សាដៀវជាឧបករណ៍តន្ត្រីភ្លេងខ្មែរបុរាណមួយប្រភេទ ដែលមានខ្សែលួសស្ពាន់តែមួយ និងមានសំបកឃ្លោកមូលមួយកំណាត់ទ្រភ្ជាប់ពីក្រោម ព្រមទាំងមានដងប៉ោលសម្រាប់រឹតបន្តឹង ឬបន្ធូរ ហើយក៏ជាឧបករណ៍មួយដែលកម្រនឹងមានអ្នកចេះលែងណាស់ដែរ។ ក៏ប៉ុន្តែយុវជន លន់ សុផានិតបានចេះលែងឧបករណ៍នេះ ហើយបានយកវាជាអាជីពមួយដើម្បីរកប្រាក់ កម្រៃបន្តិចបន្តួចបន្តការសិក្សា។
យុវជនលន់ សុផានិតបានរៀនឧបករណ៍ភ្លេងសាដៀវ នេះចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់ ឆ្នាំ២០១២នេះ ដោយលោកតារបស់គាត់ជាសាស្ត្រចារ្យខាងភ្លេងខ្មែរបុរាណ ដែលភ្លេងការ ភ្លេងបុរាណជាដើម រួចហើយយុវជនរូបនេះបានរៀនជាមួយលោកតារបស់ខ្លួន ព្រមទាំងមានការគាំទ្រពីសិល្បៈខ្មែរអមតៈ(អង្គការអមតៈ)។ ក្រោយមកអង្គការអមតៈចាប់ផ្តើមឧបត្ថម្ភជាថវិការ និងបានប្រមូលសិស្សឲ្យរៀនជាក្រុម ទើបយុវជនលន់ សុផានិតបានចាប់ផ្តើមរៀនសាដៀវជាមួយលោកតារបស់ខ្លួន រហូតមកដល់សព្វថ្ងៃនេះដែរ។
យុវជន លន់ សុផានិត ដែលកំពុងអង្គុយលែងសាដៀវនៅក្នុងសណ្ឋាគារមួយកន្លែង នៅក្រុងភ្នំពេញ
លន់ សុផានិតបាននិយាយថា “ឧបករណ៍ខ្ញុំចេះលេងច្បាស់ និងជំនាញជាងគេ គឺសាដៀវនេះឯង ហើយចេះលែងឧបករណ៍បន្ទាប់បន្សំមានប៉ីអ ទ្រខ្មែរ ចាប៉ីដងវែង ប៉ីពក ថ្វីត្បិតតែលែងមិនដូចលោកតាខ្ញុំមែន ខ្ញុំនៅតែព្យាយាមលេងវាដែរ”។
ដើម្បីលេងឧបករណ៍សាដៀវឲ្យបានពីរោះ យុវជន លន់ សុផានិតបានសម្តែងពីអារម្មណ៍ផ្ទាល់របស់ខ្លួន គឺថាបទភ្លេងទាំងអស់ គឺវាអស្រ័យទៅលើបទនីមួយៗហើយសុទ្ធតែពិរោះរៀងៗខ្លួនដែរ។
លន់ សុផានិតបាននិយាយបន្តថា “យើងលេងទៅវាពីរោះមិនពីរោះ គឺវានៅលើអារម្មណ៍អ្នកភ្លេងហ្នឹង ពេលដែលយើងលេងទៅ គឺវាមានសច្ចធម៌របស់វានៅក្នុងហ្នឹង ភាពត្រឹមរបស់វាដែរ ។ ប្រសិនបើបទ និងទំនោររបស់វាហ្នឹង ហើយអារម្មណ៍របស់យើងពុំដាក់ទៅតាមទំនោរនៃបទដែលយើងលេងនោះទេ គឺយើងលែងមិនបានល្អទេ បានន័យថាយើងលេងអត់ត្រូវសច្ចធម៌ អត់ត្រូវនឹងដែនកំណត់ដែលបទនោះមាន អ៊ីចឹងនៅពេលលែងទៅអត់មានអ្នកមើលយើងទេ”។
នៅពេលលែងបទភ្លេងម្តងៗ ប្រសិនបើមានភាពរញ៉េរញ៉ៃ គឺយុវជនយើងលេងបទនោះមិនត្រូវទេ ហើយលេងមិនសូវកើតទៀតផង ។
លន់ សុផានិតបានបន្តទៀតថា “អារម្មណ៍របស់យើងគឺផ្តោតទៅលើបទនីមួយៗ ប្រសិនបើបទភ្លេងនោះបែបសម័យ បែបជាចង្វាក់ញាប់ នៅពេលលែងទៅធ្វើឲ្យចង្វាក់បេះដូងយើងដើរទៅតាមនោះ ហើយធ្វើឲ្យយើងមានអារម្មណ៍សប្បាយ។ តែបើបទមនោសសញ្ចេតនាឬជាបទកម្សត់នៅពេលនោះយើងលេងត្រូវដាក់ទឹកមុខទៅតាមហ្នឹង”។
“ភាគច្រើនបទដែលខ្ញុំលេង មានបទខ្មៅបង បទក្អែកដើរដី បទចោលចាប ដែលជាបទភាគច្រើននៅពេលខ្ញុំស្រម៉ៃឃើញនៅវាលស្រែ ឃ្វាលគោអ៊ីចឹង ដែលខ្ញុំលេងទៅហាក់បីដូចជាខ្ញុំកំពុងផ្សារភ្ជាប់អារម្មណ៍របស់ខ្ញុំទៅនឹងទិដ្ឋភាពទាំងនោះ ” ។លន់ សុផានិតបានបន្ថែម។
យោងតាមសម្តីរបស់យុវជនលន់ សុផានិតនោះ សាដៀវយើងអាចលេងលាយ ជាមួយបទសម័យបាន តែដោយអ្នកសម័យគិតថាសាដៀវនេះ កម្រមានអ្នកលេងណាស់ ហើយគិតថាគ្មានអ្នកណាអាចលេងចំរុះបាន ជាមួយបទកន្រឹ្ទម ឬមួយបទសារាវ៉ាន់បាននោះទេ ព្រោះថាគ្មានអ្នកណាបានគិតនឹកដល់ឡើយ។
យុវជន លន់ សុផានិតបានចូលជាក្រុមដែលមានឈ្មោះថា “ម៉ោនស្តឺ(Monster)” ក្រុមនេះមានគ្នា៥នាក់ ដែលមានជនជាតិបរទេសម្នាក់ ឈ្មោះថា “ដេវីដ ហ្គាន់” លោកជាអ្នកដឹកនាំ និងជាអ្នកកាន់ខាងភ្លេងអេឡិចត្រូនិច កុំព្យូទ័រ ហើយជនជាតិខ្មែរមានគ្នា៤នាក់ ព្រមទាំងមានស្រីម្នាក់ផងដែរ។ ណាមួយការលេងលាយបញ្ចូលគ្នានេះត្រូវបានសម្តែងនៅវិទ្យាស្ថានបារាំង នៅកម្ពុជាទៀតផង។
យុវជនលន់ សុផានិតបាននិយាយរៀបរាប់ថា “តាមការពិតអាចធ្វើបាន ហើយពិរោះទៀត លោកដេវីដ ហ្គាន់បានយកភ្លេងអេឡិចត្រូនិចរបស់គាត់មកបង្កើតភ្លេងអារម្មណ៍ គាត់យកចង្វាក់ភ្លេងទាំងអស់ដែលមានសំឡេងគោរោទិ៍ ឬមួយសំឡេងសត្វយំ ហើយថតនូវទិដ្ឋភាពទុក្ខសោក ឬភាពសប្បាយរីករាយមកលាយចូលគ្នាទាំងអស់”។
យុវជនលន់ សុផានិតបាននិយាយទៀតថា “នៅពេលលេងលាយគ្នាហើយ គាត់បានឲ្យខ្ញុំលេងសាដៀវជាមួយដែរ ហើយយើងនឹកទៅទិដ្ឋភាពអារម្មណ៍ទាំងអស់នោះ ទៅតាមអារម្មណ៍ដែលយើងនឹកឃើញហ្នឹងឲ្យវាស៊ីចង្វាក់គ្នាទៅ រួចខ្ញុំធ្លាប់បានលាយជាមួយបទកន្រឹ្ទមទៀតផង”។
យុវជនលន់ សុផានិតបានមកលេងសាដៀវនៅក្នុងសណ្ឋាគារអាំងទែកុងទីណង់តាល់។ ក្នុងមួយខែគាត់លេង៤ដង ហើយមួយអាទិត្យលេងតែម្តងទេ គឺនៅថ្ងៃព្រហស្បតិ៍ ចាប់ផ្តើមលែងពីម៉ោង៤ ដល់ម៉ោង៦ល្ងាច គឺមានរយៈពេលតែពីរម៉ោងប៉ុណ្ណោះ។
ឥឡូវនេះ សុផាតបានរៀបចំសរសេរគម្រោងមួយដែលទាក់ទងនឹងសាដៀវ ឧបករណ៍ភ្លេងខ្មែរ និងប្រពៃណីខ្មែរ ដែលមានជាភាគ ដើម្បីឲ្យកូនខ្មែរយើងបានដឹងថាអ្វីទៅជាឧបករណ៍ភ្លេងខ្មែរ តើអ្វីជាសីលធម៌ខ្មែរ ប្រពៃណីខ្មែរ យ៉ាងណាខ្លះ៕
No comments:
Post a Comment
yes