ក្រុមប្រឹក្សាយុវជនកម្ពុជា និងទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ តាមរយៈវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ បានធ្វើយុទ្ធនាការរួមគ្នាមួយ ដើម្បីជំរុញការលើកកម្ពស់ការយល់ដឹង និងសារសំខាន់របស់ប្រជាពលរដ្ឋ និងយុវជនឲ្យទៅបោះឆ្នោតជាតិនៅឆ្នាំ២០១៣ ខាងមុខ។
សន្និសីទសារព័ត៌មានស្ដីពីយុទ្ធនាការផ្សព្វផ្សាយការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១២។
យុទ្ធនាការនេះ គឺគេបានធ្វើឡើងចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១២ តុលា ឆ្នាំ២០១២ នៅបណ្ដាខេត្តរាជធានីគោលដៅចំនួន៩។
ក្រុមប្រឹក្សាយុវជនកម្ពុជា ហៅកាត់ថា វាយស៊ីស៊ី (YCC) បានប្រើប្រាស់កម្លាំងយុវជនក្នុងការចូលរួមផ្សព្វផ្សាយអំពីសារសំខាន់នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតដល់ប្រជាពលរដ្ឋ និងពិសេសយុវជនដែលគ្រប់អាយុបោះឆ្នោតជាតិឆ្នាំ២០១៣ ខាងមុខនេះ។
នាយកប្រតិបត្តិអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា លោក សោម ច័ន្ទរតនា បានថ្លែងថា យុទ្ធនាការរបស់យុវជននោះ គឺមានគោលបំណងបង្កើនសេវាផ្ដល់ព័ត៌មានឲ្យកាន់តែទូលំទូលាយសម្រាប់ប្រជាពលរដ្ឋ និងយុវជនទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងពង្រឹងសមត្ថភាពយុវជនឲ្យចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២។
លោក សោម ច័ន្ទរតនា៖ «បើសិនជាយើងពិនិត្យមើលទិន្នន័យជំរឿនចុងក្រោយរបស់យើងនោះ គឺមានន័យថា នៅកម្ពុជាយើងនោះ យុវជនស្ទើតែ ៧០% ហើយ ក្នុងចំណោម ១០០នាក់ មានយុវជនក្រោមអាយុ ៣០ឆ្នាំស្ទើរតែ ៧០នាក់ទៅហើយ អ៊ីចឹងចំនួននេះគឺច្រើនណាស់។ បើសិនជាយុវជន ៧០% ហ្នឹង គាត់អត់អើពើ គាត់អត់ចូលរួមជាមួយសកម្មភាពនានារបស់រដ្ឋាភិបាល ឬក៏ គ.ជ.ប. មានន័យថា យើងបាត់បង់ធនធានបាត់បង់សំឡេងដ៏ធំពីប្រជាពលរដ្ឋហើយ។ យើងចង់ឲ្យយុវជនមានការចូលរួម ហើយជាពិសេសយើងចង់ផ្ដោតជាសំខាន់គឺអ្នកបោះឆ្នោតលើកទី១»។
ការថ្លែងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីយុទ្ធនាការផ្សព្វផ្សាយ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ហៅកាត់ថា ស៊ីជេស៊ីស៊ី (CJCC) កាលពីថ្ងៃទី៥ ខែកញ្ញា។
យ៉ាងក៏ដោយយុទ្ធនាការនេះ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) គាំទ្រចំពោះការចូលរួមចំណែកការងារយុទ្ធនាការផ្សព្វផ្សាយព័ត៌មានពីការពិនិត្យបញ្ជីឈ្មោះចុះឈ្មោះបោះឆ្នោតរបស់យុវជននេះ។
លោក ជិន សារិន នាយខុទ្ទកាល័យអគ្គលេខាធិការ គ.ជ.ប. មានប្រសាសន៍ថា សកម្មភាពដែលជំរុញឲ្យមានការចូលរួមពីយុវជននេះ គឺពុំមានអ្វីខុសប្លែកពីគោលបំណងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះទេ។ លោកបន្តថា ក្នុងរយៈពេល ២ថ្ងៃនៃការបើកយុទ្ធនាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត គឺពីថ្ងៃទី១ និងថ្ងៃទី២ កញ្ញា មានពលរដ្ឋជាងបីម៉ឺននាក់បានទៅចុះឈ្មោះ និងពនិត្យបញ្ជីឈ្មោះ។
លោក ជិន សារិន៖ «កន្លងមកយើងឃើញថា ពាក្យពិនិត្យបញ្ជីឈ្មោះ បានន័យថា យើងបិទបញ្ជីឲ្យគាត់ទៅមើល ប៉ុន្តែជាទូទៅយើងឃើញថា កន្លងមកនេះប្រជាពលរដ្ឋកម្ពុជា យើងអត់សូវយកចិត្តទុកដាក់ ចាប់អារម្មណ៍នឹងទៅមើលទេ។ លើកនេះយើងបានជួយជំរុញរហូតដល់ក្រសួងស្ថាប័នគណៈអភិបាលរាជធានី ខេត្ត ឲ្យជួយជំរុញមន្ត្រីបុគ្គលិក ឬក៏ប្រជាពលរដ្ឋទៅមើលឈ្មោះ ជាពិសេសនៅពេលបិទផ្សាយបញ្ជីដំបូង»។
ពាក់ព័ន្ធនឹងយុទ្ធនាការនេះ នាយកកម្មវិធីនៃវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ ហៅកាត់ថា អាយអាអាយ (IRI) អ្នកស្រី ជេសស៊ីកា គីហ្គេន (Jessica Keegan) មានមតិថា គោលបំណងរបស់វិទ្យាស្ថានដែលជួយគាំទ្រកម្មវិធីនេះ គឺដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ។ យុវជនគឺជាចំណែកដ៏ធំមួយនៅក្នុងសង្គម ដែល អាយអាអាយ គួរតែធ្វើដើម្បីជួយគាំទ្រទៅដល់ការចូលរួមរបស់ពួកគេ ហើយផ្ដល់ឱកាស និងអំណាចដល់ពួកគេក្នុងការចូលរួមក្នុងសកម្មភាពផ្សេងៗ ពិសេសសកម្មភាពរបស់យុវជនទៅចូលរួមបោះឆ្នោត។
ក្រុមប្រឹក្សាយុវជនកម្ពុជា បានជ្រើសរើសបណ្ដាញយុវជន ៥៧៦នាក់ (ប្រាំរយចិតសិបប្រាំមួយ) មកពីខេត្តរាជធានីចំនួន ៩ មានជាអាទិ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កំពង់ចាម សៀមរាប និងខេត្តបាត់ដំបង។ បណ្ដាញយុវជនទាំងនេះ នឹងត្រូវទទួលការបណ្ដុះបណ្ដាលពី វាយស៊ីស៊ី និងមន្ត្រី គ.ជ.ប ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ មុននឹងធ្វើយុទ្ធនាការនៅតាមផ្ទះរបស់ប្រជាពលរដ្ឋ៕
No comments:
Post a Comment
yes