សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 6, 2012

គ្មាន​លុយ​ជួយ​សង្គ្រោះ​ជីវិត​កុមារ​ទេ​ តែ​លុយ​បក្ស​ចាយ​ហូរ​ហៀរ

120806_02
រថ​យន្តទំនើប​ចត​​នៅ​​ខាង​​ក្រៅ​​ទី​ស្នាក់​ការ​​​គណ​បក្ស​​ប្រជា​ជន​​កាល​​ពី​ថ្ងៃ​​សៅរ៍

«បើ​គ្មាន​មន្ទីរពេទ្យ​កុមារ​ទេ ​កុមារ​តូចៗ​រាប់​ពាន់​នាក់​បាន​ស្លាប់​បាត់​ទៅ​ហើយ​នៅ​ក្នុង​ខែ កក្កដា​កន្លង​ទៅ​នេះ»។ នេះ​គឺជា​ការ​ដង្ហោយ​ហៅ​សុំ​រក​ជំនួយ​ ពី​លោក​វេជ្ជបណ្ឌិត​ប៊ីត​ រីចន័រ​ ស្ថាប​និក​ និង​ជា​ប្រធាន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​ ២០១២​ ឲ្យ​ជួយ​សង្គ្រោះ​ជីវិត​កុមារ​ខ្មែរ​ផង​។​
កុមារ​អើយ ​កុមារ!​ ហេតុ​តែ​ឯង​មិន​ចេះ​និយាយ​តវ៉ា​នឹង​គេ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​មនុស្ស​គ្មាន​ប្រយោជន៍​​ សម្រាប់​គេ​ក្នុង​ការ​ផ្តល់​សំឡេង​ឆ្នោត​ ឲ្យ​គណបក្ស​នយោបាយ​នានា​ និង​ឧកញ៉ាៗ​​ បាន​ជា​គេ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​ពួក​ឯង​ប៉ុន្មាន​នោះ។​ ​ចង់​ឯង​រស់​ក៏​រស់​ទៅ ​ចង់​ឯង​ស្លាប់​ក៏​ស្លាប់​ទៅ ​គេ​មិន​ខ្វល់​ពី​ឯង​នោះ​ទេ​ បើ​ទោះ​បី​ជា​គេ​មាន​លុយ​សម្រាប់​បក្ស​នយោបាយ​របស់​គេ​ដល់​ទៅ ១០០​ឆ្នាំ​ទៀត​ចាយ​មិន​អស់​ក៏​ដោយ។​ ឯ​ចំពោះ​ឧកញ៉ាៗ​ សេដ្ឋីៗ​មួយ​ចំនួន​ធំ​ សល់​លុយ​ចាយ​មិន​អស់​ នំា​គ្នា​ទៅ​ចាញ់​ល្បែង​ស៊ី​សង​នៅ​កាស៊ីណូ​អស់​រាប់​លាន​ដុល្លារ​ ឯ​ខ្លះ​ទៀត​យក​លុយ​ទៅ​ចិញ្ចឹម​ស្រី​ក្មេង​ តារាៗ​ ទាំង​ស្រី ទាំង​ប្រុស​មួយ​ចំនួនធំ​ ទិញ​តាំង​ពី​វិឡា ឡាន​ និង​សម្ភារ​ទំនើបៗ​ឲ្យ​ ក៏​មាន​ដើម្បី​បំប៉ន​តណ្ហា​របស់​ខ្លួន​ម្នាក់​ឯង​រៀង​ខ្លួន​នោះ ​ដោយ​មិន​ស្រណោះ​លុយ​អ្វី​បន្តិច​សោះ​។ ​តែ​គ្មាន​លុយ​ទេ​ សម្រាប់​សង្គ្រោះ​ជីវិត​កុមារ​ខ្មែរ​នោះ​?​ ហេតុ​អ្វី​បាន​ជា​អ្នក​នយោបាយ​ និង​ឧកញ៉ាៗ​ភាគ​ច្រើន​​តែង​តែ​ភ្លេច​ខ្លួន​ កាល​ពី​នៅ​កុមារ​ក្រីក្រ​តោក​យ៉ាក​ ខ្លះ​ហូប​តែ​បាយ​វត្ត​ ខ្លះ​ហូប​តែ​ត្រីឆ្អើរ ​ខោ​អាវ​មួយ​ចង្កេះ​មក​រស់​នៅ​ភ្នំពេញ​ក៏​មាន​ដែរ​នោះ​?​ តើ​ពេល​ណា​ទើប​អ្នក​នយោបាយ ឧកញ៉ាៗ​ទាំង​ឡាយ​នៅ​ស្រុក​ខ្មែរ​យក​ចិត្ត​ទុក​ដាក់​សង្គ្រោះ​ជីវិត​កុមារ​ ខ្មែរ​?​ ឬ​មួយ​ក៏​ចាំ​ស្តាប់​សូរ​ភ្លើង​​ខៀវ​​​ចេញ​ពី​ឆន្ទៈ​នយោបាយ​របស់​លោក​នាយ​ ក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ សិន ​សឹម​នាំ​គ្នា​ទៅ​ជួយ​ផ្តល់​មូលនិធិ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា?

ជាក់​ស្តែង​ នៅ​ពេល​ណា​បក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​នេះ មាន​ការ​ប្រជុំ ​ឬ​ក៏​មាន​ពិធី​ជប់​លៀង​ម្តងៗ​ ចាំ​មើល​រថយន្ត​ដែល​ចត​នៅ​ខាង​ក្រៅ​ សុទ្ធ​តែ​ទំនើប​ៗ​ ដូចជា ឡង់គ្រីស័រ ឡិចស៊ីស ប្រាដូ មែរសឺដេស​ ជាដើម... ហើយ​ពេល​ក្បួន​រថយន្ត​ចេញ​មក​វិញ​ គឺ​ស្ទះ​ផ្លូវ​អស់​ហើយ​។​ ដូច​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលម្ង៉ៃ មាន​ការ​ប្រជុំ​នៅ​ស្នាក់​ការ​ធំ​ របស់​គណបក្ស​ប្រជាជន គ្រាន់​តែ​រថយន្ត​ទំនើប​ទាំង​នោះ​ចត​តម្រៀប​គ្នា ​នៅ​លើ​មហា​វិថី​នរោត្តម តាំង​ពី​ភ្លើង​ស្តុប​មុខ​ក្រសួង​កសិកម្ម​ រហូត​មក​ទល់​ខាង​ត្បូង​ក្រសួង​មហាផ្ទៃ​។​ មើល​ទៅ ​នរណា​ថា ស្រុក​ខ្មែរ​ក្រីក្រ​នោះ​?​ ហើយ​សម្រាប់​កម្មវិធី​ជប់​លៀង​វិញ​ គឺ​ហូប​ចុក​បរិបូរណ៍​ចាក់​ច្រាស​ ខ្ចះខ្ចាយ​ក៏​មា​ន​ដែរ​។​
រីឯ​អ្នក​ធំៗ​ ឧកញ៉ាៗ​ខ្លះ​ មាន​លុយ​ច្រើន​ពេក​ទៅ​ រហូត​ដល់​លែង​ហ៊ាន​ទុក​លុយ​នៅ​ធនាគា​ទាំង​ក្នុង​ស្រុក​ ទាំង​ក្រៅ​ស្រុក​ ព្រោះ​ខ្លាច​គេ​តាម​ដាន​លុយ​បាន​មក​ពី​ណា​អី​ក៏​ច្រើន​ម្ល៉េះ? សុខ​ចិត្ត​យក​លុយ​ដុល្លារ ច្រក​បាវ​ដាក់​ក្នុង​ផ្ទះ​វិញ​ប្រសើរ​ជាង​។​ ពេល​ខ្លះ​ឡើង​អាមេរិកាំង​ចង់​ឆ្ងល់​ណាស់​ថា​ ហេតុ​អ្វី​បាន​ជា​ពួក​គេ​ខំ​ផលិត​លុយ​ដុល្លារ​ច្រើន​ណាស់​ដែរ​ តែ​មិន​ដឹង​ជា​ទៅ​ណា​អស់​មួយ​ចំនួន​ធំ​រក​មិន​ឃើញ​។​
បច្ចុប្បន្ន​នេះ ​ឃើញ​ថា​ មន្រ្តី​រដ្ឋាភិបាល​ជា​ច្រើន បាន​គិត​គូរ​ទៅ​លើ​អ្វី​ដែល​ជា​ផល​ប្រយោជន៍​របស់​បក្ស​ជា​ធំ ​គឺ​យក​ម៉ោង​រដ្ឋ​ប្រជុំ​ ឬ​ក៏​ចុះ​មូល​ដ្ឋាន​ គឺ​មិន​ទៅ​ជួប​កុមារ​ទេ​ ទៅ​ជួប​តែ​មនុស្ស​ពេញ​វ័យ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​បាន​ ជា​ពិសេស​ចាស់​ៗ​នោះ ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ឲ្យ​ពួក​គេ​គាំទ្រ​បក្ស​របស់​ខ្លួន​។​ ឯ​បក្ស​ស្រប​តាម​គេ ​តាម​ឯង​ និង​បក្ស​ប្រឆាំង​ក៏​ដូច​បក្ស​កាន់​អំណាច​ដែរ​ទេ​ គឺ​ចង់​ជួប​តែ​មនុស្ស​ចាស់​ប៉ុណ្ណោះ​ទេ​។​​
យ៉ាង​ណាមិញ​ រាជ​រដ្ឋាភិបាល ​បាន​ខិតខំ​ធ្វើ​សកម្មភាព គឺ​ផ្តោត​ទៅ​លើ​អ្វី​ដែល​គេ​មើល​ឃើញ​ ដូច​ជា​ការ​សាង​សង់​ ស្ពាន​ ថ្នល់ ​វត្តអារាម​ អគារ​មន្ទីរពេទ្យ ​និង​សាលា​រៀន​ ប្រព័ន្ធ​ធារា​សាស្រ្ត​កសិកម្ម និង​ទំនប់វា​រីអគ្គិសនី ​ជា​ដើម​។​ ​ ដើម្បី​ឲ្យ​ឃើញ​ថា​ រាជរដ្ឋាភិបាល​ ធ្វើ​​បាន​ច្រើន​ បើ​ទោះ​បី​ជា​ថវិកា​សាងសង់ បាន​មក​ពី​ជំនួយ ​ឬក៏​ជា​កម្ចី ឬ​ក៏​សប្បុរស​ជន​ ឧកញ៉ាៗ​ ក៏ដោយ។ តែ​របស់​មើល​មិន​ឃើញ​ដូចជា​ការ​ជួយ​សង្គ្រោះ​ជីវិត​កុមារ​រាប់​ម៉ឺន​នាក់​ ក្នុង​ ១ ឆ្នាំៗ នៅ​មន្ទីរ​ពេទ្យគន្ធ​បុប្ផា​ ហើយ​ចំណាយ​តែ​ ៣៧​ លាន​ដុល្លារ​ក្នុង​ ១​ ឆ្នាំៗ​នោះ​ទេ? ​ឬ​មួយ​ក៏​គិត​ថា​មន្ទីរ​ពេទ្យ​នេះ ​ជា​មន្ទីរពេទ្យ​បាន​ជំនួយ​បរទេស​ហើយ មិន​ចាំបាច់​ជួយ​ទេ​ ទុក​លុយ​ទិញ​សព្វាវុធ គ្រាប់​រំសេវ​ធ្វើ​សង្រ្គាម​ជាមួយ​បច្ចា​មិត្ត​វិញ​?
តាម​ពិត​ទៅ​ មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ​ដំណើរ​ការ​បាន ២០ ឆ្នាំ​ហើយ​ គឺ​ជំនួយ​ស្ទើរ​ទាំង​ស្រុង​ពី​បរទេស ចំណែក​ឯ​រាជរដ្ឋាភិបាល​ចូល​រួម​បដិភាគ​តែ​ ២ លាន​ដុល្លារ​ក្នុង​១ ឆ្នាំ​ទេ​។ មក​ឥឡូវ​នេះ ​មន្ទីរពេទ្យ​នេះ ​ត្រូវ​ការ​ទឹក​ប្រាក់​ប្រមាណ​ជា ៣៧ លាន​ដុល្លារ​ទៀត​ ក្នុង​១ ឆ្នាំ​ៗ ដើម្បី​បន្ត​ប្រតិបត្តិការ​សង្គ្រោះ​ជីវិត​កុមារ​ខ្មែរ​ ជា​ពិសេស​ជំងឺ​ថ្មី ​EV71។ ​ដោយ​សារ​តែ​ជិត​អស់​មូលនិធិ​ជំនួយ ​បាន​ជា​លោក​វេជ្ជបណ្ឌិត រីចន័រ​ ប្រកាស​អាសន្ន​ និង​អំពាវនាវ​រក​ជំនួយ​ធំៗ​នោះ តាំង​ពីខែ​មិថុនា​មក​ម្ល៉េះ។​ មក​ទល់​ពេល​នេះ ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ទើប​តែ​ទទួល​បាន​ទឹក​ប្រាក់ ​២,៥​ លាន ហើយ​ ដែល ១ លាន​ បាន​មក​ពី​ក្រសួង​សុខាភិបាល​ ១ លាន​ បាន​មក​ពី​កាក​បាទ​ក្រហម ៣០ ម៉ឺន​ បាន​មក​ពី​មូលនិធិ​ទូរទស្សន៍​បាយ័ន​ ក្រៅ​ពី​នោះ​ក៏​មាន​សប្បុរស​ជន​នានា​ផង​ដែរ​។​ តែ​ទឹក​ប្រាក់​ទាំង​នេះ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​។
តើ​ពេល​ណា​ទើប​គណបក្ស​នយោបាយ​នានា​ជា​ពិសេស​បក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​ ផ្តោត​លើ​គោលនយោបាយ​សង្គ្រោះ​ជីវិត​កុមារ​ខ្មែរ​?​ តើ​ឧកញ៉ាៗ​ សេដ្ឋីៗ​ អាច​កាត់​បន្ថយ​ការ​ចំណាយ​ការ​កម្សាន្ត​ណា​គ្មាន​ប្រយោជន៍​ យក​លុយ​ទាំង​នោះ​ មក​ជួយ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​បាន​ទេ​?​
កន្លង​មក​ មាន​ការ​រិះគន់​យ៉ាង​ចាស់​ដៃ ​ពី​ជន​បរទេស​ ដែល​មក​ធ្វើ​ការ​ក្តី មក​ដើរ​កម្សាន្ត​ទេសចរណ៍​នៅ​ស្រុក​ខ្មែរ​ថា ស្រុក​ខ្មែរ​ក្រ​ទេ​ តែ​មាន​រថយន្ត​ជិះ​ទំនើបៗ​ជាង​ពួក​គេ​នៅ​ប្រទេស​ជឿន​លឿន​ដែល​ជា​ម្ចាស់​ ជំនួយ​ទៅ​ទៀត​ ហើយ​សុទ្ធ​តែ​ទិញ​យក​មក​ដាច់ៗ មិន​ដូច​ពួក​គេ​ភាគ​ច្រើន​ សុទ្ធ​តែ​បង់​រំលស់​នោះ​​ ហើយ​ពួក​គេ​ធ្វើ​ដំណើរ​កម្សាន្ត​មក​ស្រុក​ខ្មែរ​ខ្លះ ​មក​តែ ១​ បង្វេចៗ​ រក​ដេក​តែ​ផ្ទះ​សំណាក់​ណា​ថោកៗ​ទៀត​។ រីឯ​ជំនួយ​ស្រុក​ខ្មែរ ភាគ​ច្រើន បាន​មក​ពី​រដ្ឋាភិបាល​របស់​ពួក​គេ​ យក​ពន្ធ​អាករ​ពី​ពួក​គេ ​ដូច្នេះ​ជន​បរទេស​ទាំង​នោះ ​ដាក់​សំណួរ​ថា ហេតុអ្វី​បាន​ជា​អ្នក​ធំៗ​ អ្នក​មានៗ​ស្រុក​ខ្មែរ​ មិន​ព្រម​ជួយ​អ្នក​ក្រ​ជា​ប្រជាជាតិ​ខ្លួន​ឯង​នោះ​?​ ឬ​មួយ​ក៏​ចំា​តែ​បើក​ភ្នែក​ឡើង​ លើក​ដៃ​សុំលុយ​ពី​ប្រទេស​ពួក​គេ​នោះ?​ ពេល​ណា​បាន​ខ្មែរ​ចេះ​ជួយ​ខ្លួន​ឯង​?​ ឬ​មួយ​ក៏​មួយ​ថ្ងៃ​ៗ ដេក​គិត​តែ​ពី​ហែកហួរ​ខាំ​គ្នា​តែ​ជន​ជាតិ​ខ្មែរ​គ្នា​ឯង ជា​ជាង​គិត​គូរ​ពី​ការ​សង្គ្រោះ​ជីវិត​កុមារ​នោះ​?​
សរុប​មក​វិញ​តាម​ធម្មជាតិ​របស់​មនុស្ស នរណាៗ​ ក៏​ធ្លាប់​ឆ្លង​កាត់​ពី​ជីវិត​កុមារ​ភាព​ដែរ​។​ តែ​មនុស្ស​នៅ​ពេល​ដែល​បាន​ឡើង​ធំៗ​ ជា​អ្នក​មានៗ​ អ្នក​ឧកញ៉ាៗ បាន​កា្លយ​ទៅ​ជា​មេអំបៅ​ ដែល​មាន​​រោម​ឆោម​ពណ៌​ល្អ​ផូរផង់​ តែ​ច្រើន​តែ​ភ្លេច​កាល​ពី​ខ្លួន​នៅ​ជា​ដង្កូវ​នោះ​។​ ឥឡូវ​នេះ ​ទឹក​ដល់​ច្រមុះ​ហើយ តើ​មេអំបៅ​អាច​ជួយ​បរិច្ចាគ​ដើម្បី​សត្វ​ដង្កូវ​គ្នា​ឯង​ផង​បាន​ទេ​?​

No comments:

Post a Comment

yes