សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 12, 2012

ម្ដាយ​ពល​ការិនី​នៅ​ម៉ាឡេស៊ី រក​ជំនួយ​ឱ្យ​យក​កូន​ស្រី​​គាត់​​មក​កម្ពុជា​វិញ


មន្ត្រី​អង្គការ​សង្គម​ស៊ីវិល នៅ​តែ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព និង​សន្តិសុខ​របស់​ពលករ​ខ្មែរ ដែល​កំពុង​ធ្វើ​ការ នៅ​ប្រទេស​ម៉ាឡេស៊ី។
ពួក​គេ​មួយ​ចំនួន កំពុង​ប្រឈម​នឹង​ការ​បង្ខំ​ឲ្យ​ត​កុងត្រា​បន្ថែម ពេល​ពួក​គេ​ដល់​អាណត្តិ​ត្រូវ​ត្រឡប់​មក​កម្ពុជា​វិញ។ ពលករ​ខ្លះ ត្រូវ​ថៅកែ​ប្រើ​អំពើ​ហិង្សា និង​បង្អត់​បាយ​រហូត​សម្រេច​រត់​គេច​ពី​ផ្ទះ​ថៅកែ។  ជាក់ស្ដែង​ពល​ការី​ម្នាក់​នៅ​ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ត្រូវ​បាន​ក្រុម​គ្រួសារ អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ជួយ​នាង​ត្រឡប់​មក​វិញ បន្ទាប់​ពី​បាន​រត់​គេច​ពី​ផ្ទះ​ថៅកែ ដែល​បង្ខំ​ឲ្យ​នាង​ធ្វើ​ការ​ហួស​កម្រិត និង​បង្អត់​បាយ។
លោកស្រី ឡន សារ៉េម នៅ​ភូមិ​អញ្ចាញ ក្នុង​ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ទទូច​សុំ​ឲ្យ​អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល ជួយ​អន្តរាគមន៍​ឲ្យ​កូន​ស្រី​របស់​គាត់​ម្នាក់ ដែល​ទៅ​ធ្វើ​ការ​ជា​មេ​ផ្ទះ នៅ​ប្រទេស​ម៉ាឡេស៊ី ត្រឡប់​មក​កម្ពុជា​វិញ។
ការ​ស្នើសុំ​នេះ​ធ្វើ​ឡើង នៅ​បន្ទាប់​ពី​កូន​របស់​គាត់ ឈ្មោះ ម៉ៅ សុខជា អាយុ ៣៣ ឆ្នាំ បាន​ទូរស័ព្ទ​សុំ​ជំនួយ​ពី​ម្ដាយ កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ក្រោយ​ពី​បាន​រត់​គេច​ពី​ផ្ទះ​ថៅកែ​ជន​ជាតិ​ចិន​ម្នាក់ ដែល​នាង​ធ្វើ​ការ​ជាមួយ នៅ​ខេត្ត ប៉េណាំង ប្រទេស​ម៉ាឡេស៊ី បង្ខំ​នាង​ឲ្យ​ធ្វើ​ការ​តាំង​ពី​ម៉ោង ៦ ព្រឹក​រហូត​ដល់​ម៉ោង ៣ ភ្លឺ និង​មិន​បាន​ផ្ដល់​អាហារ​គ្រប់គ្រាន់ ធ្វើ​ឲ្យ​នាង​មាន​ជំងឺ​ហើម​ដៃ​ជើង មិន​អាច​ទ្រាំទ្រ​បាន។

ពល​ការិនី ម៉ៅ សុខជា ត្រូវ​បាន​ក្រុមហ៊ុន​ខ្មែរ អេ.ភី.ធី.អេស.អ៊ី.អ៊ែន.ស៊ី (APTSE&C) នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី បញ្ជូន​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ ២០១១។
គ្រួសារ​ពល​ការិនី​ឲ្យ​ដឹង​ថា នាង​មិន​បាន​ទទួល​ប្រាក់​ខែ​សោះ នៅ​ក្នុង​អំឡុង​ពេល​ជាង​មួយ​ឆ្នាំ ដែល​នាង​ធ្វើ​ការ​ជា​មេ​ផ្ទះ​នៅ​ទី​នោះ ក្រៅ​តែ​ពី​ខ្ចី​លុយ​ពី​ថៅកែ​ក្រុមហ៊ុន​ចំនួន ២០០ ដុល្លារ ផ្ញើ​មក​ផ្ទះ​នៅ ពេល​ដែល​ប្អូន​ស្លាប់​កាល​ពី​ឆ្នាំ​មុន។
លោក​ស្រី ឡន សារ៉េម បន្ត​ថា កូន​ស្រី​របស់​គាត់​បាន​រត់​គេច​ពី​ផ្ទះ​ថៅកែ ទៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី ជួយ។ មន្រ្តី​ស្ថានទូត​បាន​បញ្ជូន​នាង​ទៅ​បន្ត​ភ្នាក់ងារ​នាំ​ពលករ នៅ​ម៉ាឡេស៊ី ឲ្យ​ជួយ​អន្តរាគមន៍​បន្ត ប៉ុន្តែ​បែរ​ជា​ត្រូវ​ខាង​ភ្នាក់ងារ​ធ្វើ​ទារុណកម្ម​ឲ្យ​នាង​រត់​ហាល​ថ្ងៃ និង​បង្ខំ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​ថៅកែ​នោះ​វិញ។
លោក​ស្រី ឡន សារ៉េម៖ «បញ្ជូន​មក​កន្លែងAgency ហើយAgencyឲ្យ​រត់។  រត់​នោះ​រត់​អត់​ឲ្យ​បាយ​ឲ្យ​ទឹក​អី​ផឹក​ទេ។ ដល់​អ៊ីចឹង វា​ថា អូខេ រឺ​អត់? បើ​អត់​អូខេ​ទេ វា​ឲ្យ​រត់​កណ្ដាល​ថ្ងៃ​ទៀត។ ខឹង​យើង​អត់​ទៅ​នៅ​ជាមួយ​ម្ចាស់​ផ្ទះ​នឹង​ណា»។
លោកស្រី​បញ្ជាក់​ថា​បច្ចុប្បន្ន កូន​ស្រី​របស់​គាត់ កំពុង​លាក់​ខ្លួន​នៅ​ផ្ទះ​ជន​ជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ដែល​គេ​ជួយ​សង្គ្រោះ និង​គ្មាន​លុយ​កាក់​សម្រាប់​ត្រឡប់​មក​វិញ​បាន​ទេ។
លោក​ស្រី ឡន សារ៉េម បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ការិយាល័យ​ជួញ​ដូរ​មនុស្ស និង​អង្គការ អាដហុក នៅ​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី ១៩ ខែ​មិថុនា តែ​កូន​ស្រី​របស់​គាត់ គេ​មិន​ទាន់​បាន​ជួយ​សង្គ្រោះ​នៅ​ឡើយ​ទេ។
ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស នៅ​ខេត្ត​ក្រចេះ លោក កែវ ស្រីសី ឲ្យ​ដឹង​ថា ករណី​នេះ លោក​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​ឲ្យ​អង្គការ IOM និង​អង្គការ ខារ៉ាម ឲ្យ​ជួយ​អន្តរាគមន៍​បន្ត បន្ទាប់​ពី​លោក​បាន​ទូរស័ព្ទ​ជួប​ផ្ទាល់​ជាមួយ​ជន​រងគ្រោះ នៅ​ម៉ាឡេស៊ី ដោយ​បញ្ជាក់​ថា នាង​ពិត​ជា​រង​ការ​ធ្វើ​បាប ពី​ថៅកែ​ផ្ទះ​ពិត​មែន។
សំឡេង៖«ទាក់ទង​ទៅ​អង្គការ ខារ៉ាម ដើម្បី​ឲ្យ​អង្គការ ខារ៉ាម ជួយ​ជា​បន្ទាន់ ជាមួយ​អង្គការ អាយ.អូ.អឹម។ តែ​នៅ​ពេល​បច្ចុប្បន្ន មិន​ទាន់​បាន​នៅ​ឡើយ​ទេ»។
នាយក​ក្រុមហ៊ុន​ខ្មែរ អេ.ភី.ធី.អ៊ី.អ៊ែន.ស៊ី ( APTSE&C) នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី លោក សេង សិទ្ធិជ័យ ឲ្យ​ដឹង​ថា លោក​មិន​បាន​ដឹង​ព័ត៌មាន​ដែល​ថា មាន​ថៅកែ​ផ្ទះ​នៅ​ម៉ាឡេស៊ី ធ្វើ​បាប​ពលករ​ដូច​ការ​លើក​ឡើង​របស់​ក្រុម​គ្រួសារ និង​អាជ្ញាធរ​នោះ​ទេ។ តែ​លោក​នឹង​ស្រាវជ្រាវ​ពី​ករណី​នេះ។
លោក សេង សិទ្ធិជ័យ៖ «ជា​បញ្ហា​អី​ទេ សំខាន់​ឲ្យ​តែ​ជា​បញ្ហា​ជាក់ស្ដែង​ក្រុមហ៊ុន​យើង​ធ្វើ​ការ​ដោះស្រាយ​ជូន»។
អ្នក​សម្របសម្រួល​អង្គការ អាដហុក ប្រចាំ​ខេត្ត​ក្រចេះ អ្នកស្រី ធីម ណារិន ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល ៧ ខែ​ឆ្នាំ ២០១២ អ្នកស្រី​ទទួល​ពាក្យ​បណ្ដឹង​ពី​រឿង​ពលករ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី ចំនួន ២៧ ករណី។ ចំនួន​នេះ មាន​ការ​កើន​ឡើង​ខ្ពស់ ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដែល​មាន​តែ ៤ ករណី​ប៉ុណ្ណោះ។
អ្នក​ស្រី​បន្ត​ថា ការ​កើន​ឡើង​នៃ​ចំនួន​ពាក្យ​បណ្ដឹង​នេះ ដោយសារ​តែ​មាន​ពលករ​ខ្លះ កំពុង​ប្រឈម​នឹង​ការ​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ ខ្លះ​ទៀត​បាត់​ខ្លួន ដោយ​រត់​គេច​ពី​ការ​បង្ខំ​ឲ្យ​បន្ត​កុងត្រា​ថ្មី ដោយសារ​តែ​ថៅកែ​មិន​ព្រម​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ ពេល​ចប់​អាណត្តិ។
អ្នកស្រី ធីម ណារិន ៖ «ទី​មួយ គាត់​បាត់​ដំណឹង​កូន​មិន​បាន​ទទួល​ព័ត៌មាន​ពី។ កូន​ទី​២ កូន​របស់​គាត់​លើស​អាណត្តិ​ហើយ​មិន​អាច​វិល​មក​វិញ។ថ្មីៗ នេះ យើង​ទទួល​បាន​ករណី​មួយ ដែល​ថា ពល​ការិនី​នេះ ត្រូវ​បាន​ធ្វើ​ទារុណកម្ម​ពី​ភ្នាក់ងារ​របស់​ក្រុមហ៊ុន»។
របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ អាដហុក (Adhoc) កាល​ពី​ឆ្នាំ ២០១១ ទទួល​ពាក្យ​បណ្ដឹង​ពី​គ្រួសារ​ជន​រង​គ្រោះ ចំនួន ១០២ ករណី។ តួ​លេខ​នេះ​ខ្ពស់​ជាង​ពាក់​កណ្ដាល កាល​ពី​ឆ្នាំ ២០១០ ដែល​មាន​ត្រឹម​តែ​ជាង ៥០ ករណី​ប៉ុណ្ណោះ។
ទាក់ទង​នឹង​រឿង​រំលោភ​សិទ្ធិ​ពលករ​នេះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី ១០ ខែ​ឧសភា ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ រដ្ឋ​មន្រ្តី​ការងារ​អាស៊ាន និង​អាស៊ាន​បូក ៣ នៅ​វិមាន​សន្តិភាព ដោយ​អំពាវនាវ​ឲ្យ​សមាជិក​អាស៊ាន​ទាំង​អស់ គោរព​សិទ្ធិ​ពលករ​ចំណាក​ស្រុក ទេសន្តរប្រវេសក៍ ដោយ​យក​គោលការណ៍​ច្បាប់ និង​សិទ្ធិមនុស្ស​មក​ដោះស្រាយ​ក្នុង​នាម​ជា​ប្រទេស​ក្នុង​តំបន់។ការ​អំពាវនាវ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ព័ត៌មាន​ថា មាន​ការ​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​លើ​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី រួម​មាន​ធ្វើ​ការ​លើស​ម៉ោង​កំណត់ បង្អត់​បាយ ចាប់​រំលោភ វាយ​ដំ​ច្រំ​ធាក់ រហូត​មាន​ពលករ​ខ្លះ​ស្លាប់ ពិការ ឬ​ឆ្កួត៕

No comments:

Post a Comment

yes