សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 21, 2012

ស្វេដាហ្គន វត្ត​ព្រះពុទ្ធ​ចំណាស់​បំផុត


យ៉ាំងហ្គោន: ពេល​ទៅ​ដល់​ទឹក​ដី​ប្រទេស​មីយ៉ាន់ម៉ា​ភ្លាម ពិត​ណាស់​អ្នក​នឹង​ទទួល​បាន​នូវ​​អារម្មណ៏​ប្លែក​ខ្លាំង​មួយ​ផ្សេង​ទៀត ដោយ​សារ​ប្រទេស​នេះ​មាន​ភាព​ស្ងប់ស្ងាត់​ ហើយ​អាច​រក្សា​បាន​នូវ​ប្រពៃណី​បុរាណ​ដូច​ជា​សំណង់​អគារ​ចាស់ៗ ​និង​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​រស់​នៅ​ជា​ដើម គឺ​សុទ្ធ​តែ​ជា​អគារ​ដែល​បាន​បន្សល់​ទុក​តាំង​ពី​បុរាណ​មក​ម្ល៉េះ។
នៅ​ក្នុង​ទីក្រុង​យ៉ាំងហ្គោន គឺ​សម្បូរ​ទៅ​ដោយ​ព្រៃ​ឈើ ​និង​សត្វ​បក្សា​បក្សី​ជា​ច្រើន​អនេក​នៅ​តាម​វត្ត​អារាម ជា​ពិសេស​នៅ​តាម​ទី​ប្រជុំជន។ ​សត្វ​បក្សា​បក្សី​ទំាង​នោះ​មើល​ទៅ​ដូច​ជា​មិន​ខ្លាច​មនុស្ស​សោះ​គឺ​ពួក​វា​ ​រស់​នៅ​ជា​មួយ​គ្នា​រាល់​ថ្ងៃ។ ​ចំណែក​ឯ​នៅ​តាម​ដង​ផ្លូវ​វិញ ​គេ​អាច​មើល​ឃើញ​បុរស​​ភាគ​ច្រើន​​ស្លៀក​សំពត់​ដើរ​ទៅ​ធ្វើ​ការ ​ហើយ​ម្នាក់ៗ​គឺ​មាន​ឆត្រ​នៅ​ជាប់​នឹង​ខ្លួន​គ្រប់ៗ​គ្នា រី​ឯ​ស្រី​ៗវិញ​ក៏​​ស្លៀក​សំពត់​ដែរ​ហើយ​មាន​លាប​ម្សៅថាន់​ណា​កា​ ដែល​ជា​ម្សៅ​ធម្ម​ជាតិ​ធ្វើ​មក​ពី​ឈើ​ម្យ៉ាង​ឈ្មោះ​ ឈើ​ថាន់​ណា​កា សម្រាប់​ការ​ពារ​កម្ដៅ​ថ្ងៃ ​និង​លម្អ​ខ្លួន ទោះ​បី​ជា​នៅ​ផ្ទះ ឬ​ទៅ​ធ្វើ​ការងារ​ក៏​ដោយ​។

ពេល​និយាយ​ដល់​ប្រទេស​មីយ៉ាន់ម៉ា គេ​នឹង​នឹក​ឃើញ​ភ្លាម​ដល់​វត្ត​ដ៏​ល្បី​ល្បាញ​មួយ​ឈ្មោះ ​ ស្វេដាហ្គន (Shwedagon) ដែល​ជា​វត្ត​អារាម​ចាស់​ជាង​គេ​នៅ​មីយ៉ាន់ម៉ា ​និង​នៅ​លើ​ពិភព​លោក​។ វត្ត​នោះ​មាន​អាយុ​ជាង​២៦០០​ឆ្នាំ​មក​ហើយ ហើយ​ទីនោះ​ជា​កន្លែង​គោរព​បូជា​ដ៏​ស័ក្តិ​សិទ្ធិ​របស់​អ្នក​កាន់​ព្រះ​ ពុទ្ធសាសនា​ដ៏​ធំ​សម្បើម ខណៈ​ដែល​ព្រះ​កេសា និង​ឆ្អឹង​ព្រះ​ពុទ្ធ​ត្រូវ​បាន​គេ​រក្សា​ទុក​នៅ​ក្នុង​ប្រាសាទ ស្វេដាហ្គន នៃ​វត្ត​នោះ។ ដោយ​ឡែក​លើ​កំពូល​ប្រាសាទ​ មាន​មាស​សុទ្ធ និង​ដាំ​ពេជ្រ​ទៀត​ផង។ ​នៅ​ពេល​ភ្ញៀវ​ទេសចរ​ទៅ​លេង​ប្រទេស​មី​យ៉ាន់​ម៉ា​គឺ​ត្រូវ​តែ​ទៅ​ទស្សនា​ វត្ត​នេះ​មុន​គេ ​បើ​មិន​បាន​ទៅ​ទស្សនា​វត្ត​នេះ​ទេ គឺ​ដូច​ជា​មិន​បាន​ទៅ​លេង​ប្រទេស​នោះ​អ៊ីចឹង​។
អ្នក​ទេសចរ​ជាតិ​ កម្ពុជា​ម្នាក់​ឈ្មោះ តាំង​ម៉េង ដែល​ជ្រើស​យក​មីយ៉ាន់ម៉ា​ជា​កន្លែង​​កម្សាន្ត​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ពី​ ការងារ​បាន​និយាយ​ថា៖ ​«​ខ្ញុំ ​និង​មិត្ត​ភក្តិ​បាន​ទស្សនា​វត្ត ​Shwedagon ​មុន​គេ​បង្អស់ ​ពេល​មក​ដល់​ទីក្រុង​មីយ៉ាន់ម៉ា​ភ្លាម។ ​យើង​បាន​ជិះ​ឡាន​ឡើង​ទៅ​លើ​ភ្នំ​បន្តិច ​ហើយ​ចត​នៅ​ទី​នោះ​ បន្ទាប់​មក​ទៀត ​យើង​ត្រូវ​ទិញ​សំបុត្រ​តម្លៃ​៣​ដុល្លារ​សម្រាប់​ការ​ទស្សនា​វត្ត​នេះ»។
អ្នក ទេសចរ​រូប​នោះ​បាន​បន្ត​ថា៖​«​ដើម្បី​ឡើង​ទៅ​មើល​វត្ត​នេះ​ យើង​ត្រូវ​ឡើង​តាម​ជណ្តើរ​យន្ត​ឬ​ក៏​ឡើង​តាម​ជណ្តើរ​ធម្មតា​ក៏​បាន​ដែរ។ ​ឡើង​តាម​ជណ្តើ​រយន្ត​ត្រឹម​តែ១៥​នាទីគឺ​ទៅ​ដល់​វត្ត​​Shwedagon ​ដែល​មាន​កម្ពស់​៩៩​ម៉ែត្រ​។ ​មុន​នឹង​ចូល​វត្ត​ អ្នក​ទស្សនា​ទាំង​អស់​គ្នា​មិន​ថា​បរ-​ទេស ​ឬ​ក៏​ប្រជាជន​ក្នុង​ស្រុក​នោះ​ទេ ​គឺ​ត្រូវ​តែ​ដោះ​ស្បែក​ជើង​ទំាង​អស់​គ្នា​។ ​នេះ​គឺ​ជា​ប្រពៃ​ណី ​និង​ទម្លាប់​ដែល​គេ​ត្រូវ​តែ​ដោះ​ស្បែក​ជើង​នៅ​ពេល​ចូល​ទៅ​តាម​វត្ត​នានា»។
ប្រាសាទ​ពណ៌​មាស​ចែង​ចាំង​ដ៏​ធំ​ខ្ពស់​ស្កឹម​ស្កៃ​ ស្វេ​ដាហ្គន ពិត​ជា​មាន​ភាព​អស្ចារ្យ​ និង​មាន​ចេតិយ​តូចៗ​អម​សង​ខាង​ដែល​មាន​រចនា​ចម្លាក់​ក្បាច់​បុរាណ​ជា​ច្រើន ​តាម​ពិតាន​វត្ត និង​តាម​សសរ​ធំៗ។​ ប្រជា​ជន​នៅ​ទី​នោះ ពេល​សម្រាក​ពី​ការ​ងារ ​ឬ​ក៏​ចុង​សប្តាហ៍​មិន​ថា​ ក្មេង​​ចាស់​ ប្រុស​ស្រី​ទេ ពួក​គេ​តែង​តែ​នំាំ​គ្នា​មក​វត្ត​ដើម្បី​តំាង​សមាធិ​សូត្រ​ធម៌ ​និង​ថ្វាយ​ផ្កា​ដល់​ព្រះ។​ ប្រជាជន​ភាគ​ច្រើន​ចូល​ចិត្ត​បិទ​សន្លឹក​ក្រដាស​មាស​នៅ​លើ​រូប​សំណាក់ព្រះ​ ពុទ្ធ ​និង​ស្រង់​ព្រះ​ទៅ​តាម​ឆ្នាំ​របស់​ពួក​គេ​ដើម្បី​សុំ​សេច​ក្តី​សុខ​ និង​ជា​សះ​ពី​ជំងឺ​ផ្សេង​ៗ។
នៅ​តាម​ជណ្តើរ​ឡើង​ចុះ​ទៅ​វត្ត​ឃើញ​ មាន​អ្នក​លក់​វត្ថុ​អនុស្សា​វរីយ៍ ផ្កា​ស្រស់​​ និង​​ផ្កា​ក្រដាស ជា​ច្រើន​សម្រាប់​លក់​ជូន​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ទិញ​ថ្វាយ​ដល់​ព្រះ។​ ការ​ទស្សនា​បណ្តុំ​ប្រាសាទ​ដែល​បង្កប់​នូវ​គ្រឹះ​ព្រះ​ពុទ្ធ​សាសនា​រាប់ ពាន់​ឆ្នាំ​ ស្វេដា​ហ្គន នេះ​ យ៉ាង​ហោច​ណាស់ ក៏​ត្រូវ​ចំណាយ​រយៈ​ពេល​២​ម៉ោង​ដែរ​ ដើម្បី​ស្វែង​យល់​ពី​ព្រះពុទ្ធសាសនា ប្រពៃណី​វប្បធម៌ និង​ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ជន​មីយ៉ាន់ម៉ា​៕

No comments:

Post a Comment

yes