លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិ គណបក្សហ្វ៊ុនស៊ិនប៉ិចកាលពីពេលកន្លងមក
ភ្នំពេញៈ មន្រ្តីចំនួន ១៤ នាក់ ពីអតីតគណបក្ស នរោត្តម រណឫទិ្ធ ត្រូវបានតែងតាំងជាទីប្រឹក្សាក្នុងស្ថាប័នរដ្ឋាភិបាល ដែលមានឋានៈចាប់ពីស្មើនឹងប្រធាននាយកដ្ឋាន រហូតដល់អនុរដ្ឋលេខាធិការ បន្ទាប់ពីគណបក្សនេះ បានបង្រួបបង្រួមជាមួយគណបក្ស ហ៊្វុនស៊ិនប៉ិច ដែលមានសម្ព័ន្ធភាពស្អឹតល្មួត ជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបតិ្តនៃគណបក្ស ហ៊្វុនស៊ិនប៉ិច និងជាឧបនាយករដ្ឋមន្រ្តីបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា មន្រ្តី ៦ នាក់ ក្នុងចំណោម ១៤ នាក់ ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួង និងមានឋានៈស្មើនឹងប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន ហើយថា ពួកគេត្រូវបានតែងតាំង ដោយអនុក្រឹត្យរបស់រដ្ឋាភិបាល។
លោកបានបន្តថា រដ្ឋាភិបាល បានចេញអនុក្រឹត្យតែងតាំងពួកគេរួចហើយ ប៉ុន្តែលោកមិនបានប្រាប់ពីឈ្មោះរបស់មន្ត្រីទាំងនោះ និងក្រសួងដែលពួកគេត្រូវធ្វើជាទីប្រឹក្សានោះទេ។
ចំពោះមន្រ្តី ៨ រូបទៀត លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា ពួកគេក៏នឹងត្រូវបានតែងតាំងជាទីប្រឹក្សាដែរ តែឋានៈរបស់ពួកគេ មានចាប់ពីស្មើអគ្គនាយក រហូតដល់អនុរដ្ឋលេខាធិការ ហើយថា ព្រះរាជក្រឹត្យតែងតាំងពួកគេ នឹងចេញនៅសប្តាហ៍ក្រោយ។
នៅ ពេលសួរថា តើមូលហេតុអ្វី បានជារដ្ឋាភិបាល តែងតាំងមន្ត្រីទាំងនោះ ព្រោះរដ្ឋាភិបាលជិតចប់អាណតិ្តទៅហើយ លោក ញឹក ប៊ុនឆៃ បានឆ្លើយថា វាជារឿងធម្មតាចំពោះការតែងតាំងនេះ ព្រោះពួកគេធ្លាប់បម្រើការងារក្នុងជួររដ្ឋាភិបាល។
លោក ញឹក ប៊ុនឆៃ បានបន្ថែមថា៖ «នេះមិនមែនជាការសន្យាទេ។ ពួកគេធ្លាប់ធ្វើការ ដូច្នេះ ពួកគេត្រូវបានតែងតាំងឡើងវិញ»។
ទន្ទឹមនឹងនេះ គណបក្ស ហ៊្វុនស៊ិនប៉ិច ក៏បានតែងតាំងមន្រ្តី ៣ រូបថែមទៀត ពីគណបក្សជាតិនិយម ដែលទើបតែដូរឈ្មោះពីគណបក្សនរោត្តម រណឫទ្ធិ ឲ្យធ្វើជាអគ្គលេខាធិការរងគណបក្ស ហ៊្វុនស៊ិនប៉ិច បន្ទាប់ពីគណបក្សទាំងពីរ បានបង្រួបបង្រួមជាគណបក្សតែមួយ។
មន្រ្តីទាំងបីរូបមានឈ្មោះ ប៉េង ហេង ឃីម សិលា និង ឡុង លីម។
លោក យឹម សុវណ្ណ តំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្ស សម រង្ស៊ី ដែលជាគណបក្សប្រឆាំង បានថ្លែងថា លោកមិនចាប់អារម្មណ៍ លើការតែងតាំងនេះទេ ដោយលោកលើកឡើងថា នៅថ្ងៃអនាគត នឹងមានតែគណបក្ស ២ ប៉ុណ្ណោះ ធ្វើការប្រកួតប្រជែងគ្នា គឺគណបក្សសង្គ្រោះជាតិកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។
លោក យឹម សុវណ្ណ បានបញ្ជាក់ថា៖ «ប្រជាជន បានដឹងហើយថា គណបក្សទាំងពីរ បានធ្វើការជាមួយនឹងគណបក្សកាន់អំណាច គ្រាន់តែដើម្បីផលប្រយោជន៍ និងតំណែងប៉ុណ្ណោះ»។
ទោះយ៉ាងណា មន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិច រំពឹងថា ពួកគេនឹងទទួលបានសំឡេងគាំទ្រ ច្រើនជាងមុន បន្ទាប់ពីមានការបង្រួបបង្រួមគ្នាឲ្យទៅជាគណបក្សតែមួយដូចកាលពី មុនវិញ៕
No comments:
Post a Comment
yes