សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 28, 2012

លោក សៅ រ៉ានី ផ្ញើលិខិត​សម្ដែង​អំណរគុណ​ជូន​សម្ដេចក្រុមព្រះ

ភ្នំពេញ: ប្រធាន​គណបក្ស​ជាតិនិយម លោក សៅ រ៉ានី បាន​ផ្ញើលិខិត​ថ្វាយ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១២ ដោយបាន​សម្ដែង​នូវ​អំណរគុណ​ចំពោះ​ព្រះអង្គ ដែល​បាន​យក​ព្រះ​ហឫទ័យ គិតគូរ​បំផុត ចំពោះ​និរន្តរភាព នៃ​អ្នករាជានិយម ដែល​អាច​បង្រួបបង្រួម​ក្លាយជា​មហា​គ្រួសារ​តែមួយ ប្រកបដោយ​ថាមពល​ខ្លាំងក្លា​។​

​ក្នុង​លិខិត លោក សៅ រ៉ានី បាន​លើកឡើងថា "​ជាការ​ពិតណាស់ ការបង្រួបបង្រួម​អ្នករាជានិយម អ្នក​សីហនុ​និយម ឲ្យ​ក្លាយទៅជា​កម្លាំង​ជាតិ​មួយ ប្រកបដោយ​សក្ដានុពល​រឹងមាំ នៅក្នុង​ក្របខ័ណ្ឌ នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ការរួបរួម​គ្នា​ឡើងវិញ​នេះ មិនគួរ​ត្រូវបាន​អូសបន្លាយ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​រង់ចាំ​ពេលវេលា​ជា​អ្នកកំណត់​បាន​នោះទេ​។ ម្យ៉ាងវិញទៀត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​នៅ​ឆ្នាំ​២០១៣ ក៏​នៅសល់​ពេលវេលា​មិន​ច្រើន​ប៉ុន្មាន ដើម្បី​រៀបចំ​កិច្ចការ​សំខាន់​ដែល​ត្រូវធ្វើ ចំពោះមុខ​នោះដែរ​"​។​


​លោក សៅ រ៉ានី បាន​បញ្ជាក់ថា “​គោលបំណង​សម្រាប់​ការរួបរួម​គ្នា​ឡើងវិញ នៃ​គណបក្ស​រាជនិយម​ទាំងពីរ​ជា​បងប្អូណ​ក្នុង​កាលៈទេសៈ​នេះ គឺជា​យន្ដការ​មួយ​ស្របតាម សេចក្ដីប្រកាស​រួម ចុះ​ថ្ងៃទី​២៤ ខែឧសភា ២០១២ នៅ​វិមាន​សន្តិភាព និង​ស្របតាម​ព្រះបន្ទូល សម្ដេចក្រុមព្រះ ពី​អតីតកាល “​សំឡេង​ដែលមាន​កុំ​ឲ្យ​បាត់ សំឡេង​ដែល​បាត់​ត្រូវ​ប្រមូល​មកវិញ​” ហើយក៏​អាច​ទប់ស្កាត់បាន​សំឡេង​របស់​អ្នករាជានិយម ដែល​ទៅ​ចូលរួម​គាំទ្រ​គណបក្ស​ផ្សេងៗ​ទៀត​”​។​

​មិនទាន់មាន​ការឆ្លើយ​តប​បែបណា​ពី​សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ ដែល​កំពុង​ស្ថិតនៅ​ក្រៅប្រទេស ជុំវិញ​លិខិត​របស់លោក សៅ រ៉ានី ខាងលើ​ទេ​។​

​ដោយសារតែ​ជម្លោះផ្ទៃក្នុង​គណបក្ស​នរោត្តម​រណឫទ្ធិ និង​មានការ​ប្តឹងផ្តល់​ឡើង​តុលាការ​រវាង​ក្រុម​អ្នកគាំទ្រ​សម្តេចក្រុមព្រះ និង​លោក​សៅ​រ៉ានី បាន​បង្ខំ​ឲ្យ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រកាស​លាឈប់​ពី​ឆាកនយោបាយ កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១២​។ 

​ក្រោយមក លោក សៅ​រ៉ានី ក៏បាន​ឡើង​ធ្វើជា​ប្រធាន​គណបក្ស​នរោត្តមរណឫទ្ធិ ដែល​បាន​ប្តូរ​ឈ្មោះ ជា​គណបក្ស​ជាតិនិយម តាមរយៈ​សមាជ កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១២៕​

No comments:

Post a Comment

yes