សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 30, 2012

រដ្ឋសភា​មាន​គម្រោង​ប្រជុំ​សម្រេច​លើ​សមាសភាព គ.ជ.ប. នៅ​ដើម​ខែ​តុលា


ការ​ទាមទារ​ផ្លាស់​ប្ដូរ សមាសភាព​សមាជិក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត របស់​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា មក​ទល់​ពេល​នេះ ប្រហែល​មិន​បាន​ទទួល​លទ្ធផល​ទេ។
RFA/Sok Serey
អគ្គលេខាធិការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) លោក ទេព នីថា
នៅ​ដើម​ខែ​តុលា​ខាង​មុខ​នេះ រដ្ឋសភា​មាន​គម្រោង​ប្រជុំ ពិភាក្សា​សម្រេច​លើ​សមាសភាព​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. សម្រាប់​អាណត្តិ​ថ្មី។ តើ​មូលហេតុ​អ្វី​ខ្លះ បាន​ជា​ជិត​ដល់​ពេល​បោះឆ្នោត គណបក្ស​ប្រឆាំង​តែងតែ​ទាមទារ​ឲ្យ​មាន​ការ​ដូរ សមាសភាព​សមាជិក គ.ជ.ប ដូច្នេះ?
លោក ទេព នីថា អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី ៣០ កញ្ញា​ថា នៅ​ថ្ងៃ​ទី ១១ តុលា​ខាង​មុខ​នេះ រដ្ឋសភា​កម្ពុជា នឹង​ពិនិត្យ​ពិភាក្សា​សម្រេច​លើ​សមាសភាព​សមាជិក គ.ជ.ប ដែល​ក្រសួង​មហាផ្ទៃ បាន​ស្នើ​ឡើង​ហើយ។
លោក ទេព នីថា មិន​បាន​និយាយ​រៀបរាប់​ពី​ឈ្មោះ​បេក្ខជន សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី ដែល​ស្នើសុំ​ឲ្យ​សភា​ពិនិត្យ​សម្រេច​នោះ​ទេ។ ប៉ុន្តែ ប្រភព​ព័ត៌មាន​នានា បាន​ឲ្យ​ដឹង​ថា លោក អ៊ឹម សួស្ដី នៅ​តែ​ជា​បេក្ខជន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហើយ​លោកស្រី ស៊ីន ជំបូ នៅ​តែ​ជា​បេក្ខជន​អនុប្រធាន​ដដែល។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា គណបក្ស សម រង្ស៊ី ធ្លាប់​បាន​ដាក់​សំណើ​ទាក់ទង​ការ​ផ្លាស់​ប្តូរ​សមាសភាព​សមាជិក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប ទៅ​ក្រសួង​មហាផ្ទៃ​ហើយ ប៉ុន្តែ​បើ​មិន​មាន​ការ​ផ្លាស់​ប្តូរ​តាម​សំណើ​ទេ គណបក្ស​ប្រឆាំង​នៅ​កម្ពុជា មិន​ចូលរួម​បោះឆ្នោត​ជាតិ​រើស​អ្នក​តំណាងរាស្ត្រ​អាណត្តិ​ថ្មី​ទេ។
លោក យឹម សុវណ្ណ បាន​រៀបរាប់​អំពី​មូលហេតុ​នៃ​ការ​ទាមទារ​ផ្លាស់ប្ដូរ សមាសភាព​សមាជិក គ.ជ.ប នេះ​ថា គ.ជ.ប បច្ចុប្បន្ន​នេះ មិន​បាន​បំពេញ​ការងារ​តាម​តួនាទី​របស់​ខ្លួន ដែល​ច្បាប់​បាន​ចែង និង​ប្រគល់​ឲ្យ​ឡើយ។ ដូច្នេះ ដើម្បី​ឲ្យ​ការ​បោះឆ្នោត នៅ​ពេល​ខាង​មុខ​បាន​ប្រព្រឹត្ត​ទៅ​ឲ្យ​បាន​ត្រឹមត្រូវ​ល្អ មាន​តែ​ការ​ប្ដូរ សមាសភាព​សមាជិក គ.ជ.ប បច្ចុប្បន្ន​តែ​ប៉ុណ្ណោះ។
លោក យឹម សុវណ្ណ៖ «កន្លង​មក​នេះ យើង​ឃើញ​ថា គ.ជ.ប នេះ មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន ប្រកប​ដោយ​ឯករាជ្យ និង​អព្យាក្រឹត​ទេ។ គឺ​ជា​ឧបករណ៍​គណបក្ស​កាន់​អំណាច ដែល​បង្កើត​មក ដើម្បី​លួច​បន្លំ​សន្លឹក​ឆ្នោត​តែ​ប៉ុណ្ណឹង»។
អ្នក​នាំ​ពាក្យ​របស់​គណបក្ស សម រង្ស៊ី បាន​ពន្យល់​ថា នីតិវិធី​ក្នុង​ការ​រើស​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី ដែល​គណបក្ស សម រង្ស៊ី បាន​ស្នើសុំ​ឡើង កាល​ពី​ពេល​ថ្មីៗ នេះ គឺ​មាន​តម្លាភាព និង​តាម​និយាម​អន្តរជាតិ ហើយ​បាន​អនុវត្ត​នៅ​ប្រទេស​មួយ​ចំនួន បាន​ទទួល​ជោគជ័យ​ទៀត​ផង។
សំឡេង៖ «គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នៅ​តែ​រក្សា​ជំហរ​ដដែល។ សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ​ពិនិត្យ​មើល គម្រោង​របស់​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ពីព្រោះ​ជា​អ្វី ដែល​គេ​ធ្វើ​នៅ​ប្រទេស​ជិត​ខាង​ជើង បាន​ទទួល​ជោគជ័យ»។
លោក យឹម សុវណ្ណ បាន​បញ្ជាក់​ថា ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ សមាសភាព​សមាជិក គ.ជ.ប នេះ ក៏​មាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍ កាល​ពី​ពេល​ថ្មីៗ នេះ របស់​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​ផង​ដែរ។
ទាក់ទង​នឹង​ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ សមាសភាព​សមាជិក គ.ជ.ប នេះ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​មួយ ឈ្មោះ គណៈកម្មាធិការ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) មាន​ប្រសាសន៍​ថា ការ​ចាញ់​ឈ្នះ នៅ​ក្នុង​ការ​បោះឆ្នោត វា​ជា​រឿង​ធម្មតា​ទេ។ ប៉ុន្តែ ការ​ជឿ​ទុក​ចិត្ត​ទៅ​លើ​អ្នក​រៀបចំ​ការ​បោះឆ្នោត វា​ជា​រឿង​សំខាន់ ពីព្រោះ​ការ​ប្រកួត ដែល​មាន​អាជ្ញា​កណ្ដាល​ត្រឹមត្រូវ វា​ធ្វើ​ឲ្យ​អ្នក​ចាញ់​ទទួល​យក ដោយ​មិន​មាន​ការ​តវ៉ា។
លោក គល់ បញ្ញា៖ «ពេល​គេ​ចាញ់​ក៏​អស់​ចិត្ត ពេល​ឈ្នះ​ក៏​មាន​កិត្តិយស។ អា​នេះ​ជា​ចំណុច​សំខាន់។ វា​មិន​សំខាន់​ថា ដូរ គ.ជ.ប ទៅ វា​ប៉ះពាល់​អី​នោះ​ទេ។ ប៉ុន្តែ បើ​គេ​មិន​សុខ​ចិត្ត វា​មាន​បញ្ហា​ដដែល។ គេ​គិត​ថា លទ្ធផល​នោះ វា​ប៉ះពាល់។ រឿង​សំខាន់ គឺ​រឿង​មើល​អាប៊ីត និង​ការ​ចូលរួម​របស់​គណបក្ស ដែល​ប្រកួត​ប្រជែង​នោះ​តែ​ម្ដង»។
លោក គល់ បញ្ញា បញ្ជាក់​ថា ការ​មិន​ទុក​ចិត្ត អាច​បង្កើត​ជា​បញ្ហា​ចោទ​ប្រកាន់​ច្រើន​យ៉ាង​ណាស់ ពី​ព្រោះ​នៅ​ពេល​ណា គេ​មិន​ទុក​ចិត្ត​សមាសភាព គ.ជ.ប ថ្នាក់​ជាតិ​ហើយ រាល់​បញ្ហា​នានា ដែល​កើត​មាន​នៅ​ថ្នាក់​ខេត្ត ស្រុក ឃុំ គេ​មុខ​ជា​ចោទ​ថា រឿង​ហេតុ​នោះ កើត​ឡើង​ដោយសារ  គណៈកម្មាធិការ​ថ្នាក់​ជាតិ ណែ​នាំ​ជា​មិន​ខាន។
លោក គល់ បញ្ញា យល់​ថា ការ​ចូលរួម​ជ្រើសរើស​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ពី​សំណាក់​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ​ក្នុង​សភា គឺ​ជា​រឿង​ធម្មតា ដែល​មិន​ត្រូវ​មាន​ការ​តឹងតែង​ហាម​ឃាត់​ឡើយ។
ចំពោះ​តួនាទី​របស់ គ.ជ.ប កន្លង​មក លោក​នាយក​ប្រតិបត្តិ​នៃ​អង្គការ ខុមហ្រ្វែល បាន​រិះគន់​ថា មិន​បាន​ប្រើ​ឲ្យ​អស់​សមត្ថភាព និង​បង្ហាញ​ភាព​មិន​លំអៀង​របស់​ខ្លួន ឲ្យ​គណបក្ស​នយោបាយ និង​សាធារណជន​មាន​ជំនឿ​ឡើយ។
លោក គល់ បញ្ញា៖ «គ.ជ.ប មាន​កាតព្វកិច្ច ត្រូវ​តែ​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​នោះ មាន​ភាព​សេរី និង​យុត្តិធម៌។ អា​នេះ​មាន​ចែង​នៅ​ក្នុង​មាត្រា​ទី​១៦ ក្នុង​ច្បាប់​បោះឆ្នោត។ គាត់​មិន​អាច​បោះបង់​ចោល​ការ​ទទួល​ខុស​ត្រូវ​បាន​ទេ។ គឺ​ច្បាប់​សរសេរ​មិន​អស់​ទេ។ ឧទាហរណ៍ ច្បាប់​ចែង​ថា គ.ជ.ប អាច​ឲ្យ​គណបក្ស​នយោបាយ បង្ហាញ​របាយការណ៍​គណនេយ្យ​អំពី​ការ​ឃោសនា​បោះឆ្នោត។ ច្បាប់​គេ​ថា​អាច។ បើ គ.ជ.ប មាន​ឆន្ទៈ​ចង់​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​នេះ គឺ​យក​មាត្រា​នេះ មក​អនុវត្ត។ គឺ​ឲ្យ​គណបក្ស ធ្វើ​របាយការណ៍​អំពី​ការ​ចំណាយ​ក្នុង​ការ​ឃោសនា​បោះឆ្នោត។ ហើយ​ឲ្យ​គេ​ដឹង។ នេះ​បើ គ.ជ.ប មាន​ឆន្ទៈ អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ»។
ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នានា ចំពោះ គ.ជ.ប របស់​មន្ត្រី​គណបក្ស​នយោបាយ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល លោក ទេព នីថា អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត មាន​ប្រសាសន៍​ថា ការ​រិះគន់ គ.ជ.ប នេះ មាន​តាំង​ពី​យូរ​មក​ហើយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ គ.ជ.ប បាន​រៀបចំ​ការ​បោះឆ្នោត បាន​ជោគជ័យ និង​បាន​ទទួល​ការ​កោត​សរសើរ​ពី​មតិ​សាធារណជន​មួយ​ចំនួន​ដែរ។
លោក ទេព នីថា៖ «អ៊ី​ចឹង​ទេ ការ​លើក​ឡើង​នេះ វា​ជា​ការ​ធម្មតា​ទៅ​ហើយ។ លទ្ធផល​ដែល គ.ជ.ប ទទួល​បាន​ពី​អាណត្តិ​ទី​១ មក​ដល់​ពេល​នេះ គឺ​អនុវត្ត​បាន​សម្រេច​ទៅ​តាម​ច្បាប់ ដែល​ប្រគល់​ភារកិច្ច​ឲ្យ​ខ្លួន ប្រកប​ដោយ​ជោគជ័យ។ បើ​ទោះ​បី​ជា​មិន​បាន ១០០% ក៏​ដោយ។ ប៉ុន្តែ គឺ​គេ​អាច​ទទួល​បាន នៅ​ក្នុង​បរិបទ​ប្រទេស​កម្ពុជា»។
នៅ​ថ្ងៃ​ទី ១១ ខែ​តុលា​នេះ រដ្ឋសភា​កម្ពុជា នឹង​អនុម័ត​ជ្រើស​តាំង​សមាសភាព​សមាជិក គ.ជ.ប អាណត្តិ​ថ្មី សម្រាប់​រយៈ​ពេល ៥ ឆ្នាំ។ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា តើ​គណបក្ស​នយោបាយ​ប្រឆាំង នៅ​កម្ពុជា នឹង​អនុវត្ត​ទៅ​តាម​ការ​ប្រកាស​របស់​ខ្លួន​ថា មិន​ចូលរួម​បោះឆ្នោត​ជាតិ​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ថ្មី បើ​សិន​ជា​មិន​មាន​ការ​ដូរ​សមាសភាព​មន្ត្រី គ.ជ.ប បច្ចុប្បន្ន ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ?

No comments:

Post a Comment

yes