សាខាធនាគារ Asia Commercial Bank នៅទីក្រុងហាណូយ
ក្រុងហាណូយៈ ប្រធានធនាគារ Asia Commercial Bank (ACB) និងមន្ត្រីប្រតិបត្តិពីររូបផ្សេងទៀត បានលាលែងចេញពីតំណែង ខណៈធនាគាររបស់វៀតណាមមួយនេះ កំពុងប្រឈមនឹងការស៊ើបអង្កេតរបស់នរគបាល ដែលករណីនេះ បានទម្លាក់ថ្លៃភាគហ៊ុនរបស់វៀតណាម ដោយសារក្តីបារម្ភថា ការស៊ើបអង្កេតនេះ អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មហិរញ្ញវត្ថុ។
ធនាគារ ACB ដែលជាធនាគារធំជាងគេរបស់វៀតណាម និងមិនមែនជាកម្មសិទ្ធិរបស់រដ្ឋាភិបាល បានឲ្យដឹងថា លោកប្រធាន Tran Xuan Gia និងអនុប្រធានពីរនាក់ទៀតរបស់លោក បានអនុម័តលើការដាក់ប្រាក់បញ្ញើចំនួន ៧១៨លានដុង (៣៤លានដុល្លារ) នៃមូលនិធិរបស់ធនាគារនៅក្នុងធនាគារផ្សេងទៀត។ ធនាគារ ACB បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃពុធថា ក្រុមប្រឹក្សាភិបាលធនាគារ បានយល់ស្របនឹងការលាលែងចេញពីតំណែងរបស់មន្ត្រីធនាគារទាំងនោះកាល ពីថ្ងៃទី ១៨ ខែកញ្ញា។
ភាគហ៊ុននៅលើសន្ទស្សន៍ហ៊ុនគោលរបស់វៀតណាម បានធ្លាក់ចុះ ដោយធ្វើឲ្យភាគហ៊ុនរបស់វៀតណាមបន្តរហូតដល់១១ភាគរយ គិតចាប់ពីមន្ត្រីនគរបាលបានឃាត់ខ្លួនលោក Nguyen Duc Kien សហស្ថាបនិកធនាគារ ACB កាលពីថ្ងៃទី២០ ខែសីហាមក។ ការឃាត់ខ្លួនរូបលោក និងការចាប់ខ្លួនអតីតនាយកប្រតិបត្តិធនាគារ លោក Ly Xuan Hai ពីបទចោទប្រកាន់ថាគ្រប់គ្រងសេដ្ឋកិច្ចមិនបានល្អ បានជំរុញឲ្យមានការដកប្រាក់បញ្ញើ និងបានបង្ហាញពីក្តីបារម្ភរបស់ក្រុមវិនិយោគិនចំពោះប្រព័ន្ធ ធនាគារ ខណៈបំណុលខូច បានកើនឡើង ហើយកំណើនសេដ្ឋកិច្ចរបស់វៀតណាម កំពុងធ្លាក់ចុះ។
លោក Fiachra MacCana អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Ho Chi Minh City Securities Corp បានឲ្យដឹងថា៖ «បើតាមទស្សនវិស័យទីផ្សារ ភាពមិនប្រាកដប្រជានាពេលបច្ចុប្បន្ន ពុំបានបង្ហាញថានឹងចប់នៅឡើយទេ។ ការដាក់ពាក្យលាឈប់ពីក្រុមប្រឹក្សានៅតាមធនាគារទាំងនេះ ហាក់ដូចជាចាក់សាំងលើភ្លើងថែមទៀតអ៊ីចឹងនៅក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ខាងមុខនេះ»។
តាមការដកស្រង់សម្តីរបស់លោក Le Hung Dung ប្រធានក្រុមហ៊ុន Eximbank សារព័ត៌មានតាមអ៊ីនធឺណិត CafeF បានរាយការណ៍កាលពីថ្ងៃពុធថា លោក Pham Trung Cang អតីតមន្ត្រីប្រតិបត្តិនៅធនាគារ ACB បានលាឈប់ពីការងារក្នុងនាមជាអនុប្រធានធនាគារ Vietnam Export-Import Commercial Joint Stock Bank។
លោក Louis Taylor អគ្គនាយកធនាគារ Standard Chartered Plc ប្រចាំប្រទេសវៀតណាម បានឲ្យដឹងថា ធនាគារ Standard Chartered Plc កាន់កាប់ភាគហ៊ុននៅក្នុងធនាគារ ACB ចំនួន ១៥ភាគរយ។ លោក Taylor បានបដិសេធមិនអធិប្បាយពីការលាឈប់ពីការងារនេះទេ។ ចំណែកឯ ធនាគារ Sumitomo Mitsui Banking Corp ដែលជាធនាគារធំជាងគេទីពីររបស់ជប៉ុនគិតតាមតម្លៃទីផ្សារ កាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន Eximbank ចំនួន១៥ភាគរយ។ នេះបើយោងតាមទិន្នន័យ ដែលទីភ្នាក់ងារព័ត៌មាន Bloomberg ទទួលបាន។
សន្ទស្សន៍ ហ៊ុនគោលរបស់វៀតណាម បានធ្លាក់ចុះ ១,៨ភាគរយនៅម៉ោង ១១ និង៣០នាទីព្រឹកម្សិលមិញ ម៉ោងសម្រាក ដែលជាការធ្លាក់ចុះខ្លាំងបំផុតក្នុងចំណោមសន្ទស្សន៍ហ៊ុនចំនួន ២៣ នៅអាស៊ី៕
No comments:
Post a Comment
yes