សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 18, 2012

បណ្ដាញ​សហគមន៍​ព្រៃឡង់​បញ្ចប់​ការ​ដើរ​ល្បាត​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​លើក​ទី៦


បណ្ដាញ​សហគមន៍​ព្រៃឡង់​ជាង​៣០០​នាក់ នៅ​ជុំវិញ​ព្រៃឡង់ ដែល​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង និង​ខ្លះ​ដោយ​ម៉ូតូ​រយៈពេល​៥ថ្ងៃ ដើម្បី​ដើរ​ល្បាត​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ដាក់​ជូន​រដ្ឋាភិបាល​ជា​លើក​ទី៦ បាន​បញ្ចប់​ហើយ កាល​ពី​ថ្ងៃ​ទី១៧ ខែ​កញ្ញា។
RFA/Kim Peou
ក្រុម​អ្នក​ភូមិ​ដែល​មក​តវ៉ា​ដើម្បី​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់ ស្ថិត​ក្នុង​ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១១។
អ្នក​សម្រប​សម្រួល​វេទិកា​សាធារណៈ នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ ឲ្យ​ដឹង​ថា ពលរដ្ឋ​មក​ពី​ខេត្ត​ចំនួន​៤ បាន​ដើរ​ល្បាត និង​ជិះ​ម៉ូតូ ប្រឆាំង​បទល្មើស​ព្រៃ​ឈើ ចាប់​ពី​ថ្ងៃ​ទី១៣ ដល់​ថ្ងៃ​ទី១៧ ខែ​កញ្ញា។ លោក​បន្ត​ថា ការ​ដើរ​ល្បាត​រយៈពេល​៥ថ្ងៃ អ្នក​ភូមិ​មក​ពី​ខេត្ត​ព្រះវិហារ បាន​ដុត​បំផ្លាញ​គំនរ​ឈើ​ជាង​១០​ម៉ែត្រ​គូប ប្រភេទ​ឈើ​ធ្នង់ និង​ចាប់​បាន​ម៉ាស៊ីន​អារ​ឈើ​មួយ។
អ្នក​ភូមិ​មក​ពី​ខេត្ត​កំពង់ធំ ចាប់​បាន​ម៉ាស៊ីន​អារ​ឈើ​ចំនួន​៤គ្រឿង និង​ប្រទះ​ឃើញ​គំនរ​ឈ្មោះ​ប្រភេទ​ឈើ​កកោះ ឈើ​ដួងចែម ដើម​ច្បោះ និង​ឈើ​ទាល ចំនួន​ជាង​២០០​ម៉ែត្រ​គូប។ រីឯ​អ្នក​ភូមិ​មក​ពី​ខេត្ត​ក្រចេះ ចាប់​បាន​ម៉ាស៊ីន​អារ​ឈើ​ចំនួន​៤គ្រឿង​ដែរ និង​រក​ឃើញ​គំនរ​ឈើ​ប្រណិត​ជាច្រើន​ម៉ែត្រ​គូប​ទៀត។
ដោយ​ឡែក អ្នក​ភូមិ​នៅ​ឯ​ខេត្ត​ស្ទឹងត្រែង វិញ មិន​ទាន់​ដឹង​ថា ចាប់​បាន​ឈើ​ប៉ុន្មាន​នៅ​ឡើយ​ទេ ដោយ​សារ​តែ​នៅ​ឆ្ងាយ មិន​អាច​ទាក់​ទង​បាន។ លោក​បន្ត​ថា ប្រសិន​បើ​បាន​លទ្ធផល​ពី​ប្រជា​សហគមន៍​ទាំង​៤ខេត្ត​ហើយ​នោះ លោក​នឹង​ធ្វើ​របាយការណ៍​ជា​លើក​ទី៦ ដាក់​ជូន​រដ្ឋាភិបាល ស្ដីពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​អនាធិបតេយ្យ​ក្នុង​តំបន់​ព្រៃឡង់។

លោក ឈឹម សាវុធ៖ «បើ​ចង់​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ដូច​បទ​បញ្ជា​របស់​នាយក​រដ្ឋមន្ត្រី​មែន អាជ្ញាធរ​ដាក់​វិធានការ​តឹងរ៉ឹង​ទប់ស្កាត់​បាន​ចំពោះ​សហគមន៍​ទប់ស្កាត់​បាន​មួយ​ពេលៗ​ទេ ហើយ​ទប់​ហើយ​ជន​ល្មើស​ហ្នឹង បង្កើត​សកម្មភាព​ឡើង​វិញ​ដដែល។ ក្រោយ​ពី​របាយការណ៍​ផ្ញើ​ទៅ​ខេត្ត ទៅ​ក្រសួង​អស់ ស្រាប់​តែ​របាយការណ៍​ហ្នឹង​មាន​ដល់​ជន​ល្មើស​ដែល​កំពុង​កាប់​បំផ្លាញ​ក្នុង​ព្រៃឡង់ ធ្វើ​ឲ្យ​ជន​ល្មើស​គំរាម​ដល់​សហគមន៍ ដែល​បាន​បង្ហាញ​ឯកសារ​ហ្នឹង​ទៀត។ នេះ​ជា​វិធី​មួយ ធ្វើ​ឲ្យ​សហគមន៍​អស់​ទឹក​ចិត្ត ហើយ​ក៏​មិន​អាច​បង្ក្រាប​បញ្ហា​ហ្នឹង​បាន​ដែរ ក្រុម​ល្មើស​ហ្នឹង រឹត​តែ​បាន​ចិត្ត​ថែម​ទៀត និង​ធ្វើ​ឲ្យ​សហគមន៍​ភ័យ​ខ្លាច ពេល​ដែល​មាន​ការ​គំរាម​អ៊ីចឹង»
លោក ឈឹម សាវុធ បញ្ជាក់​ថា ការ​ចុះ​ល្បាត​ក្នុង​ព្រៃឡង់​របស់​អ្នក​ភូមិ អាច​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​បាន​មួយ​រយៈ​តូច​ប៉ុណ្ណោះ។ តែ​ក្រោយ​មក ជន​ល្មើស​បាន​បង្កើត​បទល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​នោះ​ដូច​ដើម ហើយ​តំបន់​ខ្លះ ការ​កាប់​បំផ្លាញ​ឈើ​មាន​ការ​កើន​ឡើង​លើស​មុន​ថែម​ទៀត។ លោក​ថា ការ​ចុះ​ល្បាត​របស់​សហគមន៍​ព្រៃ​ឈើ គ្រាន់​តែ​ជា​ការ​ជួយ​រក​ភស្តុតាង និង​ជា​ការ​ព្រមាន​ខ្លះៗ​ដល់​មន្ត្រី​ខិល​ខូច និង​ជន​ប្រព្រឹត្ត​បទល្មើស​ប៉ុណ្ណោះ ហើយ​វា​មិន​អាច​ទប់ស្កាត់​បាន​ទាំង​ស្រុង​នោះ​ឡើយ ប្រសិន​បើ​មិន​មាន​ការ​សហការ​ជាមួយ​មន្ត្រី​អាជ្ញាធរ៕

No comments:

Post a Comment

yes