កំពង់ចាម ៖ បទល្មើសព្រៃឈើ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងមានសន្ទុះខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ ដោយឈ្មួញបានប្រើប្រាស់រូបភាពពីការដឹកតាមរថយន្តទ្រង់ទ្រាយធំ មកដឹកតាមរ៉ឺម៉កទ្រង់ទ្រាយតូច តាមយុទ្ធសាស្ត្រសត្វកណ្តៀរ គឺរៀងរាល់យប់គេសង្កេតឃើញ មានរ៉ឺម៉កម៉ូតូដឹកជញ្ជូនឈើអារអត់ច្បាប់ពី ៥ ទៅ ៩ រ៉ឺម៉កដែលក្នុងមួយរ៉ឺម៉ក មានឈើអារប្រមាណ ២ ម៉ែត្រគូប។
ប្រជាពលរដ្ឋដែលរស់នៅ តាមដងផ្លូវក្នុងស្រុកស្ទឹងត្រង់បានឲ្យដឹងថា កន្លងមកមានរថយន្តកែច្នៃ រថយន្តកូរ៉េ បានដឹកជញ្ជូនឈើអារ ឆ្លងកាត់ការិយាល័យរដ្ឋបាលព្រៃឈើ ស្រុកស្ទឹងត្រង់ យកទៅលក់នៅដេប៉ូហាន់ជ័យ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ តែក្រោយមកឈ្មួញបានប្រើយុទ្ធសាស្ត្រសត្វកណ្តៀរ ដោយប្តូរពីជញ្ជូនឈើតាមរថយន្ត មកដឹកជញ្ជូនឈើតាម រ៉ឺម៉កម៉ូតូមើលទៅហាក់ដូចជាតូចតាច និងតិចតួច តែបើពិនិត្យឲ្យមែនទែន រ៉ឺម៉កម៉ូតូមួយជើងមានប្រមាណ ២ ម៉ែត្រគូប ហើយរ៉ឺម៉ក ១០ ស្មើនឹង ២០ ម៉ែត្រគូប គឺមានបរិមាណដឹកមួយរថយន្តធំដែរ។
ម្យ៉ាងទៀតរ៉ឺម៉កម៉ូតូទាំងនោះដឹកឈើអារ ជារៀងរាល់យប់ ហើយពុំដែលមានមន្ត្រីរដ្ឋបាលព្រៃឈើមកបង្ក្រាបម្តងណាឡើយ។ ជាក់ស្តែងនៅវេលាម៉ោង ២ រំលងអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០១២ មានរ៉ឺម៉កម៉ូតូចំនួន ៦ គ្រឿងបានដឹកឈើអារល្មើសច្បាប់ចេញពីភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់មុខការិយាល័យរដ្ឋបាលព្រៃឈើស្រុកស្ទឹងត្រង់ មកឈប់នៅម្តុំភូមិព្រែកបាក់ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ដើម្បីរកឱកាសដឹកបន្តទៅលក់នៅដេប៉ូហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ប្រភពព័ត៌មានពីម្ចាស់រ៉ឺម៉កបានឲ្យដឹងថា ពួកគាត់ដឹកឈើនេះបានយ៉ាងរលូន គឺដោយសារពួកគាត់បានរត់ការជាមួយមេព្រៃ និងអាជ្ញាធរមូលដ្ឋានមួយចំនួនអស់ហើយ ពុំដែលមានកាថ្លោះធ្លោយម្តងណាទេ។
ទាក់ទិននឹងបញ្ហានេះ អ្នកយកព័ត៌មានយើងបានទូរស័ព្ទសុំការបំភ្លឺពីលោក ភី សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្ទឹងត្រង់ តែទូរស័ព្ទរោទិ៍ហើយគ្មានអ្នកទទួល។ចំណែកលោក សួ ដាវី នាយរងផ្នែករដ្ឋបាលព្រៃឈើត្រើយស្តាំខេត្តកំពង់ចាមបានឲ្យដឹងថា ករណីនេះលោកពុំបានដឹងទេ។ ប្រជាពលរដ្ឋដែលបានឃើញបទល្មើសខាងលើនេះ បានរិះគន់ចំពោះរដ្ឋបាលព្រៃឈើស្រុកស្ទឹងត្រង់ថា មិនគួរមើលមិនឃើញបទល្មើសព្រៃឈើដឹកកាត់មុខការិយាល័យរបស់ខ្លួនឡើយ។ ប្រជាពលរដ្ឋបានសំណូមពរដល់លោក ប្រាក់ ណូម៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ចាម ជួយដុសក្អែលកូនចៅផង៕
No comments:
Post a Comment
yes