ភ្នំពេញ: អគ្គលេខាធិការ គ.ជ.ប. លោក ទេព នីថា បានលើកឡើងថា ការលើកឡើងក្នុងរបាយការណ៍របស់លោក សូរិយា ស៊ូប៊ែរឌី ពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជា គឺមិនមានចំណុចអ្វីថ្មីទេ ខណៈដែល គ.ជ.ប. កំពុងតែកែទម្រង់ការងាររៀបចំការបោះឆ្នោត ដើម្បីឲ្យមានភាពប្រសើរឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ។
ដោយអះអាងនៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ មិនទាន់បានឃើញរបាយការណ៍របស់លោកស៊ូប៊ែរឌី ហើយឮតាមតែអ្នកកាសែតសាកសួរប្រតិកម្មនោះ លោក ទេព នីថា បានមានប្រសាសន៍ថា "វាមិនមែនជាចំណុចអីថ្មីទេ ព្រោះថា មុននេះ នៅប្រទេសកម្ពុជាយើង ក៏មានគណបក្សនយោបាយ និងអង្គការមួយចំនួនបានលើកឡើងពីបញ្ហានេះដែរ។ ជាទូទៅ ពីការបោះឆ្នោតមួយ ទៅការបោះឆ្នោតមួយ មិនថា ប្រទេសយើងទេ ប្រទេសណាក៏ដោយ គេតែងតែពិនិត្យមើលទៅលើអ្វីដែលជាចំណុចខ្វះខាត ហើយគេតែងតែធ្វើការកែលម្អរ ឬក៏ថា ធ្វើការកែទម្រង់ ដើម្បីឲ្យការងារបោះឆ្នោតទៅថ្ងៃក្រោយទៀត កាន់តែល្អប្រសើរឡើង។ ប្រទេសយើង គ.ជ.ប. ក៏បានធ្វើបែបនេះដែរ នៅក្នុងសមត្ថកិច្ចរបស់ខ្លួន"។
អគ្គលេខាធិការ គ.ជ.ប. លោក ទេព នីថា បានបន្ថែមថា "បើពិនិត្យមើលចំណុចទាំងអស់នោះ ( ការលើកឡើងក្នុងរបាយការណ៍របស់លោក សូរិយា ស៊ូប៊ែរឌី ) យើងឃើញថា ចំណុចភាគច្រើននោះ មិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប. ទេ ព្រោះថា គ.ជ.ប. គ្រាន់តែជាអ្នកអនុវត្តច្បាប់តែប៉ុណ្ណោះ។ អីចឹងទេ នៅក្នុងសមត្ថកិច្ចរបស់ខ្លួន ហើយនៅលើអនុសាសន៍ទាំងអស់នោះ ផ្អែកលើអនុសាសន៍ទាំងអស់នោះ យើងអាចធ្វើការពិនិត្យពិចារណា តាមទម្លាប់ ដែល គ.ជ.ប. តែងតែទទួលយកអនុសាសន៍ ឬយោបល់ផ្សេងៗពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីយើងពិចារណាមើល សមស្របតាមច្បាប់ជាធរមាន និងសភាពការណ៍សង្គមសេដ្ឋកិច្ច និងនយោបាយ ព្រមទាំងលទ្ធភាពធនធានដែលយើងមាន ដើម្បីកែលំអរការបោះឆ្នោត ឲ្យកាន់តែល្អប្រសើរថែមទៀត"។
ជាមួយនឹងប្រសាសន៍ដូច្នេះ លោក ទេព នីថា ក៏បានបញ្ជាក់ថា "យើងស្វាគមន៍របាយការណ៍ទាំងអស់នោះ ទោះជាផ្លូវការក្តី ឬមិនទាន់ផ្លូវការក្តី ហើយយើងពិនិត្យពិចារណាមើល ដើម្បីរិះរកមធ្យោបាយកែលំអរការបោះឆ្នោត ទៅតាមសមត្ថកិច្ចរបស់ គ.ជ.ប. ដើម្បីធ្វើឲ្យការបោះឆ្នោត នៅពេលខាងមុខ កាន់តែល្អប្រសើរថែមទៀត"។
ការលើកឡើងរបស់អគ្គលេខាធិការ គ.ជ.ប. ខាងលើនេះ បានធ្វើឡើង តបនឹងរបាយការណ៍របស់លោក សូរិយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា ដែលបានសរសេរនៅក្នុងរបាយការណ៍ផ្សព្វផ្សាយ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ ពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោត នៅកម្ពុជា។
លោក ស៊ូប៊ែរឌី បានលើកឡើងថា “មានចំណុចគុណវិបត្តិចម្បងៗ នៅក្នុងការគ្រប់គ្រងការបោះឆ្នោតក្នុងប្រទេសកម្ពុជា ហើយកំណែទម្រង់បន្ទាន់ និងរយៈពេលយូរ នៅត្រូវការ ដើម្បីផ្តល់ឲ្យកម្ពុជា នូវទំនុកចិត្តនៅក្នុងការធ្វើការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប.”។
លោក ស៊ូប៊ែរឌី បានសរសេរនៅក្នុងរបាយការណ៍ថា ប្រជាជនកម្ពុជា មានភាពស៊ាំទៅនឹងការនិយាយថា ការបោះឆ្នោតប្រជាធិបតេយ្យ ហើយបញ្ហាប្រឈមចម្បង គឺជាការបន្ទុចបង្អាក់ការនាំលិទ្ធប្រជាធិបតេយ្យ សម្រាប់ប្រជាជនកម្ពុជាវ័យក្មេង។
លោក សូរិយា ស៊ូប៊ែរឌី បានបង្ហាញក្តីបារម្ភ ចំពោះព័ត៌មាន ដែលលោកទទួលបាន ពាក់ព័ន្ធនឹងចំនួនអ្នកបោះឆ្នោតតិចជាងមុន ដែលជានិន្នាការធ្លាក់ចុះ នៃការចូលរួមរបស់អ្នកបោះឆ្នោត ដោយសារតែអ្នកបោះឆ្នោតមានអារម្មណ៍បាក់ទឹកចិត្ត និងជិនណាយនៃអ្នកបោះឆ្នោត ក្រោមប្រព័ន្ធបោះឆ្នោតបច្ចុប្បន្ន។
លោក ស៊ូប៊ែរឌី ក៏បានផ្តល់អនុសាសន៍ឲ្យមានការបង្កើតសាលាក្តីពិសេសមួយ ដោយឡែក សម្រាប់ការដោះស្រាយបញ្ហាបោះឆ្នោត និងត្រូវបង្កើតគណៈកម្មាធិការតាមដានឯករាជ្យមួយ ស្តីពី ការគ្រប់គ្រង និងការប្រើប្រាស់ធនធានរដ្ឋ និងស្ថានីយទូរទស្សន៍ ព្រមទាំងវិទ្យុរដ្ឋ សម្រាប់ការបោះឆ្នោត។
របាយការណ៍របស់លោក សូរិយា ស៊ូប៊ែរឌី ក៏បានផ្តោតសំខាន់ផងដែរ ទៅលើសិទ្ធិនយោបាយ ហើយលោកបានកត់សម្គាល់ថា ការបំភិតបំភ័យ និងការយាយី គឺនៅតែកើតមានជុំវិញការបោះឆ្នោតនៅកម្ពុជា៕
No comments:
Post a Comment
yes