សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 4, 2012

ក្រុម​ប្រឹក្សា​ឃុំ​បក្ស​ប្រឆាំង​ត្រូវ​មេឃុំ​ហាម​ឃាត់​មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​កិច្ចការ​បោះ​ឆ្នោត


សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​មួយ​ចំនួន មក​ពី​គណបក្ស​ប្រឆាំង នៅ​ស្រុក​ល្វាឯម ខេត្ត​កណ្តាល ត្រូវ​មេឃុំ​ហាម​ឃាត់​មិន​ឲ្យ​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​បោះ​ឆ្នោត ជាពិសេស នៅ​ក្នុង​ដំណាក់​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នៅ​ឆ្នាំ​២០១៣ ខាង​មុខ។
ជំទប់​ទី១​មក​ពី​គណបក្ស សម រង្ស៊ី និង​ជំទប់​ទី២ មក​ពី​គណបក្ស សិទ្ធិ​មនុស្ស នៃ​ឃុំ​កោះកែវ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ប្រតិកម្ម​ទៅ​នឹង​ការ​ហាម​ឃាត់​របស់​មេឃុំ​គណបក្ស​ប្រជាជន ដែល​មិន​ឲ្យ​ពួក​គាត់​ចូល​ធ្វើ​ការ​នៅ​ក្នុង​សាលា​ឃុំ ជាពិសេស ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត។
ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១២។ នេះ​ជា​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះ​ឆ្នោត ទុក​សម្រាប់​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ឆ្នាំ​២០១៣។

ជំទប់​ទី១​មក​ពី​គណបក្ស សម រង្ស៊ី លោក ធុល បុរ មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​៤ កញ្ញា ថា មេឃុំ​កោះកែវ មិន​ឲ្យ​គាត់​ជា​ជំទប់​ទី១ និង​ជំទប់​ទី២​ម្នាក់​ទៀត​របស់​គណបក្ស សិទ្ធិ​មនុស្ស ចូល​ក្នុង​សាលា​ឃុំ ដើម្បី​ជួយ​ធ្វើ​កិច្ចការ​ជូន​ប្រជាពលរដ្ឋ ដែល​មក​ពិនិត្យ​បញ្ជី​ឈ្មោះ ឬ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ទេ ចាប់​តាំង​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា មក៖ «គាត់​មិន​ឲ្យ​ចូល​ធ្វើ​ការ​ទេ តាំង​ពី គ.ជ.ប ក៏​គេ​ប្រាប់​ពួក​ខ្ញុំ​ថា មិន​ឲ្យ​ចូល​ធ្វើ​ការ​ក្នុង​សាលា​ឃុំ​ហ្នឹង​ដែរ ទោះ​បី​ជា​ខ្ញុំ​ប្រើ​តួនាទី​ជា​ក្រុម​ប្រឹក្សា​ឃុំ ក៏​គេ​មិន​ឲ្យ​យើង​ចូល​ដែរ»
លោក​បន្ត​ថា មេឃុំ​បាន​គំរាម​ប្រើ​កម្លាំង​សមត្ថកិច្ច​ចាប់​អូស​លោក​ចេញ​ពី​សាលា​ឃុំ បើ​សិន​ជា​គាត់​នៅ​តែ​ទៅ​ជ្រៀត​ជ្រែក​ការងារ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ទៀត៖ «ខ្ញុំ​នៅ​តែ​ចូល តែ​គាត់​បាន​គំរាម​ថា បើ​នៅ​តែ​ចូល ប្រយ័ត្ន​គាត់​ឲ្យ​ប៉ូលិស​ចាប់​ទាញ​ដៃ​ចេញ​ពី​សាលា​ឃុំ»
មេឃុំ​កោះកែវ អ្នកស្រី ហួន មើ មាន​ប្រសាសន៍​ថា គាត់​បាន​ហាម​ឃាត់​មែន ចំពោះ​កិច្ចការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ព្រោះ​ជានិច្ច​ការ​របស់​ស្មៀន​ឃុំ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ដទៃ​ទៀត ដែល​គេ​បាន​ចុះ​បញ្ជី​ឈ្មោះ​ជា​អ្នក​សង្កេតការណ៍ ចំណែក​ពួក​គាត់​ទាំង​ពីរ​នាក់​នោះ មិន​បាន​ចុះ​ឈ្មោះ​ជា​អ្នក​សង្កេតការណ៍​ទេ ដូច្នេះ ពួក​គាត់​មិន​ត្រូវ​ទៅ​រំខាន​កិច្ចការ​របស់​គេ​ឡើយ។ ចំពោះ​កិច្ចការ​រដ្ឋបាល​ផ្សេងៗ ដែល​ត្រូវ​ធ្វើ​ប្រចាំ​ថ្ងៃ​នោះ គឺ​មិន​មាន​ការ​ហាម​ឃាត់​ទេ៖ «ហើយ​ខ្ញុំ​ក៏​អត់​មាន​បិទ​សិទ្ធិ​អី​ដែរ អា​រឿង​ការ​នោះ ខ្ញុំ​បិទ​សិទ្ធិ​តែ​ម្យ៉ាង ដូច​ថា គេ​យក​អត្តសញ្ញាណប័ណ្ណ​មក​ចុះ​ឈ្មោះ គាត់​ទាញ​យក​ទៅ​ចម្លង​អី​អ៊ីចឹង អា​ហ្នឹង​អត់​បាន​ទេ ព្រោះ​ខាង​លើ​គេ​ហាម​ឃាត់»
អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ទេព នីថា លោក​ពន្យល់​ថា សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​មិន​បាន​ចុះ​ឈ្មោះ​ជា​អ្នក​សង្កេតការណ៍ ហើយ​ពួក​គាត់​ពុំ​ត្រូវ​ចាត់​តាំង​ពី​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឲ្យ​ជួយ​ពិនិត្យ​មើល​កិច្ចការ​ស្មៀន​ទេ គឺ​ពួក​គាត់​មាន​តួនាទី​ត្រឹម​តែ​ចាំ​ប្រជុំ​សម្រេច​នៅ​ពេល​មាន​ប្ដឹង​តវ៉ា លើ​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ឬ​ប្ដឹង​តវ៉ា ឬ​ជំទាស់​លើ​បញ្ជី​បោះ​ឆ្នោត​ដំបូង​នោះ។
លោក ទេព នីថា៖ «ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ បើ​៥នាក់ គឺ​ត្រូវ​ចាត់​តាំង​ម្នាក់​ឲ្យ​ទៅ​ត្រួត​ពិនិត្យ​មើល​កិច្ចការ​របស់​ស្មៀន​ជា​ប្រចាំ ហើយ​ម្នាក់​នេះ​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​បាន​តាម​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។ បើ​ក្រុម​ប្រឹក្សា​ចាប់​ពី​៧​ដល់​១១​នាក់ អាច​ចាត់​តាំង​ពីរ​នាក់​ទៅ​តាម​ដាន​ការ​អនុវត្ត​របស់​ស្មៀន ហើយ​ក្រៅ​ពី​ហ្នឹង គឺ​ពួក​គាត់​ត្រូវ​ធ្វើ​ការ​ធម្មតា ពួក​គាត់​អត់​ទៅ​ឡូកឡំ​ជាមួយ​កិច្ចការ​ចុះ​ឈ្មោះ​របស់​គេ​ទេ»
ទោះ​យ៉ាង​ណា ជំទប់​ទី២​របស់​គណបក្ស សិទ្ធិ​មនុស្ស លោក គង់ សុឃឿន មាន​ប្រសាសន៍​ថា ការ​រារាំង​មិន​ឲ្យ​ចូល​រួម​ពិនិត្យ និង​សម្រួល​ដល់​កិច្ចការ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ ជា​រូបភាព​រើសអើង​គណបក្ស និង​ជា​ការ​គំរាម​កំហែង​ខាង​នយោបាយ​នៅ​មុន​ការ​បោះ​ឆ្នោត។
គណបក្ស​ប្រឆាំង​ធំ​ពីរ គឺ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស កន្លង​មក បាន​ធ្វើ​ពហិការ​មិន​បញ្ជូន​ភ្នាក់ងារ​អង្កេត​ការណ៍​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ទេ។ ការ​ធ្វើ​ពហិការ​នេះ​ជា​សារ​មួយ​ទាមទារ​សុំ​ឲ្យ​ប្ដូរ​សមាសភាព​ដឹកនាំ​របស់ គ.ជ.ប ដែល​គណបក្ស​ប្រឆាំង​តែង​តែ​រិះគន់​ថា ស្ថាប័ន​នេះ​មាន​និន្នាការ​ទៅ​រក​បក្ស​កាន់​អំណាច៕

No comments:

Post a Comment

yes