សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 6, 2012

សេចក្តីព្រាង​ច្បាប់​ចរាចរណ៍​ថ្មី​ដាក់​សុំ​មតិ​គាំទ្រ​ដើម្បី​សុំ​សភា​អនុម័ត​បាន​ឆាប់

120906_08
ទិ​ដ្ឋ​ភាព​នៃ​ចរាចរណ៍​​កក​ស្ទះ​ នៅ​តាម​ផ្លូវ​ត្រឡែងកែងមួយ​ ក្នុងរាជធានី​​ភ្នំពេញ​​​

ភ្នំពេញៈ កាកបាទ​ក្រហម​កម្ពុជា និង​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក ពី​ម្សិលមិញ បាន​ធ្វើការ​ផ្សព្វ​ផ្សាយ​អំពី​លទ្ធផល​នៃ​ដំណើរ​ការ​ធ្វើ​ច្បាប់​ចរាចរណ៍ ផ្លូវ​គោក​ថ្មី ទៅ​កាន់​មនុស្ស​ច្រើន​ជាង​១០០​នាក់ មក​ពី​វិស័យ​ឯក​ជន​ អង្គ​ការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ ដើម្បី​ស្វែង​រក​ការ​គាំទ្រ​មតិ​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ ឲ្យ​មាន​លក្ខណៈ​ពេញ​លេញ​និង​ឆាប់​បាន​បញ្ជូន​ទៅ​កាន់​រដ្ឋសភា​ជាតិ។
លោក ស្រី ពុំ ចន្ទីនី អគ្គលេខា​ធិការ​កាក​បាទ​ក្រហម​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​សិក្ខា​សាលា នៅ​សណ្ឋាគារ​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ថា ដោយ​មើល​ឃើញ​កំណើន​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​រៀងរាល់​ឆ្នាំ កាក​បាទ​ក្រហម​កម្ពុជា​និង​អង្គការ​ដៃ​គូបាន​បង្កើត​សកម្មភាព​ថ្មី​មួយ ទៀត​នៅ​ឆ្នាំ​២០១២​នេះ ដើម្បី​ស្វែង​រក​ការ​គាំទ្រ​មតិ​ក្នុង​ការ​ជំរុញ​ឲ្យ​ច្បាប់​ចរាចរណ៍​ផ្លូវ ​គោក​ថ្មី បាន​ទទួល​ការ​គាំទ្រ​ពី​គ្រប់​អង្គភាព។
លោកស្រីបន្ត ថា ជាច្រើន​ឆ្នាំ​មក​នេះ​កាក​បាទ​ក្រហម​កម្ពុជា​បាន​ចំណាយ​ថវិកា​ទៅ​លើ សកម្មភាព​ជា​ច្រើន ដូចជា​យុទ្ធនាការ​អប់រំ​ស្តីពី​សុវត្ថិ​ភាព​ចរាចរណ៍នៅ​តាម​ផ្លូវ សាធារណៈ បើក​វគ្គ​បណ្តុះ​បណ្តាល ផលិត​ជា​សម្ភារ ដូច​ជា ខិត្ត​ប័ណ្ណ ផូស្ទ័រ​អប់រំ ប៉ាណូ បដា​និង​ទិញ​មួក​សុវត្ថិភាព​ផង​ដែរ​។​
លោកស្រី ថ្លែង​ថា៖ «ខ្ញុំ​សូម​អំពាវនាវ​ជា​បន្ត​ទៀត​ដល់​គ្រប់​បណ្តា​អង្គ​ភាព ដែល​មាន​ប្រធាន​ឬ​តំណាង​ក្រសួង​ស្ថាប័ន​ អង្គ​ការ​សង្គម​ស៊ីវិល​ និង​វិស័យ​ឯក​ជន​ មេត្តា​បន្ត​គាំទ្រ​ថែម​ទៀត​ ហើយ​ខ្ញុំ​សង្ឃឹម​ថា ច្បាប់​ចរាចរណ៍​ថ្មី​នេះ​នឹង​ឆាប់​ទទួល​បាន​ការ​គាំ​ទ្រ​ ឯក-​ភាព​ពី​រដ្ឋាភិបាល​ រដ្ឋសភា ព្រឹទ្ធ​សភា និង​ព្រះ​មហាក្សត្រ​ ដើម្បី​ឆាប់​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​»​។​

ច្បាប់ចរាចរណ៍​ផ្លូវ​គោក​កម្ពុជា​ បាន​ឡាយ​ព្រះ​ហស្ដលេខា​ នា​ថ្ងៃទី​៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៧​ នឹង​ដាក់ឲ្យ​អនុវត្ត​ ពី​ថ្ងៃទី​១១ ខែ​កញ្ញា​ ឆ្នាំ​២០០៧​ ប៉ុន្តែ​ ដោយសារ​​ការ​ខ្វះ​ចន្លោះ​ខ្លះ​ មិន​ទាន់​តម្រូវ​ឲ្យ​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ពាក់​មួក​សុវត្ថិភាព​ ទើប​អ្នក​ប្រើ​ប្រាស់​ម៉ូតូ​បាន​ស្លាប់​រហូត​ដល់​ទៅ​ ៦៧​ភាគរយ​នៃ​អ្នក​ស្លាប់​សរុប។ ដោយ​សារ​តែ​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​សភាព​បែប​នេះ​ ទើប​រដ្ឋាភិបាល​ស្នើ​ឲ្យ​រៀប​ចំ​កែទម្រង់​ច្បាប់​ចរាចរណ៍​បន្ថែម​ទៀត។
លោក ពៅ ម៉ា​លី អគ្គលេខា​ធិការ​រង​នៃ​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​ឲ្យ​ដឹង​ថា ក្រសួង​សាធារណ​ការ​និង​ដឹកជញ្ជូន​ បាន​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ បាន​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដែល​ចេញ​ពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ចាស់​លើ​មាត្រា​សំខាន់ៗ ៣៤ មាត្រា និង​បាន​បន្ថែម​មាត្រា​ថ្មី​៦​មាត្រា។ ​លោក​បន្ត​ថា ការ​តាក់តែង​ច្បាប់​ថ្មី​នេះ​ឡើង ​គឺ​ដើម្បី​ឆ្លើយ​តប​នឹង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ចរាចរណ៍​បច្ចុប្បន្ន ដែល​បណ្តាល​មក​ពី​ការ​មិន​ពាក់​មួក​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​តាម​ម៉ូតូ ការ​បើកបរ​ល្បឿន​ហួស​កំណត់ ការ​បើកបរ​ដោយ​អាការ​ស្រវឹង..។ ច្បាប់​ចរាចរណ៍​ថ្មី​នេះ​បាន​ត្រួត​ពិនិត្យ​ជិត​រួច​ហើយ នៅ​សល់​តែ​២-​៣​មាត្រា ប៉ុណ្ណោះ ដែល​នៅ​ចុង​សប្តាហ៍​ក្រោយ​នឹង​បញ្ចប់​រួច​រាល់​ទាំង​ស្រុង។
លោកថា ៖ «​ការ​ត្រួត​ពិនិត្យ​មាត្រា​នៃ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ អាច​នឹង​ចប់​ជា​ស្ថាពរ និង​ដាក់​ចូល​ទៅ​រដ្ឋសភា គឺ​អាច​នៅ​ឆ្នាំ​ក្រោយ​នេះ ព្រោះ​ការ​កសាង​ច្បាប់​ថ្មី យើង​មិន​ចេះ​តែ​ធ្វើ​ឲ្យ​តែ​បាន​នោះ​ទេ ត្រូវ​ធ្វើការ​ត្រួត​ពិនិត្យ​ច្រើន​លើក​ណាស់ ដោយ​សារ​ថា នេះ​ជា​ច្បាប់​ដ៏​សំខាន់​មួយ​ពាក់​ព័ន្ធ​នឹង​បណ្តា​ប្រទេស​អាស៊ាន​និង នៅ​លើ​ពិភព​លោក»។
ក្នុងអង្គសិក្ខា​សាលា​នេះ មន្ត្រី​កាក​បាទ​ក្រហម​កម្ពុជា ក្រុមហ៊ុន​ឯក​ជន​ អង្គ​ការ​សង្គម​ស៊ីវិល​នានា បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​រួប​រួម​គ្នា ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នេះ ឲ្យ​បាន​ឆាប់​រហ័ស​សំដៅ​កាត់​បន្ថយ​អត្រា​ស្លាប់ របួស និង​ពិការ​ភាព ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ពេល​បច្ចុប្បន្ន។
យោងតាម របាយការណ៍​របស់​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈ​ពេល​៦ខែ​ដើម​ឆ្នាំ​២០១២​នេះ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង មាន​ចំនួន​២៤៥៣​លើក ក្នុង​នោះ​ មាន​ស្លាប់​មនុស្ស​ចំនួន ១០៦៧​នាក់​ និង​របួស​ធ្ងន់​ចំ​នួន ២៥០៥​នាក់​។​ ចំនួន​នេះ​មាន​ការ​ថយ​ចុះ ​៤៩២ ​លើក​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ពីឆ្នាំ​២០១១ រីឯ​ករណី​ស្លាប់​ថយ​ចុះ​៣៣​នាក់​ របួស​ធ្ងន់​ថយ​ចុះ​៤១៨​នាក់៕

No comments:

Post a Comment

yes