សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 24, 2012

អ្នកស្រី អ៊ុងសាន ស៊ូជី៖ អ្នក​នយោបាយ​ត្រូវ​គិត​ពី​ប្រយោជន៍​ជាតិ​ធំ​ជាង​មោទនភាព​ខ្លួន


មេ​ដឹកនាំ​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ ភូមា (មីយ៉ាន់ម៉ា) អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) កាល​ពី​ថ្ងៃ​ទី១៨ ខែ​កញ្ញា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា អ្នក​នយោបាយ​ត្រូវ​គិត​ពី​ផល​ប្រយោជន៍​ជាតិ​ធំ​ជាង​មោទនភាព​របស់​ខ្លួន។
RFA
អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) [ឆ្វេង] ក្នុង​ពេល​ទស្សនកិច្ច​នៅ​វិទ្យុ​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ កញ្ញា ឆ្នាំ​២០១២។
ថ្លែង​ទៅ​កាន់​បុគ្គលិក​វិទ្យុ​អាស៊ីសេរី នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​វិទ្យុ​អាស៊ីសេរី ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន អ្នកស្រី អ៊ុងសាន ស៊ូជី បាន​រៀបរាប់​ពី​ឆន្ទៈ​នយោបាយ​របស់​អ្នកស្រី ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព​ឲ្យ​ពលរដ្ឋ​ភូមា តាម​រយៈ​យន្តការ​សន្តិភាព ស្រប​តាម​ទ្រឹស្ដី​នយោបាយ​បែប​ប្រជាធិបតេយ្យ៖ «នៅ​ក្នុង​ជីវិត​ជា​អ្នក​នយោបាយ អ្នក​ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​សម្រុះ​សម្រួល​ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ​ជា​ធំ។ អ្នក​នយោបាយ​មិន​ត្រូវ​ឈរ​លើ​អំនួត​អួត​អាង​របស់​ខ្លួន​នោះ​ទេ តែ​គេ​ត្រូវ​ឈរ​លើ​គោលការណ៍​ជា​ធំ។ ប៉ុន្តែ ប្រសិន​បើ​គេ​ឈរ​លើ​មោទនភាព​ផ្ទាល់​ខ្លួន​ដែល​ផ្ទុយ​ទៅ​នឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​នោះ គេ​គួរ​ដើរ​ចេញ​ពី​ឆាក​នយោបាយ​ទៅ​ប្រសើរ​ជាង»
ទាក់​ទង​នឹង​ទស្សនៈ​នេះ អ្នក​វិភាគ​ឯករាជ្យ និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​គាំទ្រ​ទស្សនៈ​នេះ ប៉ុន្តែ​បាន​សម្ដែង​គំនិត​ផ្សេង​គ្នា។ មន្ត្រី​រដ្ឋាភិបាល​យល់​ថា ទស្សនៈ​នេះ​អាច​ដាស់​សតិ​ស្មារតី​អ្នក​នយោបាយ​គ្រប់​រូប​ឲ្យ​មាន​កិច្ច​ពិភាក្សា ដើម្បី​រក​ដំណោះស្រាយ ចំណែក​អ្នក​វិភាគ​យល់​ថា អ្នក​នយោបាយ​មិន​ត្រូវ​មាន​អំនួត ឬ​ធ្វើ​ការ​ដើម្បី​អំណាច​នោះ​ទេ។

អ្នក​វិភាគ​នយោបាយ សង្កេត​ឃើញ​ថា ការ​បង្ហាញ​គោល​ជំហរ​ចុង​ក្រោយ​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ធ្វើ​ឡើង​ខណៈ​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ទទួល​អាសនៈ​ចំនួន​៤៣ ក្នុង​ចំណោម​អាសនៈ​ជាង ៦០០ របស់​ក្រុម​យោធា។
អ្នកស្រី អ៊ុងសាន ស៊ូជី មាន​វ័យ ៦៧ឆ្នាំ ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​យោធា​ចាប់​ឃុំ​ខ្លួន​ក្នុង​ផ្ទះ អស់​រយៈពេល​ជាង ២០ឆ្នាំ ចាប់​ពី​ឆ្នាំ​១៩៨៨ ដល់​ឆ្នាំ​២០១០។ ការ​ឃុំ​ខ្លួន​នេះ ដោយ​សារ​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​របស់​អ្នកស្រី ឈ្នះ​សំឡេង​ឆ្នោត ៥៩% ហើយ​ទទួល​បាន​អាសនៈ​ក្នុង​សភា​ជាង ៨០% ថែម​ទៀត។
ជុំវិញ​យុទ្ធសាស្ត្រ និង​ទ្រឹស្ដី​នយោបាយ​បែប​សន្តិភាព​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី នេះ​ដែរ លោក​បណ្ឌិត សុខ ទូច អ្នក​វិភាគ​ព្រឹត្តិការណ៍​សង្គម បាន​ថ្លែង​ថា ប្រសិន​អ្នក​នយោបាយ​គិត​ពី​ប្រយោជន៍​ជាតិ និង​មនុស្ស​នោះ ពួក​គេ​មិន​ត្រូវ​ធ្វើ​ការ​ដើម្បី​អំនួត ឬ​អំណាច​ផ្ទាល់​ខ្លួន​នោះ​ឡើយ៖ «ខ្ញុំ​សូម​ជម្រាប​កាល​ពី​សម័យ​អង្គរ ធ្វើ​តែ​មួយ​ជំនាន់​ទេ ទុក​ឲ្យ​ខ្មែរ​ស៊ី​ត​ជំនាន់។ បើ​ប្រទេស​រុស្សី វិញ គេ​ខំ​ធ្វើ​រទេះភ្លើង​ក្រោម​ដី ទុក​ជិះ​រហូត​មក​ដល់​សព្វថ្ងៃ តែ​មួយ​ជំនាន់​ទេ។ អ៊ីចឹង​ទេ ប្រសិន​បើ​អ្នក​នយោបាយ​ណា​មួយ​គិត​អំពី​តម្លៃ​នៃ​សង្គម គេ​អត់​ដុត​រោល​ដូច​យើង​ឃើញ​នៅ​អ៊ីរ៉ាក់ (Iraq) អាហ្វហ្គានីស្ថាន (Afghanistan) សុទ្ធ​តែ​ជា​អ្នក​នយោបាយ​ដែល​កាន់​អំណាច​តឹង​តែង អាង​អំនួត។ ដល់​ពេល​ធ្វើ​សង្គ្រាម​ទៅ អ៊ីរ៉ាក់ ម្ភៃ​ឆ្នាំ​ទៀត​មិន​ដឹង​ជា​កសាង​របៀប​ម៉េច​ទេ។ អ៊ីចឹង ផ្ទាំង​ទស្សនីយភាព​ទាំង​អស់​នេះ វា​បង្ហាញ​អំពី​ភាព​ចចេស មានៈ របស់​អ្នក​នយោបាយ គឺ​បំផ្លាញ​ជាតិ និង​បំផ្លាញ​សេចក្តី​សុខ​របស់​ប្រជាជន​របស់​ខ្លួន ដើម្បី​តែ​ញៀន​នឹង​អំណាច»
ចំពោះ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​វិញ យល់​ឃើញ​ថា ប្រសិន​បើ​វិភាគ​លើ​ទស្សនៈ​នយោបាយ​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ចំពោះ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា អ្នក​នយោបាយ​មួយ​ចំនួន ចូល​ចិត្ត​សន្យា ប៉ុន្តែ​បាន​បំពាន​សន្យា​ទាំង​នោះ​វិញ។ លោក​បន្ត​ថា បញ្ហា​គ្រួសារ​និយម កំពុង​កើត​មាន​នៅ​ស្ថាប័ន​រដ្ឋ៖ «គេ​ហៅ​ថា​ចិត្ត​ជា​ទេវទត្ត មាត់​ជា​ទេវតា។ មាត់​ចេះ​តែ​ធ្វើ រួច​ប្រគោគ​ប្រកាស​ថា អី​អ៊ីចឹង​ទៅ សុទ្ធ​តែ​គិត​ពី​ប្រយោជន៍​ជាតិ ការពារ​បូរណភាព​ទឹកដី​ទាំង​ក្នុង​ប្រទេស ទាំង​ក្រៅ​ប្រទេស ដើម្បី​រក​ផល​ប្រយោជន៍​សម្រាប់​ប្រទេស។ ប៉ុន្តែ ទៅ​មកៗ គឺ​បាន​អំណាច​ហើយ គឺ​ច្រើន​តែ​ទុក​ប្រទេស និង​ប្រជាពលរដ្ឋ​របស់​ខ្លួន​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ដូច​ស្ដេច​គេ​ហៅ​ថា សោយរាជ្យ​អ៊ីចឹង។ ហើយ​កាន់​ក្រសួង​នីមួយៗ គិត​តែ​ពី​បក្ខពួក​ខ្លួន​ឯង ក្រុម​គ្រួសារ​អី​អ៊ីចឹង​ទៅ ដូច​ជា​ក្រសួង​មន្ទីរ​នីមួយៗ​ហ្នឹង ជា​របស់​ខ្លួន​ឯង​អ៊ីចឹង»
ជុំវិញ​ទស្សនៈ​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី នេះ​ដែរ មន្ត្រី​រដ្ឋាភិបាល បាន​យល់​ស្រប​ត្រង់​ចំណុច​នៃ​ការ​សម្រុះ​សម្រួល​នយោបាយ​ឲ្យ​មាន​សន្តិភាព។
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​វាយ​តម្លៃ​ឆន្ទៈ​សារ​នយោបាយ​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ថា មាន​តម្លៃ​ខ្ពស់ ដែល​អាច​ដាស់​សតិ​ស្មារតី​អ្នក​នយោបាយ​គ្រប់​រូប​ឲ្យ​មាន​កិច្ច​ពិភាក្សា ដើម្បី​រក​ដំណោះស្រាយ៖ «អ្វី​ដែល​លោក​ជំទាវ​មាន​ប្រសាសន៍ ជា​សារ​នយោបាយ​មួយ ដែល​មាន​សារសំខាន់​សម្រាប់​អ្នក​ធ្វើ​នយោបាយ​គ្រប់​រូប ត្រូវ​តែ​ធ្វើ​ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សារ​នេះ។ ចំណុច​ទីពីរ អ្វី​ដែល​យើង​ហៅ​ថា​ផល​ប្រយោជន៍​ជាតិ គឺ​ឈរ​លើ​មូលដ្ឋាន​ច្បាប់ ឈរ​លើ​កាតព្វកិច្ច ឈរ​នៅ​លើ​ការ​ទទួល​ខុស​ត្រូវ ហើយ​ឈរ​នៅ​លើ​អនាគត​ដែល​យើង​ត្រូវ​មាន។ យើង​មិន​ត្រូវ​យក​អំនួត​របស់​យើង ដើម្បី​ដោះស្រាយ​យក​ងាប់ យក​រស់ ដោយ​សារ​តែ​ពី​ការងារ​រឿង​នយោបាយ។ ដូច្នេះ ការ​និយាយ​គ្នា​ក្នុង​កម្ពុជា​យើង មាន​ចាប់​ផ្ដើម​តាំង​ពី​ការ​ពិភាក្សា និង​ដោះស្រាយ»
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ទស្សនៈ​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ក៏​ត្រូវ​បាន​គេ​ឃើញ​ថា ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ធ្លាប់​ប្រើប្រាស់​តាម​រយៈ​ការ​ផ្ញើ​លិខិត​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ​២០០៨ ដើម្បី​សម្រប​សម្រួល​ឲ្យ​លោក​បាន​ចូល​ប្រទេស​វិញ សម្រាប់​ការ​បោះ​ឆ្នោត​សកល​នា​ពេល​នោះ។ ប៉ុន្តែ យុទ្ធសាស្ត្រ​បែប​នេះ ត្រូវ​គេ​សង្កេត​ឃើញ​ថា ហាក់​លែង​មាន​ប្រសិទ្ធភាព​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ខាង​មុខ។
ចំណែក​ប្រធាន​គណបក្ស សិទ្ធ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​មាន​ការ​សម្រប​សម្រួល​ទៅ​តាម​ឆន្ទៈ​ប្រជាធិបតេយ្យ​ទៅ​បាន លុះត្រា​មាន​សមធម៌​ខាង​នយោបាយ សង្គមកិច្ច និង​សមធម៌​ខាង​សេដ្ឋកិច្ច។ លោក​បន្ត​ថា ដើម្បី​ឲ្យ​ដំណើរការ​ប្រជាធិបតេយ្យ​អាច​បោះ​ជំហាន​ទៅ​មុខ​បាន​ប្រកប​ដោយ​សន្តិភាព​នោះ លុះត្រា​ក្រុម​អ្នក​កាន់​អំណាច ក៏​ដូច​ជា​ក្រុម​អ្នក​ប្រឆាំង​ប្រកាន់​លើ​គោលការណ៍ ជាពិសេស គឺ​គោលការណ៍​នីតិរដ្ឋ។
លោក កឹម សុខា៖ «គោលការណ៍​វា​អាច​ទប់ស្កាត់​ដល់​ការ​ឈាន​ទៅ​រក​អំណាច​បុគ្គល និង​អំណាច​ផ្តាច់​ការ។ ប្រសិន​ណា​មេ​ដឹកនាំ​ណា​ពូកែ​យ៉ាង​ណា​ក៏ដោយ ខ្លាំង​យ៉ាង​ណា​ក៏ដោយ តែ​បើ​ខ្លួន​ឯង​មិន​ឈរ​លើ​គោលការណ៍ វា​មិន​អាច​នាំ​សង្គម នាំ​ប្រទេស​ជាតិ ទៅ​រក​ប្រជាធិបតេយ្យ​នោះ​ទេ គឺ​នឹង​នាំ​ទៅ​រក​តែ​ផ្តាច់​ការ។ អ៊ីចឹង ការ​ប្រកាន់​គោលការណ៍ ទោះ​បី​ជា​គណបក្ស​ប្រឆាំង​ក៏ដោយ គណបក្ស​កាន់​អំណាច​ក៏ដោយ ត្រូវ​តែ​ប្រកាន់​យក​ទាំង​អស់​គ្នា។ មិន​មែន​ទាល់​តែ​គណបក្ស​កាន់​អំណាច ត្រូវ​តែ​ប្រកាន់​យក​គោលការណ៍​នោះ​ទេ។ អ្នក​ប្រឆាំង​ក៏ដោយ គឺ​ត្រូវ​ប្រឆាំង​ដោយ​គោលការណ៍ អ្នក​កាន់​អំណាច ក៏​ត្រូវ​កាន់​អំណាច​ដោយ​គោលការណ៍។ អា​ហ្នឹង​សំខាន់​ណាស់​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ»
ក្រុម​អ្នក​ឃ្លាំ​មើល​អំពី​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​តាម​បណ្ដា​ប្រទេស​ជឿន​លឿន​ក្នុង​សកលលោក បាន​ឲ្យ​ដឹង​ថា រូបមន្ត​តែ​មួយ​គត់​ដែល​អាច​កសាង​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​ដ៏​សុខដុមរមនា​នោះ គឺ​ការ​អនុវត្ត​ច្បាប់​ជា​ធំ៕

No comments:

Post a Comment

yes