សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 26, 2012

តុលាការ​ខេត្ត​ស្ទឹងត្រែង​កោះហៅ​គ្រួសារ​អតីត​យោធិន​សាកសួរ​រឿង​ជម្លោះ​ដីធ្លី


តុលាការ​ខេត្ត​ស្ទឹងត្រែង កោះ​ហៅ​គ្រួសារ​អតីត​យោធិន ទៅ​សាកសួរ​ជុំវិញ​រឿង​ក្តី​ទំនាស់​ដីធ្លី​តាម​បណ្ដឹង​របស់​យោធភូមិ​ភាគ​ទី១។
RFA/Vann Vicha
២៤-សីហា-២០១២៖ លោក ថៅ ពី អតីត​យោធិន ដែល​ជាប់​ចោទ​ពី​បទ​រំលោភ​កាន់​កាប់​ដី​ខុស​ច្បាប់ នៅ​ខេត្ត​ស្ទឹងត្រែង។
ក្រុម​គ្រួសារ​អតីត​យោធិន​១៦​គ្រួសារ អះអាង​ថា ពួក​គាត់​រស់នៅ​លើ​ដី​ទំនាស់​តាំង​ពី​ឆ្នាំ​១៩៩៣ ដោយ​មាន​ការ​អនុញ្ញាត​ពី​មេបញ្ជាការ​យោធភូមិ​ភាគ​ទី១ និង​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន។ ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ មាន​ការ​ព្រួយ​បារម្ភ​ថា យោធភូមិ​ភាគ​ទី១ កំពុង​តែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បណ្ដេញ​ពួក​គាត់​ចេញ​ពី​លំនៅឋាន។
យោធិន​ចូល​និវត្តន៍ និង​រំសាយ​១៦​គ្រួសារ​រស់នៅ​ភូមិ​រាជានុកូល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​២៤ សីហា ឆ្នាំ​២០១២ បាន​ចូល​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ ខេត្ត​ស្ទឹងត្រែង។
ការ​កោះ​ហៅ​បំភ្លឺ​នេះ ធ្វើ​ឡើង​តាម​ពាក្យ​បណ្ដឹង​របស់​មេ​បញ្ជាការ​រង​យោធ​ភូមិ​ភាគ​ទី១ លោក​ឧត្តម​សេនីយ៍ ហេង ខាំវណ្ណ ពី​បទ​រំលោភ​កាន់​កាប់​ដី​យោធ​ភូមិ​ភាគ​ទី១ ដោយ​ខុស​ច្បាប់។ ពលរដ្ឋ​ទាំង​នោះ អះអាង​ថា ពួក​គាត់​ខ្លាច​បាត់​បង់​ផ្ទះ​សម្បែង ព្រោះ​ថា​យោធ​ភូមិ​ភាគ​ទី១ កំពុង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រជាពលរដ្ឋ។

អតីត​យោធិន​អង្គភាព​វិស្វកម្ម​យោធ​ភូមិ​ភាគ​ទី១ លោក ថៅ ពី (ហៅ ធី) មាន​ប្រសាសន៍​ថា ពលរដ្ឋ​ទាំង​១៦​គ្រួសារ​រស់នៅ​លើ​ដី​ទំនាស់ តាំង​ពី​ឆ្នាំ​១៩៩៣ ក្នុង​ទំហំ​ដី​ជាង​មួយ​ហិកតារ។ លោក​រំលឹក​ថា កាល​ពី​ឆ្នាំ​១៩៩៣ អតីត​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី១ អនុញ្ញាត​ឲ្យ​ពួក​គាត់​ចូល​រស់នៅ​លើ​ដី​ភូមិ ដែល​មាន​ទំនាស់ លុះ​ដល់​ឆ្នាំ​២០០៥ យោធ​ភូមិ​ភាគ​ទី១ មក​ដេញ​ពួក​គាត់​ចេញ​ពី​លំនៅឋាន ហើយ​ក៏​កើត​ការ​ប្ដឹង​ផ្តល់​គ្នា​រហូត​ដល់​សព្វ​ថ្ងៃ។ លោក​បន្ត​ថា ពលរដ្ឋ​ទាំង​១៦​គ្រួសារ ពេល​បាន​ឮ​ថា​មាន​និស្សិត​ចុះ​វាស់វែង​ដី ពួក​គាត់​ក៏​បោះ​បង្គោល​របង​ហ៊ុមព័ទ្ធ​ដី​ភូមិ​របស់​ខ្លួន តែ​ត្រូវ​បាន​កម្លាំង​យោធ​ភូមិ​ភាគ​ទី១ រារាំង រួច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​តែ​ម្តង។
លោក ថៅ ពី បញ្ជាក់​ថា លោក​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង ពេល​ដែល​ទៅ​បំភ្លឺ​នៅ​តុលាការ៖ «មាន​ឯកឧត្តម​ឧត្តម​សេនីយ៍​ទោ ហេង ខាំវណ្ណ និង​ឧត្តម​សេនីយ៍​ទោ ខ្លូត សំខាន់ សួរ​យើង​ផ្ទាល់ នៅ​ចំពោះ​មុខ​តុលាការ ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច»
លោក ថៅ ពី បន្ត​ថា រូប​លោក​បារម្ភ​ថា តុលាការ​ខេត្ត​ស្ទឹងត្រែង អាច​ទទួល​ឥទ្ធិពល​ពី​សំណាក់​ទាហាន​យោធ​ភូមិ​ភាគ ហើយ​តុលាការ​ហាក់​មិន​បាន​ស្តាប់​ចម្លើយ​របស់​ពលរដ្ឋ​ច្រើន​ទេ។
ទន្ទឹម​នឹង​នេះ អតីត​យោធិន​ម្នាក់​ទៀត លោក ឌី វត្ថា មាន​ប្រសាសន៍​ថា លោក​ត្រូវ​បាន​អង្គភាព​កាត់​ឈ្មោះ​ជា​ទាហាន​ចោល បន្ទាប់​តវ៉ា​ក្នុង​រឿង​ទំនាស់​ដីធ្លី​ជាមួយ​អង្គភាព កាល​ពី​ឆ្នាំ​២០០៥ ដោយ​កាល​ណោះ ទាហាន​បាន​បង្ខំ​ឲ្យ​គាត់​រុះរើ​របង​ចេញ ពេល​នោះ​ប្រពន្ធ​របស់​គាត់​ទៅ​ឃាត់ តែ​ត្រូវ​ទាហាន​យក​បង្គោល​របង​បុក​ត្រូវ​ពោះ ដែល​មាន​ទម្ងន់​រយៈពេល​៦ខែ​ផង​នោះ កូន​ក៏​ស្លាប់​ក្នុង​ផ្ទៃ​តែ​ម្តង។ លោក ឌី វត្ថា បញ្ជាក់​ថា ទំនាស់​ដីធ្លី​នេះ​បាន​នាំ​នូវ​គុណ​វិបត្តិ​ចំពោះ​គ្រួសារ​គាត់ ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ត្បិត​លោក​ធ្លាប់​យក​ជីវិត​ទៅ​ប្ដូរ ដើម្បី​ការពារ​ជាតិ តែ​សូម្បី​តែ​ដី​ភូមិ​មួយ​ដុំ ក៏​យោធ​ភូមិ​ភាគ​ទី១ មិន​អនុញ្ញាត​ឲ្យ​គ្រួសារ​លោក​រស់នៅ​បាន​សុខ​ដែរ៖ «តាំង​ពី​ឆ្នាំ​២០០៥ ខ្ញុំ​ប្ដឹង​ផ្តល់​រហូត​រឿង​ដី ខ្ចី​បុល​គេ​ចង​ការ​គេ ដើម្បី​អី​ដើម្បី​កូន ឪពុក​កើត​មក​ក្នុង​សង្គ្រាម ខំ​តស៊ូ​ច្បាំង​ដើម្បី​កូន​បាន​សុខ ចុង​បញ្ចប់​កូន​អត់​អី នៅ​តស៊ូ​អី​ដើម្បី​អី»
ពលរដ្ឋ​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ទាំង​១៦​គ្រួសារ បាន​ចូល​បំភ្លឺ​នៅ​តុលាការ​បាន​ចំនួន​៦នាក់ ដោយ​មាន​ដើម​បណ្ដឹង​លោក ហេង ខាំវណ្ណ និង​លោក ខ្លូត សំខាន់ ជា​អ្នក​ចាំ​ស្តាប់​ចម្លើយ​របស់​អ្នក​ភូមិ​នៅ​ចំពោះ​មុខ​តុលាការ។ ចំណែក​អ្នក​នៅ​សល់ នឹង​ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ទី​៣០ សីហា ខាង​មុខ។
យ៉ាង​ណា​ក៏​ដោយ ប្រធាន​តុលាការ​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង លោក អៀង គីមថុល នៅ​ថ្ងៃ​ទី​២៥ សីហា មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​២៤ ពេល​ដែល​ពលរដ្ឋ រួម​នឹង​ដើម​បណ្ដឹង មក​ជួប​តុលាការ​ជា​ដំណាក់​កាល​ត្រៀម​ទាញ​ហេតុផល​ក្នុង​នីតិវិធី​របស់​តុលាការ។ លោក​បន្ត​ថា ការ​ដែល​ដើម​បណ្ដឹង​មក​ឈរ​នៅ​ចំពោះ​មុខ​ចុង​ចម្លើយ​នោះ មិន​មាន​ឥទ្ធិពល​ដល់​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ឡើយ។ លោក អៀង គីមថុល បញ្ជាក់​ថា តុលាការ​ខេត្ត​ស្ទឹងត្រែង នឹង​ចាត់​ការ​រឿង​នេះ​នៅ​ពេល​បន្ត​បន្ទាប់​ខាង​មុខ​ទៀត។
វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី​នាយ​ទាហាន​យោធ​ភូមិ​ភាគ​ទី១ លោក ហេង ខាំវណ្ណ និង​លោក ខ្លូត សំខាន់ បាន​ទេ នៅ​ថ្ងៃ​ទី​២៥ សីហា ឆ្នាំ​២០១២។
ទោះ​ជា​យ៉ាង​ណា​ក្តី តាម​ពាក្យ​បណ្ដឹង​របស់​យោធ​ភូមិ​ភាគ​ទី១ ចូល​ទៅ​តុលាការ បាន​លើក​ឡើង​ថា យោធ​ភូមិ​ភាគ​ទី១ មាន​គម្រោង​ក្នុង​ការ​ស្ថាបនា​អនុសេនាធំ​រថពាសដែក ដោយ​ស្នើ​ឲ្យ​តុលាការ​ដេញ​ពលរដ្ឋ​ទាំង​១៦​គ្រួសារ​ចេញ​ពី​ទីតាំង​រស់នៅ​សព្វ​ថ្ងៃ និង​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ពលរដ្ឋ​ទាំង​នោះ​តាម​ច្បាប់។ ក្នុង​ពាក្យ​បណ្ដឹង​ដដែល​បាន​បន្ត​ថា ពលរដ្ឋ​ទាំង​១៦​គ្រួសារ​ពិត​ជា​បាន​រស់នៅ​លើ​ដី​នោះ តាំង​ពី​ឆ្នាំ​១៩៩៣ ប្រាកដ​មែន តែ​ដោយ​ពលរដ្ឋ​សន្យា​ថា គ្រាន់​តែ​រស់នៅ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ តែ​ពេល​អង្គភាព​ត្រូវ​ការ ពលរដ្ឋ​បែរ​ជា​មិន​ព្រម​ចេញ​ទៅ​វិញ។
ពាក្យ​បណ្ដឹង​នោះ​បញ្ជាក់​ថា ដី​ទំនាស់​នោះ​បាន​ចុះ​បញ្ជី​សារពើភណ្ឌ​រួច​ហើយ នៅ​ក្រសួង​ការពារ​ជាតិ។
ផ្ទុយ​ទៅ​វិញ តាម​លិខិត​ស្នើ​សុំ​កាន់​កាប់​ដីធ្លី​យោធ​ភូមិ​ភាគ​ទី១ ស្នើ​ទៅ​កាន់​អភិបាល​ខេត្ត ចុះ​ថ្ងៃ​ទី​០២ សីហា ឆ្នាំ​២០០៧ បាន​បញ្ជាក់​ថា ដីធ្លី​របស់​យោធ​ភូមិ​ភាគ​ទី១ មាន​១២​អង្គភាព និង​៤២​កន្លែង សរុប​ផ្ទៃដី​មាន​ទំហំ​ជាង​២០០​ហិកតារ តែ​មិន​ឃើញ​មាន​បញ្ជាក់​ពី​ទីតាំង​កង​អនុសេនាធំ​រថពាសដែក ដែល​ជា​ទីតាំង​ទំនាស់​នោះ​ទេ។
ទាក់​ទិន​នឹង​បញ្ហា​នេះ មន្ត្រី​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ហូ សំអុល មាន​ប្រសាសន៍​ថា អាជ្ញាធរ​គួរ​តែ​ដោះស្រាយ​បញ្ហា​នេះ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​សម​ស្រប។ លោក​បន្ត​ថា ដី​ទំនាស់​នេះ ធ្លាប់​មាន​ដីកា​រក្សា​ការពារ​តាំង​ពី​ឆ្នាំ២០០៦ ចេញ​ដោយ​ប្រធាន​តុលាការ​ខេត្ត​ស្ទឹងត្រែង តែ​យោធ​ភូមិ​ភាគ​មិន​គោរព​តាម​ដីកា​រក្សា​ការពារ​នោះ​ឡើយ ដោយ​ភាគី​ដែល​គោរព​ដីកា​រក្សា​ការពារ​នោះ មាន​តែ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ។
ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ លោក ថៅ ពី បង្ហាញ​ក្តី​សង្ឃឹម​ថា អាជ្ញាធរ​ថ្នាក់​ជាតិ និង​តុលាការ នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ទាំង​១៦​គ្រួសារ បាន​ទទួល​កម្មសិទ្ធិ​ស្រប​ច្បាប់​លើ​ដី​ទំនាស់​នេះ។ លោក​បញ្ជាក់​ថា ក្រុម​អធិការកិច្ច​របស់​ក្រសួង​ការពារ​ជាតិ ក៏​ធ្លាប់​រក​ឃើញ​ថា ពលរដ្ឋ​ទាំង​អស់​គួរ​មាន​សិទ្ធិ​ទទួល​បាន​ចំណែក​ផល​ប្រយោជន៍ នៃ​ការ​កាន់​កាប់​ដី​នេះ​ផង​ដែរ។
ក្រុម​ប្រជាពលរដ្ឋ​ដែល​ជា​អតីត​យុទ្ធជន​ទាំង​១៦​គ្រួសារ បាន​កើត​កូន​ពូន​ជា​ចៅ​ជាច្រើន​នាក់ នៅ​លើ​ដី​ទំនាស់​ដែល​ពួក​គាត់​រស់នៅ។ ពលរដ្ឋ​អះអាង​ថា អ្នក​ទាំង​១៦​គ្រួសារ ដែល​មាន​ទំនាស់​នោះ មាន​ជីវភាព​ក្រីក្រ​ជាង​ពលរដ្ឋ​មួយ​ចំនួន​ទៀត ដែល​មាន​ដី​ពាក់ព័ន្ធ​នឹង​បញ្ជាការដ្ឋាន​របស់​យោធ​ភូមិ​ភាគ​ទី១ ពួក​គាត់​អះអាង​ថា ទំនាស់​ដីធ្លី​នេះ​ធ្វើ​ឲ្យ​ពួក​គាត់​មួយ​ចំនួន​ត្រូវ​គេ​កាត់​រំសាយ អ្នក​ខ្លះ​ត្រូវ​មេ​បញ្ជាការ​ភូមិ​ភាគ​ទី១ បញ្ជូន​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ឆ្ងាយ អ្នក​ខ្លះ​មាន​កូន​ជាប់​ជា​ទាហាន ត្រូវ​មេ​លុប​ឈ្មោះ​ចេញ​វិញ អ្នក​ខ្លះ​បង្ខំ​ចិត្ត​រត់​ចោល​ជួរ អ្នក​ខ្លះ​ត្រូវ​ឡើង​សក្តិ​បែរ​ជា​មិន​បាន​ឡើង​ទៀត​ផង៕

No comments:

Post a Comment

yes