ម៉ម សូណង់ដូ ពេលនាំខ្លួនមកកាន់តុលាការអយុត្តិធម៌ក្រុងភ្នំពេញ
ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ សាទរនឹងសាលាដំបូងរាជធានីភ្នំពេញ ដែលកោះហៅលោក ឲ្យចូលសវនាការ នៅដើមខែកញ្ញា ឆ្នាំ២០១២នេះ ជុំវិញបទចោទថា ជាអ្នករៀបគម្រោងប្រឆាំងរដ្ឋាភិបាលនោះ។
ថ្លែងប្រាប់អ្នកយកព័ត៌ និងក្រុមគ្រួសាររបស់លោក នៅពេលសួរសុខទុក្ខ ដល់ពន្ធនាគារព្រៃស នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហានេះ លោកម៉ម សូណង់ដូ មានប្រសាសន៍ថា ការឆាប់បើកសវនាការ គឺជាឱកាសឲ្យលោកបានបង្ហាញការពិតដល់សាធារណៈជននូវអ្វីដែលលោកមិនបានធ្វើដូចការចោទប្រកាន់។
ភរិយាលោកម៉ម សូណង់ដូ លោកស្រី ឌិន ផានណារ៉ា បានឲ្យដឹងដែរថា លោកម៉ម សូណង់ដូ ក៏ចង់ឃើញសវនាការនេះ មានការចូលរួមស្តាប់ពីអង្គការសិទ្ធិមនុស្សនិងស្ថាប័នឯករាជ្យនានាផងដែរ ៖ “គាត់ផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋហើយអ្នកកាសែត អ្នកវិទ្យុទាំងអស់ សូមឲ្យចូលរួមឲ្យបានកុះករ”។
នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាលោកមេធាវី សុក សំអឿន ដែលការពារក្តីលោក ម៉ម សូណង់ដូ ធ្លាប់បង្ហាញការភ្ញាក់ផ្អើល នៃការកោះហៅកូនក្តីរបស់លោកឡើងសវនាការនេះដែរ ប៉ុន្តែលោកហាក់មិនហ៊ានសន្និដ្ឋានពីលទ្ធផលនៃសវនាការទេ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា បើទោះបីសវនាការនេះ ធ្វើឡើងលឿនបន្តិចក៏ដោយ តែលោកមិនមានជំនឿថា លោក ម៉ម សូណង់ដូ នឹងត្រូវបានរស់នៅក្រៅឃុំទេ ព្រោះត្រូវឡើងដល់សាលាឧទ្ធរណ៍ទៀត ៖ “ពីមុនៗមក ករណីដែលមានអញ្ចឹង គឺខាងសាលាដំបូងកាត់ទៅ ហើយក៏សម្រេចទៅ ហើយក៏បញ្ជូនករណីហ្នឹងទៅសាលាឧទ្ធរណ៍”។
ប្រធានសមាគមអ្នកប្រជាធិបតេយ្យរូបនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ជិតពីរខែហើយ ក្រោមបទចោទថា ជាអ្នកនៅពីក្រោយគម្រោងចាប់យកដីនៅខេត្តក្រចេះ ដែលរដ្ឋាភិបាលចោទថា បង្កើតតំបន់អបគមន៍៕
No comments:
Post a Comment
yes