សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 6, 2012

រដ្ឋាភិបាល​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន ៣​ធ្វើ​ការ​ស្តារ​ទន្លេ​មេគង្គ

120906_03b
ច្រាំ​ង​ទន្លេ​មេ​គង្គ​ នៅ​ភូមិ​កោះ​ប្រាក់​ ទើប​តែ​បាក់​ថ្មី​ៗ​

ភ្នំពេញៈ រដ្ឋាភិបាល បាន​ផ្តល់​អាជ្ញាប័ណ្ណ ទៅ​ឲ្យ​ក្រុមហ៊ុន​ចំនួន ៣ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន ៩ ដែល​បាន​ដាក់​ការ​ដេញ​ថ្លៃ ធ្វើ​ការ​ស្តារ​ទន្លេ​មេគង្គ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​នាវា​ចរណ៍ តាម​ដង​ទន្លេ។
លោក លឹម គានហោ រដ្ឋ​មន្រ្តី​ក្រសួង​ធនធាន​ទឹក បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​អង្គារ៍​ថា ជា​សរុប មាន​ក្រុមហ៊ុន​ចំនួន​ ៩ បាន​ដាក់​ការ​ដេញ​ថ្លៃ លើ​គម្រោង​ទាំង​នេះ ហើយ​ក្រុមហ៊ុន ៣ ត្រូវ​បាន​ជ្រើសរើស​យក។
លោក បាន​ថ្លែង​ថា ក្រសួង​នឹង​ដើរ​តួនាទី​សំខាន់ ក្នុង​ការ​គ្រប់គ្រង​គម្រោង​ទាំង​នេះ​។ លោក ​បាន​គូស​បញ្ជាក់​ថា​៖ «ខ្ញុំ​ជឿ​ថា នឹង​មិន​មាន​បញ្ហា​អ្វី​ទេ ពីព្រោះ​ថា ការ​ធ្វើ​វា​នេះ ក្រសួង​ធនធាន​ទឹក ជា​អ្នក​គ្រប់គ្រង ទៅ​លើ​បច្ចេកទេស»។ លោក​បន្ត​ថា​៖ «ប្រសិន​បើ​ក្រុមហ៊ុន​មិន​ស្តាប់​យើង យើង​នឹង​យក​ប្រាក់​កក់​របស់​ពួក​គេ»។
លោក ប៊ុន ហ៊ាន រដ្ឋ​លេខាធិការ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា ការ​ស្តារ​ទន្លេ​នេះ គឺ​ធ្វើ​ឡើង ទៅ​តាម​សំណើ​របស់​កំពង់ផែ​ស្វយ័ត្ន​ភ្នំពេញ ដែល​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ស្តារ​ទន្លេ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​នាវាចរណ៍។ លោក​បាន​មាន​ប្រសាសន៍​ថា​ នៅ​ពេល​ស្តារ​ទន្លេ ក្រុមហ៊ុន មិន​មែន​បូម​យក​តែ​ខ្សាច់​នោះ​ទេ គឺ​គេ​​ត្រូវ​បូម​យក​ទាំង​អស់​រួម​ទាំង​ដី​ល្បាប់​ផង​ដែរ​។ លោក​បាន​គូស​បញ្ជាក់​ថា៖​ «ក្រុមហ៊ុន ត្រូវ​​បូម​យក​ទាំង​អស់ នៅ​លើ​ផ្លូវ​ទឹក ដែល​យើង​កំណត់​ឲ្យ​ធ្វើ​នៅ​ក្នុង​ដំណើ​ការ​ស្តារ​ទន្លេ​នេះ។ ជា​ធម្មតា​ ឲ្យ​តែ​ធ្វើ​ការ​ស្តារ វា​តែង​តែ​មាន​ទាំង​ភក់​និង​ដីខ្សាច់​ហើយ​។ ប៉ុន្តែ​កាល​ពី​គ្រា​កន្លង​មក ក្រុមហ៊ុន​បូម​យក​តែ​ដី​ខ្សាច់​ប៉ុណ្ណោះ​»។ លោក​ប៊ុន ហ៊ាន បាន​បន្ថែម​ទៀត​ថា ការ​ស្តារ​ទន្លេ​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​ទន្លេ​មាន​ទឹក​ជ្រៅ ងាយ​ស្រួល​ឲ្យ​កប៉ាល់​ធ្វើ​ការ​បើក​បរ​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ស្តារ​ទន្លេ​នេះ គឺ​ត្រូវ​ធ្វើ ចាប់​ពី​ទន្លេ​មេគង្គ​លើ រហូត​ដល់​ទន្លេ​មេគង្គ​ក្រោម​។ ទន្លេ​មេគង្គ​ក្រោម​ មាន​ចំនួន​ពី៧ ទៅ ៨ កន្លែង។ ចំណែក​នៅ​ទន្លេ​មេគង្គ​លើ​មាន​ចំនួន ៤​ កន្លែង។
តំណាង ក្រុម​បរិស្ថាន ដែល​ត្រូវ​បាន​ទាក់​ទង​កាល​ពី​ថ្ងៃ​អង្គារ ​មិន​បាន​ដឹង​អំពី​ការ​ផ្តល់​អាជ្ញា​ប័ណ្ណ លើ​ការ​ស្តារ​ទន្លេ​នេះ​ទេ ហើយ​បាន​បដិសេធ មិន​ព្រម​ធ្វើ​អត្ថាធិប្បាយ​ឡើយ។
លោក សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​ សម រង្ស៊ី ​ដែល​តែង​តែ​តាម​ឃ្លាំ​មើល​ពី​បញ្ហា​បរិស្ថាន បាន​ថ្លែងថា មុន​ពេល​រដ្ឋាភិបាល​ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ណា​មួយ​ ធ្វើ​ការ​ស្តារ​ទន្លេ​ រដ្ឋាភិបាល ត្រូវ​តែ​ធ្វើ​ការ​វាយ​តម្លៃ ពី​ផល​ប៉ះពាល់​បរិស្ថាន​ឲ្យ​បាន​ស៊ី​ជម្រៅ​តាម​រយៈ​គណៈ​កម្មាធិការ​ឯករាជ្យ​មួយ​។ លោក​បាន​មាន​ប្រសាសន៍​ថា បើ​មិន​ដូច្នោះ​ទេ ការ​ស្តារ​ទន្លេ ដោយ​មាន​ទាំង​ការ​បូម​ខ្សាច់​នោះ​ នឹង​ធ្វើ​បាក់​ច្រាំង​ទន្លេ ​ប៉ះពាល់​ដល់​ដី​ធ្លី​របស់​ប្រជាជន​ ដែល​រស់​នៅ​តាម​បណ្តោយ​ច្រាំង​ទន្លេ​។
យ៉ាង​ណា​ក៏​ដោយ លោក សុន ឆ័យ បាន​បន្ត​ទៀត​ថា​៖ «មាន​ការ​អនុវត្ត​នីតិវិធី​ផ្តល់​សិទ្ធិ​ទាំង​នេះ បាន​ប្រសើរ​ជាង​មុន ប៉ុន្តែ​ខ្ញុំ​មិន​ជឿថា វា​នឹង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​នោះ​ទេ»៕ 

No comments:

Post a Comment

yes