អតីតទាហានខ្មែរក្រហម និងក្រុមគ្រួសារកងទ័ព ដែលចូលសមាហរណកម្មជាមួយរដ្ឋាភិបាល កាលពីឆ្នាំ១៩៩៦ បានរិះគន់អាជ្ញាធរនៅឃុំតេជោអភិវឌ្ឍន៍៣១៧ ថា បានបដិសេធមិនទទួលស្គាល់កម្មសិទ្ធិដីដែលពួកគាត់បានទទួលដោយសារការធ្វើសមាហរណកម្ម និងបានវាស់វែងដីសម្បទានទាំងនោះទៅឲ្យអ្នកភូមិចំណូលថ្មី។
លោក ទូច ហឿង អតីតទាហានខ្មែរក្រហម និងបច្ចុប្បន្នជាទាហានក្នុងកងពលតូច៣១ នៅវរៈសេនាតូចការពារកោះតាង លេខ៣ ឲ្យដឹងនៅថ្ងៃទី២៤ ខែកញ្ញា ថា អតីតទាហានខ្មែរក្រហម និងគ្រួសារកងទ័ព កើតទុក្ខមិនសុខចិត្តចំពោះអាជ្ញាធរឃុំតេជោអភិវឌ្ឍន៍៣១៧ ក្នុងស្រុកឈូក ខេត្តកំពត ដែលបានប្រកាសមិនទទួលស្គាល់សិទ្ធិកាន់កាប់ដីសមាហរណកម្មរបស់អ្នកភូមិចំនួន ៨០គ្រួសារ ដែលរដ្ឋាភិបាលផ្តល់ឲ្យ កាលពីឆ្នាំ១៩៩៩ បើទោះបីជាពួកគាត់មានបង្កាន់ដៃទទួលដីសមាហរណកម្មពីអាជ្ញាធរ កាលពីសម័យនោះក៏ដោយ។
អតីតទាហានខ្មែរក្រហមរូបនេះ រៀបរាប់ថា ក្រោយធ្វើសមាហរណកម្មជាមួយរដ្ឋាភិបាល កាលពីឆ្នាំ១៩៩៦ មក នៅឆ្នាំ១៩៩៩ រដ្ឋាភិបាលបានចែកដីទំហំ ៥ហិកតារក្នុងមួយគ្រួសារ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដល់អតីតទាហានខ្មែរក្រហម ក្នុងកងពល៣០៥ ដោយមានអាជ្ញាធរទទួលស្គាល់។ កងពល៣០៥ បច្ចុប្បន្នបានប្ដូរទៅជាកងពលតូចលេខ៣១ ហើយអតីតទាហានខ្មែរក្រហមខ្លះ កំពុងឈរជើងនៅវរៈសេនាតូចការពារកោះតាង លេខ៣ នៅវរៈសេនាតូចការពារកោះប៉ូឡូវ៉ៃ លេខ៥ និងនៅវរៈសេនាតូចការពារកោះរ៉ុង លេខ១។ រីឯគ្រួសាររបស់កងទ័ព បានបង្កបង្កើនផល ដាំចម្ការដូងស្វាយ និងធ្វើស្រែរាល់ឆ្នាំលើដីសម្បទាននោះរហូតដល់បច្ចុប្បន្ន។
លុះដល់ឆ្នាំ២០០៥ ដីសម្បទានសង្គមកិច្ច ស្ថិតក្នុងឃុំត្រែងត្រយឹង ក្នុងខេត្តកំពង់ស្ពឺ នោះ ត្រូវបានមន្ត្រីសុរិយោដី ផ្ទេរឲ្យស្ថិតក្រោមការគ្រប់គ្រងក្នុងឃុំតេជោអភិវឌ្ឍន៍៣១៧ ក្នុងស្រុកឈូក ខេត្តកំពត វិញ។
លោក ទូច ហឿង បន្តថា អ្នកភូមិមិនបានដឹងពីការផ្ទេររបស់មន្ត្រីជំនាញនោះទេ រហូតដល់អាជ្ញាធរឃុំបានប្រកាសជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមិថុនា កន្លងទៅថា ដីសមាហរណកម្មទាំងនោះស្ថិតក្នុងឃុំតេជោអភិវឌ្ឍន៍៣១៧ ក្នុងខេត្តកំពត ហើយលែងស្ថិតក្រោមការគ្រប់គ្រងរបស់ខេត្តកំពង់ស្ពឺ ទៀតហើយ។ ក្រោយពីប្រកាសនោះ អាជ្ញាធរឃុំ និងឈ្មួញមួយចំនួន បានចុះវាស់វែងដីរបស់ពួកគាត់យកទៅបែងចែកឲ្យអ្នកភូមិចំណូលថ្មីប្រមាណ ៥០គ្រួសារ និងបដិសេធដីសមាហរណកម្មរបស់ពួកគាត់ ដោយប្រាប់ថា ដីសមាហរណកម្មទាំងនោះអស់សុពលភាព។
លោក ទូច ហឿង៖ «គឺចាត់ទុកថា សម័យសមាហរណកម្មហ្នឹង គេមិនទទួលស្គាល់ ហួសអាណត្តិ ហួសអីអ៊ីចឹង អស់សុពលភាពម៉េចទេ។ ប្លង់ដីអស់ហ្នឹង អ៊ីចឹងបានថា អាជ្ញាធរគាត់គាបសង្កត់រំលោភបំពាន សូម្បីតែអ្នកភូមិនៅតាំងពីអើយមានស្រែ មានស្វាយ មានត្នោត ដើមដូងអីអ៊ីចឹងទៅ ស្រែអ្នកភូមិធ្វើតាំងពីអើយ តែក្រោយមកអាជ្ញាធរគាត់មិនសូវទទួលដឹងលឺ ចាត់ទុកថានៅអានាធិបតេយ្យអ៊ីចឹង។ គាបសង្កត់យកប៉េអឹម មកហាមឃាត់ ហើយត្រង់ថាពួកគាត់យកអ្នកថ្មីៗអ្នកអីណាមកចែកដីចែកធ្លានៅម្តុំខាងខ្ញុំហ្នឹង ចែកដីចែកធ្លីជាទស្សនៈរបស់គាត់ គាត់រៀបចំម៉េចម៉ាខ្ញុំមិនសូវដឹងដែរ ប៉ុន្តែដីហ្នឹងសុទ្ធជាដីកងទ័ព»។
លោកស្រី ក្រួច ស៊ីណា គ្រួសារកងទ័ពម្នាក់ក្នុងចំណោមគ្រួសារកងទ័ពឯទៀត ដែលទទួលដីសមាហរណកម្មពីរដ្ឋាភិបាល ឲ្យដឹងស្រដៀងគ្នាដែរថា ក្រោយពីដីសម្បទាននេះប្រកាសជាផ្លូវការកាត់ចូលក្នុងការគ្រប់គ្រងខេត្តកំពត អាជ្ញាធរតាំងពីថ្នាក់ភូមិរហូតដល់ថ្នាក់ស្រុក បានបោះសម្ដីជារឿយៗ ដេញអតីតទាហានខ្មែរក្រហម និងគ្រួសារកងទ័ព ឲ្យទៅរស់នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ វិញ ហើយថា ដីដែលកាត់ចូលក្នុងខេត្តកំពត នោះ មិនមែនជាដីរបស់ពួកគាត់ទៀតទេ ហើយដីសមាហរណកម្មក៏លែងមានទៀតដែរ។ លោកស្រីស្នើសុំឲ្យប្រមុខរដ្ឋាភិបាលជួយអន្តរាគមន៍ករណីនេះឡើងវិញ ហើយថា ពួកគាត់គ្មានដីឯទៀតសម្រាប់ស្នាក់នៅ និងបង្កបង្កើនផលបានឡើយ ប្រសិនបើអាជ្ញាធរពិតជាដកហូតដីសមាហរណកម្មនោះយកទៅវិញ។
លោកស្រី ក្រួច ស៊ីណា៖ «សូមឲ្យសម្ដេចជួយ ព្រោះដីនេះជាដីសម្ដេចបានសម្បទានឲ្យកូនចៅសម្រាប់បង្កបង្កើនផល ឲ្យកងទ័ព និងប្រជាពលរដ្ឋមានតែសម្ដេចទេ ដែលអាចដោះស្រាយជូនពួកខ្ញុំជាប្រជាពលរដ្ឋនេះបាន។ បើអ៊ីចឹង គ្មាននរណាជួយបានទេ គេមើលងាយពេបជ្រាយដល់គ្រួសារទ័ពណាស់ គេដៀលទ័ព ដៀលសុទ្ធតែទ័ពដាច់យ៉ៃ ឲ្យវាទៅងាប់ទៅបើវានៅហ្នឹងកោះឲ្យវាងាប់ឲ្យឆាប់ទៅកុំឲ្យវាមកតវ៉ារឿងដីធ្លីទៀត នេះជាកេរ្តិ៍របស់គាត់ដែលគាត់បានចែកក្នុងគោលនយោបាយឈ្នះៗកន្លងមក»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីលោក ខួយ ឃុនហួរ អភិបាលខេត្តកំពត និងលោក ឃឹម ហម អភិបាលស្រុកឈូក បានទេ នៅថ្ងៃទី២៤ ខែកញ្ញា ដោយលោកបានបិទទូរស័ព្ទ។
អតីតទាហានខ្មែរក្រហម និងគ្រួសារកងទ័ព មានចម្ងល់ថា តើដីសមាហរណកម្មអាចផុតសុពលភាពដូចកាតប្រជាជន ឬម្ហូបកំប៉ុងមែនឬ?
ចំពោះចម្ងល់នេះ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ពន្យល់ថា ប្រសិនបើអតីតខ្មែរក្រហមមានលិខិតឯកសារពីរដ្ឋាភិបាលពីការប្រគល់ដីសមាហរណកម្មជូនពួកគាត់ សុពលភាពនៅតែមាន ប្រសិនបើរដ្ឋាភិបាលនៅតែទទួលស្គាល់។
ម្យ៉ាងវិញទៀត បើទោះបីជាដីនោះកាត់ចូលក្នុងដែនខេត្តណាក៏ដោយ ក៏សុពលភាពនៅតែមានដដែល ប្រសិនបើរដ្ឋាភិបាលនៅតែទទួលស្គាល់លើលិខិតស្នាមនោះ។ មិនមែនមានន័យថា ដីដែលធ្លាប់ស្ថិតក្នុងខេត្តកំពង់ស្ពឺ ហើយពេលស្ថិតក្រោមការគ្រប់គ្រងខេត្តកំពត វិញ ត្រូវអស់សុពលភាពនោះទេ។ ក្នុងករណីនេះ លោកថា អាជ្ញាធរអាចផ្ទេរបែបបទរដ្ឋបាលគ្រប់គ្រង ប៉ុន្តែ ដីអ្នកណាកាន់កាប់ នៅតែជារបស់អ្នកនោះដដែល៖ «មិនមែនថា ដីនោះមុនកំពង់ស្ពឺ ឥឡូវកាត់ទៅកំពត អស់សុពលភាព គឺអត់ទេ។ ដីនៅតែដី គ្រាន់តែថាផ្ទេរបែបបទនៃរដ្ឋបាលគ្រប់គ្រងអាហ្នឹងជាការផ្ទេរបែបបទរដ្ឋបាល ប៉ុន្តែ ដីអ្នកណាកាន់កាប់ នៅតែជារបស់អ្នកនោះដដែល»។
ប្រភពពីអ្នកភូមិ បានឲ្យដឹងថា អតីតទាហានខ្មែរក្រហម ២នាក់ និងស្ត្រីជាគ្រួសារកងទ័ពម្នាក់ កំពុងស្ថិតក្នុងបណ្ដឹងព្រហ្មទណ្ឌរបស់តុលាការខេត្តកំពត ដោយមានឈ្មួញម្នាក់បានប្ដឹងពួកគាត់ ពីបទប្រើអំពើហិង្សា រំលោភបំពានលើអចលនទ្រព្យ។ អ្នកភូមិបានបដិសេធថា ពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ តែការប្ដឹងផ្តល់ទៅតុលាការនោះ ជាការគំរាមខាងស្មារតី មិនឲ្យអ្នកភូមិតវ៉ាទាមទារដីនោះមកវិញ៕
No comments:
Post a Comment
yes