សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 25, 2012

ពលរដ្ឋ​ស្ទឹងត្រែង៖ ដី​ចំណត​យន្តហោះ​ត្រូវ​គេ​បែង​ចែក​និង​លក់​ឲ្យ​ឯកជន


អតីត​ដី​ចំណត​យន្តហោះ​នៅ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ដែល​អាជ្ញាធរ​គ្រោង​ទុក​ធ្វើ​ជា​តំបន់​អភិវឌ្ឍន៍​ទី​រួម​ស្រុក រហូត​បច្ចុប្បន្ន​មាន​សេចក្តី​រាយការណ៍​ថា ត្រូវ​បាន​គេ​បែង​ចែក​ជា​ដី​ឡូត៍​លក់​ជា​លក្ខណៈ​ឯកជន និង​ចែក​ទៅ​ឲ្យ​បុគ្គល​ជា​មន្ត្រី​រាជការ​អស់​មួយ​ចំណែក​ធំ​ហើយ។
ប្រជាពលរដ្ឋ​នៅ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ចន្ទ ទី២៤ ខែ​កញ្ញា ឆ្នាំ​២០១២ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស៊ើប​អង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បែង​ចែក និង​លក់​ដី​តំបន់​អភិវឌ្ឍន៍​ស្រុក​ទៅ​ឲ្យ​ឯកជន។
ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​សេកុង ស្រុក​សៀមប៉ាង មួយ​រូប​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ជាង ១០គ្រួសារ​បាន​ទៅ​សាង​សង់​ផ្ទះ និង​មាន​ប្រជាពលរដ្ឋ​ប្រមាណ ២០​ម្ចាស់​ទៀត បាន​ទទួល​លិខិត​ប្រគល់​ដី​ពី​អាជ្ញាធរ​ស្រុក លើ​ដី​តំបន់​អភិវឌ្ឍន៍​នោះ។

ប្រជាពលរដ្ឋ​ដដែល​នោះ​បាន​បន្ត​ថា មន្ត្រី​រាជការ​សាលា​ស្រុក​សៀមប៉ាង និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ កំពុង​ព្រួយ​បារម្ភ​ថា ដី​តំបន់​អភិវឌ្ឍន៍​នោះ​នឹង​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​ឯកជន​អស់ ប្រសិន​អាជ្ញាធរ​ខេត្ត​មិន​មាន​វិធានការ​ទប់ស្កាត់​ករណី​លក់​ដូរ​ដីធ្លី​ទ្រព្យសម្បត្តិ​រដ្ឋ​នោះ​ទេ៖ «ដី​ហ្នឹង ដី​រដ្ឋ​ទាំង​អស់ ដី​ប្រលាន​យន្តហោះ ដី​សម្រាប់​ទី​ទួល​សុវត្ថិភាព នៅ​ពេល​ទឹក​ជំនន់ ប្រជាពលរដ្ឋ​អាច​ទៅ​រស់នៅ​លើ​ទឹក​ដី​ហ្នឹង​បាន។ មន្ត្រី​ធំៗ​នៅ​ក្នុង​ស្រុក​ហ្នឹង​ហើយ​ដែល​គេ​បង្កើត​កម្មវិធី​វាស់​ដី​កន្លែង​ហ្នឹង ចែក​ចាយ​គ្នា ហើយ​លក់​ឲ្យ​ប្រជាពលរដ្ឋ»
អតីត​ដី​ចំណត​យន្តហោះ​នៅ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង មាន​ប្រវែង​ជាង ៤គីឡូ​ម៉ែត្រ និង​ទទឹង​ជាង ៣០០​ម៉ែត្រ កសាង​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម សម្រាប់​យន្តហោះ​ធុន​តូច​ចុះ​ចត ជាពិសេស សម័យ​អាជ្ញាធរ​បណ្ដោះ​អាសន្ន​អង្គការ​សហប្រជាជាតិ (អ៊ុនតាក់=UNTAC) ក៏​បាន​ប្រើប្រាស់​ចំណត​យន្តហោះ​នេះ​សម្រាប់​ចុះ​ចត​យន្តហោះ​ក្នុង​បេសកកម្ម​រៀបចំ​សន្តិភាព​នៅ​ប្រទេស​កម្ពុជា ដែរ។
ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​សៀមប៉ាង ឲ្យ​ដឹង​ថា ចាប់​ពី​ក្រោយ​ថ្ងៃ​រំដោះ ៧មករា ឆ្នាំ​១៩៧៩ ប្រជាពលរដ្ឋ​ដែល​ចូល​មក​រស់នៅ​តំបន់​ជិត​នោះ បាន​ប្រើប្រាស់​ចំណត​យន្តហោះ​ស្រុក​សៀមប៉ាង ធ្វើ​ជា​ទី​ទួល​សុវត្ថិភាព​ពេល​មាន​ទឹក​ជំនន់ ហើយ​អាជ្ញាធរ​ស្រុក​ក៏​ត្រៀម​ទុក​ដី​នោះ​សម្រាប់​អភិវឌ្ឍន៍​សាង​សង់​ជា​ទី​រួម​ស្រុក​ថ្មី​ទៀត​ផង។
មេ​ឃុំ​សេកុង លោក ចាន់ សុខា ទទួល​ស្គាល់​ថា ពិត​ជា​មាន​ប្រជាពលរដ្ឋ​ទៅ​សាង​សង់​ផ្ទះ​នៅ​តំបន់​អភិវឌ្ឍន៍​នោះ​មែន ដោយ​សារ​មាន​ការ​ឯកភាព​ពី​អាជ្ញាធរ​មូលដ្ឋាន។ ក៏ប៉ុន្តែ លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លំអិត​ពី​មូលហេតុ​នៃ​ការ​អនុញ្ញាត​នោះ​ទេ ហើយ​លោក​ជំរុញ​ឲ្យ​សួរ​បញ្ហា​នេះ​ទៅ​លោក​អភិបាល​ស្រុក​វិញ៖ «ទាំង​អស់​គ្នា​ហ្នឹង ហើយ​គេ​ឲ្យ​សាង​សង់​តាម​ផ្លូវ​ណា! គេ​ស្នើសុំ​ពី​ថ្នាក់​ជាតិ​ហើយ។ អញ្ចេះ ខ្ញុំ​មិន​សូវ​ច្បាស់​ទាក់​ទង​ទៅ​អភិបាល​ស្រុក​ណា!»
អភិបាល​ស្រុក​សៀមប៉ាង លោក ស៊ី សួន បដិសេធ​សេចក្តី​ចោទ​ប្រកាន់​ទាំង​អស់​នោះ។ លោក​ឆ្លើយ​បំភ្លឺ​ថា អតីត​ដី​ប្រលាន​យន្តហោះ​នោះ គឺ​អតីត​អាជ្ញាធរ​ស្រុក​អាណត្តិ​មុន បាន​គ្រោង​ធ្វើ​ជា​តំបន់​រដ្ឋបាល​ស្រុក និង​បាន​បែង​ចែក​ជូន​មន្ត្រី​រាជការ ហើយ​បន្ត​មក​ដី​នោះ​បាន​ផ្ទេរ​បន្ត​ពី​ប្រជាពលរដ្ឋ​ម្នាក់​ទៅ​ម្នាក់​តែ​ប៉ុណ្ណោះ។
ចំណែក​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ឡូយ សុផាត បដិសេធ​ថា អាជ្ញាធរ​ខេត្ត​មិន​មាន​គោលការណ៍​ឲ្យ​បែង​ចែក ឬ​លក់​ដី​នោះ​ទេ៖ «ទេ! ខ្ញុំ​ដូច​អត់​មាន​គោលការណ៍​អ្វី​ផង។ ចាំ​មើល​ខ្ញុំ​សួរ​សិន ព្រោះ​អត់​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​ការ​បែង​ចែក»
ប្រភព​មន្ត្រី​ក្រុម​ប្រឹក្សា​ស្រុក​សៀមប៉ាង មួយ​រូប​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា កាល​ពី​ដើម​ឆ្នាំ​២០១២ មន្ត្រី​ក្រុម​ប្រឹក្សា​ស្រុក បាន​ប្រជុំ​អនុម័ត​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ លក់​ដី​ទីតាំង​សាលា​ស្រុក​បច្ចុប្បន្ន ដើម្បី​យក​ប្រាក់​ទៅ​សាង​សង់​សាលា​ស្រុក​ថ្មី​លើ​ដី​អភិវឌ្ឍន៍​របស់​ស្រុក ក៏ប៉ុន្តែ មិន​ទាន់​ឃើញ​មាន​លិខិត​ឆ្លើយ​តប​បែប​ណា​ពី​មន្ត្រី​ក្រសួង​មហាផ្ទៃ ទាក់​ទិន​ការ​ស្នើសុំ​នោះ​ទេ។
យ៉ាង​នេះ​ក្តី មន្ត្រី​ស្រុក​សៀមប៉ាង ដដែល​ឲ្យ​ដឹង​ថា ដី​តំបន់​អភិវឌ្ឍន៍​ស្រុក​ដែល​ប្រជាពលរដ្ឋ​ទៅ​តាំង​ទីលំនៅ ត្រូវ​គេ​បែង​ចែក​ជា​ដី​ឡូត៍​លក់​តម្លៃ​ប្រមាណ​ពី ១ពាន់​ដុល្លារ​ទៅ ៣ពាន់​ដុល្លារ ហើយ​ដី​មួយ​ចំណែក​ទៀត ត្រូវ​គេ​ចែក​ទៅ​ឲ្យ​មន្ត្រី​ស្រុក ដែល​មាន​បក្ខពួក​តែ​ប៉ុណ្ណោះ៕

No comments:

Post a Comment

yes