សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 30, 2012

អ្នក​ភូមិ​នៅ​កំពង់ឆ្នាំង​​ចោទ​​មន្ត្រីខណ្ឌ​​រដ្ឋបាល​ព្រៃ​ឈើ​ថា​គំរាម​យក​ដី


ពលរដ្ឋ​នៅ​ឃុំ​ចំនួន​២ ក្នុង​ស្រុក​កំពង់លែង ចោទ​ប្រកាន់​ថា មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង បាន​ប្រើ​ប្រព័ន្ធ​តុលាការ​គំរាម​ពលរដ្ឋ​ក្នុង​ជម្លោះ​ដីធ្លី​មួយ​នៅ​ទី​នោះ បើ​ទោះ​បី​ជា​អាជ្ញាធរ​ដែនដី​បាន​ទទួល​ស្គាល់​ថា ពលរដ្ឋ​ពិត​ជា​បាន​កាន់កាប់ និង​បង្កបង្កើន​ផល​លើ​ដីធ្លី​នៅ​តំបន់​នេះ​តាំង​ពី​សម័យ​អតីត​រដ្ឋ​កម្ពុជា​មក​ក៏ដោយ។
RFA/Mondulkeo
២៦-កញ្ញា-២០១២៖ ជើង​ភ្នំ​នាង​កង្រី ស្ថិត​ក្នុង​ខេត្ត​កំពង់ឆ្នាំង តំបន់​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​ដាំដុះ​បង្កបង្កើន​ផល តែ​ផ្នែក​ជំនាញ​ចង់​យក​ធ្វើ​ជា​ព្រៃ​សហគមន៍។
ប្រជាពលរដ្ឋ​ប្រមាណ ១០០​គ្រួសារ នៅ​ក្នុង​ឃុំ​ចំនួន​២ គឺ​ឃុំ​ស្វាយរំពារ និង​ឃុំ​ត្រងិល បាន​ប្រតិកម្ម​តវ៉ា​ចំពោះ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ដែល​បាន​មក​បង្ខំ​ឲ្យ​គាត់​ផ្ដិត​មេដៃ​ប្រគល់​ដី​នេះ​មក​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​គ្រប់គ្រង ដោយ​គំរាម​ថា បើ​មិន​ព្រម​ផ្ដិត​មេដៃ​ទេ គេ​នឹង​ប្ដឹង​ឲ្យ​តុលាការ​កោះ​ហៅ​យក​ទៅ​ដាក់​គុក។
ស្ត្រី​អ្នក​ភូមិ​ឈ្មោះ សៀក ឡៃ នៅ​ឃុំ​ស្វាយរំពារ បាន​ឲ្យ​ថា ដី​ចំការ​របស់​គាត់​ដែល​មាន​ទទឹង ១២០​ម៉ែត្រ និង​បណ្ដោយ ២០០​ម៉ែត្រ​នេះ គាត់​បាន​កាន់​កាប់ និង​បង្កបង្កើន​ផល​តាំង​ពី​ឆ្នាំ​១៩៨២ មក។ គាត់​បន្ត​ថា បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ធ្វើ​ផ្លូវ​ឆ្ពោះ​មក​កាន់​តំបន់​នេះ​បាន​ល្អ ស្រាប់​តែ​ខាង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ បាន​មក​អះអាង​ថា ដី​នេះ​ជា​ដី​គម្រប​ព្រៃ​របស់​រដ្ឋ​ទៅ​វិញ។

ស្ត្រី​អ្នក​ភូមិ​រូប​នេះ​សំណូមពរ​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ដែល​ចុះ​មក​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ជួយ​មក​វាស់វែង​ដី​តំបន់​នេះ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ក្រីក្រ​នេះ​ផង៖ «បាន​ផ្លូវ​ក្រួស​ក្រហម ប្រជាពលរដ្ឋ​អរ​ជា​ទី​បំផុត តែ​ការ​ត្រេកអរ​នេះ​មិន​បាន​ប៉ុន្មាន​ផង ត្រូវ​បាត់បង់​ទៅ​វិញ​ដោយ​ខាង​រដ្ឋបាល​ព្រៃ​ឈើ​មក​ហាម​ប្រជាពលរដ្ឋ​មិន​ឲ្យ​ដាំ​ដុះ​លើ​ដី​នៅ​តំបន់​នេះ ព្រម​ទាំង​បង្ខំ និង​គំរាម​ប្រជាពលរដ្ឋ​ឲ្យ​ផ្តិត​មេដៃ​ប្រគល់​ដី​នេះ​មក​ឲ្យ​ខាង​រដ្ឋបាល​ព្រៃ​ឈើ​កាន់​កាប់​វិញ តែ​ប្រជាពលរដ្ឋ​នៅ​រង់ចាំ​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​វាស់​វែង​ដី​ធ្លី​មក​មើល​សិន ទើប​ប្រជាពលរដ្ឋ​អស់​ចិត្ត...»
បុរស​អ្នក​ភូមិ​ឈ្មោះ លាវ សាន់ ជា​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រងិល បាន​ឲ្យ​ដឹង​បន្ថែម​ថា គាត់​មាន​ដី​តែ​កន្លះ​ហិកតារ​ប៉ុណ្ណោះ ដើម្បី​បង្កបង្កើន​ផល​ចិញ្ចឹម​គ្រួសារ ប្រសិន​បើ​ត្រូវ​គេ​ដក​ហូត គ្រួសារ​គាត់​មុខ​ជា​ដាច់​ពោះ​ស្លាប់​មិន​ខាន។
គាត់​បន្ត​ថា ដី​ចំការ​នេះ​គាត់​បាន​គ្រប់គ្រង និង​បង្កបង្កើន​ផល​តាំង​ពី​ឆ្នាំ​១៩៨៣ មក មិន​គួរ​ឥឡូវ​គេ​បែរ​ជា​ថា​ដី​គម្រប​ព្រៃ​របស់​រដ្ឋ​ទៅ​វិញ៖ «សំណូមពរ​ឲ្យ​ក្រុម​និស្សិត​ចំណុះ​របស់​សម្ដេច​តេជោ ឲ្យ​មក​ពិនិត្យ​ផ្ទាល់ ព្រោះ​មួយ​ថ្ងៃៗ​ខាង​រដ្ឋបាល​ព្រៃ​ឈើ​បាន​មក​គំរាម​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លាច នាំ​គ្នា​គេច​រត់​ចូល​ព្រៃ ព្រោះ​ខ្លាច​គេ​ចាប់​ដាក់​គុក...»
កាល​ពី​ថ្ងៃ​ទី​២១ កញ្ញា កន្លង​ទៅ ប្រជាពលរដ្ឋ​ចំនួន ៦០​គ្រួសារ នៅ​ឃុំ​ស្វាយរំពារ និង​ឃុំ​ត្រងិល ស្រុក​កំពង់លែង ដែល​មាន​ដីធ្លី​នៅ​សង្ខាង​ផ្លូវ​ដែល​ទើប​កសាង​ថ្មី ហៅ «ផ្លូវ​ពេជ្រ​ឡា» បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ស្នើ​សុំ​ទៅ​អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង និង​ជា​ឧបនាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​ព្រះបរមរាជវាំង គឺ​លោក គង់ សំអុល ឲ្យ​ជួយ​ពួក​គាត់​ដោយ​ធ្វើ​អន្តរាគមន៍​មក​អាជ្ញាធរ​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ កុំ​ឲ្យ​រឹប​អូស​ដីធ្លី​របស់​ពួក​គាត់។ ពួក​គាត់​បញ្ជាក់​ថា ដី​នេះ​ពួក​គាត់​បាន​កាន់កាប់ និង​បង្កបង្កើន​ផល​តាំង​ពី​ឆ្នាំ​១៩៧៩ មក ដោយ​មាន​អាជ្ញាធរ​ភូមិ ឃុំ បាន​ដឹង​ឮ និង​ទទួល​ស្គាល់​យ៉ាង​ត្រឹមត្រូវ។
ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង លោក ស៊ិន កុសល មាន​ប្រសាសន៍​ថា កន្លង​ទៅ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​បំណង​បង្កើត​សហគមន៍​ព្រៃឈើ​នៅ​តំបន់​នេះ៖ «ខ្ញុំ​ចង់​ជម្រាប​បង​យ៉ាង​ខ្លី​ថា កន្លែង​នេះ​ប្រជាពលរដ្ឋ​បាន​ផ្ដិត​មេដៃ​មក​ខាង​រដ្ឋបាល​ព្រៃ​ឈើ និង​អាជ្ញាធរ​ខេត្ត​ដើម្បី​រៀបចំ​ធ្វើ​ជា​សហគមន៍​ព្រៃឈើ។ ឥឡូវ​ក្រសួង​កសិកម្ម និង​សហគមន៍​ព្រៃ​ឈើ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ប្រគល់​ដី​តំបន់​នេះ​ឲ្យ​ពួកគាត់​គ្រប់គ្រង​រយៈពេល ១៥​ឆ្នាំ តែ​ឥឡូវ​កំពុង​មាន​ចលនា​ថា គាត់​ទៅ​អង្កន់​ដី​នេះ​ចែក​គ្នា ហើយ​យើង​កំពុង​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ហើយ...»
ប៉ុន្តែ​ទាំង​ប្រជាពលរដ្ឋ ទាំង​អាជ្ញាធរ​ដែនដី​ភូមិ​ឃុំ មិន​យល់​ស្រប​ចំពោះ​សំណូមពរ​របស់​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​នោះ​ទេ។
មេ​ភូមិ​ទំនប់ ឃុំ​ត្រងិល គឺ​លោក នូ ហេង មាន​ប្រសាសន៍​ថា កំណើន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ទាមទារ​ឲ្យ​មាន​កំណើន​ដី​លំនៅឋាន និង​ដី​បង្កបង្កើន​ផល​ឲ្យ​មាន​តុល្យភាព​ផង​ដែរ។ លោក​ថា នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ពុំ​មាន​ដី​គ្រប់គ្រាន់​សម្រាប់​បង្កបង្កើន​ផល តើ​គេ​គួរ​ទុក​ដី​ដើម្បី​ធ្វើ​ព្រៃ​សហគមន៍ ឬ​យ៉ាង​ណា?
លោក នូ ហេង៖ «បើ​សិន​ជា​លោក​អភិបាល​រង​ខេត្ត លោក​ជួយ​សម្រួល​ផ្ដល់​ដី​នេះ​ជូន​ប្រជាពលរដ្ឋ គឺ​ខ្ញុំ​មាន​ការ​ត្រេកអរ​ខ្លាំង ព្រោះ​កំណើន​ប្រជាពលរដ្ឋ​ធ្វើ​ឲ្យ​អាជ្ញាធរ​ជួប​ការ​លំបាក​ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ជីវភាព​ប្រសើរ ដោយ​កង្វះ​ដីធ្លី​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​បង្ក​បង្កើន​ផល។ ម្យ៉ាង​តំបន់​នេះ​ទឹក​លិច​នៅ​សល់​តែ​ម្ដុំ​ដី​ភូមិ​ដែល​កំពុង​មាន​ជម្លោះ​នេះ​ប៉ុណ្ណោះ...»
ចំណែក​មេ​ឃុំ​ស្វាយរំពារ គឺ​លោក ឌី អឿន បាន​ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា ដី​ដែល​ប្រជាពលរដ្ឋ​កំពុង​កាន់កាប់ និង​បង្កបង្កើន​ផល​នេះ គឺ​ជា​ដី​ដែល​អាជ្ញាធរ​ភូមិ​ឃុំ​បាន​បែង​ចែក​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ស្រែ​តាម​លក្ខណៈ​ជា​ក្រុម​សាមគ្គី តាំង​ពី​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា មក​ម្ល៉េះ។
លោក​ថា បច្ចុប្បន្ន​ដី​ខ្លះ​អ្នក​ភូមិ​បាន​ធ្វើ​ស្រែ ឯ​ដី​ខ្លះ​ជា​ដី​ចំការ​ដែល​មាន​ដាំ​ស្វាយ​ចន្ទី។ លោក​ក៏​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ពិចារណា និង​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ប្រជាពលរដ្ឋ​ផង៖ «អ្នក​ជំនាញ​ខាង ជី​ភី​អែស (GPS) នៅ​ពេល​បោះ​បង្គោល​ព្រំ​បាន​និយាយ​ថា ការ​ដាក់​បង្គោល​នេះ​គ្រាន់​តែ​បណ្ដោះអាសន្ន​ទេ។ ដី​ស្រែ​ដី​ចំការ​របស់​ប្រជាពលរដ្ឋ​នៅ​កន្លែង​ណា គឺ​នៅ​ដដែល។ នៅ​ពេល​នោះ​ខ្ញុំ និង​ខាង​សហគមន៍​ក៏​យល់​ស្រប​ចុះ​ហត្ថលេខា តែ​ដល់​ឥឡូវ​វា​មិន​ដូច​ពាក្យ​និយាយ គឺ​គេ​មិន​ព្រម​ឆ្វៀល​ដី​ប៉ះពាល់​ចេញ​ទើប​ប្រជាពលរដ្ឋ​គាត់​តវ៉ា​យក​ដី​របស់​គាត់​ដែល​គាត់​ធ្លាប់​ធ្វើ​តាំង​ពី​ដើម​រៀង​មក...»
លក្ខណៈ​ភូមិសាស្ត្រ​បាន​បង្ហាញ​ថា នៅ​រដូវ​វស្សា​ឃុំ​ស្វាយរំពារ និង​ឃុំ​ត្រងិល រង​ការ​លិច​ទឹក​ដោយ​អន្លើ។ ដោយ​ឡែក​តំបន់​ដី​ជម្លោះ​ស្ថិត​ក្នុង​ភូមិ​ចំបក់​ខ្ពស់ ឃុំ​ស្វាយរំពារ និង​ឃុំ​ត្រងិល គឺ​ជា​តំបន់​ទី​ទួល​ដែល​មិន​លិច​ទឹក។
វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អភិបាល​ស្រុក​កំពង់លែង គឺ​លោក មាន់ អៀងលី បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២៩ កញ្ញា។ យ៉ាង​នេះ​ក្ដី អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី គឺ​លោក ចេង ញ៉ាន់ មាន​ប្រសាសន៍​ថា លោក​នឹង​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង និង​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ពេល​ឆាប់ៗ​នេះ៕

No comments:

Post a Comment

yes