆានោះចោល ភ្លាមៗតែម្ដងដើម្បីបំបិទភស្ដុតាង ។
មិនមែនមានតែមន្ដ្រីក្រោមឱវាទ ក្នុងពន្ធនាគារខេត្ដកណ្ដាលនោះទេ ដែល រិះគន់លោក មួង សំអាត ដោយឡែក ក្រុមគ្រយសារអ្នកទោសមួយចំនួន ដែលមានសាច់ញាតិបងប្អូនជាប់នៅ ពន្ធនាគារខេត្ដកណ្ដាលបានរិះគន់ថា លោក មួង សំអាត តែងតម្រូវឱ្យបង់ប្រាក់ ជាថ្នូរនឹងការចូលជួបបងប្អូនសាច់ញាតិ ។
ក្រុមគ្រួសារអ្នកទោសម្នាក់ឈ្មោះ គង់ គន់ នៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង បានរៀបរាប់ប្រាប់កាសែត នគរវត្ដថា នៅពេល គង់ គន់ ជាប់ក្នុង ពន្ធនាគារខេត្ដកណ្ដាលពីបទឆក់ត្រីក្នុង អំឡុងឆ្នាំ២០១១ ពេលនោះតុលាការ បានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះ អាសន្ន ប៉ុន្ដែខាងពន្ធនាគារមិនព្រមដោះ លែង ដោយតម្រូវឱ្យពួកគាត់បង់ប្រាក់ ១៥០ដុល្លារ បើមិនព្រមបង់ទេនោះ គឺគេមិនដោះលែងជាដាច់ខាត ។
ស្រដៀងគ្នានិងក្រុមគ្រួសារ គង់ គន់ ក្រុមគ្រួសារអ្នកទោសមួយចំនួនទៀត បានត្អូញត្អែរថា នៅពេលពួកគាត់ចង់ ទៅសួរសុខទុក្ខសាច់ញាតិបងប្អូនដែល ជាប់ពន្ធនាគារខេត្ដកណ្ដាលម្ដងៗ គឺត្រូវ ចំណាយប្រាក់អស់ច្រើនណាស់ ទម្រាំ មន្ដ្រីដែលយាមកាមនៅទីនោះអនុញ្ញាតឱ្យចូលជួប ។ ពួកគាត់បន្ដថា មិនតែប៉ុណ្ណោះ ប្រាក់មួយចំនួនដែលពួកគាត់ទុកសម្រាប់ឱ្យសាច់ញាតិនៅក្នុងពន្ធនាគារចាយវាយបន្ដិចបន្ដួច ត្រូវមន្ដ្រីពន្ធនាគារ ដកហូតយកមួយចំនួន (យកភាគរយ)។
ប្រភពពីមន្ដ្រីពន្ធនាគារខេត្ដកណ្ដាល បានបញ្ជាក់ឱ្យនគរវត្ដដឹងថា មន្ដ្រីពន្ធនា គារណាដែលជាសែស្រឡាញរបស់លោក មួង សំអាត ឬជាមនុស្សដែលទុកចិត្ដ គឺតែងតែដាក់នៅកន្លែងណាដែលរក ចំណូលបាន ។ ជាក់ស្ដែងឈ្មោះ លន់ វីរៈ ដែលជាកូនប្រសាររបស់លោក មួង សំអាត ទើបចូលធ្វើការសោះ ក៏ត្រូវ បានតែងតាំងធ្វើជាអនុប្រធានការិយា ល័យភស្ដុភារ និងបង្កើតទីតាំងលក់ដូរ នៅក្នុងពន្ធនាគារថែមទៀត ។ ចំណែកឯ កូនប្រុសបង្កើតរបស់លោក មួង សំអាត ឈ្មោះ មួង អេម ដែលទទួលមុខងារជា អ្នកឆែកឆេរអ្នកទោស និងទំនាក់ទំនងជា មួយក្រុមគ្រួសារអ្នកទោសនោះ គឺតែង តែជំរិតទារប្រាក់ពីក្រុមគ្រួសារអ្នកទោស ជារៀងរាល់ថ្ងៃ ជាថ្នូរនឹងសកម្មភាពផ្សេងៗ ហើយឈ្មោះ មួង អេម មិនដែល ខ្លាចញញើតជាមួយអ្នកណាម្នាក់នោះទេ នៅក្នុងពន្ធនាគារខេត្ដកណ្ដាលនេះ ទោះ បីអ្នកនោះមានឋានៈធំជាងខ្លួនក៏ដោយ ។
ទាំងមន្ដ្រីពន្ធនាគារខេត្ដកណ្ដាលនិង អ្នកដឹងឮមួយចំនួនបានងឿងឆ្ងល់ថា បើគ្រាន់តែលោក មួង សំអាត ដាំកញ្ឆា ទុកសម្រាប់ព្យាបាលអ្នកទោសចុកពោះ ១-២ដើម ហេតុអ្វីក៏លោកធ្វើថ្នាលសាប កូនកញ្ឆារាប់ម៉ឺនដើម តើលោក មួង សំអាត យកកូនកញ្ឆាដែលសាបដុះរាប់ ម៉ឺនដើមទាំងនោះ ទៅដាំនៅឯណា ហើយសម្រាប់ព្យាបាលអ្នកទោសនៅឯណាដែរ? ៕
No comments:
Post a Comment
yes