សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 28, 2012

ព្រឹកស្អែក​នេះ​សម្តេច​តេជោ ហ៊ុន សែន ​នឹង​ដឹកនាំ​​គណៈ​​ប្រតិភូ​​អញ្ជើញ​​ទៅកាន់​ប្រទេស​អីុរ៉ង់


រាជ​​ធានី​​ភ្នំពេញ ៖ តាមការអញ្ជើញរបស់លោកបណ្ឌិតម៉ាមូដ អាម៉ាឌី ណេចាដ ប្រធានាធិបតីនៃសាធារណ​រដ្ឋអុីស្លាមអីុរ៉ង់​នៅ​ព្រឹក​​ថ្ងៃទី​២៩ សីហា​ស្អែកនេះ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែននឹងដឹកនំាគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម​កិច្ចប្រជុំ​កំពូល​លើកទី១៦នៃប្រទេស​ចលនា​មិនចូលបក្ស​សម្ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ដល់៣១ សីហា ឆ្នាំ២០១២ នៅទីក្រុងតេ​អេរ៉ង់ សាធារណរដ្ឋអុីស្លាម​អីុរ៉ង់ ។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួង​ការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ ដែលចេញផ្សាយ​ជាសាធារណៈ​កាលពី​ព្រឹកថ្ងៃទី២៣ សីហា ២០១២កន្លងមកនេះ បានបញ្ជាក់ឲ្យដែរ ថាគណៈប្រតិភូអមដំណើររួមមានលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការបរ​ទេស និងសហប្រតិបត្តិការ​អន្តរជាតិ និង សមាជិកដទៃ​ទៀតនៃរាជរដ្ឋាភិបាលកម្ពុជា ។
សេចក្តីជូនព័ត៌មាន​របស់ក្រសួង​ការបរទេសដដែលក៏បាន​បញ្ជាក់ទៀតថា ក្រៅពីអញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលលើក​ទី១៦នៃ​ប្រទេស​​ចលនាមិនចូលបក្សសម្ព័ន្ធ សម្តេចនាយករដ្ឋ​មន្ត្រីហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយ​លោកបណ្ឌិតម៉ាមូដ អាម៉ាឌី ណេ​ចាដ ប្រធានាធិបតី​នៃសាធារណរដ្ឋអុីស្លាមអីុរ៉ង់ និងជួបជាមួយលោកគឹម យ៉ុងណាម ប្រធានគណៈប្រធាន​សភាប្រជា​ជន​ជាន់​​ខ្ពស់នៃសាធា​រណរដ្ឋប្រជា​មានិតប្រជាធិបតេយ្យកូរ៉េ ។

បន្ទាប់ពីការអញ្ជើញចូលរួម​កិច្ចប្រជុំកំពូលខាងលើ តាមការអញ្ជើញរបស់រដ្ឋា​ភិបាលនៃ​សាធារណរដ្ឋប្រជាមានិតចិន សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នឹង​ដឹកនំា​គណៈប្រតិភូជាន់ខ្ពស់​អញ្ជើញទៅចូលរួមពិព័រណ៏ចិន-អាស៊ីអឺរ៉ុបលើកទី២ ដែលនឹងប្រព្រឹត្ត​ទៅពីថ្ងៃទី ០១ដល់ ០៥ ខែ កញ្ញា ឆ្នាំ ២០១២ នៅទីក្រុងអ៊ូរុំឈី តំបន់ស្វ័ត ស៊ីនជាំងអ៊ុយហ្គ័រ សាធារណរដ្ឋប្រជាមានិតចិន។
សេចក្តីជូនព័ត៌មាន​​របស់ក្រសួង​ការបរទេស​កម្ពុជាក៏បានបន្តទៀតថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងអ៊ូរុំឈី សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នឹងជួបពិភាក្សាទ្វេ ភាគី ជាមួយ លោក វេន ជាបាវ នាយករដ្ឋមន្រ្តី នៃក្រុមប្រឹក្សារដ្ឋនៃសាធារណ​រដ្ឋប្រជា​មានិតចិន។
ដោយឡែក តាមការអញ្ចើញរបស់ លោក អេស អេវ គ្រីស្នា រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង  រដ្ឋមន្រ្តីការបរទេស​និងសហប្រតិបត្តិការអន្តរជាតិនឹងដឹកនាំគណៈប្រតិភូអញ្ចើញទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃ​កិច្ចសហ​​​ប្រតិបត្តិការមេគង្គ-គង្គាលើកទី៦ ដែលនឹងប្រព្រឹត្តពី ថ្ងៃទី៣-៤ខែកញ្ញា ឆ្នាំ២០១២ នៅទីក្រុងញូឌែលី សាធារណរដ្ឋ​ឥណ្ឌា​ផងដែរ ៕

No comments:

Post a Comment

yes