សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 6, 2012

មន្ទីរ​អប់រំ​ខេត្ត​រតនគិរី​និង​កំពង់ស្ពឺ​យឺតយ៉ាវ​បើក​ប្រាក់​ម៉ោង​បន្ថែម​ជូន​គ្រូ​បង្រៀន


គ្រូ​បង្រៀន​នៅ​ខេត្ត​ចំនួន​ពីរ អំពាវនាវ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យ​ស៊ើប​អង្កេត​ករណី​មិន​បើក​ប្រាក់​ឧបត្ថម្ភ​បំប៉ន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ប្រាក់​បង្រៀន​គួប​ថ្នាក់ និង​បង្រៀន​ពីរ​ពេល សម្រាប់​គ្រូ​កម្រិត​បឋម​សិក្សា និង​ប្រាក់​បង្រៀន​ម៉ោង​បន្ថែម​របស់​គ្រូ​កម្រិត​មធ្យម​សិក្សា។
គ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​ក្នុង​ខេត្ត​រតនគិរី និង​គ្រូ​វិទ្យាល័យ និង​អនុវិទ្យាល័យ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ពុធ ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២ ឲ្យ​ដឹង​ថា គ្រូ​បង្រៀន​មួយ​ចំនួន​ធំ កំពុង​ថ្នាំងថ្នាក់​ដោយ​សារ​មន្ត្រី​មន្ទីរ​អប់រំ​ខេត្ត ខក​ខាន​បើក​ប្រាក់​បំពេញ​ការងារ​របស់​គ្រូ​តាម​គោលការណ៍​ក្រសួង​អប់រំ។
គ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​បុរីកម្មករ ក្រុង​បានលុង ខេត្ត​រតនគិរី មួយ​រូប​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​បញ្ជាក់​ថា គ្រូ​បង្រៀន​នៅ​តាម​សាលា​បឋម​សិក្សា​នានា​ក្នុង​ខេត្ត​នេះ មិន​បាន​បើក​ប្រាក់​បំប៉ន​សម្រាប់​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១១ និង​ប្រាក់​បង្រៀន​គួប​ថ្នាក់ ប្រាក់​បង្រៀន​ពីរ​ពេល​ក្នុង​ខែ​មិថុនា និង​ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ឡើយ។ លោក​ចោទ​ប្រកាន់​ទៅ​លើ​មន្ត្រី​មន្ទីរ​អប់រំ​ខេត្ត​ថា ជា​អ្នក​បង្កើត​ភាព​មិន​ប្រក្រតី ដែល​អាច​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ពុក​រលួយ​ក្នុង​បញ្ហា​នេះ៖ «ក្រសួង​ហ្នឹង មេត្តា​ត្រួត​ពិនិត្យ​ទៅ​លើ​មន្ត្រី​មន្ទីរ​អប់រំ​នៅ​ខេត្ត​ឲ្យ​បាន​ច្បាស់​លាស់ កុំ​ឲ្យ​គាត់​ធ្វើ​ស្រែ​លើ​ខ្នង​គ្រូ​បង្រៀន​ហ្នឹង​ណា គាត់​កំពុង​ធ្វើ​បាប​គ្រូ​បង្រៀន ហើយ​កាល​ណា​ធ្វើ​បាប​គ្រូ​បង្រៀន ធ្វើ​ឲ្យ​គ្រូ​បង្រៀន​បាក់​ទឹក​ចិត្ត»

ដូច​គ្នា​នេះ​ដែរ គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ មួយ​រូប​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ប្រាក់​បង្រៀន​ម៉ោង​បន្ថែម​របស់​គ្រូ​វិទ្យាល័យ និង​អនុវិទ្យាល័យ ក្នុង​ខេត្ត​នេះ​ក៏​មិន​ទាន់​បាន​បើក​ពី​ត្រីមាស​ទី​ពីរ និង​ត្រីមាស​ទីបី ឆ្នាំ​២០១២ នេះ។ លោក​បន្ត​ថា ការ​យឺតយូរ​នេះ បង្ក​បញ្ហា​លំបាក​ដល់​គ្រូ​បង្រៀន​ដែល​ពឹង​ផ្អែក​ទៅ​លើ​ប្រាក់​បំពេញ​ការងារ​បម្រើ​ជីវភាព​ប្រចាំ​ថ្ងៃ៖ «បង្រៀន​នៅ​វិទ្យាល័យ​ហ្នឹង មួយ​ម៉ោង​បាន​៥.២០០ អនុវិទ្យាល័យ​គេ​ឲ្យ​២.៦០០។ ឥឡូវ ខ្ញុំ​បើក​បាន​មួយ​ត្រីមាស ហើយ​នៅ​សល់​ពីរ​ត្រីមាស​ទៀត​អត់​ទាន់​បើក​ឲ្យ​ម៉ោង​លើស​ផ្សព្វផ្សាយ​ផង អត់​ទាន់​បាន​បើក​សោះ»
ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​រតនគិរី លោកស្រី ចាន់ ខាំឃឿន មាន​ប្រសាសន៍​ដោយ​សុំ​មិន​ឲ្យ​ចាក់​ផ្សាយ​សំឡេង​ផ្ទាល់​ថា អ្នកស្រី​សុំ​មិន​អត្ថាធិប្បាយ​ពី​បញ្ហា​នេះ​ទេ ក៏ប៉ុន្តែ លោកស្រី​សំណូមពរ​ឲ្យ​គ្រូ​បង្រៀន​ណា​ដែល​មាន​បញ្ហា​ទាក់​ទិន​ប្រាក់​បំពេញ​ការងារ​នេះ ឲ្យ​អញ្ជើញ​មក​មន្ទីរ​អប់រំ ដើម្បី​ទទួល​ការ​ពន្យល់​ពី​បញ្ហា​នេះ។
ចំណែក​ប្រធាន​ការិយាល័យ​គណនេយ្យ នៃ​មន្ទីរ​អប់រំ​ខេត្ត​កំពង់ស្ពឺ លោក ឌុច ប៊ុនថុល មាន​ប្រសាសន៍​បដិសេធ​ថា លោក​ក៏​មិន​បាន​ដឹង​ពី​មូលហេតុ​នៃ​ការ​មិន​ទាន់​បើក​ប្រាក់​បន្ថែម​ម៉ោង​របស់​គ្រូ​មធ្យម​សិក្សា​ក្នុង​ខេត្ត​នេះ​ទេ៖ «ខ្ញុំ​អត់​ច្បាស់ ចាំ​សួរ​ខាង​ជំនាញ​សិន​ណា»
របាយការណ៍​អង្កេត​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ឲ្យ​ដឹង​ថា ភាព​មិន​ប្រក្រតី​ទាក់​ទិន​ការ​យឺតយ៉ាវ​បើក​ប្រាក់​បំពេញ​ការងារ​ជូន​គ្រូ​បង្រៀន កើត​មាន​ស្ទើរ​គ្រប់​ខេត្ត-ក្រុង ក៏ប៉ុន្តែ រហូត​បច្ចុប្បន្ន គ្រឹះស្ថាន​សិក្សា​នៅ​ខេត្ត-ក្រុង​ធំៗ​មួយ​ចំនួន បាន​កែលំអ​ហើយ។ ផ្ទុយ​ទៅ​វិញ ករណី​នេះ​បាន​កើត​មាន​ច្រើន​វិញ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​នៅ​តាម​បណ្តា​ខេត្ត​តូចៗ ដូច​ជា​ខេត្ត​រតនគិរី ឧត្តរមានជ័យ ជាដើម។
ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​បញ្ជាក់​ថា ភាព​មិន​ប្រក្រតី​ទាក់​ទិន​ការ​យឺតយ៉ាវ​បើក​ប្រាក់​ការងារ​ជូន​គ្រូ​បង្រៀន គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​របស់​មន្ត្រី​ថ្នាក់​អប់រំ​នៅ​មូលដ្ឋាន។ លោក​បន្ត​ថា បញ្ហា​នេះ​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​គ្រូ​បង្រៀន​ផ្ទាល់ និង​គុណភាព​បង្រៀន​របស់​គ្រូ​ដល់​សិស្ស៖ «គឺ​មក​ពី​មន្ត្រី​ថ្នាក់​ក្រោម​ក្រសួង​ហ្នឹង​ខិល​ខូច ដោយ​សារ​លុយ​ទាំង​អស់​ហ្នឹង​ឋិត​ក្នុង​គម្រោង​ចំណាយ​ហើយ។ មួយ​ចំនួន​បាន​យក​លុយ​ហ្នឹង ទៅ​ប្រើប្រាស់​ដើម្បី​ផល​ចំណេញ ប៉ុន្តែ សំខាន់​ក្រសួង​អប់រំ​មាន​សេចក្តី​ក្លាហាន​នឹង​ធ្វើ​ការ​អនុវត្ត​កុំ​អូស​បន្លាយ​ស្ថានភាព​បែប​ហ្នឹង​ត​ទៅ​ទៀត បើ​មិន​ធ្វើ​ការ​កែលំអ​ឲ្យ​បាន យើង​អត់​អាច​ទទួល​បាន​ការ​អប់រំ​ល្អ​ទេ»
អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ ក្រសួង​អប់រំ លោក សម សេរីរដ្ឋ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជាមួយ​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ពុធ ទី​៥ ខែ​កញ្ញា នេះ ដោយ​លោក​បញ្ជាក់​ថា រវល់​ជាប់​ប្រជុំ។
យ៉ាង​នេះ​ក្តី ប្រធាន​សមាគម​គ្រូ​បង្រៀន លោក រ៉ុង ឈុន ផ្តល់​យោបល់​ថា ក្រសួង​អប់រំ​ត្រូវ​តែ​ដាក់​វិន័យ ឬ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​មន្ត្រី ឬ​បុគ្គលិក​អប់រំ​ណា​ដែល​បាន​ប្រព្រឹត្ត​ខុស​ទៅ​នឹង​គោលការណ៍​បើក​ប្រាក់​របស់​ក្រសួង​អប់រំ ឬ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទាក់​ទិន​បើក​ប្រាក់​ជូន​គ្រូ​បង្រៀន​ជាដើម៕

No comments:

Post a Comment

yes