សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 15, 2012

ការក្លែងលិខិតរបស់លោក សម រង្ស៊ី ពីការផ្តាច់សម័្ពន្ធជាមួយគណបក្ស សិទ្ធិមនុស្ស ពីសំណាក់ជនខិលខូច ដោយសារតែពួកគេខ្លាចប្រជាប្រិយភាពរបស់លោក សម រង្ស៊ី

លោក កឹម សុខា និង លោក សម រង្ស៊ី ជួបជាមួយពលរដ្ឋខ្មែរក្រោម
នៅកាណាដានិអ្នកគាំទ្រ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ

ភាពជោគជ័យដ៏ធំធេងរបស់គណបក្ស សម រង្ស៊ី និងគណប​ក្ស សិទ្ធិមនុស្ស ក្នុងការច្របាច់រួម​បញ្ចូលគ្នាជាសម្លេងតែមួយ ដោយបង្កើតបាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងឈាន ឆ្ពស់ទៅបង្កើតគណបក្ស សង្គ្រោះជាតិ ក្នុងពេលឆាប់ៗខាងមុខនេះ បានធ្វើឲ្យអ្នកមិនសប្បាយ ចិត្តពីការរួមកម្លាំងអ្នកប្រជាធិបតេយ្យ បានក្លែងលិខិតពីការបែបបាក់សម្ព័ន្ធភាពរវាងគណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស ។

នៅក្នុងលិខិតក្លែងក្លាយរបស់ជនមិនស្គាល់មុខនោះ គឺក្នុងចេតនាដើម្បីធ្វើឲ្យមានភាពជ្រួល​ច្រ​បល់​ពីសំណាក់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រមកលើ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នឹងអ្វី ដែលសំខាន់ជាងនេះទៅទៀតនោះ គឺពួកគេចង់ធ្វើការមួលបង្ក្រាប់មកលើលោក សម រង្ស៊ី ប្រ​ធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំថាលោក សម រង្ស៊ី គឺជាអ្នកនយោបាយក្រឡេកក្រឡុច ។


ទង្វើដែលជនខិលខូចលួចធ្វើលិខិតក្លែងរបស់លោក ស​ម រង្ស៊ី បែបនេះគឺបណ្តាលមកពីពួកគេ ខ្លាចពីប្រជាប្រិយភាពរបស់លោក សម រង្ស៊ី ដែលមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋទាំងក្នុង ស្រុក និងក្រៅស្រុកនោះ ។ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺពួកគេទាំងនោះ មានចេត​នាមិនចង់ឲ្យលោក សម រង្ស៊ី វិលចូលមកក្នុងស្រុកដើម្បីប្រគួតប្រជែងជាមួយនិងគណបក្ស ប្រ​ជាជន ដែលគេបានដឹងយ៉ាងច្បាស់ថា នៅពេលបោះឆ្នោតជាតិអាណត្តិទី៥នេះ គណបក្សប្រជា​ជន ពិតជាចាញ់គណបក្សដែលបង្កើតឡើងដោយអ្នកប្រជាធិបតេយ្យ ដែលមានឈ្មោះថា គណ​បក្ស សង្គ្រោះជាតិ ។ ដោយហេតុថា ប្រជាពលរដ្ឋខ្មែរភាគច្រើនគឺឈប់គាំទ្រ មកលើគណ​បក្ស​ប្រជាជនទៀតហើយ ដោយសារតែគណបក្សមួយនេះកាន់អំណាចជិត៣០ឆ្នាំមកហើយគឺ ដឹកនាំ​ប្រទេសតាមរបៀបផ្តាច់ការ ដែលធ្វើឲ្យពួកគាត់គ្រាំគ្រា និងរងទុក្ខគ្មានពេលល្ហែរនោះ ។

បន្ទាប់ពីមានការក្លែងលិខិតរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី កាលពីថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០១២ អគ្គលេខាធិការរបស់គណបក្ស សម រង្ស៊ី លោកស្រី កែ សុវណ្ណរតន៏ និង​លោក យ៉ែម បុញ្ញាឬទ្ធិ អគ្គលេខាធិការរបស់គណបក្ស សិទ្ធិមនុស្ស បានចេញលិខិតរួមគ្នា​មួយ​ច្បាប់​ដោយបានធ្វើការបដិសេធទាំងស្រុងចំពោះលិខិតដែលចេញកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០​១២ ពីការសុំដកខ្លួនរបស់លោក សម រង្ស៊ី ពីសម្ព័ន្ធ​ភាពរវាងគណបក្ស សម រង្ស៊ី និងគណ​បក្ស សិទ្ធិមនុស្ស នោះ ។

លិខិតបដិសេធរួមគ្នារបស់អគ្គលេខាធិការគណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស មាន​ខ្លឹមសារថា « អគ្គលេខាធិការដ្ឋានគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស សូម​បដិ​សេធ​យ៉ាងដាច់អហង្ការនូវលិខិតក្លែងបន្លំដោយជនខិលខូច ដែលបានយកឈ្មោះលោក សម រង្ស៊ី ប្រ​ធានគណបក្ស សម រង្ស៊ី និងលោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស ទៅបង្កាច់​បង្ខូច ក្នុង​ចេតនានយោបាយដោយលើកឡើងថា គណបក្សទាំងពីរបញ្ចប់ការរួមបញ្ចូលគ្នា​ក្នុង​ក្រប​ខណ្ឌ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងមិនអាចឈានទៅរកការបង្កើតគណបក្សថ្មី​មួយ ដែល​មានឈ្មោះថា គណបក្ស សង្គ្រោះជាតិ » ។

ខ្លឹមសារនៅក្នុងលិខិតបដិសេធរបស់ អគ្គលេខាធិការគណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិ​មនុស្ស បានឲ្យដឹងទៀតថា « មហាជនខ្មែរដឹងយ៉ាងច្បាស់ថា ក្រុមខិលខូចកំពុងប្រើកលល្បិច​ក្លែងបន្លំឯកសារក្នុងន័យញុះញង់មិនឲ្យគណបក្សទាំងពីររួបរួមគ្នាបាន ដោយបង្ហាញនូវភាពភ័យ ស្លន់ស្លោ នៅពេលដែលការបោះឆ្នោតជាតិឆ្នាំ២០១៣ឈានជិតមកដល់​ ។ អគ្គលេខាធិការដ្ឋាន គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស សង្ឃឹមថាការប្រើមធ្យោបាយមិនស្របច្បាប់បែប នេះ នឹងត្រូវបានវែកមុខមកផ្តន្ទាទោសតាមច្បាប់ជាធរមាន » ។

សូមជំរាបជូនផងដែរថា ជាមួយគ្នានោះកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ លោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស និង ជាអនុប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏បាន​ចេញលិខិតបដិសេធមួយច្បាប់ផងដែរថា « ដូចខ្ញុំបានជំរាបជូន បងប្អូនជនរួមជាតិ រួចហើយថា គណបក្ស សិទ្ធិមនុស្ស និងរួមគ្នាជាមួយគណបក្ស សម រង្ស៊ី ដើម្បីបង្កើតគណបក្ស សង្គ្រោះជាតិ ។ ជនខិលខូច ឬក្រុមខិលខូចនោះមានការភ័យស្លន់ស្លោរ ប្រើឧបាយកលញុះ​ញង់ បំបែក​បំបាក់​ដើម្បីកុំឲ្យខ្មែរយើងមានឯកភាពជាតិ និងសាមគ្គីជាតិបាន ដើម្បីងាយស្រួល ជិះជាន់​និងត្រួតត្រា  » ។ ហើយនៅលិខិតបដិសេធនោះលោក កឹម សុខា ក៏បានប្រកាសពីគោលជំហររបស់លោកជា​ថ្មីម្តងទៀតថា « ខ្ញុំ កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស និងជាអនុប្រធាន ចលនាប្រជា​ធិប​តេយ្យសង្គ្រោះជាតិ សូមប្តេជ្ញាសារជាថ្មីម្តងទៀត ចំពោះមុខមហាជនខ្មែរ ដែលតែងតែស្នើ​ឲ្យខ្ញុំ​ស្វែ​ងរកការបង្រួបបង្រួមជាតិ រវាងអ្នកប្រជាធិបតេយ្យ និងអ្នកជាតិនិយម ថាបេសកកម្មជា​ប្រវត្តិ​សាស្រ្តនេះ ខ្ញុំនឹងខិតខំសម្រេចធ្វើឲ្យបានដល់គោលដៅ » ។

សូមជំរាបជូនផងដែរថា បើយោងតាមការជំរាបជូនរបស់លោកស្រី មូរ សុខហួរ ដែលជាប្រធាន អគ្គលេខាធិការរដ្ឋាន ចលនាប្រជាធិបតេយ្យេសង្គ្រោះជាតិ នាពេលកន្លងមកបានឲ្យដឹងថា ​បន្ទាប់​ពី​ ចលនា​ប្រជាធិបតេយ្យសង្គ្រោះជាតិ បានប្រកាសជាផ្លូវការកាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១២ និងនៅ​បន្ទាប់ពីមាន​សេច​ក្តីអំពាវនាវរបស់លោក សម រង្ស៊ី ដែលជាប្រធាន​ ចលនា​ប្រជាធិបតេយ្យ​ជាបន្តរ​បន្ទាប់មក គឺមាន​ប្រជាពលរដ្ឋ និងអ្នកនយោបាយជា​ច្រើនបាននិងកុំពុង​តែ​អញ្ជើញ​មកចូលរួម​ជាមួយនិង ចលនា​ប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលបានបង្កើតឡើង​ដោយគណបក្ស សម រង្ស៊ី និងគណបក្ស ​សិទ្ធិមនុស្ស ។

លោកស្រី មូរ សុខហួរ ក្នុងនាមជាប្រធានអគ្គលេខាធិការរដ្ឋាន ចលនាប្រជាធិបតេយ្យសង្គ្រោះ​ជាតិ ក៏បានប្រាប់ឲ្យដឹងទៀតផងថា ក្នុងចំណោមអ្នកដែលមកចូលរួមជាមួយនឹង ចលនាប្រ​ជាធិ​បតេយ្យសង្គ្រោះជាតិ គឺមានទាំងឥស្សរជននយោបាយជាន់ខ្ពស់របស់គណបក្សកាន់អំណាច
សព្វថ្ងៃ និង អ្នកមកពីគណបក្ស ហ៊្វុនស៊ិនប៉ិច ក៏ដូចជាគណបក្ស នរោត្តម រណឬទ្ធិ ផងដែរ ។

ដោយសារតែបញ្ហាទាំងអស់នេះហើយ ទើបបានជាជនខិលខូចលួចប្រើល្បិចខ្មៅកខ្វក់ដើម្បីធ្វើ ការបន្សាប ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នឹងអ្វីដែលជាគោលបំណងរបស់គេសំខាន់នោះ គឺដើម្បីធ្វើការទាញទំលាក់ប្រជាប្រិយភាពរបស់លោក សម រង្ស៊ី នឹងដើម្បីបង្អាក់សេចក្តីទុកខិត្ត របស់ប្រជាពលរដ្ឋខ្មែរមកលើលោក សម រង្ស៊ី ដែលជាអ្នកនយោបាយដ៏ឆ្នើម ដែលហ៊ានពុះពារ​គ្រប់ឧបសគ្គ នឹងហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា រស់នៅបាន សុខសាន្ត ។

ដូចនេះកម្លាំងអ្នកស្នេហាជាតិ អ្នកស្រលាញ់លិទ្ធិប្រជាធិបតេយ្យ គ្មានអ្វីមកបំបែកបំបាក់បាន​នោះឡើយ ហើយគណបក្ស សង្គ្រោះជាតិ ដែលកើតចេញពី ចលនាប្រជាធិបតេយ្យសង្គ្រោះ​ជាតិ នឹងយកឈ្នះលើគណបក្សដែលដឹកនាំប្រទេសតាមរបៀបផ្តាប់ការ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ជាក់ជាមិនខាន ព្រោះគណបក្ស សង្គ្រោះជាតិ ដែលកើតចេញពី ចលនាប្រជាធិ​បតេ​យ្យ​សង្គ្រោះជាតិ គឺជាក្តីសង្ឃឹមចុងក្រោយតែមួយគត់របស់ប្រជារាស្រ្តខ្មែរ ៕ 

No comments:

Post a Comment

yes