សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 14, 2012

សហគមន៍​ព្រៃ​ឡង់​រក​ឈើ​ប្រមាណ​៦០០​ម៉ែត្រ​គូប​នៅ​ក្នុង​ព្រៃ


បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់​ធំ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ព្រៃ​ឡង់ រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា ដើម្បី​ល្បាត និង​រុករក​បទ​ល្មើស​ព្រៃឈើ ក្នុង​គោលដៅ​ការពារ​ធនធាន​ធម្មជាតិ។
RFA/Uon Chhin
២៨-មីនា-២០១២៖ គំនរ​ឈើ​ដែល​ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុង​តំបន់​ព្រៃឡង់ នា​ខេត្ត​កំពង់ធំ។
បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់​បាន​អះអាង​ថា ឈើ​ប្រមាណ ៥០០ ​ទៅ ៦០០​ម៉ែត្រ​គូប ត្រូវ​បាន​គេ​កាប់​អារ​គរ​ទុក​ក្នុង​ព្រៃ និង​ដី​រាប់​រយ​ហិកតារ​ត្រូវ​បាន​គេ​កាប់​រាន​ទុក​ធ្វើ​ចម្ការ ដែល​គេ​សន្និដ្ឋាន​ថា បាន​ធ្វើ​ឡើង​ពី​សំណាក់​មន្ត្រី​ប៉ូលិស​និង​ទាហាន។
សហគមន៍​ការពារ​ព្រៃ​ឡង់ នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់​ធំ លោក ហឿន សុភាព ដែល​បាន​ចុះ​ល្បាត​ព្រៃ​ឡង់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ សីហា ថា សហគមន៍​ជាង ៧០​នាក់​មក​ពី​ភូមិ​ចំនួន​៦ ក្នុង​ឃុំ​ដងកាំបិត ឃុំ​សណ្ដាន់ និង​ឃុំ​មានរិទ្ធ បាន​ចុះ​ល្បាត​ក្នុង​ព្រៃ​ចំនួន​២​ថ្ងៃ​មក​នេះ បាន​ឃើញ​ថា​ការ​កាប់​រាន​ព្រៃ​មាន​ទំហំ​ធំ​ជាង​សព្វ​មួយ​ដង មាន​ន័យ​ថា បទ​ល្មើស​ព្រៃឈើ​មាន​ការ​កើន​ឡើង​ជាង​ការ​ល្បាត​លើក​មុន។ លោក​បន្ត​ថា មាន​បទល្មើស​កាប់​រុករាន​ដី​ព្រៃ​ប្រមាណ​ពី ២០ ទៅ ៣០​ហិកតារ និង​ដើម​ឈើ​ដែល​គេ​បាន​កាប់​ថ្មីៗ​ផ្ដួល​រលំ​គរ​ជា​គំនរ និង​ខ្លះ​គ្រប​ទុក​ជា​ច្រើន​កន្លែង ដែល​ក្នុង​១​កន្លែង​ប្រហែល​ជា ២០០​ម៉ែត្រ​គូប រួម​ទាំង​រណា​អារ​ឈើ​ដែល​គេ​បាន​ទុក​ចោល​ក្នុង​ព្រៃ​ទៀត​ផង។

ពាក់ព័ន្ធ​បញ្ហា​នេះ អភិបាល​ខេត្ត​កំពង់ធំ លោក ឈុន ឈាន់ បាន​ទទួល​ស្គាល់​ថា បទល្មើស​ព្រៃឈើ​ពិត​ជា​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​របស់​លោក​ពិត​ប្រាកដ​មែន។ លោក​ថា អាជ្ញាធរ​បាន​ដឹង​ពី​សកម្មភាព​របស់​សហគមន៍​ដែល​បាន​ចុះ​ល្បាត​ព្រៃ​ឡង់​នេះ​ដែរ។
អ្នក​សម្របសម្រួល​គម្រោង​ពង្រឹង​អំណាច​សហគមន៍​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ស៊ីស៊ីអេកអរ (CCHR) លោក ឈឹម សាវុធ ដែល​នឹង​ឃ្លាំមើល​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ថ្លែង​ថា ក្នុង​ព្រៃ​ឡង់​នៅ​ចំណុច​ឃុំ​ដង​កាំបិត មាន​ការ​កាប់​ព្រៃ​ស្រោង​រាប់​រយ​ហិកតារ​ដើម្បី​រាន​យក​ដី​ធ្វើ​ចម្ការ តាម​ការ​សន្និដ្ឋាន​ជន​ល្មើស គឺ​ជា​មន្ត្រី​ប្រដាប់​អាវុធ​ក្នុង​ខេត្ត​នេះ។
សហគមន៍​ព្រៃឈើ​បាន​អះអាង​ថា បច្ចុប្បន្ន​មាន​ដើម​ច្បោះ​រាប់​រយ​ដើម​ដែល​ក្រុម​ជន​ល្មើស​កាប់​ផ្ដួល​រលំ​នៅ​ក្នុង​ព្រៃ​ឡង់ ហើយ​គេ​មិន​ទាន់​បាន​ដឹក​ចេញ​អស់​នៅ​ឡើយ។ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ព្រៃ​ឡង់ រយៈពេល ៣​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា ដើម្បី​ល្បាត និង​រុករក​បទ​ល្មើស។ នេះ​មិន​មែន​លើក​ទី​១​ទេ​ដែល​បណ្ដាញ​សហគមន៍​បាន​ចុះ​ល្បាត​ព្រៃ​ឡង់ ជា​ច្រើន​លើក​គេ​តែង​រក​ឃើញ​បទល្មើស​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​រាប់​រយ​ម៉ែត្រ​គូប និង​ការ​រាន​យក​ដី​ព្រៃ​ធ្វើ​ចម្ការ៕

No comments:

Post a Comment

yes