អាជ្ញាធរក្រុងប៉ោយប៉ែត ប្រកាសអាសន្ន និងជម្លៀសពលរដ្ឋតាមព្រំដែន ចេញពីទឹកជំនន់ ខណៈទឹកកំពុងបន្តឡើងជាលំដាប់ បណ្តាលឲ្យលិចលង់ លំនៅឋានប្រជាពលរដ្ឋជាច្រើនគ្រួសារដែលកំពុងរស់នៅ ភាគខាងត្បូងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពិសេសពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា រហូតមកដល់ពេលនេះ ទឹកជំនន់ដែលហូរធ្លាក់មកពីប្រទេសថៃ មានសន្ទុះខ្លាំង បណ្តាលឲ្យលិចលង់លំនៅឋាន ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ចំនួន១១១២គ្រួសារ ក្នុងភូមិចំនួន៥ រួមមាន ភូមិក្បាលកោះ ភូមិប៉ោយប៉ែត ភូមិអូរជ្រៅ ភូមិគីឡូម៉ែតលេខ៤ និងភូមិផ្សារកណ្តាល។ ក្នុងចំណោមភូមិទាំង៥នេះ មានភូមិប៉ោយប៉ែត និងភូមិក្បាលកោះ លិចលង់ខ្លាំងជាងគេ មិនអាចរស់នៅបាន ដោយផ្ទះប្រជាពលរដ្ឋខ្លះ លិចដល់គ្រែដេក ផ្ទះខ្លះទៀតលិចដល់ធ្នឹម ហើយទឹកមានកម្ពស់ជាង១ម៉ែត្រ កន្លែងខ្លះទៀតជាង២ម៉ែត្រ។
ក្រោយមក លោកក៏បានប្រកាសអាសន្នដល់ប្រជាពលរដ្ឋ និងបញ្ជូនកម្លាំងសមត្ថកិច្ចជាច្រើនរូប ចុះជួយជញ្ជូនអីវ៉ាន់ប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ពីកន្លែងលិចលង់ ឲ្យមកជ្រោកនៅលើទីតាំងផ្សាររ៉ាចាស់ ដែលជាទីទួល មានសុវត្ថិភាពជាបន្តបន្ទាប់។
សូមបញ្ជក់ថា រហូតមកដល់ម៉ោង៣រសៀល អាជ្ញាធរក្រុងប៉ោយប៉ែត និងកម្លាំងនគរបាល កំពុងបន្ថែមទូក ក្បូន ជាច្រើនគ្រឿង ដើម្បីសង្គ្រោះដល់ប្រជាពលរដ្ឋ ពិសេសតាយាយចាស់ជរា ក្មេងតូចៗ ស្ត្រីមានផ្ទៃពោះ និងស្រី្តទើបសម្រាលកូនរួច មកទីទួលមានសុវត្ថិភាពជាបន្តបន្ទាប់ ព្រោះទឹកនៅតែបន្តឡើងជាលំដាប់។
អាជ្ញាធរ ក្រុង សង្កាត់ ព្រមទាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធផ្សេងទៀត កំពុងតែជួយ និងពិនិត្យស្ថានភាពទឹកជំនន ដោយនាំប្រជាពលរដ្ឋ ដែលរងគ្រោះ ទៅទីទួលសុវត្ថិភាពចំនួន ៦កន្លែង នៅក្នុងសង្កាត់ទាំង៣ របស់ក្រុងប៉ោយប៉ែត គឺទីទួលសុវត្ថិភាពនៅផ្សាររ៉ាចាស់របស់ក្រុមហ៊ុនអានកូ វត្តបាលិលេយ្យ វត្តម៉ុងចិន អាគារថ្មីសង់ឡារ៉ា ដីឧកញ៉ាហង្ស សេដ្ឋា និងវត្តសុខសាន្តជាដើម៕
No comments:
Post a Comment
yes