សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 6, 2012

គណបក្ស សង្គ្រោះជាតិ ដែលមានរូបសញ្ញា ព្រះអាទិត្យរះ គឺដើម្បីសង្គ្រោះប្រជាពលរដ្ឋ និងជាតិរបស់យើង ដែលកំពុងតែលិចលង់កាន់តែជ្រៅក្រោមការដឹកនាំរបស់គណបក្សប្រជាជន


ការបង្កើតឡើងនូវ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ របស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស គឺដោយសារ​តែ​ថ្នាក់ដឹកនាំរបស់គណបក្សទាំងពីរ មានគោលបំណងដើម្បីសង្គ្រោះ​​​ប្រជាពលរដ្ឋ​ខ្មែរទាំងអស់​​គ្នា ពី​ការដឹកនាំ​​ប្រទេស​បច្ចប្បន្ន ដែលគេដឹងថាបានធ្វើឲ្យប្រជា​ពលរដ្ឋរងគ្រោះយ៉ាងធ្ងន់ធ្ងរ និងកំពុង​ដឹកនាំតាមរបៀបផ្តាច់ការ ហើយគ្រាន់តែមានការប្រកាសបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិភ្លាម ប្រជាពលរដ្ឋ និងឥស្សរជន​នយោបាយជាច្រើនបានដាក់​​លិខិតចូលរួមជាមួយចលនានេះ ដើម្បីសង្គ្រោះប្រទេសជាតិរបស់យើងទាំងអស់គ្នា


ការចូលរួមដោយស្ម័គ្រចិត្តពីបណ្តាប្រជាពលរដ្ឋខ្មែរ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល  និងឥស្សរៈជន​នយោបាយ​ជាច្រើនរូប ​បានធ្វើឲ្យចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក្លាយទៅជា​គណបក្ស​ សង្គ្រោះជាតិ និងជាកម្លាំងប្រមូលផ្តុំអ្នកប្រជាធិបតេយ្យ អ្នកស្រឡាញ់ជាតិដ៏ធំ ដែលនឹងអាចយកឈ្នះលើគណបក្សកាន់អំណាចបច្ចុប្បន្ននៅក្នុងការបោះឆ្នោតឆ្នំា២០១៣​ខាងមុខ​នេះ​ជាក់ជាមិនខានឡើយ

សូមជំរាបថាឆ្នាំ២០១៣នេះ ល្មមដល់ពេលវេលា​បញ្ចប់វត្តមានអំណាចផ្តាច់ការនៅកម្ពុជា និងក៏ជាពេលវេលា ដើម្បីស្រោចស្រង់ជាតិពីរណ្តៅគ្រោះថ្នាក់ផងដែរ ជាមួយគ្នានោះក៏មានជា​សុំនួរ​សួរថាតើហេតុអ្វីចាំបាច់ត្រូវសង្គ្រោះជាតិ? ចំឡើយយ៉ាងខ្លីនិងងាយស្រួលឆ្លើយ ក៏ដូចជា​ស្រួល​ស្តាប់ផងដែរគឺ សង្គ្រោះព្រោះប្រជាពលរដ្ឋរាប់លាន់នាក់បានរងគ្រោះ ដោយសារតែការបណ្តេញ
ចេញ ហើយបើទោះ​បីមានការចុះវាស់វែងដីជូនប្រជាពលរដ្ឋ ពីសំណាក់រដ្ឋាភិបាលសព្វថ្ងៃនៅពេលនេះក៏ដោយ ប៉ុន្តែក៏មិន​រំពឹងថាបើអំណាចស្ថិតក្នុងដៃគេនៅអាណត្តិក្រោយទៀត តើសុវត្ថិភាពដីធ្លីទាំងអស់នោះត្រូវធានា​ឬយ៉ាងណា ? ព្រោះគេធ្លាប់បានធ្វើរួចមកហើយ កាលពីឆ្នាំ២០០៨ ហើយកុំថាឡើយប្លង់កម្មសិទ្ធិ ទោះជាអ្វីក៏ដោយ ក៏មិនអាចទប់ស្កាត់មហិច្ឆតាលោភលន់របស់ពួកគេបាននោះដែរ ។ នេះហើយជាអ្វី ដែលគណបក្ស សង្រ្គោះជាតិ ត្រូវសង្គ្រោះប្រជាពលរដ្ឋលើបញ្ហាដីធ្លី ។ សង្គ្រោះប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋជាច្រើន បានរងគ្រោះ ដោយសារតែអំពើអយុត្តិធម៌ក្នុងសង្គម និងនិទណ្ឌភាព ដែលកំពុងប្រព្រឹត្តិដោយមន្ត្រីកាន់អំណាច មកលើប្រជាពលរដ្ឋស្លូតត្រង់ ។ សង្រ្គោះព្រោះ​មានអំពើពុករលួយកិបកេងថវិការរបស់ជាតិ រាប់រយ រាប់ពាន់លានដុល្លាក្នុងមួយឆ្នាំៗ ដែលធ្វើឲ្យ ប្រជាពលរដ្ឋយ៉ាងហោចណាស់៤០ភាគរយបន្តរស់ក្រោមបន្ទាត់​នៃភាពក្រីក្រ ។ សង្គ្រោះជាតិ ព្រោះ​ធនធានធម្មជាតិទាំងលើដី ក្រោមដី និងក្នុងទឹក ត្រូវបានបំផ្លិចបំផ្លាញស្ទើហិចហោចអស់ទៅហើយនៅពេលនេះ ក្រោមការដឹកនាំរបស់គណបក្សកាន់អំណាចបច្ចុប្បន្ននេះ ។ សង្គ្រោះជាតិ ព្រោះដែន​កោះ របស់ខ្មែរយ៉ាងហោចណាស់២៨ រួមទាំង​​តំបន់ធម្មជាតិជាច្រើនទៀត កំពុងតែបានធ្លាក់ចូលទៅក្នុង​កណ្តាប់ដៃអ្នកមានអំណាច និងបក្សពួករបស់គេ

ជាមួយគ្នានោះការសង្គ្រោះរបស់គណបក្ស សង្គ្រោះជាតិ គឺសង្គ្រោះជាតិព្រំដែន ដែលត្រូវបានគេអះអាងថាប្រទេសជិតខាង បានខិតចូលធ្វើឲ្យខាតបង​បូរណភាព​ទឹកដី​ នៃប្រទេសជាតិយើង ដោយ​គ្មានការអើពើពីរដ្ឋាភិបាលឡើយ មិនតែប៉ុន្តែថែមទាំងបិទបាំង និងជ្រោមជ្រែងពីគណបក្ស កាន់អំណាច​សព្វថ្ងៃនេះថែមទៀតផង ។ ការកំណត់ព្រំដែនខ្មែរ​តាមសន្ធិសញ្ញាឆ្នាំ១៩៨២ ឆ្នាំ ១៩៨៣ និងឆ្នាំ១៩៨៥ ​ត្រូវ​បានគេរិះគន់ថា បាន​ធ្វើឲ្យបាត់បង់ទឹកដីរបស់ខ្មែរ ក្នុងនោះមានដែនទឹក និងកោះមួយចំនួន​ថែមទៀត ដូចនេះយើងត្រូវតែសង្គ្រោះជាតិ ដើម្បីទាមទារចំណែកដែលបាត់បង់ និងការពារបូរណភាព​ទឹកដីសព្វថ្ងៃរបស់យើងឲ្យ​បានគង់វង្ស ។ សង្គ្រោះជាតិ ព្រោះមាន​ជនអន្តោប្រវេសនខុសច្បាប់កាន់តែច្រើនឡើងៗ ចូលមករស់នៅក្នុងទឹកដីខ្មែររបស់យើង ហើយ​ការសង្គ្រោះ​ជាតិនោះទៀតសោត ក៏ដោយសារតែទំនិញឡើងថ្លៃ ប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករមានប្រាក់ខែតិចតួច មិនអាចរស់​នៅ​បានសមរម្យ ។ សង្គ្រោះព្រោះពេលទៅព្យាបាលនៅមន្ទីរពេទ្យរបស់រដ្ឋ ត្រូវគេតំរូវ​ឲ្យបង់ប្រាក់​ខ្ពស់ ហើយបើគ្មានប្រាក់ គេទុកឲ្យប្រជាពលរដ្ឋ រូបនោះ ស្លាប់ជាមិនខាននោះឡើយដោយគេមិនខ្ចីរវីរវល់សូម្បីតែបន្តិច ។ សង្គ្រោះជាតិ ព្រោះប្រព័ន្ធអប់រំ មានការធ្លាក់ចុះយ៉ាងជំហុក គ្មានការយកចិត្ត​ទុកដាក់ពីថ្នាក់លើ ហើយកូនខ្មែរមានចំណេះដឹងទាប មិនអាចរកការងារធ្វើឲ្យបានសមរម្យនិងគេ ។

អ្វីដែលបានរៀបរាប់មកខាងលើទាំងអស់នេះ គឺជាហេតុផលត្រួសៗ ដែលគណបក្សសង្គ្រោះជាតិ ត្រូវជួយសង្គ្រោះប្រជាពលរដ្ឋ និងប្រទេស​ជាតិរបស់យើងឲ្យបានទាន់ពេលវេលា ហើយ
ពេលវេលាដឹកនាំប្រទេសជាង៣០ឆ្នាំមកនេះ បើខ្មែរមានមេដឹកនាំត្រឹមត្រូវ ស្អាតស្អំ មិនស្ថិត​ក្រោម​អំណាចបរទេស នោះប្រទេសជាតិ នឹងអាចវិវត្តន៏ទៅមុខយ៉ាងជឿនលឿន រហូតមកទល់​បច្ចុប្បន្ននេះមិនខានឡើយ ប៉ុន្តែផ្ទុយទៅវិញ ជាង៣០ឆ្នាំតើមានបទពិសោធនអាក្រក់ៗបែបណា​ខ្លះតាមបន្ត​លងបន្លាចប្រជាពលរដ្ឋខ្មែរ បន្ទាប់ពីសម័យប៉ុលពតនោះ ។ បើទោះបីបទពិសោធ៏​ទាំងនោះមិនសំលាប់បងប្អូនប្រជាពលរដ្ឋឆៅៗក៏ដោយ ប៉ុន្តែការបណ្តែតបណ្តោយឲ្យវិស័យអប់រំទាប ការបន្តឲ្យប្រជាពលរដ្ឋ​រស់ក្រោម​បន្ទាត់នៃភាពក្រីក្រ ការបំផ្លាញធនធានធម្មជាតិ ការផ្តល់ដីសម្បទានឲ្យក្រុមហ៊ុនបរទេស ពិសេសប្រទេស​យួន ដែលមានរយៈពេលយូរ និងការបន្តឲ្យជនអន្តោប្រវេសន៏ចូលមកដោយខុសច្បាប់កាន់តែ​ច្រើនឡើងៗ មន្ត្រីរាជការមានប្រាក់ខែទាប មានន័យថា ប្រជាពលរដ្ឋមានចំណូលតិច រៀនមិនបាន​ច្រើន គឺគេនឹងធ្វើឲ្យយើងរស់នៅលំបាក ហើយ​​លើសពីនេះ ជាតិខ្មែរទាំងមូលត្រូវលិចលង់ នៅពេលអនាគតជាមិនខានឡើយ ។​ សូម​លោកអ្នកគ្រលេកមើលអតីតកាលរបស់ខ្មែរ ប្រវត្តិសាស្ត្រ នឹងប្រាប់​យើង អំពីគ្រោះថ្នាក់របស់ប្រទេសជាតិនៅពេលខាងមុខ ។​ គណបក្សសង្រ្គោះជាតិ នឹងសង្គ្រោះ​បងប្អូនជនរួមជាតិ និងជាតិខ្មែរទាំងមូលពីគ្រោះថ្នាក់ទាំងនេះ។ ដូច្នេះសូមបងប្អូនគាំទ្រគណបក្ស សង្គ្រោះជាតិ ដើម្បីជាតិខ្មែររស់ និងប្រជាពលរដ្ឋមានជីវភាពធូរធារ ហើយគណបក្ស សង្គ្រោះជាតិ នឹងចូលរួមបោះឆ្នោត នៅ​​ក្នុងឆ្នាំ២០១៣ខាងមុខនេះ ដើម្បីប្រគួតប្រជែងជាមួយគណបក្សប្រជាជន ។ គណបក្ស​ សង្គ្រោះ​ជាតិ គឺជាក្តីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិរបស់យើង ៕ 


No comments:

Post a Comment

yes