សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 24, 2012

ប្រាក់ខែ​គ្រូ​បង្រៀន​ទាប​កំពុង​ជះ​ឥទ្ធិពល​លើ​គុណភាព​សិក្សា!

សិស្ស​រៀន​គួរ​បន្ថែម
សិស្ស​រៀន​គួរ​បន្ថែម

មិនមែន​តែ​កូន​សិស្ស​ទេ​ដែល​រត់​ចេញ​ពី​សាលា​រដ្ឋ​ ប៉ុន្តែ​​គ្រូ​បង្រៀន​មួយ​ចំនួន​ក៏​រត់​ចេញ​ដែរ។ កូន​សិស្ស​រត់​ចេញ​ពី​សាលា​រដ្ឋ ​គឺ​ដោយសារ​តែ​គុណភាព​សិក្សា​ ប៉ុន្តែ​សម្រាប់​គ្រូ​បង្រៀន​វិញ​គឺ​ដោយសារ​តែ​រឿង​ក្រពះ។ តើ​អ្វី​ទៅ​ជា​ផល​ប៉ះពាល់​មក​លើ​វិស័យ​អប់រំ​នៅពេល​ដែល​ក្រពះ​គ្រូ​បង្រៀន​ស្រែក​ឃ្លាន​នោះ?។
នៅ​សល់​តែ​ពីរ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​​ពិភពលោក​ទាំង​មូល​នឹង​រៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក។ ចំណែក​ឯ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឯណេះ​វិញ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​​មិន​អាច​បំភ្លេច​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ​បាន​ឡើយ។
 
ជាក់ស្តែង កាល​ពី​សប្តាហ៍​កន្លង​មក​នេះ​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ដាក់​លិខិត​ទៅកាន់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ដើម្បី​​សុំ​ធ្វើ​ការ​រៀបចំ​ពិធី​សម្រាប់​គ្រូបង្រៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ព្រឹត្តិការណ៍​ដើម្បី​រម្លឹក​គុណ​ដល់​លោក​គ្រូ​អ្នកគ្រូ​គឺ​ជា​ឳកាស​ដែល​មិន​អាច​បំភ្លេច​បាន​ឡើយ​។ ប៉ុន្តែ​អ្វី​ដែល​ជាការ​កត់​សម្គាល់​សម្រាប់​ប្រទេស​កម្ពុជា​គឺ​ថា ទិវា​គ្រូ​បង្រៀន​នៅ​ឆ្នាំ​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​ប្រាក់​ខែ​គ្រូបង្រៀន​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​និង​ចំ​ពេល​ដែល​គ្រូ​បង្រៀន​នៅ​សាលារដ្ឋ​មួយ​ចំនួន​កំពុង​ចាកចេញ​ទៅ​បង្រៀន​នៅសាលា​ឯកជន​​ឬ​ទៅ​បើក​បង្រៀន​ជា​លក្ខណៈ​ឯកជន​ដោយ​ខ្លួន​ឯង​កាន់​តែ​ច្រើន​ឡើង។

 
ប្រាក់ខែ​គ្រូ​បង្រៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​រិះគន់​ថា មាន​កម្រិតទាប​បើប្រៀបធៀប​ទៅ​នឹង​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ។ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​បញ្ជាក់​ថា គ្រូ​បង្រៀន​នៅក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​ប្រាក់ខែ​ក្នុង​ចន្លោះពី​៥០​ទៅ​១០០​ដុល្លារ​អាមេរិក​អាស្រ័យ​ទៅ​លើ​អតីតភាព​និង​កម្រិត​​បង្រៀន​របស់​គ្រូម្នាក់​ៗ​។
 
បើ​យោង​តាម​លោក រ៉ុង ឈុន ប្រាក់ខែ​កម្រិត​នេះ​មិន​អាច​អនុញ្ញត​អោយ​គ្រូ​បង្រៀន​រស់​បាន​សមរម្យ​ទេ​ប្រសិន​បើ​ពួកគេ​មិន​ប្រកប​មុខ​របរ​ផ្សេង​នោះ។ ដោយសារ​តែ​ប្រាក់ខែ​រដ្ឋ​មិន​គ្រប់គ្រាន់​នេះ​ហើយ ទើប​គ្រូ​បង្រៀន​មួយ​ចំនួន​នាំគ្នា​ទៅ​បង្កើត​មុខរបរ​ទីពីរ​របស់​ខ្លួន​។ អ្នកខ្លះ​បង្កើត​មុខ​របរ​លក់ដូរ​តូចតាច​នៅ​តាមផ្ទះ អ្នកខ្លះ​ធ្វើ​ចម្ការ​នៅ​ក្បែរ​ផ្ទះ អ្នកខ្លះ​លក់នំ​អោយ​កូន​សិស្ស​អ្នកខ្លះ​សុំ​ប្រាក់​ពី​កូន​សិស្ស​ត្រង់ៗ អ្នកខ្លះ​លក់​ឯកសារ​ចម្លង​អោយ​កូន​សិស្ស អ្នកខ្លះ​ទៀត​បង្រៀន​គួរ​នៅ​ក្នុង​ថ្នាក់​ឬ​បង្រៀន​គួរ​នៅ​តាម​ផ្ទះ​របស់​សិស្ស​ជាដើម។
 
ទាំងអស់​នេះ​គឺ​ជា​យុទ្ធសាស្រ្ត​របស់​គ្រូ​បង្រៀន​ម្នាក់​ៗ​ដើម្បី​ទទួល​បាន​មក​វិញ​នៅ​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​រស់​នៅ​ថ្ងៃ​ស្អែក​បន្ត​ទៀត។
 
អ្វី​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ​គឺ​ជា​ប្រភេទ​គ្រូ​បង្រៀន​មួយ​ក្រុម។ រីឯ​គ្រូ​បង្រៀន​មួយ​ក្រុម​ទៀត​​ដែល​មាន​បទ​ពិសោធន៍​ល្អ​ហើយ​ត្រូវ​បាន​កូន​សិស្ស​ល្បី​ថា​ពូកែ​នោះ ពួកគេ​បាន​រត់​ចេញ​ពី​សាលារដ្ឋ​ទៅ​បង្រៀន​នៅ​សាលា​ឯកជន​ឬ​ទៅ​បើក​បង្រៀន​គួរ​ឯកជន​ដោយ​ខ្លួនឯង​តែ​ម្តង។ ក្រុម​គ្រូ​បង្រៀន​ប្រភេទ​ទីពីរ​នេះ​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ ​ជាង​ការ​បង្រៀន​នៅ​ក្នុង​សាលារដ្ឋ​ច្រើន​ណាស់។
 
តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​គ្រូ​បង្រៀន​ទៅ​បង្កើត​មុខ​របរ​ទីពីរ​នោះ? 
 
 
ចម្លើយទី​មួយ​ដែល​ត្រូវ​ឆ្លើយ​គឺថា​វា​ជា​ការ​ល្អ​ពីព្រោះ​ការ​បង្កើត​មុខរបរ​ទី​ពីរ​នេះ​អនុញ្ញត​អោយ​គ្រូ​បង្រៀន​អាច​បង្កើន​ប្រាក់​ចំណូល​ប្រចាំ​គ្រួសារ​បាន​បន្ថែម​ទៀត។
 
ប៉ុន្តែ​ប្រសិន​បើ​គេ​វាយ​តម្លៃ​ដោយ​ផ្អែក​លើ​លក្ខណៈ​គរុកោសល្យ​អប់រំ​វិញ នៅ​ពេល​ដែល​គ្រូ​បង្រៀន​ម្នាក់​ធ្វើការ​ច្រើន​ជ្រុល​ពេក ជាពិសេស​ការងារ​ដែល​មិន​ទាក់ទង​ទៅ​នឹង​ការ​បង្រៀន​ទៀត​នោះ ពេល​នោះ គ្រូ​បង្រៀន​ម្នាក់​នោះ ពិតជា​មិន​មាន​ពេល​សម្រាប់​ត្រៀម​មេរៀន​ឡើយ។ បើ​គ្រូ​បង្រៀន​បង្រៀន​កូន​សិស្ស​ដោយ​មិន​បាន​ត្រៀម​មេរៀន​អោយ​ត្រឹមត្រូវ​ទុក​ជាមុន​នោះ​ទេ ការ​បង្រៀន​ពិតជា​មិនមាន​គុណភាព​ឡើយ។
 
ម្យ៉ាងវិញទៀត ដោយ​មិន​និយាយ​ពី​ការ​ត្រៀម​មេរៀន​ក៏​ដោយ​ចុះ នៅ​ពេល​ដែល​គ្រូ​បង្រៀន​ម្នាក់​ធ្វើការ​ច្រើន​ម៉ោង​ដើម្បី​ទទួល​បាន​កម្រៃ​ក្រៅ ហើយ​ដល់​ពេល​បង្រៀន​ទើប​ចូល​មក​បង្រៀន​នោះ តើ​គ្រូ​បង្រៀន​នោះមាន​កម្លាំង​បង្រៀន​ពិតប្រាកដ​ឬ​ទេ? ចម្លើយ​ទៅ​នឹង​សំណួរ​នេះ​គឺ​ពិតជា​គ្មានឡើយ។ អ៊ីចឹង ជាលទ្ធផល គុណភាព​សិក្សា​នៅ​ក្នុង​ម៉ោង​នោះ​គឺ​ពិត​ជា​គ្មាន។
អ្វី​ដែល​គួរ​អោយ​ព្រួយបារម្ភ​ជាង​នេះ​ទៅ​ទៀត​គឺ​ថា គ្រូ​បង្រៀន​មួយ​ចំនួន​ដែល​រវល់​បង្រៀន​ឯកជន​ច្រើន​នៅ​ខាង​ក្រៅ​ពួកគេ​មិន​សូវ​​ខ្វល់ខ្វាយ​នឹង​ការ​បង្រៀន​នៅ​ក្នុង​សាលារដ្ឋ​ទេ។ អ្នកខ្លះ​គ្រាន់តែ​ចូល​ក្នុង​ថ្នាក់​ហើយ​បង្រៀន​លេងៗ​តែ​ប៉ុណ្ណោះ​។ ផ្ទុយ​ទៅ​វិញ ពួកគេ​ទុក​កម្លាំង​ដើម្បី​បង្រៀន​គួរ​នៅ​ខាងក្រៅ​ឬ​បង្រៀន​នៅ​សាលា​ឯកជន​ទៅវិញ។
 
ក្នុង​រយៈពេល​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា មិនមែន​តែ​កូន​សិស្ស​ទេ​ដែល​រត់​ចេញ​សាលា​រដ្ឋ​សូម្បី​តែ​គ្រូ​បង្រៀន​មួយ​ចំនួន​ក៏​ពួកគេ​រត់​ចេញ​ពី​សាលា​រដ្ឋ​ដែរ។ មាន​មូលហេតុ​ពីរ​ផ្សេង​គ្នា។ កូន​សិស្ស​រត់​ចេញ​ពី​សាលារដ្ឋ​គឺ​ដោយសារ​គុណភាព​សិក្សា​នៅ​សាលារដ្ឋ​អន់​ពេក។ រីឯ​គ្រូ​បង្រៀន​វិញ​គឺ​ដោយសារ​ប្រាក់​ខែ​នៅ​សាលារដ្ឋ​ទាបពេក។
 
សរុប​សេចក្តី​មក​វិញ ដើម្បី​លើក​កម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា មិន​ថា​នៅ​ក្នុង​សាលារដ្ឋ​ឬ​ឯកជន​នោះ​ទេ ការ​ដំឡើង​ប្រាក់​ខែ​ជូន​គ្រូ​បង្រៀន​គឺ​ជា​រឿង​ចាំបាច់​មិនអាច​ប្រកែក​បាន​ឡើយ។​នៅពេល​ដែល​គ្រូ​បង្រៀន​មាន​ប្រាក់​ខែ​សមរម្យ ពេល​នោះគ្រូ​បង្រៀន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ត្រៀម​ការ​បង្រៀន ហើយ​នៅ​ទី​បំផុត គុណភាព​អប់រំ​នឹង​​ត្រូ​វបានកែ​លម្អរ​ឡើង​វិញ៕

No comments:

Post a Comment

yes