សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 12, 2012

ពលរដ្ឋ​ខេត្ត​សៀមរាប​ចោទ​អាជ្ញាធរ​ថា​ទារ​លុយ​ច្រើន​ក្នុង​ការ​ធ្វើ​សៀវភៅ​ស្នាក់នៅ


ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន នៅ​ភូមិ​រលំរុនថ្មី នៃ​ឃុំ​ស្រែណូយ បាន​ឱ្យ​ដឹង​ថា ពួក​គេ​ត្រូវ​ការ​ធ្វើ​សៀវភៅ​ស្នាក់នៅ​សម្រាប់​ត្រៀម​ទុក​ជា​ឯកសារ​ផ្លូវ​ច្បាប់ នៅ​ពេល​ដែល​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​វាស់វែង​ដី​មក​ដល់ ដើម្បី​រៀបចំ​ធ្វើ​កម្មសិទ្ធិ​ដីធ្លី ក៏​ប៉ុន្តែ សៀវភៅ​ស្នាក់នៅ​នោះ​ត្រូវ​បង់​ប្រាក់​ជាច្រើន​ម៉ឺន​រៀល ដែល​ធ្វើ​ឱ្យ​គ្រួសារ​ខ្លះ​ពុំ​មាន​ប្រាក់​គ្រប់គ្រាន់ ត្រូវ​ខក​ខាន។
បុរស​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ទើប​តែ​ទៅ​រស់នៅ​ក្នុង​ភូមិ​រលំរុនថ្មី ប្រហែល​៧​ខែ គាត់​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១១ ខែ​សីហា ថា កាល​ពី​ពេល​ថ្មីៗ​គ្រួសារ​របស់​គាត់​បាន​ឱ្យ​ប៉ូលិស​ធ្វើ​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ ហើយ​ត្រូវ​បង់​ប្រាក់​ទៅ​ឱ្យ​មន្ត្រី​ប៉ូលិស​ដែល​ចុះ​ធ្វើ​នោះ ចំនួន​៦ម៉ឺន​រៀល។
បុរស​ដដែល​បាន​ត្អូញត្អែរ​ថា ការ​ធ្វើ​សៀវភៅ​ស្នាក់នៅ​ដែល​ត្រូវ​បង់​ប្រាក់​៦ម៉ឺន​រៀល គឺ​វា​ថ្លៃ​ចំពោះ​គ្រួសារ​របស់​គាត់ ដែល​កំពុង​មាន​ជីវភាព​ខ្វះ​ខាត៖ «ធ្វើ​សៀវភៅ​គ្រួសារ​ផង និង​សៀវភៅ​ស្នាក់នៅ​ផង ១គ្រួសារ​៦​ម៉ឺន។ គេ​ថា​យក​៦ម៉ឺន​ហ្នឹង ទៅ​រត់​ការ​ផង អី​ផង ហើយ​វាយ​ត្រា​ក៏​ច្រើន​កន្លែង។ ខ្ញុំ​ខ្ចី​គេ​ខ្លះ​ទៅ លុយ​ខ្លួន​ឯង​ខ្លះ ដើរ​ស៊ី​ឈ្នួល​គេ​ខ្លះ​បាន​ទៅ»

បុរស​ដដែល​បាន​បញ្ជាក់​ថា នៅ​ក្នុង​ភូមិ​របស់​គាត់ គឺ​មាន​ប្រជាពលរដ្ឋ​ប្រហែល​ជាង​២០​គ្រួសារ ដែល​ត្រូវ​ការ​ធ្វើ​សៀវភៅ​ស្នាក់នៅ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ដឹង​ថា ត្រូវ​បង់​ប្រាក់​ច្រើន​ម៉ឺន​ទៅ​ឱ្យ​ប៉ូលិស គឺ​ពួក​គេ​ខ្លះ​ដែល​មាន​លុយ​ត្រឹម​តែ​១ម៉ឺន​រៀល ក៏​មិន​ហ៊ាន​ធ្វើ​ទេ។
ទោះ​យ៉ាង​ណា មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្រែណូយ បាន​បដិសេធ​ថា ការ​អះអាង​បែប​នោះ គឺ​ជា​ការ​មិន​ពិត។
លោក នី សាវ៉ុន ជា​ប្រធាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប្រចាំ​ឃុំ​ស្រែណូយ បាន​មាន​ប្រសាសន៍​ថា កន្លង​ទៅ​ក្រុម​នគរបាល​ជំនាញ​ដែល​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​របស់​លោក បាន​ចុះ​ទៅ​ធ្វើ ហើយ​ក៏​បាន​ទទួល​ប្រាក់​ពី​ប្រជាពលរដ្ឋ​ខ្លះ ២ម៉ឺន ៣ម៉ឺន និង​៦ម៉ឺន​រៀល​មែន ក៏​ប៉ុន្តែ​ប៉ូលិស​មិន​បាន​តម្រូវ​ឱ្យ​អ្នក​ភូមិ​ទាំង​នោះ បង់​លុយ​ទៅ​តាម​ការ​កំណត់​ឡើយ៖ «មិន​បាន​ទៅ​ទារ​គាត់​ដាក់​កំណត់​ដាក់​អី​ទេ ព្រោះ​សៀវភៅ​នោះ​នៅ​ឆ្ងាយ ក៏​គ្នា​ទៅ​ទិញ​ឯ​សៀមរាប​ឯណោះ ហើយ​នូវ​ត្រូវ​ទៅ​ស៊ីញេ​នៅ​អធិការ នូវ​អី ក៏​គាត់​យក​ជា​លុយ​ជា​ស្អី​ខ្លះ​សម្រាប់​ថ្លៃ​ប្រេង​ម៉ូតូ ប្រេង​អី។ គ្រាន់​តែ​សុំ​ថ្លៃ​ក្រដាស ថ្លៃ​អី ព្រោះ​ក្រដាស​នោះ​វា​ត្រូវ​ជា​លុយ​ជា​កាក់​ដែរ។ ប៉ុណ្ណោះ ឯង​មិន​បាន​ដាក់​តម្រូវ​អី​ទេ ប៉ុន្តែ​ចេះ​តែ​វែង​ឆ្ងាយ​ទៅ​ណា»
មន្ត្រី​ប៉ូលិស​ដដែល បាន​បញ្ជាក់​ថា បន្ត​បន្ទាប់​មក លោក​ក៏​បាន​លេច​ឮ​ការ​និយាយ​តៗ​គ្នា​ថា ប៉ូលិស​បាន​ធ្វើ​សៀវភៅ​ស្នាក់នៅ​យក​លុយ​ច្រើន ក៏​ប៉ុន្តែ​លោក​បាន​ប្រាប់​អ្នក​ភូមិ​ដែល​មាន​លុយ​តិចតួច ហើយ​មិន​ហ៊ាន​ទៅ​ធ្វើ​សៀវភៅ​ស្នាក់នៅ​នោះ ឱ្យ​ទៅ​ធ្វើ​វិញ ពីព្រោះ​ប៉ូលិស​មិន​បាន​កំណត់​ចំនួន​ប្រាក់​ឱ្យ​បង់​ថ្លៃ​នោះ​ទេ។
លោក ឆែម សាវឿន ជា​មេ​ឃុំ​ស្រែណូយ ក៏​បាន​មាន​ប្រសាសន៍​ថា តាម​គោលការណ៍​កំណត់ គឺ​សៀវភៅ​ស្នាក់នៅ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​១គ្រួសារ ត្រូវ​បង់​ប្រាក់​តែ​ជាង​១ម៉ឺន​រៀល​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ លោក​មេ​ឃុំ​បាន​បដិសេធ​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា ប៉ូលិស​បាន​ទារ​លុយ​ច្រើន​ពី​ការ​ធ្វើ​សៀវភៅ​ស្នាក់នៅ​នោះ។ លោក​ថា បើ​មាន​គ្រួសារ​ច្រើន​ធ្វើ​សៀវភៅ​ស្នាក់នៅ គឺ​ប៉ូលិស​ងាយ​ស្រួល ហើយ​អាច​យក​តម្លៃ​តិច ក៏​ប៉ុន្តែ បើ​មាន​តែ​១គ្រួសារ​ធ្វើ​សៀវភៅ​នោះ គឺ​ប៉ូលិស​អាច​យក​លុយ​ច្រើន​ជាង ពីព្រោះ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ផ្លូវ​ឆ្ងាយ ដើម្បី​បោះ​ត្រា និង​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​ជាដើម។
ទោះ​យ៉ាង​ណា មន្ត្រី​ក្រុម​ប្រឹក្សា​ស្រុក​វ៉ារិន មួយ​រូប​ដែល​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ថា ការ​ដែល​ប៉ូលិស​យក​លុយ​៦ម៉ឺន​រៀល​ពី​ការ​ធ្វើ​សៀវភៅ​ស្នាក់នៅ​១ក្បាល​នោះ គឺ​វា​ថ្លៃ បើ​ប្រៀបធៀប​ទៅ​នឹង​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​រស់នៅ​តំបន់​ដាច់​ស្រយាល ដែល​អាច​រក​កម្រៃ​បាន​ប្រមាណ​៥ពាន់​រៀល​ក្នុង​១ថ្ងៃ​នោះ។
ក្រុម​ប្រឹក្សា​ស្រុក​ដដែល បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ជួយ​អន្តរាគមន៍​ចំពោះ​តម្លៃ​នៃ​ការ​ធ្វើ​សៀវភៅ​ស្នាក់នៅ​នេះ​ផង នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ជាច្រើន​កំពុង​ត្រូវ​ការ​ធ្វើ​ដើម្បី​ត្រៀម​ចាំ​ការ​វាស់វែង​ដីធ្លី​របស់​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត ដើម្បី​ទទួល​បាន​កម្មសិទ្ធិ​នោះ៕

No comments:

Post a Comment

yes