សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 6, 2012

អ្នក​ភូមិ​មាន​ជម្លោះ​ដី​នៅ​ពោធិ៍សាត់​ត្រៀម​ប្ដឹង​ក្រុមហ៊ុន​ភាពីម៉ិច

ប្រជាពលរដ្ឋ ១៧​គ្រួសារ នៅ​ភូមិ​ព្រងិល ឃុំ​ព្រងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ មាន​គម្រោង​ដាក់​បណ្ដឹង​ទៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ដើម្បី​សុំ​ការ​ជួយ​អន្តរាគមន៍ ដោយ​ពួក​គាត់​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ភាពីម៉ិច​ថា បាន​រំលោភ​យក​ដី​ចំការ​របស់​ពួក​គាត់​ជាង ២៥​ហិកតារ ដោយ​មាន​ការ​គាំទ្រ​ពី​អាជ្ញាធរ​ខេត្ត​ផង។

RFA/Mondulkeo
កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បញ្ជា​ឲ្យ​មក​ជួយ​ការពារ​កម្មករ​ក្រុមហ៊ុន​ភាពីម៉ិច ធ្វើ​សកម្មភាព​រំលោភ​យក​ដី​អ្នក​ភូមិ នៅ​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​៣១ កក្កដា ឆ្នាំ​២០១២។
«សំឡេង​យំ»៖ សំឡេង​ទ្រហោ​យំ​សំពះ​អង្វរ​របស់​ប្រជាពលរដ្ឋ ១៧​គ្រួសារ​នៅ​ភូមិ​ព្រងិល ពុំ​បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​ខេត្ត​រំជួល​ចិត្ត​នោះ​ទេ។
បុរស​អ្នក​ភូមិ​ឈ្មោះ មុត ខន ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រងិល ឃុំ​ព្រងិល។ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ សីហា ថា កម្លាំង​ប្រដាប់​អាវុធ​មួយ​ក្រុម​ដែល​អះអាង​ថា បាន​ទទួល​បញ្ជា​ពី​អភិបាល​ខេត្ត​លោក ខូយ សុខា បាន​មក​គំរាម​ពួក​គាត់​ឲ្យ​ប្រគល់​ដី​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ភាពីម៉ិច បើ​មិន​ដូច្នោះ​ទេ​ពួក​គាត់​នឹង​ត្រូវ​ចាប់​ខ្លួន។ គាត់​ថា ទន្ទឹម​នឹង​ការ​គំរាម​កំហែង​ពី​កម្លាំង​ប្រដាប់​អាវុធ មាន​កម្មករ​ក្រុមហ៊ុន​ប្រមាណ ៤០​នាក់ បាន​នាំ​គ្នា​ដើរ​រុះរើ​ដក​បង្គោល​របង​ដី​ដែល​អ្នក​ភូមិ​បាន​ធ្វើ​ដើម្បី​សម្គាល់​ព្រំ​ដី​របស់​ពួក​គាត់ រួច​ក្រុមហ៊ុន​បាន​យក​ត្រាក់ទ័រ​មក​ឈូស​ឆាយ​ដណ្ដើម​យក​ដី​ធ្លី​របស់​អ្នក​ភូមិ​តែម្ដង។
លោក មុត ខន៖ «ដី​នេះ​ពួក​ខ្ញុំ​ធ្វើ​តាំង​ពី​ឆ្នាំ​១៩៨៧ ម៉្លេះ តែ​ដល់​ឆ្នាំ​១៩៩៥ ខាង​រដ្ឋបាល​ព្រៃ​ឈើ​គាត់​មក​ប្រាប់​ថា ជា​ដី​ព្រៃ​របស់​រដ្ឋ។ ពួក​ខ្ញុំ​មាន​ភស្តុតាង​គ្រប់គ្រាន់​បង្ហាញ​ថា ពួក​ខ្ញុំ​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៨៧ មែន ជា​ពិសេស​មាន​ដើម​ឈើ​ហូប​ផ្លែ​គ្រប់​ប្រភេទ ដូច​ជា​ដូង ស្វាយ ជា​ដើម បាន​ទទួល​ផល​ជា​ច្រើន​ឆ្នាំ​មក​ហើយ...»
ស្ត្រី​អ្នក​ភូមិ​ឈ្មោះ ផៃ ស៊ីចាន់ បាន​ឲ្យ​ដឹង​ថា ក្រុម​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​បាន​មក​គំរាម​ឲ្យ​គាត់​ចាកចេញ​ពី​ដី​នេះ​ជា​បន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ​គាត់​នឹង​រង​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ៖ «សម្ដេច​ស្រែក​ថា ដី​ទី​ណា​ប៉ះពាល់​ជាមួយ​ប្រជាជន​គឺ​ត្រូវ​កាត់​ទៅ​ឲ្យ​ប្រជាជន។ តែ​ឥឡូវ​ប៉ះពាល់​ហើយ​តែ​ក្រុមហ៊ុន​បែរ​ជា​ដណ្ដើម​យក​តែម្ដង។ ខ្ញុំ​ចង់​ដឹង​ថា ហេតុ​អី​សម្ដេច​ស្រែក​ហើយ​តែ​ខាង​ក្រោម​គេ​មិន​ស្ដាប់។សម្រែក​របស់​សម្ដេច​គ្មាន​ប្រសិទ្ធភាព ក្រុមហ៊ុន​បាន​បំពាន​លើ​ប្រសាសន៍​របស់​សម្ដេច ឥឡូវ​យើង​ខ្ញុំ​សុំ​ឲ្យ​សម្ដេច​ជួយ...»
ដី​ទំនាស់​ដែល​មាន​ទំហំ​ជាង ២៥​ហិកតារ​នេះ ស្ថិត​នៅ​ម្ដុំ​ច្រក​អណ្ដូង​ត្រាវគៀត ចម្ងាយ​ប្រមាណ ១.៦០០​ម៉ែត្រ​ពី​ថ្នល់​ជាតិ​លេខ ៥៦ ឆ្ពោះ​ទៅ​ទិស​ខាង​កើត ស្ថិត​ក្នុង​ភូមិ​ព្រងិល ឃុំ​ព្រងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។
មេ​ឃុំ​ព្រងិល គឺ​លោក ឱក ឈឹម មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ភាពីម៉ិច មក​ដាក់​ទីតាំង និង​ឈូស​ឆាយ​ដី​ដោយ​ពុំ​មាន​សិក្សា​ពី​ផល​ប៉ះពាល់ លុះ​កើត​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​ទើប​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ។
លោក​ថា បញ្ហា​នេះ​ហួស​ពី​លទ្ធភាព​ដោះស្រាយ​របស់​អាជ្ញាធរ​ឃុំ​លោក​សុំ​ឲ្យ​ថ្នាក់​លើ​ជួយ​រក​ដំណោះស្រាយ​ទំនាស់​នេះ​ជូន​ប្រជាពលរដ្ឋ​ផង៖ «ក្រុមហ៊ុន​គេ​មើល​មិន​ឃើញ​អាជ្ញាធរ​ភូមិ ឃុំ​ទេ។គេ​ចង់​ធ្វើ​អ្វី​គេ​ធ្វើ​តែ​ខ្លួន​គេ លុះ​កើត​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​ទើប​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ...»
សំណូមពរ​អាជ្ញាធរ​ឃុំ​ពុំ​ទទួល​បាន​លទ្ធផល​ទេ។ ដោយ​កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា អាជ្ញាធរ​ខេត្ត​បាន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ការពារ​ឲ្យ​កម្មករ​ក្រុមហ៊ុន​ដក​បង្គោល​របង និង​ឈូស​ឆាយ​ដី​ទំនាស់​នេះ​តែម្ដង។
ដោយ​អស់​សង្ឃឹម​ចំពោះ​អាជ្ញាធរ​ខេត្ត អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​កំពុង​រៀបចំ​ពាក្យ​បណ្ដឹង​ទៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ដើម្បី​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ជួយ​ពួក​គាត់​វិញ​ម្ដង។
មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ភាពីម៉ិច កំពុង​រំលោភ​លើ​សេចក្ដី​ជូន​ដំណឹង​របស់​រាជរដ្ឋាភិបាល លេខ ២៨៩ ចុះ​ថ្ងៃ​ទី​១៤ មីនា ឆ្នាំ​២០១១ ត្រង់​ចំណុច​ដែល​បាន​ចែង​ថា ចំពោះ​ដី​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រើប្រាស់​បង្កបង្កើន​ផល និង​អាស្រ័យ​ផល​ត្រូវ​ដក​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ហើយ​រក្សា​ទុក​ឲ្យ​ប្រជាពលរដ្ឋ។ លោក​ថា អាជ្ញាធរ​ខេត្ត​ក៏​កំពុង​រួម​ចំណែក​រំលោភ​លើ​សេចក្ដី​ជូន​ដំណឹង​របស់​រាជរដ្ឋាភិបាល​នេះ​ដែរ៕

No comments:

Post a Comment

yes