សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 15, 2012

មេធាវី​ដេញ​ដោល​ពី​តួនាទី​លោក ​គាត​ ឈន់ ​និង​លោក​ ហោ ​ណាំហុង​ តែ​ត្រូវ​បាន​កាត់


ប្រធាន​​​​​អង្គ​​​​ជំនុំ​​ជ​ម្រះ​សាលា​​​ដំបូង​​នៃ​សាលា​​ក្តី​ខ្មែរ​​ក្រហ​ម​ ​និ​​ង​សហ​ព្រះ​​រាជ​អាជ្ញា​ ​បាន​​កាត់​​ផ្តាច់​​​ការ​​ចោទ​​សួរ​​​របស់​​មេធាវី​​​ការ​ពារ​​​ក្តី​អន្តរ​​ជាតិ​​ឲ្យ​លោក​​ នួន ជា​ យ៉ាង​ហោច​​​ណាស់​​​២០​​​​​​​ដង​​ ​ខណៈ​​​​មេធាវី​​​ព្យា​យាម​​​ឲ្យ​​​សាក្សី ​បញ្ជាក់​​ពី​​តួនាទី​​ និង​ការ​​ទទួល​ខុស​ត្រូវ​​របស់​​​លោក ​គាត ​ឈន់ ​និ​ង លោក​ ហោ​ ណាំ​ហុង​​។
ក្នុង​​​​សវនា​​ការ​​នៅ​ព្រឹក​​ថ្ងៃ​ពុធ ​​ទី​​១៥ ​​ខែ​សីហា​​​នេះ​​ មេធាវី​​​អន្តរ​​​ជាតិ​​​ការ​ពារ​​​ក្តី​​​ឲ្យ​​លោក​ នួន​ ជា​ គឺ​​​លោក ​ជេស​ ប៉ឺ​ផៅ​ សួរ​​សំណួរ​​ជា​ច្រើន​ឲ្យ​​​សាក្សី​ សួង​ ស៊ី​កឿន​ ​អតី​ត​​​អ្ន​ក​​កាន់​កិ​ច្ច​​​ការ​​ព័ត៌​​មាន​ ​និង​​ធ្វើ​​ការ​ងារ​​​ស្និទ្ធ​​ជាមួយ​​មេ​ដឹកនាំ​កំពូល​​ក្នុង​សម័យ​កម្ពុជា​ប្រជា​ធិប​តេយ្យ​​ ​បង្ហាញ​​ពី​​តួ​នាទី​​​របស់​មន្ត្រី​ជាន់​ខ្ពស់​​រដ្ឋា​ភិបាល​​បច្ចុប្បន្ន​​ពីរ​​រូប​ ដែល​ធ្លាប់​​បម្រើ​​ការ​​ក្នុង​សម័យ​ខ្មែ​រ​ក្រហម​ ​គឺ​លោក​ គាត​ ​ឈន់​ ដែល​បច្ចុប្បន្ន​ ជា​រដ្ឋ​មន្ត្រី​ក្រសួង​​សេដ្ឋ​កិច្ច​ ​និង​​ហិរញ្ញ​វត្ថុ​  និង​ លោក ​ហោ ​ណាំ​ហុង​ ជា​​រដ្ឋ​មន្ត្រី​ក្រសួង​​ការ​បរទេស​​ និង ​សហ​ប្រតិ​បត្តិ​​ការ​អន្តរ​​ជាតិ​​។​
សាក្សី​ ​សួង ​​ស៊ីកឿ​ន  ថ្លែង​​ថា​ លោក ​គាត​ ​ឈ​ន់ ជា​មនុស្ស​សំខាន់​​នៅ​​​ក្រសួង​​ការ​​បរ​ទេ​ស​​ក្នុង​​របប​​​កម្ពុជា​​ប្រជា​ធិប​​តេយ្យ​​​​៖” គាត់ជា​មនុស្ស​ឈ្លាស​វៃ​ ជា​មនុស្ស​ឈ្មុះឈ្មុលស្រាវជ្រាវ​ហើយ​រក​យល់ រក​ដឹង រក​ស៊ី​ជម្រៅ​ ​ចំពោះ​បញ្ហា​មួយ​ដែល​កើត​ឡើង ទី២​គាត់​មាន​អត្តចរឹក​​មួយ​ចិត្ត​ទូលាយ​ សណ្ដោស ហើយ​អាច​ប្រមែរ​ប្រមូល​មនុស្ស​បាន​ច្រើន តាម​ខ្ញុំ​ដឹង​​ក្នុង​កិច្ច​ការ​របស់​គាត់​គាត់​មិន​ដែល​មាន​សត្រូវ​ផ្ទាល់​ខ្លួន​នោះ​ទេ”​។

មេធាវី ​ជេស ​ប៉ឺផៅ​​ បាន​​សួរ​​បញ្ជាក់​​ពី​ការ​ទទួល​​ខុស​ត្រូវ​​របស់​លោក ​គាត​ ឈន់​ និង ​លោក ​​ហោ​ ណាំ​ហុ​ង​  ហើយ​​ចង់​​ឲ្យ​មន្ត្រី​​ទាំង​​ពីរ​​រូប​​ចូល​ធ្វើ​សក្ខី​កម្ម​នៅ​តុលា​ការ​​ តែ​ត្រូវ​​លោក ​និល ​ណុន ជា​​ប្រធាន​​​អង្គ​​ជំនុំ​​ជម្រះ​​​កាត់​​​ផ្តាច់​ ៖” លោក​ គាត ឈន់ គាត់​អាច​មាន​ព័ត៌មាន​​ច្រើន​អំពី​ប្រវត្តិ​នៃ​បក្ស​​កុម្មុយ​នីស្ដ​កម្ពុជា រប​ប​កម្ពុជា​ប្រជាធិប​តេយ្យ​ ហើយ​និង​តួនាទី​របស់​មេ​ដឹក​នាំ​ជាន់​ខ្ពស់​របស់​ខ្លួន​ដែរ។ យើង​មិន​បណ្ដោយ​ឲ្យ​លោក​ធ្វើ​សេចក្ដី​អត្ថាធិប្បាយ​អ្វី​ទេ នៅ​ក្នុង​វេទិកា ដែល​យើង​ផ្ដល់​ឲ្យ​គឺ​ឱកាស​ តាំង​សំនួរ​ដេញ​ដោល​ចំពោះសាក្សី រូប​នេះ យើង​បាន​ប្រើ​ពាក្យ​ពេចន៍​នេះ​ត្រឹម​ត្រូវ​ណាស់ ហើយ​ជា​ញឹក​ញាប់ទៀត​ផង​​” ។​
ពេល​ព្រឹក​នេះ ​សហ​ព្រះរាជ​អាជ្ញា​ជាតិ ​និង​អន្តរ​ជាតិ ​ក៏​​ជំទាស់​នឹង​សំណួរ​របស់​មេធាវី​​លោក ​នួន ​​ជា​ ជា​​​ញឹក​ញាប់​​ដែរ​​។ សហ​ព្រះ​រាជ​អាជ្ញា​ជាតិ​ លោក​ ចាន់​ ដារ៉ា​រស្មី ​ជំទាស់​នឹង​​​​សំណួរ​របស់​មេធាវី ​ជេស​ ប៉ឺផៅ​ ហើយ​​ចោទ​ថា ​មេធាវី​​មាន​​ចេតនា​​ធ្វើ​ឲ្យ​​ខាត​​ពេល​វេលា​។
ក្នុង​ពេល​សវនា​ការ​​កន្លង​​ម​ក ​ក្រុម​​មេ​ធាវី​ការពារ​​ក្តី​ឲ្យ​​ជន​ជាប់​​ចោទ​ នួន​ ​ជា ​ត្រូវ​ប្រធាន​​អង្គ​​ជំ​នុំ​​​ជម្រះ​​ព្រមាន​​​​ញឹក​ជាង​​​គេ​។​ កាលពី​​ចុង​​​ខែ​​មិថុនា ​ឆ្នាំ​​​២០១២​ លោក​ និល​ ណុន​ ប្រធាន​​​អង្គ​​ជំ​នុំ​​ជម្រះ​​សាលា​​ដំបូង​​នៃ​សាលា​ក្តី​ខ្មែរ​​ក្រហម​ ​បាន​​ដាក់​​លិខិត​​ព្រ​មាន​​ជា​លាយ​​លក្ខ​​ណ៍​​អក្ស​រ​​ទៅ​​គ​ណៈ​​មេធាវី​​កម្ពុជា​ ដើម្បី​​ពិ​និត្យ​ ​និង​ដាក់​​ពិន័យ​​លើ​​ក្រុម​មេធាវី​​ការ​ពារ​​ក្តី​​លោក​ នួន​​ ជា​ ដោយ​ចោ​ទ​ថា ​ក្រុម​​នេះ​​​មាន​​ចេតនា​​រំខាន​​ដំណើរ​​សវនា​​ការ​។​
គួរ​បញ្ជាក់​ថា ​កន្លង​​​មក​សាក្សី​ដែល​ផ្តល់​សក្ខី​កម្ម​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​លើក​ឡើង​​ថា ​លោក ហោ ​​ណាំ​ហុង ​ធ្លាប់​ជា​​អ្នក​ដឹក​នាំ​​ម្នាក់​នៅ​មណ្ឌល​អប់រំ​បឹង​ត្របែក​ តែ​លោក ​ហោ ​ណាំ​ហុង ​បដិ​សេធ​​​ហើយ​ថា​ លោក​ក៏​ជា​ជន​រង​គ្រោះ​ដែរ៕​

No comments:

Post a Comment

yes