សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 28, 2012

កាន់សៀវភៅមួយ ឆ្ពោះទៅកាន់ឱកាសអាហារូបករណ៍


មាន​សិស្ស និង​និស្សិត​ជា​ច្រើន​ពាន់​នាក់​ ដែល​តែង​តែ​រំពឹង​គិត​ស្រមៃ​ថា​ ពួក​គេ​នឹង​មាន​ឱកាស​ទទួល​បាន​អាហា​រូបករណ៍​ទៅ​សិក្សា​បន្តនៅ​បរទេស​ទៅ​តាម​ផ្នែក និង​មុខ​ជំនាញ​ផ្សេង​ៗ ដែល​ពួក​គេ​ស្រលាញ់​។ សព្វ​ថ្ងៃ​នេះ​បើទោះបី​ជា​មាន​ឱកាស និង​អាហា​រូបករណ៍​ជា​ច្រើន​ត្រូវ​បាន​ផ្តល់​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ពិត​មែន ប៉ុន្តែ​ការ​ទទួល​ពត៌មាន និង​ឱកាស​នៃ​ការ​ឈូង​ចាប់​យក​អាហារូបករណ៍​ទាំង​នោះ​នៅ​មាន​កំរិត​ចំពោះ​សិស្ស និស្សិត​ខ្លះ​ដែល​ពុំ​មាន​អ្នក​ណែនាំ និង​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​ការ​ដាក់​អាហា​រូបករណ៍។
ទន្ទឹម​គ្នា​នេះ​ដែរ មាន​ក្រុម​យុវជន​មួយ​ក្រុម ​ដែល​ធ្លាប់​មាន​ឱកាស​ទទួល​បាន​អាហា​រូបករណ៍​ទៅ​​សិក្សា​នៅ​បរទេស ហើយ​បាន​មើល​ឃើញ​ពី​បញ្ហា​នេះ​ទើប​បាន​រួម​គ្នា​ជា​ក្រុម​មួយ ហើយ​បាន​សរសេរ​សៀវភៅ​ស្តី​អំពី​បទ​ពិសោធន៍ និង​វិធី​សាស្ត្រ​ដើម្បី​ទទួល​បាន​អាហារូបករណ៍​ពីរ​ក្បាល​ឈ្មោះ​ថា៖ “Win Scholarships Abroad” និង “Successful Application Forms”។
លោកសេង ពិសិទ្ធ អាយុ​២២​ឆ្នាំ ដែល​ជា​សមាជិក​អ្នក​ផ្តួចផ្តើម​និពន្ធ​សៀវភៅ​នេះ​ បាន​និយាយ​ថា “គោល​បំណង​សំខាន់​នៃ​ការ​បង្កើត​សៀវភៅ​នេះ​ឡើង​គឺ​មិន​មែន​ដើម្បី​ទាញ​យក​ចំនូល​ដូច​ការ​ធ្វើ​អាជីវកម្ម​នោះ​ទេ។ តែ​គោល​ដៅ​ចំបង​នៃ​ការ​រៀបរៀង​សៀវភៅ​នេះ​ឡើង​គឺ​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍ និង​ជួយ​ឲ្យ​កូន​ខ្មែរ​យើង​ចេះ​ដឹង​កាន់​តែ​ច្រើន​”។

លោក បាន​បន្ត​ទៀត​ថា៖ “នៅ​ពេល​ដែល​ចេញ​ទៅ​ក្រៅ​ប្រទេស​ច្រើនយើងឃើញ​សង្គម និង​ពិភពលោក​កាន់​តែ​ធំ មាន​ភាព​រីក​ចំរើន ស៊ីវីល័យ និងអភិវឌ្ឍន៍​កាន់​តែ​ខ្លាំង។ ពិសេស​គឺ​បណ្តា​យុវជន​គេ​មាន​ចំនេះ​ដឹង និង​ការ​អប់រំ​យ៉ាង​ល្អ​ប្រសើរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​យើង​ទាំង​អស់​គ្នា​មាន​ទឹក​ចិត្ត​ចង់​ធ្វើ​យ៉ាង​ណា​ដើម្បី​ជំរុញ​ឲ្យ​កូន​ខ្មែរ​យើង​ទទួល​បាន​ឱកាស​អប់រំ និង​ចេះ​ដឹង​ដូច​ពួក​គេ​ដែរ”។
ថ្វីត្បិត​តែ​សៀវភៅ Win Scholarships Abroad គឺ​មាន​ត្រឹម​តែ​១៤០​ទំព័រ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​វា​បាន​រួម​បញ្ចូល​នូវ​ទ្រឹស្តី បទ​ពិសោធន៍ ចំនេះ​ដឹង ការ​អនុវត្ត និង​គន្លឹះ​សំរាប់​ត្រៀម​ប្រលង​យក​អាហា​រូបករណ៍។ រី​ឯ​សៀវភៅ Successful Application Forms គឺ​ជា​សៀវភៅ​មួយ​ក្បាល​ផ្សេង​ទៀត​ដែល​ភ្ជាប់​មក​ជាមួយ ដែល​សៀវភៅ​នេះ​គឺ​ផ្តោត​សំខាន់​ទៅ​លើ​គំរូ​ឯកសារ និង​ពាក្យ​សុំ​អាហារូបករណ៍​របស់​អ្នក​ដែល​ធ្លាប់​ជាប់​អាហា​រូបករណ៍​ទៅ​បរទេស។
លោក លី ប៊ុនហេង អាយុ​២៤​ឆ្នាំ ដែល​ជា​សមាជិក​ម្នាក់​ទៀត​ក្នុង​ចំណោម​អ្នក​និពន្ធ​សៀវភៅ​នេះ​ទាំង​៤នាក់​ផ្សេង​ទៀត បាន​អះអាង​ថា៖ “មាតិការ និង​ខ្លឹមសារ​ដែល​បាន​តាក់តែង​ឡើង​នៅ​ក្នុង​សៀវភៅ​នេះ​ទាំង​អស់​គឺ​ពុំ​បាន​ដកស្រង់ ចម្លង ឬ​បក​ប្រែ​តាម​ឯកសារ​បរទេស​ណាមួយ​នោះ​ឡើយ។ តែ​វា​ជា​បទពិសោធន៍​ពិត​ៗ និង​គន្លឹះក្នុង​ការ​ទទួល​បាន​អាហារូបករណ៍​របស់​ពួក​យើង​ទាំង​៤​នាក់ ដែល​បាន​និពន្ធ​សៀវភៅ​នេះ​ឡើង និង​បណ្តា​គណៈ​កម្មាធិការ​ដែល​ជា​អ្នក​ជ្រើស​រើស​និស្សិត​អាហារូបករណ៍​ពី​ស្ថាន​ទូត​នានា”។
លោក ប៊ុនហេង​បាន​បន្ត​ថា៖ ​“លក្ខណៈ​ពិសេស​ម្យ៉ាង​ទៀត​គឺ​ ពួក​យើង​បាន​ប្រមូល​ទម្រង់ និង​ឯក​សារ​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ពី​កូន​ខ្មែរ​យើង ដែល​ធ្លាប់​បាន​ទទួល​អាហារូបករណ៍​ទៅ​បណ្តា​ប្រទេស​ផ្សេង​ៗ​មក​ចង​ក្រង ដែល​ឯកសារ និង​ពាក្យ​សុំ​ទាំង​នេះ​គឺ​ពុំ​មាន​នៅ​តាម​អ៊ីនធឺណេត ឬ​ងាយ​ស្រួល​ក្នុង​ស្រាវ​ជ្រាវ​រក​បាន​គំរូ​ទាំង​នេះ​ឡើយ”។
បន្ទាប់​ពី​និពន្ធ​បាន​ចប់​សព្វ​គ្រប់ ហើយ​ធ្វើ​ការ​បោះពុម្ភ​មិន​បាន​យូរ​ប៉ុន្មាន​ផង សៀវភៅ​ទាំង​ពីរ​ក្បាល​នេះ​គឺ​ពិត​ជា​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​សិស្ស​និស្សិត​ខ្មែរ​យើង។ ត្រឹម​តែ​រយៈ​ពេល​បី​សប្តាហ៍​តែ​ប៉ុណ្ណោះ សៀវភៅ​ទាំង​ពីរ​ច្បាប់​នេះ​ចំនួន​១ ០០០​ក្បាល​ត្រូវ​បាន​លក់​ដាច់​អស់​រលីង។
យុវជន ឆាម ប៉េងហៀង អាយុ​១៦​ឆ្នាំ សិស្ស​នៅ​វិទ្យាល័យ​ភ្នំស្រួច ខេត្ត​កំពង់​ស្ពីនិង​ជាអ្នក​ដែល​បាន​អាន​សៀវភៅ​ទាំង​ពីរ​ក្បាល​នោះ​ បាន​លើក​ឡើង​ថា៖ “សៀវភៅ​នេះ​ពិត​ជា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ខ្លាំង​ណាស់ ព្រោះ​ខ្ញុំ​បាន​ដឹង​ពី​គន្លឹះ​នៃ​ការ​ទទួល​អាហារូបករណ៍ បូករួម​ទាំង​មាន​ការ​អនុវត្ត​ផ្ទាល់​នៅ​ក្នុង​សៀវភៅ​នេះ​ស្រាប់ ធ្វើ​ឲ្យ​ខ្ញុំ​ងាយ​យល់​កាន់​តែ​ច្បាស់​ពី​ដំនើរ​នៃ​ការ​ទទួល​អាហារូបករណ៍។ កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ វា​មាន​គំរូ​ហ្វម និង​កម្រង​ពាក្យ​សំរាប់​ប្រើ​ក្នុង​ការ​បំពេញ​ហ្វម របស់​អ្នក​ដែល​ធ្លាប់​ជាប់​ទៅ​បរទេស ដែល​កាល​ពី​មុន ​ខ្ញុំ​មិន​ដឹង​ថា​ទៅ​សុំ ឬ​រក​នៅ​ទីណា​បាន​នោះ​ទេ”។
ប៉េងហៀង បាន​បន្ត​ដោយ​ជំនឿរ​ចិត្ត​ថា៖  “ខ្ញុំ​ធ្លាប់​ទទួល​បរាជ័យ​ក្នុង​ការ​ដាក់​អាហារូបករណ៍ ហើយ​ខ្ញុំ​ក៏​ធ្លាប់​មាន​គំនិត​ថា​ចង់​បោះបង់​ដែរ។ ប៉ុន្តែ​សៀវភៅ​ទាំង​ពីរ​ក្បាល​នេះ​បាន​ជំរុញ និង​ផ្តល់​នូវ​ជំនឿ​ចិត្ត​ដល់​ខ្ញុំ​សារ​ជា​ថ្មី និង​កាន់​តែ​ខ្លាំង​ក្នុង​ការ​ទទួល​បាន​អាហារូបករណ៍​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​មិន​ខាន”៕

No comments:

Post a Comment

yes