សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 12, 2012

កម្មករ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ចិន​នៅ​ស្ទឹងត្រែង​មិន​បាន​បើក​លុយ​៤​ខែ​ហើយ


កម្មករ​សំណង់​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ចំការ​កៅស៊ូ​ចិន ឈ្មោះ សៀវហ្គេច (SevGek) នៅ​ខេត្ត​ស្ទឹងត្រែង ត្រូវ​បាន​ថៅកែ​ជំពាក់​ប្រាក់​ឈ្នួល​អស់​ជា​ច្រើន​ខែ​មក​ហើយ។
ក្រុម​ពលរដ្ឋ​ដែល​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ទំពួន​ទាំង​នោះ ដាក់​ពាក្យ​ប្តឹង​ទៅ​សាលាឃុំ​ស្រែគ ស្រុក​សេសាន ឲ្យ​ក្រុមប្រឹក្សា​ឃុំ​នោះ​ជួយ​អន្តរាគមន៍​ទៅ​ផ្នែក​ពាក់ព័ន្ធ ដើម្បី​បាន​បើក​ប្រាក់​ឈ្នួល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ពួកគាត់។
កម្មករ​សំណង់​ជា​ជនជាតិ​ទំពួន ១៦​នាក់ ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ចំការ​កៅស៊ូ​ចិន ឈ្មោះ សៀវហ្គេច ខកខាន​មិន​បាន​បើក​ប្រាក់​ឈ្នួល​ប្រមាណ​ជាង ៤​ខែ​ទៅ​ហើយ។ ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ​ចោទ​ថា ក្រុមហ៊ុន​ចិន​នោះ​បោក​ប្រាស់​ពួកគាត់ ដោយ​ប្រើ​លេស​ថា ក្រុមហ៊ុន​មិន​ទាន់​មាន​លុយ។
តំណាង​ពលរដ្ឋ​ជា​ជន​ជាតិ​ដើម​ទំពួន លោកស្រី ហុត ថី នៅ​ថ្ងៃ​ទី​១១ សីហា មាន​ប្រសាសន៍​ថា ក្រុម​កម្មករ​សំណង់​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ចិន អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​សរុប​ទឹក​ប្រាក់​ដែល​ខក​ខាន​មិន​បាន​បើក​ជិត ៣​លាន​រៀល។ លោកស្រី​បន្ត​ថា កម្មករ​ទាំង​អស់​កំពុង​តែ​រង់ចាំ​បើក​ប្រាក់​ឈ្នួល​របស់​ខ្លួន​យ៉ាង​អន្ទះសា។

លោកស្រី ហុត ថី បញ្ជាក់​ថា កម្មករ​បាន​ទៅ​ទារ​លុយ​ឈ្នួល​កំលាំង​ពលកម្ម​ជា​ច្រើន​ដង​ច្រើន​សា​នៅ​តែ​មិន​បាន​ដោយ​មេការ​ប្រាប់​ថា មិន​មាន​លុយ​បើក​ឲ្យ​ឡើយ៖ «គេ​និយាយ​ថា កម្មករ​ហ្នឹង​ចង់​បើក​លុយ​ថ្ងៃ​ណា​ក៏​បាន តែ​ឥឡូវ​គេ​កុហក​សួរ​ច្រើន​ដង​ហើយ​គេ​ថា អត់​ទាន់​បើក​ថ្ងៃ​នេះ ហើយ​ថ្ងៃ​នេះ​គេ​កុហក​អ៊ីចឹង»
លោកស្រី ហុត ថី បន្ត​ថា ឯកសារ​បុង​ចំនួន​ថ្ងៃ​ដែល​កម្មករ​ធ្វើ​ការ​ក៏​ត្រូវ​ក្រុមហ៊ុន​ដក​យក​ទៅ​ទុក​បាត់​ដែរ មិន​ឲ្យ​កម្មករ​វិញ​ឡើយ។ ពេល​សួរ​នាំ​គេ​ប្រាប់​ថា ទុក​ឲ្យ​កម្មករ។
ទន្ទឹម​នឹង​នេះ មេការ​សំណង់​ក្រុមហ៊ុន​ចិន សៀវហ្គេច លោក ជ្រី ធា មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ពី​រឿង​កម្មករ​ជន​ជាតិ​ទំពួន​ទាំង​នោះ​ឡើយ។ លោក​បន្ត​ថា លោក​ជា​មេការ​ថ្មី ហើយ​កម្មករ​នៅ​ក្រោម​បង្គាប់​លោក ២០​នាក់ ក៏​មិន​ទាន់​បាន​បើក​ប្រាក់​ខែ​ឲ្យ​នៅ​ឡើយ​ដែរ ដោយ​ថៅកែ​ក្រុមហ៊ុន​ប្រាប់​ឲ្យ​រង់ចាំ​សិន។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ថៅកែ​ជនជាតិ​ចិន ឈ្មោះ លាង និង​ឈ្មោះ ឡៅលី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១២។
យ៉ាង​ណា​ក៏ដោយ មេ​ឃុំ​ស្រែ​គ លោក សៀក មេគង្គ មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ទី​១២ សីហា លោក​នឹង​ប្រជុំ​ក្រុមប្រឹក្សា​ឃុំ ហើយ​ត្រៀម​រៀបចំ​ពាក្យ​បណ្ដឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ជួយ​កម្មករ។ លោក​បន្ត​ថា លោក​ធ្លាប់​នាំ​ក្រុមប្រឹក្សា​ឃុំ​ទៅ​សួរ​នាំ​ដល់​ក្រុមហ៊ុន​ដែរ តែ​មិន​មាន​ចម្លើយ​ជា​វិជ្ជមាន​ឡើយ។
លោក សៀក មេគង្គ បញ្ជាក់​ថា ពលរដ្ឋ​ជនជាតិ​ដើម​ទាំង​នោះ មាន​ជីវភាព​ក្រ​លំបាក​ពួក​គាត់​សង្ឃឹម​បាន​ប្រាក់​ឈ្នួល​មក​ផ្គត់ផ្គង់​ជីវភាព តែ​ពេល​អត់​បាន​ប្រាក់​ឈ្នួល​ពលរដ្ឋ​មួយ​ចំនួន​ធ្លាក់​ខ្លួន​ជំពាក់​លុយ​គេ​ទៀត​ផង៖ «ក្នុង​នាម​ជា​អាជ្ញាធរ​ខ្ញុំ​សំណូមពរ​សុំ​ឲ្យ​ក្រុមហ៊ុន មេត្តា​កុំ​បោកប្រាស់​ញើស​ឈាម​ពលរដ្ឋ​ខ្មែរ»
លោក សៀក មេគង្គ បន្ត​ថា លោក​នឹង​រៀបចំ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​មន្ទីរ​ការងារ​ខេត្ត​ឲ្យ​ជួយ​ដោះ​ស្រាយ។
អនុ​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង លោក ង៉ាន់ រចនា មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា សុំ​ឲ្យ​បង​ប្អូន​កម្មករ​ទាំង​អស់​ដាក់​ពាក្យ​ប្ដឹង​នៅ​មន្ទីរ​ការងារ​ដើម្បី​រក​ដំណោះស្រាយ។
លោក ង៉ាន់ រចនា សន្យា​ថា ពេល​ទទួល​ពាក្យ​បណ្ដឹង​មន្ទីរ​ការងារ​នឹង​ចាត់​វិធានការ​លើ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។
អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​ច្រើន​មិន​សូវ​មាន​ចំណេះ​ដឹង ជា​មូលហេតុ​ដែល​ងាយ​នឹង​គេ​បោកប្រាស់។ មិន​មាន​តួលេខ​ណា​មួយ​ដែល​បញ្ជាក់​ថា មាន​ករណី​ថៅកែ​ជំពាក់​ប្រាក់​ឈ្នួល​កម្មករ​ប៉ុន្មាន​ដង​នោះ​ទេ ប៉ុន្តែ​សង្គម​ស៊ីវិល​អះអាង​ថា ករណី​ជំពាក់​ប្រាក់​ឈ្នួល​កម្មករ​នៅ​ខេត្ត​ស្ទឹងត្រែង​បែប​នេះ កើត​មាន​ជា​ច្រើន​លើក​មក​ហើយ៕

No comments:

Post a Comment

yes