ភ្នំពេញ ៖ បន្ទាប់ពីសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនជនសង្ស័យចំនួន៦រូបជាស្ដ្រីនិង១រូបទៀតជាបុរស ពាក់ព័ន្ធករណីជួញដូរផ្លូវភេទកាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២ ហើយជនសង្ស័យចំនួន៦រូបត្រូវបានដោះលែង បន្ទាប់ពីមិនបានពាក់ព័ន្ធទៅនឹងបទល្មើស បទអន្ដរការរវាងបុរសឬស្ដ្រីពេស្យា និងសញ្ចារិក ឬសញ្ចារិកា ប៉ុន្ដែឈ្មោះ ចាន់ ស្រីណុច ហៅ មុំ ថៅកែហាងអ៊ុតសក់យីហោមីកាហ្សា ស្ថិតនៅផ្លូវ១១០ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២ ដើម្បីឱ្យតំណាងអយ្យការបន្ដនីតិវិធី ធ្វើការចោទប្រកាន់ឬមួយយ៉ាងណា ?
មជ្ឈដ្ឋានទូទៅ ជាពិសេសអ្នកនៅរាជធានីភ្នំពេញ បានបង្ហាញពីការភ្ញាក់ផ្អើលបន្ទាប់ពីឃើញរូបភាពម្ចាស់ហាងអ៊ុតសក់យីហោមីកាហ្សាដែលធ្លាប់មានការផ្សព្វផ្សាយពាណិជ្ជកម្មជាញឹកញាប់នៅលើកញ្ចក់ទូរទស្សន៍ ក្លាយទៅជាជនសង្ស័យជួញដូរផ្លូវភេទ (រកស្រីស្អាតៗឱ្យតាតា ឧកញ៉ាៗជាដើមនោះ) ដូច្នេះមុខរបរនេះរងនូវការរិះគន់ថា ជាការមានបានក្នុងលក្ខណៈមិនថ្លៃថ្នូរក្នុងសង្គម ស្របពេលដែលច្បាប់កំពុងរិតបន្ដឹង ។
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២ នៅទីតាំងហាងគុយទាវមួយជិតស្ដុបអាំបាសាឌ័រ ទល់មុខក្លឹបកម្សាន្ដអេហ្ស៊ីបនិងអគ្គនាយកដ្ឋានពន្ធដារ មានមន្ដ្រីពន្ធដារជាច្រើននាក់បាននិយាយខ្សឹបខ្សៀវតគ្នាដូចជាពាក្យថា “មិនគួរណាប្រពន្ធលោក នុបុត្រ ក្លាយទៅជាជនសង្ស័យជួញដូរផ្លូវភេទរកមីនុយឱ្យតាតា និងឧកញ៉ានោះសោះ” ។ មតិរបស់មន្ដ្រីពន្ធដារផ្សេងទៀតបាននិយាយរបៀបរិះគន់ថា “បើប្ដីមានតួនាទីជាប្រធានសាខាខណ្ឌដូនពេញ ធំប៉ុនណាប៉ុណ្ណី ទៅខ្វះអីត្រឹមលុយចាយ ម្យ៉ាងទៀតប្រពន្ធបើកហាងអ៊ុតសក់កែសម្ពស្សយ៉ាងធំ ពិតជាមិនខ្វះទេលុយចាយ ចាំបាច់អីលោភលន់ទៅរកស៊ីធ្វើជាម៉ែយ៉ែមនាំស្រីស្អាតៗឱ្យតាតា ឬឧកញ៉ា សុទ្ធតែមុខរបរមិនថ្លៃថ្នូរនិងជាបទល្មើសឧក្រិដ្ឋ ក៏ដូចជាអំពើបាបនោះ ។
អ្នកខ្លះទៀតរិះគន់ថា សង្ស័យលោក ហាំង នុបុត្រ ប្រធានសាខាពន្ធដារខណ្ឌដូនពេញ ស្គាល់អ្នកធំនិងតាតាច្រើន ក៏ដូចជាឧកញ៉ា អាចឃុបឃិតចូលរួមមុខរបរកិនថ្លៃថ្នូរនេះជាមួយភរិយាហើយមើលទៅ ។
ពាក់ព័ន្ធនឹងការរិះគន់ដែលមិនអាចចាត់ទុកថា ជាមូលដ្ឋានណាមួយពិតប្រាកដដែលមជ្ឈដ្ឋានទូទៅបានលើកឡើង គឺគ្រាន់តែភាពដាក់សង្ស័យប៉ុណ្ណោះ ម្យ៉ាងវិញទៀត នគរវត្ដក៏មិនអាចទាក់ទងបានដែរពីលោក ហាំង នុបុត្រ ប្រធានសាខាពន្ធដារខណ្ឌដូនពេញ បន្ទាប់ពីភរិយារបស់គាត់អ្នកស្រី ចាន់ ស្រីណុច ហៅ មុំ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួននិងបញ្ជូនទៅកាន់សាលាដំបូងកាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២នោះ ។
តាមពិតទៅជនដែលប្រព្រឹត្ដិនិងកសាងអំពើបាបណាមួយ ចៀសមិនផុតពីការទទួលទោសទណ្ឌនិងបាបកម្មដូច្នេះ ប្រសិនបើជនសង្ស័យ ចាន់ ស្រីណុច ម្ចាស់ហាងអ៊ុតសក់យីហោមីកាហ្សានិងជាភរិយាប្រធានសាខាពន្ធដារខណ្ឌដូនពេញ ពាក់ព័ន្ធករណីជួញដូរផ្លូវភេទក៏ដោយ ដោយឡែកប្ដីរបស់គាត់ពិតជាមិនអាចទទួលយកនូវទោសកំហុសអំពើប្រព្រឹត្ដិនេះ ជំនួសភរិយាបានទេ ដូច្នេះអ្នកណាប្រព្រឹត្ដិអ្នកនោះទទួល ។ មានន័យថា បើទោះជាប្ដីប្រពន្ធ គេងខ្នើយជាមួយគ្នា គ្រែពូកជាមួយគ្នា តែការសុបិន្ដជារៀងរាល់លើកពិតជាយល់សុបិន្ដផ្សេងៗពីគ្នា៕
No comments:
Post a Comment
yes