សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 26, 2012

មន្ត្រី​ហ៊្វុនស៊ិនប៉ិច៖ ការ​ច្របាប់​បញ្ចូល​គ្នា​អ្នក​រាជា​និយម​នឹង​កើន​សំឡេង​ដូច​ឆ្នាំ​១៩៩៣


នៅ​ក្នុង​ពិធី​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច គេ​បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​នឹង​គណបក្ស​ជាតិនិយម ដែល​ជា​អតីត​គណបក្ស នរោត្តម រណឫទ្ធិ នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា។
មន្ត្រី​សំខាន់ៗ​របស់​គណបក្ស​ជាតិ​និយម ដោយ​គិត​ចាប់​ពី​ថ្នាក់​ខេត្ត ស្រុក ខណ្ឌ រហូត​ដល់​ឃុំ សង្កាត់ ត្រូវ​គេ​បញ្ចូល​ទៅ​ក្នុង​រចនាសម្ព័ន្ធ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច តែ​មួយ​ជា​ផ្លូវ​ការ ក្រោយ​ពី​សមាជ​បាន​អនុម័ត​រួច។
តំណាង​រាស្ត្រ​២រូប គឺ​លោក សៅ រ៉ានី និង​លោក យូ ហុកគ្រី ត្រូវ​បាន​បញ្ចូល​ជា​ផ្លូវ​ការ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ជា​តំណាង​រាស្ត្រ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្រាប់​ការ​បោះ​ឆ្នោត​សកល ឆ្នាំ​២០១៣។ ចំណែក​សមាជិក​ដែល​នៅ​សេសសល់ ដូច​ជា​ក្រុម​ប្រឹក្សា​ខេត្ត ស្រុក និង​ឃុំ-សង្កាត់ ត្រូវ​បន្ត​រហូត​ដល់​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៧ ទើប​ចប់​សព្វគ្រប់។
ការ​រួបរួម​គ្នា​នេះ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច សង្ឃឹម​ថា​សំឡេង​រាជា​និយម នឹង​មាន​ប្រជាប្រិយភាព​ឡើង​វិញ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ជំនឿ​ថា ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​បក្ស​រាជា​និយម​ទាំង​ពីរ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​អតីត​គណបក្ស នរោត្តម រណឫទ្ធិ នឹង​ធ្វើ​ឲ្យ​មាន​សន្ទុះ​ឡើង​វិញ ដូច​កាល​ពី​ឆ្នាំ​១៩៩៣។
លោក កែវ ពុទ្ធរស្មី ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បញ្ជាក់​ថា ព្រោះ​តែ​ការ​បែក​បាក់​កម្លាំង​សាមគ្គី​គ្នា​រវាង​អ្នក​ស្នេហា​រាជា​និយម​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​អ្នក​ដែល​តែង​គាំទ្រ​របប​រាជា​និយម ត្រូវ​ធ្លាក់​ចុះ និង​ស្រកស្រុត។ លោក កែវ ពុទ្ធរស្មី បញ្ជាក់​ជា​ថ្មី​ថា តាម​រយៈ​រូបមន្ត​​នៃ​ការ​រួបរួម​គ្នា​នេះ នឹង​បង្កើន​លទ្ធភាព​នៃ​ការ​គាំទ្រ ដែល​អាច​ឈាន​ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ប្រជែង​អាសនៈ នៅ​ក្នុង​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣ ខាង​មុខ​បាន។
លោក កែវ ពុទ្ធរស្មី៖ «គណបក្ស​ហ៊្វុនស៊ិនប៉ិច នឹង​ឈរ​ជើង​ដូច​ដែល​យើង​ធ្លាប់​ជា​និច្ច​ជា​កាល ឈរ​តាំង​ពី​ថ្ងៃ​ដំបូង​នៃ​ចលនា​យើង​នេះ គឺ​ការ​បង្រួប​បង្រួម​ដើម្បី​កម្ពុជា ឯករាជ្យ អព្យាក្រឹត្យ សន្តិ និង​សហ​ប្រតិបត្តិ ដែល​ជា​គោលការណ៍​ទាំង​៥​យ៉ាង នៃ​មនោគមវិជ្ជា​សីហនុ​និយម»
ការ​ប្រកាស​ជំហរ​បែប​នេះ​របស់​អគ្គមគ្គុទ្ទេសក៍ នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ធ្វើ​ឡើង​នៅ​ក្នុង​សមាជ​ជាតិ​របស់​ខ្លួន ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​២ពាន់​នាក់ នៅ​ស្នាក់​ការ​កណ្ដាល​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្នុង​ភូមិ​ក្ដី​ចាស់ សង្កាត់​បាក់ខែង ខណ្ឌ​ឫស្សីកែវ។
លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ធ្លាប់​ជា​គូទំនាស់​តាម​ផ្លូវ​តុលាការ​ជាមួយ​អតីត​នៃ​ប្រធាន​គណបក្ស​រាជា​និយម​មួយ​នេះ គឺ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ទទួល​ស្គាល់​ថា ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ ប្រជាប្រិយភាព​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច រង​ផល​ប៉ះពាល់ និង​ស្រកស្រុត​សំឡេង​គាំទ្រ​យ៉ាង​ខ្លាំង។
ចំណែក​លោក យូ ហុកគ្រី ព្រឹទ្ធបុរស​មក​ពី​គណបក្ស​ជាតិ​និយម ដែល​ជា​អតីត​គណបក្ស នរោត្តម រណឫទ្ធិ លោក​គិត​ថា ការ​រួបរួម​លើក​នេះ គឺ​ជា​កម្លាំង​ដ៏​រឹងមាំ​សម្រាប់​គណបក្ស​រាជា​និយម មួយ​នេះ។ លោក​ហៅ​ការ​ច្របាច់​បញ្ចូល​គ្នា​នេះ​ថា គឺ​ជា​ការ​រួម​ឈាម​តែ​មួយ៖ «ការ​បញ្ចូល​ឈាម​ទាំង​ពីរ​នេះ នឹង​មិន​បង្កើត​ប្រតិកម្ម​អវិជ្ជមាន​នោះ​ទេ ព្រោះ​យើង​ធ្លាប់​រស់​នៅ​ជា​មួយ​គ្នា​ដោយ​សុខសាន្ត ធ្លាប់​ទទួល​ជោគជ័យ​រួម។ និយាយ​មួយ​បែប​ទៀត គឺ​យើង​មាន​ឈាម​ប្រភេទ​ដូច​គ្នា»
មុន​ប្ដូរ​អាវ​ឲ្យ​ទៅ​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្នុង​ពិធី​សមាជ​វិសាមញ្ញ នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ក្នុង​ស្នាក់​ការ​កណ្ដាល នៃ​គណបក្ស​មួយ​នេះ គេ​ឃើញ​ថា រូប​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ នៅ​ជាប់​នឹង​អាវ ត្រូវ​គេ​បំពាក់​ឲ្យ​សមាជិក​ជា​ច្រើន ដើម្បី​ចូល​រួម​ក្នុង​សមាជ​នេះ។
លោក សៅ រ៉ានី ប្រធាន​គណបក្ស​ជាតិ​និយម អះអាង​ថា វត្តមាន​របស់​សម្ដេច​ក្រុម​ព្រះ នរោត្ត រណឫទ្ធិ ទំនង​អាច​ត្រូវ​បាន​គេ​តែង​តាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​បក្ស ដែល​កើត​ចេញ​ពី​ការ​បង្រួប​បង្រួម​នេះ នៅ​ពេល​ណា​ការ​រៀបចំ​រចនាសម្ព័ន្ធ​ផ្ទៃ​ក្នុង និង​ដំណើរ​ការ​បក្ស​រឹងមាំ។
លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​បញ្ជាក់​ថា គណបក្ស​គ្រប់គ្រង​អំណាច​នឹង​ចាប់​ដៃគូ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​បក្ស​នយោបាយ​ណា ដែល​គិត​ពី​ផល​ប្រយោជន៍​ក្នុង​ក្រប​ខណ្ឌ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​ការ​វិវត្តន៍​ឆ្ពោះ​ទៅមុខ៖ «គណបក្ស​ប្រជាជន​តែង​តែ​រៀបចំ​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​ដៃគូ​ណា ដែល​យើង​អាច​រួម​គ្នា​ដើម្បី​អភិវឌ្ឍ និង​រួម​គ្នា​ដើម្បី​រក្សា​ស្ថិរភាព និង​សន្តិភាព ដើម្បី​ឲ្យ​មាន​ឱកាស​ឲ្យ​មាន​ពង្រីក និង​ពង្រឹង​សេដ្ឋកិច្ច​យ៉ាង​ខ្ពស់»
ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​គិត​ថា ចរន្ត​នៃ​ការ​រួបរួម​របស់​បក្ស​រាជា​និយម​នេះ អាច​ជា​ដៃគូ​ប្រកួត​ប្រជែង​ដ៏​ស្វិតស្វាញ​មួយ​ជា​មួយ​នឹង​បក្ស​ប្រឆាំង។
ក៏​ប៉ុន្តែ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី អះអាង​ថា មធ្យោបាយ​នេះ​នឹង​មិន​មែន​ជា​ឧបសគ្គ​ណា​មួយ​នោះ​ទេ សម្រាប់​ចលនា​បក្ស​ប្រឆាំង​ដែល​នឹង​លេច​ជា​រូបរាង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។
លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នៅ​កម្ពុជា គិត​ថា បរិបទ​នយោបាយ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ ហាក់​មាន​ការ​វិវត្ត​កាន់​តែ​ប្រសើរ។ តែ​បើ​ទោះ​ជា​បែប​នេះ​ក្ដី លោក​បញ្ជាក់​ថា ការ​បែក​បាក់​កើត​ចេញ​ពី​ការ​រួបរួម​នេះ ក៏​នៅ​តែ​ស្ថិត​ក្នុង​ភាព​ផុយ​ស្រួយ​នៅ​ឡើយ ព្រោះ​តែ​ការ​បែង​ចែក​តួនាទី និង​អាសនៈ​មិន​ចុះ​សម្រុង​នឹង​គ្នា៕

No comments:

Post a Comment

yes