សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 28, 2012

ការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត បើគ្មានការកែប្រែនិតិវិធីនោះទេ ការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៣ មិនមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ


នៅមិនដល់មួយសប្តាហ៏ទៀតនោះទេ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ជ្រើសរើស តំណាងរាស្រ្តអាណត្តិទី៥ និងចូលមកដល់ ជាមួយគ្នានោះគណបក្ស​ សម រង្ស៊ី និងគណបក្ស​ សិទ្ធិ​​មនុស្ស ក៏បានប្រកាសជំហ៊ររបស់ខ្លួនថា គណបក្សទាំងពីរនិងមិនដាក់អ្នកសង្កេតការណ៏​ដើម្បីពិនិត្យមើលបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ​ទី០១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ នោះឡើយ ។

សូមជំរាបជូនផងដែរថា មូលហេតុដែលគណបក្ស​ សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស មិនដាក់ តំណាងរបស់គណបក្សទាំងពីរទៅចូលរួមសង្កេតការណ៏ ក៏ព្រោះដោយសារតែគណបក្ស​ទាំងពីរ យល់ឃើញថា នីតិវិធីនៃការចុះឈ្មោះ និងលុបឈ្មោះអ្នកបោះឆ្នោតនៅដដែល មិនមានការផ្លាស់​ប្តូរគឺពោរពេញទៅដោយការសាំញ៉ាំ ដែលបង្ករការលំបាកដល់ប្រជាពលរដ្ឋ ។


ជាមួយគ្នានោះលោក គួយ ប៊ុនរឿន តំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី និងជាអ្នកទទួល​បន្ទុកកិច្ចការបោះឆ្នោតរបស់គណបក្ស​ សម រង្ស៊ី បានប្រាប់ឲ្យដឹងថា​ ក្នុងរយៈពេលកន្លងមកនេះ ការបោះឆ្នោតដែលរៀបចំឡើងដោយអាជ្ញាធររៀបចំការបោះឆ្នោត ដែលហៅថា គណៈកម្មាធិ​ការ​​ជាតិរៀបចំការបោះឆ្នោត គឺជាការរៀបចំមួយដែលមិនទាន់ធានាឲ្យមានលក្ខណៈត្រឹមត្រូវ សេរី និងយុត្តិធម៌ ហើយស្របទៅតាមបទដ្ឋាននៃអន្តរជាតិនោះទេ ។ លោក គួយ ប៊ុនរឿន បាន​មានប្រសាសន៏បញ្ជាក់ទៀតផងដែរថា មួយវិញទៀតបញ្ជីរបស់អ្នកបោះឆ្នោត ដែលបញ្ជីអ្នក​បោះ​ឆ្នោតគឺមិនមានការចុះឈ្មោះ​សារឡើងវិញនោះទេ គឺគេបានយកបញ្ជីបោះឆ្នោតចាស់ ហើយយក​មកចុះឈ្មោះអ្នកដែលគ្រប់​អាយុ និងអ្នកដែលខកខាន មកចុះឈ្មោះបន្ថែមតែម្តង ។

លោក គួយ ប៊ុនរឿនបានបន្តទៀតថា បញ្ជីបោះឆ្នោតបច្ចុប្បន្ននេះជាបញ្ជីបោះឆ្នោតមួយដែលមិន មានតម្លាភាព និងជាបញ្ជីបោះឆ្នោតមួយដែលមិនមានគុនភាព ហើយបញ្ជីបោះឆ្នោតនេះទៀត​សោតក៏មិនមានសុវត្ថភាពផងដែរ ។ លោក គួយ ប៊ុនរឿន បានបន្តថា តម្លាភាពដោយយើងមើល​ឃើញថា នីតិវិធីនៃការចុះឈ្មោះនេះ គឺបង្កើតឲ្យមានភាពស្មុកស្មាញ ធ្វើឲ្យបង្កការលំបាកដល់​ប្រ​ជាពលរដ្ឋ ជាពិសេសគឺឯកសារសម្រាប់អ្នកបោះឆ្នោត ដើម្បីឲ្យបានទទួលសិទ្ធិក្នុងការចុះ​ឈ្មោះ​បោះឆ្នោត ជាពិសេសគឺអត្តសញ្ញាណប័ណ្ណដែលធ្វើជាមូលដ្ឋានគោលមួយ​ ក្នុងការចូលរួម​ការចុះ​ឈ្មោះបោះឆ្នោត និងយកទៅប្រើប្រាស់សម្រាប់ការបោះឆ្នោត ។

លោក គួយ ប៊ុនរឿន បានមានប្រសាសន៏បញ្ជាក់បន្ថែមបន្តទៀតថា មួយវិញទៀតពេលវេលានៃ ការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនេះគឺមានរយៈពេលខ្លីដែលធ្វើឲ្យប្រជាពលរដ្ឋមាន​ការពិ​បាក ហើយទន្ទឹមនឹងនេះផងដែរ ក៏ចំរដូវវស្សាថែមទៀត ដែលជារដូវប្រជាពលរដ្ឋខ្មែរ​ធ្វើ​ស្រែចំការ ដែលធ្វើឲ្យប៉ះពាល់ដល់ការងាររបស់ពួកគាត់ ដែលធ្វើឲ្យពួកគាត់មិនមានពេលវេលា​គ្រប់គ្រាន់ក្នុងការទៅពិនិត្យមើលបញ្ជីឈ្មោះ និងចុះឈ្មោះបន្ថែមទៀតផងដែរសម្រាប់អ្នកមិន​ទាន់មានឈ្មោះបោះឆ្នោតនោះ ។ លោក គូយ ប៊ុនរឿន បានបន្តទៀតថា ម្យ៉ាងក្នុងការផ្តល់​ឯក​សារ​ផ្សេងៗ គឺបង្កការលំបាកដោយអាជ្ញាធរមូលដ្ឋាន ​ដល់​ប្រជាពល​រដ្ឋ ដោយសារតែអាជ្ញាធរ​មូល​ដ្ឋានទាំងអស់នោះគឺទទួលបានការផ្ទេរអំណាចពីសមត្ថកិច្ច គ..ប ទៅឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអ្នកមានសមត្ថកិច្ចក្នុងការរៀបចំពិនិត្យបញ្ជី​ឈ្មោះ និងការចុះឈ្មោះបោះ​ឆ្នោត​នេះផងដែរ ។ លោក គួយ ប៊ុនរឿន ថាទាំងអស់នេះហើយ ដែលមិនបង្ហាញអំពីតម្លាភាព ហើយ​នៅចុងបញ្ចប់គឺចំណុចខ្លះយើងឃើញថាអាចធ្វើឲ្យ ប្រជាពលរដ្ឋនៅថ្ងៃបោះឆ្នោត​គឺមិនអាចរក​ឈ្មោះឃើញ និងទទួលបានសិទ្ធិបោះឆ្នោតថែមទៀតផងដែរ ។

អគ្គលេខាធិការងទទួលបន្ទុកកិច្ចការបោះឆ្នោតលោក គួយ ប៊ុនរឿន បានមានប្រសាសន៏ឲ្យដឹង បន្តទៀតផងដែរថា នាពេលកន្លងមកនៅក្នុងបញ្ជីបោះឆ្នោត ប្រជាពលរដ្ឋជាច្រើនត្រូវបានលុប ឈ្មោះ ហើយការលុបនោះគឺខុសទៅនិងច្បាប់ បានន័យថា អ្នកដែលមិនមានសិទ្ធិដែលត្រូវលុប បែជាត្រូវលុប ហើយប្រជាពលរដ្ឋមួយចំនួនដែលត្រូវលប់គឺគេមិនលប់ទៅវិញ ។ ត្រង់ចំណុចនេះ ហើយ គឺគេមិនបានអនុវត្តឲ្យបានត្រឹមត្រូវដែលធ្វើឲ្យបញ្ជីនេះនៅតែមានបញ្ហា ។ អគ្គលេខាធិការ រងគណបក្ស សម រង្ស៊ី បានបន្តទៀតថាចំណែកឯគុណភាព គឺបញ្ជីបោះឆ្នោតនេះនៅតែមាន​ឈ្មោះស្ទួនគឺភាគច្រើន ។ ដែលករណីនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហាក់បីដូច​ជា​មិនទទួលខុសត្រូវចំពោះឈ្មោះស្ទួន ឈ្មោះខ្មោច ឈ្មោះអ្នកដែលមិនមានសិទ្ធិនោះឡើយ ។ មួយវិញទៀត​ឈ្មោះ​ជនបរ​ទេស​ក៏មានច្រើនថែមទៀតនៅក្នុងបញ្ជីបោះឆ្នោតនោះផងដែរ ។ ទាំង​អស់នេះហើយ បង្ហាញឲ្យ​ឃើញ​ថា បញ្ជីឈ្មោះបោះឆ្នោតគឺមិនបានបង្កើតឲ្យមានសុវត្ថភាពនោះ​ឡើយ ហើយមួយទៀត​នៅថ្ងៃបោះឆ្នោតគឺបញ្ជីឈ្មោះអ្នកបោះឆ្នោត បានធ្វើឲ្យប្រជាពលរដ្ឋ​រាប់​ម៉ឺននាក់ រកឈ្មោះមិនឃើញ ដែលជាហេតុធ្វើឲ្យពួកគាត់​មិនមានសិទ្ធិបោះឆ្នោតជ្រើសរើស​តំណាងដែលខ្លួនពេញចិត្តនោះឡើយ ។
អគ្គលេខាធិការងទទួលបន្ទុកកិច្ចការបោះឆ្នោតរបស់គណបក្ស សម រង្ស៊ី លោក គួយ ប៊ុនរឿន បានមានប្រសាសន៏បន្តទៀតផងដែរថា ប្រទេសកម្ពុជា គឺធ្លាប់បានទទួលការផ្តល់ជាយោបល់ ពីសំណាក់អ្នកជំនាញការ ខាង​ចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះឲ្យបានត្រឹមត្រូវ របស់ UNDP  ផងដែរ ។ ប៉ុន្តែនាពេលកន្លងមកនេះ អនុសាសន៏ និងលទ្ធផលនៃការសិក្សាស្រាវជ្រាវ របស់អ្នកជំនាញការរបស់ UNDP ដែលបានផ្តល់មកកម្ពុជានោះ គឺមិន​ត្រូវបានគណៈកម្មា​ធិការ​ជាតិ​រៀបចំការបោះឆ្នោត ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋាភិបាល ​យកចិត្តទុកដាក់អនុវត្តតាម​នោះ​ឡើយ ។ លោក គួយ ប៊ុនរឿន បានបន្តថា ប្រសិនបើគណៈកម្មា​ធិការ​ជាតិ​រៀបចំការបោះឆ្នោត ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋាភិបាល អនុវត្តតាមអ្នកស្រាវជ្រាវរបស់ UNDP ដែលជំនាញខាងការ​ចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះនោះ និងធ្វើឲ្យ បញ្ជីឈ្មោះមួយនេះ​ធានាថា​ មានតម្លា​ភាព គុណភាព និងធានាអំពីឈ្មោះរបស់ប្រជាពលរដ្ឋ​ជូនពួកគាត់ដល់ថ្ងៃបោះឆ្នោតផងដែរ ។ ដូចនេះប្រជាពលរដ្ឋលោកមានទំនុកចិត្ត និងមិនមានការបារម្ភក្នុងការបាត់ឈ្មោះ ក៏ដូចជាការ​ចុះឈ្មោះមិនបង្កការលំបាកដល់ពួកគាត់ ហើយនិងធ្វើឲ្យពួកគាត់មានការសប្បាយចិត្តថានៅថ្ងៃ​បោះឆ្នោតនោះឈ្មោះរបស់ពួកគាត់និងមានគ្រប់ៗគ្នា ។

ដូចនេះប្រសិនបើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនមានការកែប្រែនីតិវិធីនេះទេ និង ធ្វើឲ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ ដែលរៀបចំឡើងដោយគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ មិនអាចជួយឲ្យការបោះឆ្នោតសកឆ្នាំ២០១៣ ប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ នឹងយុត្តិធម៌ បានឡើយ ។ ហើយគណបក្ស សម រង្ស៊ី គឺទាមទារយ៉ាងទទូច ឲ្យមានការកែប្រែនីតិវិធីដ៏ស្មុកស្មាញ នៃការចុះឈ្មោះបោះឆ្នោតនេះ ហើយនិងផ្លាស់ប្តូរពេលវេ​លានៃការចុះឈ្មោះ ព្រមទាំងផ្តល់ពេលវេលាគ្រប់គ្រាន់ក្នុងការចុះឈ្មោះបោះឆ្នោត ដើម្បីឲ្យប្រ​ជាពលរដ្ឋខ្មែរទាំងអស់គ្នាមានសិទ្ធបោះឆ្នោត មានឈ្មោះនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត និង បានទៅបោះឆ្នោតដោយគ្មានឧបសគ្គ និងការរំខាន ៕

No comments:

Post a Comment

yes