សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 28, 2012

ពលរដ្ឋ​ចោទ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​បារាំង​ថា​រំលោភ​កិច្ច​សន្យា


ជម្លោះ​ដីធ្លី​រវាង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​បារាំង​ឈ្មោះ​សុកហ្វីន ខេស៊ីឌី (Socfin-KCD) កើត​មាន​ឡើង​វិញ​ហើយ បន្ទាប់​ពី​អ្នក​ភូមិ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​រំលោភ​កិច្ច​សន្យា​ដែល​បាន​ព្រមព្រៀង​គ្នា។
ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​រស់នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ជាង​១០០​គ្រួសារ នៅ​ថ្ងៃ​ចន្ទ ទី​២៧ ខែ​សីហា ឆ្នាំ​២០១២ អំពាវនាវ​ឲ្យ​ក្រុម​ការងារ​ដីធ្លី​របស់​រាជរដ្ឋាភិបាល​វាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ដើម្បី​បញ្ចប់​ការ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ពី​សំណាក់​ក្រុមហ៊ុន​សុកហ្វីន ខេស៊ីឌី។
សេចក្តី​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ទាំង​នោះ​អះអាង​ថា ក្រុមហ៊ុន​បាន​រំលោភ​កិច្ច​សន្យា​បី​ចំណុច​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ​២០១០ ក្នុង​នោះ​ប្រជាពលរដ្ឋ​យល់​ព្រម​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ​ដាំ​កៅស៊ូ លើ​ដី​ចម្ការ​ចាស់ និង​ដី​ចម្ការ​វិល​ជុំ​ប្រជាពលរដ្ឋ ជា​ថ្នូរ ក្រុមហ៊ុន​យល់​ព្រម​ផ្តល់​សំណង​ជា​ប្រាក់ ឬ​ផ្តល់​ដី​ជា​ថ្នូរ​នឹង​ដាំ​កៅស៊ូ​ប្រវាស់​ជាមួយ​ប្រជាពលរដ្ឋ​ម្ចាស់​ដី។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​៧ ឃុំ​ប៊ូស្រា លោក ម៉ាលី ភិន មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ បាន​យល់​ព្រម​យក​កិច្ច​ព្រមព្រៀង​ដូរ​ដី និង​ដាំ​កៅស៊ូ​ប្រវាស់​ជាមួយ​ក្រុមហ៊ុន​ទៅ​តាម​ចំណែក​ដី​របស់​អ្នក​ភូមិ​តាម​គ្រួសារ ដែល​ក្រុមហ៊ុន​បាន​កាត់​សង​ប្រជាពលរដ្ឋ​វិញ ក៏​ប៉ុន្តែ​រហូត​មក​ទល់​នឹង​ឆ្នាំ​២០១២ នេះ ក្រុមហ៊ុន​បាន​កាត់​ដី​ដែល​បាន​ដាំ​កៅស៊ូ​រួច​ជូន​ប្រជាជន​ដូច​ការ​សន្យា ប៉ុន្តែ​បែរ​ជា​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ចុះ​កិច្ច​សន្យា​ជួល​ដី​នោះ​ពី​ក្រុមហ៊ុន​វិញ ក្នុង​កិច្ច​សន្យា​៦០​ឆ្នាំ។
លោក​បន្ត​ថា ដី​ដែល​ក្រុមហ៊ុន​ថ្នូរ​ជាមួយ​ប្រជាពលរដ្ឋ គឺ​ជា​ដី​របស់​ប្រជាពលរដ្ឋ​កាន់​កាប់​ស្រប​ច្បាប់ ដូច្នេះ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សុំ​ឲ្យ​ក្រុម​និស្សិត​វាស់វែង​ដីធ្លី​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដល់​ពួក​គាត់ តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ដូច្នេះ​ប្រជាពលរដ្ឋ​មិន​យល់​ស្រប​ចុះ​កិច្ច​សន្យា​ជួល​ដី​ពី​ក្រុមហ៊ុន​នោះ​ឡើយ៖ «ទាមទារ​ឲ្យ​ខាង​និស្សិត​ហ្នឹង វាស់វែង​ឲ្យ​ដី​យើង​ឲ្យ​ពិត​ប្រាកដ។ ដី​គេ​ចែក ប៉ុន្តែ​ក្នុង​ក្រដាស​ប្លង់​គេ​ហ្នឹង គេ​ដាក់​ជួល​ដី​ក្រុមហ៊ុន​វិញ។ អ៊ីចឹង ពួក​ខ្ញុំ​ទាំង​អស់​មួយ​ឃុំ​ហ្នឹង មិន​ពេញ​ចិត្ត។ ដូច​កាល​មុន​ហ្នឹង ការ​រស់នៅ​មិន​ដែល​ចេះ​ជួល​ដី​ពី​ណា​ណី​ទេ គេ​ទាមទារ​សិទ្ធិ​យើង​ពី​ដើម​មក​អ៊ីចឹង»
ក្រុមហ៊ុន​សុកហ្វីន ទទួល​ម៉ៅការ​បន្ត​ពី​ក្រុមហ៊ុន ខូវ ជី លី អភិវឌ្ឍន៍ (khov Chily Development) លើ​ផ្ទៃដី​សម្បទាន​សរុប​ជិត​៣ពាន់​ហិកតារ នៅ​ឃុំ​ប៊ូស្រា ដើម្បី​ដាំ​កៅស៊ូ ប៉ុន្តែ​ប្រជាពលរដ្ឋ​៧ភូមិ បាន​តវ៉ា​ជា​បន្ត​បន្ទាប់ ដោយ​សារ​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ ដី​ចម្ការ​វិល​ជុំ ដី​ទី​សក្ការៈ និង​ដី​កប់​សព​ដូនតា​របស់​អ្នក​ភូមិ។
វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ចន្ទ ទី​២៧ ខែ​សីហា មិន​អាច​ទាក់​ទង​តំណាង​ក្រុមហ៊ុន​សុកហ្វីន ណា​ម្នាក់ ដើម្បី​អធិប្បាយ​សេចក្តី​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​បាន​ទេ។
យ៉ាង​នេះ​ក្តី មេឃុំ​ប៊ូស្រា លោក យឿន សារីម ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ពិត​ជា​កំពុង​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​មែន។ លោក​បន្ត​ថា បាន​រាយការណ៍​ជូន​អាជ្ញាធរ​ស្រុក​រួច​ហើយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ជូន​ប្រជាពលរដ្ឋ៖ «បើ​និយាយ​ទៅ រឿង​អ៊ីចឹង​មែន ប៉ុន្មាន​ឆ្នាំ​ហើយ ប្រជាពលរដ្ឋ​យក​មាន​បី​ករណី​ពី​មេឃុំ​ចាស់​ហ្នឹង​តាំង​ពី​២០០៨-២០០៩-២០១០។ រាយការណ៍​ទៅ​ស្រុក រាយការណ៍​ពីរ​លើក​ហើយ ស្រុក​ក៏​រវល់​ដែរ​ហ្នឹង»
អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក គល់ មីឌី មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ត្រូវ​តែ​អនុវត្ត​កិច្ច​ព្រមព្រៀង​ដែល​បាន​ឯកភាព​គ្នា​ជាមួយ​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ជា​ម្ចាស់​ដី ដូច្នេះ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ស្នើសុំ​ក្រុម​ការងារ​ចុះ​វាស់វែង​ដី​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពួក​គាត់៖ «ក្នុង​គោលការណ៍​បី​របស់​ក្រុមហ៊ុន គឺ​ក្រុមហ៊ុន​មាន​គោលការណ៍​ប្ដូរ​ដី​ឲ្យ​ពួក​គាត់។ គួរ​តែ​គោរព​កិច្ច​សន្យា​នេះ ធ្វើ​ម៉េច​ឲ្យ​ពួក​គាត់​បាន​ដី​របស់​គាត់​វិញ មិន​មែន​ការ​ជួល​ទេ»
យ៉ាង​នេះ​ក្តី មេឃុំ​ប៊ូស្រា លោក យឿន សារីម បាន​បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​ពេជ្រាដា គ្រោង​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​មាន​ទំនាស់​នៅ​ចុង​ខែ​សីហា នេះ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​នេះ៕

No comments:

Post a Comment

yes