សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 2, 2012

បក្ស សម រង្ស៊ី និង​សិទ្ធិមនុស្ស ប្រតិកម្ម​ចំពោះ​ព័ត៌មាន​សកម្មជន​ចាក​ចេញ


មន្ត្រី​គណបក្ស​ប្រឆាំង រួម​មាន គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស ប្រតិកម្ម ចំពោះ​ការ​បំប៉ោង​ព័ត៌មាន ដែល​ថា សកម្មជន​របស់​ខ្លួន​ចំនួន​ជាង ៣ ពាន់​នាក់ ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ទៅ​ចូលរួម​ជាមួយ​គណបក្ស ហ៊្វុនស៊ិនប៉ិច។
មន្ត្រី​គណបក្ស​ប្រឆាំង​ ចោទ​ថា គណបក្ស ហ្វុនស៊ីនប៉ិន បាន​បំប៉ោង​ចំនួន​សកម្មជន ដែល​ទៅ​ចុះ​ចូល​នោះ ខុស​ពី​ការ​ពិត ដើម្បី​កេង​ចំណេញ​ខាង​ផ្នែក​នយោបាយ។
មន្ត្រី​គណបក្ស​ប្រឆាំង​ថ្លែង​ថា អតីត​សកម្មជន​គណបក្ស សម រង្ស៊ី មួយ​ចំនួន ដែល​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស ហ្វុនស៊ិនប៉ិច នោះ គឺ​ដោយសារ​ពួក​គេ​មើល​ឃើញ​លាភ​សក្ការៈ ​ដូច​ជា​លុយ ​ដី​ស្រែ និង​តួនាទី ដែល​គណបក្ស ហ្វុនស៊ិនប៉ិច ផ្ដល់​ឲ្យ។

លោក មាន សារិទ្ធ ប្រធាន​ក្រុមការងារ​ក្រុង​ប៉ោយប៉ែត គណបក្ស សម រង្ស៊ី ថ្លែង​ថា សកម្មជន​ដែល​ចាក​ចេញ​នោះ ពុំ​មែន​ដោយសារ​មូលហេតុ​មេ​ដឹកនាំ​របស់​គណបក្ស សម រង្ស៊ី នោះ​ទេ។ សកម្មជន​មួយ​ចំនួន បាន​ទៅ​ចុះចូល​តាំង​ពី​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៣ មក​ម្ល៉េះ។
លោក មាន សារិទ្ធ៖ «ហើយ​ការ ដែល​គាត់​ចេញ​ទៅ​នេះ មិន​មែន​មាន​ច្រើន​ដូច​គាត់​ថា មាន​ដល់​ជាង ៣.៦០០ នាក់​ទេ។ ចំនួន ៣.៦០០ នាក់​នេះ បើ​យើង​ពិនិត្យ​មើល​បញ្ជី​បោះឆ្នោត ​ឃុំ​សង្កាត់​ក្នុង​អាណត្តិ​ទី ៣ នេះ គឺ​ជា​ចំនួន​រួម​ទូទាំង​ខេត្ត​តែ​ម្ដង មិនមែន​មួយ​កន្លែង​ទៅ​ចូលរួម​បាន​ចំនួន​ប៉ុណ្ណឹង​មិន​មែន​ទេ។ កាល​ពី​ម្សិល​មិញ មាន​បងប្អូន​មួយ​ចំនួន ដែល​គាត់​ដើរ​តាម​ជន​ដែល​ល្មោភ​អំណាច ​បាន​លាភសក្ការៈ បាន​តួនាទី​នេះ គាត់​បាន​ទូរស័ព្ទ​មក​ប្រាប់​ខ្ញុំ​វិញ​ថា គាត់​នឹង​វិល​ត្រឡប់​មក​រួម​រស់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​មាន​លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន»។
លោក​សង្កត់​ធ្ងន់​ថា អ្វី​ដែល​គណបក្ស ហ្វុនស៊ិនប៉ិច បាន​ធ្វើ​ឲ្យ​កើត​មាន​ឡើង​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា​នោះ គ្រាន់​តែ​ជា​ការ​បោកប្រាស់ តាម​រយៈ​ការ​បំប៉ោង​ចំនួន​ច្រើន​លើស​លុប រហូត​ទៅ​ដល់ ៣.៦០៧ នាក់។ ម្យ៉ាង​វិញ​ទៀត ក្នុង​ចំនួន​នោះ មាន​សកម្មជន​មួយ​ចំនួន បាន​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស ហ្វុនស៊ិនប៉ិច យូរ​ហើយ តាំង​ពី​ឆ្នាំ ២០០៧។
គណបក្ស ហ្វុនស៊ិនប៉ិច បាន​ធ្វើ​ពិធី​ប្រកាស​ទទួល​ថ្នាក់​ដឹកនាំ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស កាល​ពី​ព្រឹក​ថ្ងៃ​ទី ១ កញ្ញា ២០១២ នៅ​ទីស្នាក់ការ​គណបក្ស ហ៊្វុនស៊ិនប៉ិច ខេត្ត​បន្ទាយ​មានជ័យ។ គណបក្ស ហ្វុនស៊ិនប៉ិច បាន​បញ្ជាក់​ថា មាន​សកម្មជន​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ចំនួន​ជាង ៣.៦០៧ នាក់ ក្នុង​ខេត្ត​បន្ទាយ​មានជ័យ បាន​ចូល​រួម​ជាមួយ​គណបក្ស ហ៊្វុនស៊ិនប៉ិច។
នៅ​ក្នុង​ពិធី​ប្រកាស​ទទួល​សកម្មជន​ថ្មី​របស់​គណបក្ស ហ្វុនស៊ិនប៉ិន នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​នោះ លោក ម៉ក់ ដារិទ្ធ អតីត​ជា​ប្រធាន​គណបក្ស សម រង្ស៊ី ក្រុង​ប៉ោយប៉ែត​ថ្លែង​ថា ការ​រួម​រស់​ជាមួយ​គណបក្ស សម រង្ស៊ី នា​រយៈ​កាល​កន្លង​មក លោក​បាន​ខិតខំ​បម្រើ​ការ​ជូន​បក្ស។ ប៉ុន្តែ ពុំ​បាន​លទ្ធផល​ទេ។ គណបក្ស សម រង្ស៊ី បាន​សន្យា​ធ្វើ​ឲ្យ​រូប​លោក​អស់​ចិត្ត។ ដូច្នេះ ហើយ​ធ្វើ​ឲ្យ​លោក ងាក​ទៅ​រួម​រក​គណបក្ស ហ៊្វុនស៊ិនប៉ិច។ លោក​អះអាង​ថា បាន​នាំ​សមាជិក​សមាជិកា​របស់​គណបក្ស សម រង្ស៊ី ១៣៥៧ នាក់ ចុះ​ចូល ហ្វុនស៊ិនប៉ិច និង​សន្យា​អូសទាញ​សមាជិក​គណបក្ស សម រង្ស៊ី បន្ថែម​ទៀត ឲ្យ​ទៅ​ចូល​ជាមួយ ហ្វុនស៊ិនប៉ិច សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ​នេះ។
ប៉ុន្តែ មន្ត្រី​គណបក្ស សម រង្ស៊ី លោក មាន សារិទ្ធិ បាន​ប្រតិកម្ម​ថា លោក ម៉ក់ ដារិទ្ធ មាន​ដី​ធ្វើ​ស្រែ​មួយ​ចំនួន នៅ​ក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត។ ដី​នោះ​ជា​ដី​របស់​លោក ជា ជន មន្ត្រី ហ៊្វុនស៊ិនប៉ិច និង​ជា​ដី​របស់​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស ហ្វុនស៊ិនប៉ិច ដែល​បាន​ប្រគល់​ឲ្យ​លោក ម៉ក់ ដារិទ្ធ ធ្វើ​ស្រែ។ ចំណុច​នេះ ជា​សម្ពាធ​មួយ ដែល​ធ្វើ​ឲ្យ​លោក ម៉ក់ ដារិទ្ធ ទៅ​ចុះ​ចូល​ជាមួយ ហ្វុន​ស៊ិនប៉ិច។
លោក មាន សារិទ្ធិ៖ «ការ​ពិត​ពុំ​មាន​ទេ ជា​ការ​បោកប្រាស់​មួយ​ខាង​ផ្នែក​នយោបាយ ដែល​លោក  ញឹក ប៊ុនឆៃ បាន​ប្រណិត​ឡើង ដើម្បី​ផ្គាប់​ចិត្ត​ចៅហ្វាយ​នាយ​តែ​ប៉ុណ្ណោះ។ ក្នុង​ពេល​ថ្មីៗ នេះ  មិន​មាន​សកម្មជន​គណបក្ស សម រង្ស៊ី ឬ​ក៏​គណបក្ស សិទ្ធិមនុស្ស ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស ហ្វុនស៊ិនប៉ិច ទេ។ នេះ​ជា​រឿង​ប្រឌិត ជា​រឿង​បោក​ប្រាស់​មួយ  ដែល​ធ្វើ​ឲ្យ​អ្នក​នយោបាយ​ដូច​គ្នា ធ្វើ​ឲ្យ​សកម្មជន​មួយ​ចំនួន នៅ​ថ្នាក់​ក្រោម​ភូមិ​ឃុំ ​មាន​ការ​ភាន់​ច្រឡំ»។
លោក ប៉េង សុខ​សេង អតីត​ជា​លេខា​គណបក្ស​បក្ស​ សិទ្ធិមនុស្ស​ ខេត្ត​បន្ទាយ​មានជ័យ​ថ្លែង​ថា​ លោក​បាន​ដឹកនាំ​សមាជិក​សមាជិកា​គណបក្ស សិទ្ធិមនុស្ស ចំនួន​ជាង ៣០០ នាក់ ចូលរួម​រស់​ជាមួយ​គណបក្ស ហ៊្វុនស៊ិនប៉ិច។ បច្ចុប្បន្ន លោក​មាន​តួនាទី​ជា​អនុប្រធាន​គណបក្ស ហ្វុនស៊ិនប៉ិន  នៅ​ខេត្ត​បន្ទាយ​មានជ័យ។ គណបក្ស ហ៊្វុនស៊ិនប៉ិច ដែល​ធ្លាប់​បែកបាក់​គ្នា​កន្លង​មក ឥឡូវ​បាន​រួមរស់​ជាមួយ​គ្នា​វិញ។
លោក ប៉េង សុខ​សេង៖ «មាន​ការ​ចូលរួម ​របស់​គណបក្ស សិទ្ធិមនុស្ស មួយ​ចំនួន​ធំ ចូល​ទៅ​គណបក្ស ហ្វុនស៊ិនប៉ិច ការ​ចូល​រួម​ជាក់​ស្ដែង​ម្សិលមិញ ​មាន ៣៥០ នាក់។ សម រង្ស៊ី  ប្រហែល ​ជាង​៣០០ នាក់​ដែរ គឺ​មាន​ហេតុផល​តែ​ម្យ៉ាង​ទេ គ្រាន់​ថា ខ្ញុំ​មើល​ឃើញ ​ការ​កែ​ទម្រង់ ​របស់​គណបក្ស ហ្វុនស៊ិនប៉ិន មាន​ភាព​ល្អ​ប្រសើរ ហើយ​ទី ២ ទាក់​ទង​ទៅ​និង​ការ​បង្រួបបង្រួម​គណបក្ស​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ គោល​នយោបាយ​របស់​គណបក្ស ហ៊្វុនស៊ិនប៉ិច ល្អ ក្រោម​ការ​ដឹក​នាំ​របស់​ឯកឧត្ដម ញឹក ប៊ុនឆៃ»។
លោក ញឹក គឹម ឈុន ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​ ហ៊្វុនស៊ិនប៉ិច ខេត្ត​បន្ទាយ​មានជ័យ​ មាន​ប្រសាសន៍​ថា មូលហេតុ​សំខាន់ ដែល​នាំ​ឲ្យ​អតីត​សកម្មជន​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស មក​រួម​រស់​ជាមួយ​គណបក្ស ហ្វុនស៊ិនប៉ិច ដោយសារ​ឥឡូវ​នេះ គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច រួបរួម​គ្នា​ឡើង​វិញ។ លោក ញឹក ប៊ុនឆៃ ជា​ប្រធាន​ប្រតិបត្តិ និង​ជា​អ្នក​មាន​ស្រុក​កំណើត  នៅ​ខេត្ត​បន្ទាយ​មានជ័យ។ ចំណុច​ទី​៣ គណបក្ស ហ៊្វុនស៊ិនប៉ិន មាន​មេ​ដឹកនាំ​ត្រឹមត្រូវ​យុត្តិធម៌​ សច្ចធម៌​ មិន​យក​លុយកាក់​ពី​សមាជិក​សមាជិកា​តែ​បាន​ចុះ​ជួយ​ប្រជាជន។ សកម្មជន​របស់ ​គណបក្ស​ទាំង​ពីរ ដែល​ទៅ​រួម​រស់​ជាមួយ​គណបក្ស ហ៊្វុនស៊ិនប៉ិន នា​ពេល​នេះ ធ្វើ​ឡើង​ដោយ​ឆន្ទៈ​ របស់​ពួក​គេ ពុំ​មាន​ការ​ទិញ​ទឹក​ចិត្ត និង​មាន​លក្ខខណ្ឌ​អ្វី​នោះ​ទេ។
លោក ញឹក គឹម ឈុន៖ «ជួយ​គ្រប់​ទី​កន្លែង ​តាំង​ពី​ទំនាស់​ដីធ្លី​អី​ជួយ​សម្រួល ជួយ​ទាក់ទង​ ដើម្បី​ដោះស្រាយ​ តាម​សមត្ថភាព។ អ៊ីចឹង​វា​ល្អ​ប្រសើរ។ ដល់​អ៊ីចឹង​វា​មិន​ដែល​មាន​មេ​មក​ជួយ​ណា ហ្វុនស៊ិនប៉ិច មាន​មេ​ជួយ​យ៉ាង​ចំណាប់ ហើយ​ផុត​ពី​នោះ គាត់​ទាំង​អស់​ហ្នឹង ជា​អតីត ហ៊្វុនស៊ិនប៉ិច ដល់ ហ្វុនស៊ិនប៉ិន មាន​បញ្ហា​ទៅ​បាន​បែក​បាក់​ខ្លះ​ទៅ​នេះ ​ខ្លះ​ទៅ​នុះ​អា​ហ្នឹង សុទ្ធ​កូន​ចៅ​ចាស់​ត្រឡប់​មក​វិញ​ធ្វើ​ការ​ល្អ​ប្រសើរ»។
លោក​បន្ត​ថា នេះ​ជា​លើក​ដំបូង ដែល​គណបក្ស ហ៊្វុនស៊ិនប៉ិច បាន​ប្រកាស​ទទួល​ស្គាល់​សមាជិក​ពី​គណបក្ស សិទ្ធិមនុស្ស និង​គណបក្ស សម រង្ស៊ី ក្រោយ​ពី​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ជាតិ​និយម បាន​រួម​គ្នា​ជា​គណបក្ស​តែមួយ។ គណបក្ស ហ្វុនស៊ិនប៉ិច នឹង​ធ្វើ​ពិធី​នេះ​នឹង​ធ្វើ​ទៅ​លើ​ខេត្ត​ចំនួន ៥ ទៀត បន្ទាប់​ពី​ខេត្ត​បន្ទាយ​មានជ័យ។
ទាក់ទិន​រឿង​នេះ លោក បណ្ឌិត សុខ ទូច ជា​អ្នកវិភាគ​ឯករាជ្យ​យល់​ថា នៅ​ពេល​ណា​មាន​ការ​បង្កើត​សម្ពន្ធភាព​ថ្មី គេ​ត្រូវ​ធ្វើ​ឲ្យ​សារព័ត៌មាន​ចាប់​អារម្មណ៍ និង​ប្រើប្រាស់​សារព័ត៌មាន ដោយ​មិន​ចាំ​បាច់​អញ្ជើញ​មិន​ចាំបាច់​បង់​ថវិកា​នោះ គេ​ត្រូវ​បង្កើត​រលក​នយោបាយ​មួយ ដើម្បី​ឲ្យ​សារព័ត៌មាន​ហ្នឹង​ចុះ​ផ្សាយ​ពី​លំហូរ​អ្នក​ចុះ​ចូល​របស់​សកម្មជន​គណបក្ស​នយោបាយ​មួយ​ទៅ​គណបក្ស​នយោបាយ​មួយ​ផ្សេង​ទៀត។ ធ្វើ​ដូច្នេះ គឺ​ដើម្បី​ទាក់ទាញ​អារម្មណ៍​របស់​អ្នក​បោះឆ្នោត។
លោក បណ្ឌិត សុខ ទូច៖ «ទី​២ ប្រជាជន​ខ្ញុំ​យល់​ឃើញ​ថា គ្មាន​ពីរ​បី​ពាន់​នាក់​ទេ វា​អត់​អាច​ទៅ​បាន​ទេ មូលហេតុ​អី​រឿង​នេះ ​មិនមែន​ជា​រឿង​ថ្មី សម្រាប់ ​បរិបទ​កម្ពុជា ប្រជាជន​កម្ពុជា​មិន​រត់​ចុះ​ឡើង​ទៅ​រក​គណបក្ស​មួយ​ខ្សោយ​ទេ គេ​ស្វែង​រក​គណបក្ស ដែល​ខ្លាំង​ហើយ បើ​យើង​ប្រៀបធៀប​គណបក្ស  គណបក្ស សម រង្ស៊ី គណបក្ស សិទ្ធិមនុស្ស  ទៅ​និង​គណបក្ស ហ៊ុនស៊ិនប៉ិច ដែល​ស្ទើរ​តែ​មិន​មាន​កៅអី​ផង ហើយ​គេ​រត់​ទៅ​រក​អា​ខ្សោយ​វា​អត់​អាច​ទេ»។
លោក​បណ្ឌិត សុខ ទូច បន្ត​ថា ចំណុច​សំខាន់​មួយ​ទៀត គឺ​គណបក្ស ហ្វុនស៊ិនប៉ិច ធ្លាប់​មាន​ភាព​រឹងមាំ នៅ​លើ​ទីតាំង​ខេត្ត​បន្ទាយ​មានជ័យ។ ដូច្នេះ ហើយ​គណបក្ស ហ្វុនស៊ិនប៉ិច បាន​ខិតខំ ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ការ​បាត់បង់ ហ្វុនស៊ិនប៉ិច ទៀត ត្រូវ​ខំ​រក​មធ្យោបាយ​កសាង​មូលដ្ឋាន​គ្រឹះ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ។
នៅ​ពេល​បោះឆ្នោត​ជិត​ចូល​មក​ដល់​​ម្ដងៗ គណបក្ស​នយោបាយ​នីមួយៗ បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ ​គ្រប់​បែប​យ៉ាង ដើម្បី​អូស​ទាញ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​គាំទ្រ​ខ្លួន។ គណបក្ស​នយោបាយ​ខ្លះ​ក៏​បាន​យុទ្ធសាស្ត្រ បំបែក​បំបាក់​តាម​រយៈ​ការ​ផ្ដល់​លុយ​ការ​សម្ភារៈ ​ទិញ​ទឹកចិត្ត។ការ​សន្យា​ផ្ដល់​តួនាទី មុខ​តំណែង ដើម្បី​យក​បុគ្គល​សំខាន់ៗ មួយ​ចំនួន ទៅ​ធ្វើ​សកម្មភាព​អូស​ទាញ​សកម្មជន​គណបក្ស​នយោបាយ​ផ្សេង​ឲ្យ​មក​គាំ​ទ្រ​គណបក្ស​របស់​ខ្លួន។ ក្រុម​អ្នកវិភាគ​ស្ថាន​ការ​នយោបាយ ​នៅ​ស្រុក​ខ្មែរ​មើល​ឃើញ​ថា រូបភាព​សកម្មភាព។ ដូច្នេះ បាន​កើត​មាន​ច្រើន​ឆ្នាំ ហើយ​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ ភាគ​ច្រើន​ក៏​បាន​យល់ដឹង​ដូច​គ្នា​ដែរ៕

No comments:

Post a Comment

yes