សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 16, 2012

បញ្ហា​ដី​ធ្លី​នឹង​នៅ​តែ​ជា​របៀប​វារៈ​ក្តៅ​

120816_05a
ប្រជា​ពល​រដ្ឋ​នៅ​ឃុំ​ពីរ​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​មាន​ជម្លោះ​ដី​ធ្លី​ 
ធ្វើ​ការ​តវ៉ា​បិទ​ផ្លូវ​ជាតិ​ កាល​ពី​ខែ​មករា​ដើម​ឆ្នាំ​នេះ​។ រូបថត ហេង ជីវ័ន​

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នឹង​ចុះ​ទៅ​ប្រគល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ ជូន​ដល់​ពលរដ្ឋ​ នៅ​គ្រប់​ខេត្ត​ទាំង​អស់​ដោយ​ផ្ទាល់​ដៃ ដោយ​ចាប់​ផ្តើម​ពី​ស្រុក​ស្នួល​ខេត្ត​ក្រចេះ បន្ទាប់​ពី​ក្រុម​និស្សិត​ស្ម័គ្រចិត្ត បាន​បញ្ចប់​ការ​វាស់​វែង​ដី​ធ្លី​របស់​ពួក​គេ។
គណបក្ស​ប្រឆាំង បាន​កត់​សម្គាល់​ថា ក្រុម​និស្សិត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី គ្រាន់​តែ​ចុះ​ទៅ​វាស់​វែង​ដី​របស់​ពល​រដ្ឋ​ ចែក​ជូន​ពល​រដ្ឋ​វិញ​តែ​ប៉ុណ្ណោះ​ចំណែក​តំបន់​ដែល​កើត​មាន​ជម្លោះ​ដី​ធ្លី​ រ៉ាំរ៉ៃ​ពិត​ប្រាកដ មិន​បាន​ចុះ​ទៅ​វាស់​វែង​ទេ ខណៈ​ដែល​អង្គការ​សង្គម​ស៊ីវិល មើល​ឃើញ​ថា សកម្មភាព​របស់​រដ្ឋាភិបាល គ្រាន់​តែ​ជា​ការ​ទាក់​ទាញ​រក​សំឡេង​ឆ្នោត នៅ​មុន​ការ​បោះឆ្នោត​ចូល​មក​ដល់ ជា​ជាង​ការ​មាន​ចេតនា​ពិត​ប្រាកដ ក្នុង​ការ​ដោះ​ស្រាយ ឈាន​ទៅ​បញ្ចប់​បញ្ហា​ជម្លោះ​ដី​ធ្លី ដែល​កំពុង​តែ​ញាំ​ញី​ប្រទេស​កម្ពុជា ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ជាច្រើន​ទទួល​រង​គ្រោះ​នោះ។

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ ដល់​និស្សិត សាកល​វិទ្យាល័យ​បៀលប្រាយ ចំនួន ៥៥៥៩ នាក់ លោក​នាយក​រដ្ឋ​មន្ត្រី មាន​ប្រសាសន៍​ថា​ បេសកកម្ម​វាស់​វែង​ដី​ធ្លី​របស់​យុវជន​ស្ម័គ្រ​ចិត្ត រហូត​មក​ដល់​ពេល​នេះ​ វាស់​វែង​បាន​ជាង ១០​ ម៉ឺន​គ្រួសារ ហើយ​ក្រុម​មន្ត្រី​ ធ្វើ​ការ​ផ្ទៀងផ្ទាត់​តាម​ក្រោយ​បាន ៨៤០០០ គ្រួសារ​។ នៅ​ពេល​វាស់​វែង​ចប់​ មន្រ្តី​ជំនាញ​ នឹង​បិទ​សេចក្តី​ប្រកាស ពី​បញ្ជី​ឈ្មោះ​កម្មសិទ្ធិ​កាន់​កាប់​ដី​ធ្លី​ជូន​ប្រជា​ពលរដ្ឋ។ លោក​បន្ត​ថា​ ៖​«សូម​ឲ្យ​ពល​រដ្ឋ​ទាំង​អស់​ នាំ​គ្នា​ទៅ​ពិនិត្យ​មើល​ សេចក្តី​ប្រកាស និង​ព្រំ​ដី​របស់​ខ្លួន យើង​ទុក​ក្នុង​រយៈ​ពេល ១ ខែ ប្រសិន​បើ​មាន​អ្វី​តវ៉ា ត្រូវ​តវ៉ា​នៅ​អំឡុង​ ពេល​នេះ គឺ​គេ​នឹង​ដោះ​ស្រាយ​ជូន​»។
លោក​ហ៊ុន សែន បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​បិទ​សេចក្តី​ប្រកាស​ហើយ​នោះ​ ទើប​អាជ្ញាធរ ប្រគល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ ជូន​ពលរដ្ឋ​។ លោក បន្ថែម​ទៀត​ថា៖ «​ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ចុះ​ទៅ​ចែក​ឲ្យ​​តំបន់​ណា​ ដែល​ធ្វើ​ហើយ​មុន​គេ​ ដោយ​មួយ​ខេត្ត​ ខ្ញុំ​ទៅ​មួយ​កន្លែង ដើម្បី​ប្រគល់​ជូន​ផ្ទាល់​ដៃ​ ឲ្យ​​ពលរដ្ឋ។ ខ្ញុំ​នឹង​ទៅ​ស្រុក​ស្នួល​មុន​ ពី​ព្រោះ​ជា​តំបន់​ខ្ញុំ​ធ្លាប់​រត់ ហើយ​កន្លែង ២​ ធ្នូ​ជា​កន្លែង​ទ័ព​យើង​បង្កើត​រណសិរ្ស​»។
លោក​យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សម រង្ស៊ី បាន​ស្វាគមន៍ ចំពោះ​ការ​ខឹតខំ​ប្រឹងប្រែង ​របស់​រដ្ឋាភិបាល ក្នុង​ការ​ចុះ​ទៅ​វាស់​វែង ផ្តល់​ប័ណ្ណកម្ម​សិទ្ធិ​ដី​ធ្លី ជូន​ដល់​ប្រជា​ពលរដ្ឋ​។ ប៉ុន្តែ​លោក​បាន​កត់​សម្គាល់​ថា ក្រុម​និស្សិត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី គ្រាន់​តែ​ចុះ​ទៅ​វាស់​វែង​ដី​របស់​ប្រជា​ពលរដ្ឋ​ ចែក​ជូន​ប្រជា​ពលរដ្ឋ​វិញ​តែ​ប៉ុណ្ណោះ ចំណែក​តំបន់​ដែល​មាន​ជម្លោះ​ដី​ធ្លី​រ៉ាំរ៉ៃ​ពិត​ប្រាកដ ដូច​ជា​នៅ​ភ្នំពេញ ខេត្ត​កំពង់​ឆ្នាំង ពោធិ៍សាត់ កំពង់ស្ពឺ និង​នៅ​ខេត្ត​កោះកុង​ជា​ដើម​។ល។ មិន​ទាន់​ឃើញ​ចុះ​ទៅ​វាស់​ទេ​ ធ្វើ​ឲ្យ​ជម្លោះ​នៅ​តែ​បន្ត​កើត​មាន​។ លោក​យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា​៖ «មាន​រយៈ​ពេល​ ២០ ឆ្នាំ​ហើយ រដ្ឋាភិបាល មិន​ទាន់​បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ គ្រប់​ៗ​គ្នា​ទេ។ ប្រសិន​បើ​គណបក្ស​សម រង្ស៊ី ជាប់​ឆ្នោត យើង​នឹង​ចំណាយ​ពេល​យ៉ាង​យូរ ត្រឹម​តែ​មួយ​ឆ្នាំ​​ប៉ុណ្ណោះ ក្នុង​ការ​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ ជូន​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ដោយ​ប្រើ​ស្ថាប័ន ​ក្រសួង មន្ទីរ​ របស់​រដ្ឋ​ដែល​មាន​ស្រាប់​»។ លោក​យឹម សុវណ្ណ អរគុណ​ ការ​ផ្តល់​ការងារ​ឲ្យ​ក្រុម​និស្សិត​ធ្វើ តាម​រយៈ​ការ​ចុះ​វាស់​វែង​ដី​ធ្លី បើ​ទោះ​បី​ជា​ក្នុង​រយៈ​ពេល​ខ្លី​ក្តី​ ប៉ុន្តែ​លោក​ថា នៅ​មាន​និស្សិត និង​ប្រជាពល​រដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ទៀត ​មិន​មាន​ការ​ងារ​ធ្វើ​ទេ​ ដែល​រដ្ឋាភិបាល គួរ​តែ​យក​ចិត្ត​ទុក​ដាក់។
លោក​អ៊ូ វីរៈ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ក៏​បាន​គាំទ្រ​ ចំពោះ​សកម្មភាព​របស់​រដ្ឋាភិបាល​លើ​ការ​ចុះ​វាស់​វែង​ដី​ធ្លី​នេះ​ផង​ដែរ ​។ ប៉ុន្តែ​ លោក​បាន​សម្តែង​ការ​ព្រួយ​បារម្មណ៍​ ចំពោះ​យន្ត​ការ​នៃ​ការ​អនុវត្ត វាស់​វែង​ដី​ធ្លី​ របស់​ក្រុម​និស្សិត​ ដែល​មិន​បាន​ឆ្លើយ​តប​ ចំ​គោល​ដៅ។ លោក​បាន​ថ្លែង​ថា​៖​«​ការ​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី ជូន​ប្រជា​ពលរដ្ឋ ដើម្បី​ឲ្យ​មាន​ទំនុក​ចិត្ត ក្នុង​ការ​រស់​នៅ និង​ធ្វើ​កសិកម្ម​ គឺជា​រឿង​ល្អ​ត្រឹម​ត្រូវ។ ប៉ុន្តែ​ខ្ញុំ​បារម្ភ​ខ្លាច​យន្ត​ការ​នេះ មិន​​ត្រូវ​បាន​គេ​យក​ទៅ​អនុវត្ត​ ឲ្យ​មាន​ប្រសិទ្ធភាព​ ក្នុង​ការ​លប់​បំបាត់​ជម្លោះ​ដី​ធ្លី​នៅ​កម្ពុជា​»។ លោក​​អ៊ូ វីរៈ បាន​បន្ត​ថា កន្លង​មក បញ្ហា​ជម្លោះ​ដីធ្លី​ គឺ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​មួយ​ ដែល​គ្រប់​គណបក្ស​នយោបាយ ពិសេស បក្ស​ប្រឆាំង លើក​មក​អធិប្បាយ​ ដើម្បី​ទាក់ទាញ​សំឡេង​គាំទ្រ​ ពី​ប្រជា​ពលរដ្ឋ​ ដូច្នេះ​វា​ប្រាកដ​ណាស់​ថា​ ប្រជា​ពលរដ្ឋ នឹង​ផ្ដល់​ទំនុក​ចិត្ត គាំទ្រ​រដ្ឋាភិបាល​បន្ថែម​ទៀត ប្រសិន​បើ​យន្ត​ការ​រៀបចំ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នេះ ត្រូវ​បាន​គេ​អនុវត្ត​ត្រឹម​ត្រូវ​ ដោយ​គ្មាន​អំពើ​ពុករលួយ​នោះ​។
លោក​អំ សំអាត ទីប្រឹក្សា​បច្ចេកទេស ជាន់​ខ្ពស់​ នៃ​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ បាន​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ដែរ​ថា រដ្ឋាភិបាល​អាច​នឹង​ទទួល​បាន​សំឡេង​គាំទ្រ ពី​ប្រជា​ពលរដ្ឋ​កាន់​តែ​ច្រើន​ នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​ ២០១៣ ខាង​មុខ​ ប្រសិន​បើ​ជម្លោះ​ដី​ធ្លី​ត្រូវ​បាន​ដោះ​ស្រាយ​ចប់​ជា​ស្ថាពរ​ តាម​រយៈ​ការ​វាស់​វែង​បែង​ចែក​ដី​ធ្លី និង​ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជា​ពលរដ្ឋ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​តម្លាភាព និង​គ្មាន​អំពើ​ពុករលួយ។ ​លោក​បាន​ថ្លែង​ថា​៖«ការ​បញ្ជូន​ក្រុម​និស្សិត​ ទៅ​វាស់​វែង​ដីធ្លី​ ហើ​យ​ការ​គ្រោង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ក្នុង​ការ​ទៅ​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ជូន​ប្រជា​ពល​រដ្ឋ​ដោយ​ផ្ទាល់ ​ដៃ​នោះ​គឺ​ជា​យុទ្ធសាស្ត្រ​ ក្នុង​ការ​ស្វែងរក​សំឡេង​ឆ្នោត​គាំទ្រ សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣»៕

No comments:

Post a Comment

yes