សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 2, 2012

ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខេត្ត​ស្វាយរៀង​ចោទ​មន្ត្រី​រតនាគារ​ខេត្ត​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ


មន្ត្រី​ក្រុម​ប្រឹក្សា​តាម​ឃុំ-សង្កាត់​មួយ​ចំនួន ក្នុង​ខេត្ត​ស្វាយរៀង បាន​អះអាង​ថា មន្ត្រី​រតនាគារ​ខេត្ត​បាន​កិបកេង​ថវិកា​អភិវឌ្ឍន៍​មូលដ្ឋាន។
លោក ឯម វឿន ជំទប់​ទី១​ឃុំ​ដូង ស្ថិត​ក្នុង​ចំណោម​ឃុំ-សង្កាត់​ច្រើន​ទៀត ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង លោក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​៣១ ខែ​សីហា ថា ថវិកា​របស់​រដ្ឋាភិបាល​ផ្តល់​ជូន​សម្រាប់​អភិវឌ្ឍន៍​ឃុំ​ដូង បាន​បាត់​បង់​រាប់​សិប​ម៉ឺន​រៀល ដោយ​មិន​ដឹង​មូលហេតុ។
ជំទប់​ឃុំ​រូប​នេះ មាន​ចម្ងល់​ថា ការ​បាត់​ថវិកា​រាប់​សិប​ម៉ឺន​រៀល​នោះ តើ​បាត់​នៅ​រតនាគារ​ខេត្ត​ស្វាយរៀង ឬ​ក៏​ត្រូវ​មន្ត្រី​ទទួល​បន្ទុក​បេឡា​ឃុំ​ដូង កិបកេង៖ «លុយ​ឃុំ​ដែល​ទៅ​បើក​ហ្នឹង ចំណាយ​ខុស​ខ្ទង់​ច្រើន។ ពេល​សួរ​ទៅ គ្រាន់​តែ​ចំណាយ​លើ​រតនាគារ​ខេត្ត​ស្វាយរៀង អស់​ពី​២សែន​៤ម៉ឺន ទៅ​២សែន​៨ម៉ឺន​ជាង គ្រប់​ខែ​ខុស​គ្នា​ទាំង​អស់។ តើ​វា​ជា​កំហុស​របស់​បេឡាករ​ឃុំ ឬ​ជា​កំហុស​របស់​រតនាគារ ដើម្បី​ងាយ​ស្រួល​តវ៉ា»
លោក​បន្ត​ថា ជា​រៀងរាល់​ឆ្នាំ រដ្ឋាភិបាល​បាន​ផ្តល់​ថវិកា​ជាង​១០លាន​រៀល​ទៅ​ឲ្យ​ឃុំ​ដូង សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន​នេះ។ ប៉ុន្តែ ថវិកា​ជាង​១០លាន​រៀល​នេះ មន្ត្រី​ទទួល​ខុស​ត្រូវ​ចំណាយ​មិន​មាន​លិខិត​ស្នាម​ត្រឹមត្រូវ ហើយ​ឃុំ​ដូង គ្មាន​ការ​អភិវឌ្ឍ​អ្វី​ទេ។

ឆ្លើយ​តប​បញ្ហា​នេះ លោក ញ៉ឹម សុវណ្ណតារា អនុប្រធាន​រតនាគារ​ខេត្ត​ស្វាយរៀង បាន​បដិសេធន៍​ថា មិន​បាន​កិបកេង​ថវិកា​អភិវឌ្ឍន៍​ឃុំ-សង្កាត់ ដូច​ការ​ចោទ​ប្រកាន់​ទេ។
លោក​បន្ត​ថា ថវិកា​សម្រាប់​យក​ទៅ​អភិវឌ្ឍ​តាម​ឃុំ-សង្កាត់ នា​ខេត្ត​ស្វាយរៀង ខាង​រតនាគារ​ផ្តល់​ជូន​គ្រប់​ចំនួន និង​ត្រូវ​ទៅ​បើក​ប្រាក់​សុទ្ធ​នៅ​ធនាគារ៖ «ខ្ញុំ​អត់​ទទួល​ស្គាល់​ទេ ព្រោះ​អី​នៅ​ខាង​ខ្ញុំ​នេះ ខ្ញុំ​ចេញ​សែក (Check=មូលប្បទានប័ត្រ) ឲ្យ​គេ តែ​បើ​គេ​ទៅ​រត់​ការ​ខាង​ណា ខ្ញុំ​អត់​ដឹង​ទេ។ ខ្ញុំ​បើក​ឲ្យ​គេ​គ្រប់ៗ ព្រោះ​អី​អ្នក​បើក​លុយ​ហ្នឹង គេ​ត្រូវ​ទៅ​បើក​នៅ​ធនាគារ»
ទោះ​ជា​បែប​នេះ​ក្តី លោក ទុយ វណ្ណា សមាជិក​ក្រុម​ប្រឹក្សា និង​ជា​បេឡាករ ឬ​អ្នក​កាន់​ថវិកា​សម្រាប់​អភិវឌ្ឍន៍​ឃុំ​ដូង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង លោក​ឲ្យ​ដឹង​ថា ថវិកា​សម្រាប់​អភិវឌ្ឍន៍​មូលដ្ឋាន​ឃុំ​ដូង លោក​បាន​បើក​ក្នុង​រយៈពេល​៣ខែ​ម្តង ប៉ុន្តែ​ការ​បើក​ម្តងៗ ត្រូវ​ចំណាយ​ប្រាក់​ជាង​២០ម៉ឺន​រៀល ទៅ​ឲ្យ​មន្ត្រី​រតនាគារ​ខេត្ត ដើម្បី​ជួយ​សម្រួល​ឯកសារ​បើក​ឲ្យ​បាន​ឆាប់៖«ទៅ​បើក​លុយ​ហ្នឹង យើង​ចង់​រហ័ស យើង​ឲ្យ​គេ​១កន្លែង​២ម៉ឺន ១កន្លែង​៣ម៉ឺន យើង​ឲ្យ​គេ យើង​ជូន​គេ ព្រោះ​យើង​ចង់​រហ័ស។ ទៅ​បើក​ម្តងៗ មិន​មែន​បើក​បាន​ភ្លាមៗ​ទេ ជួន​កាល​ឯកសារ​ខុស​ត្រូវ​សម្រាក​១យប់ ហើយ​ដោយ​សារ​តែ​ខ្លាច​ខាត​ពេល​វេលា យើង​ឲ្យ​លុយ​គេ​សរុប​អស់​លុយ​ចាប់​ពី​២០ម៉ឺន ដល់​២២ម៉ឺន ក៏​មាន»
យ៉ាង​នេះ​ក្តី លោក ទុយ វណ្ណា បញ្ជាក់​ថា ការ​ចំណាយ​ថវិកា​ជូន​មន្ត្រី​រតនាគារ​ខេត្ត​ស្វាយរៀង ធ្វើ​ឡើង​តាម​ការ​ស្ម័គ្រចិត្ត មិន​មែន​មាន​អ្នក​ចាប់​បង្ខំ​នោះ​ទេ។
ទាក់​ទង​បញ្ហា​នេះ លោក ភួង សុវណ្ណ ប្រធាន​សមាគម​មន្ត្រី​រាជការ​ឯករាជ្យ​កម្ពុជា បាន​ថ្លែង​ថា បច្ចុប្បន្ន អំពើ​ពុក​រលួយ​បាន​កើត​មាន​ច្រើន​គ្រប់​រូបភាព និង​តាម​គ្រប់​ស្ថាប័ន​នៃ​រាជ​រដ្ឋាភិបាល។ លោក​ថា សកម្មភាព​រត់​ការ​ជួយ​សម្រួល​ឯកសារ ដើម្បី​ការងារ​អ្វី​មួយ​បាន​ឆាប់​រហ័ស ស្ទើរ​ក្លាយ​ជា​ទម្លាប់​មួយ​នៅ​តាម​ក្រសួង ឬ​ស្ថាប័ន​នានា ក្នុង​ប្រទេស​កម្ពុជា។ លោក​ថា ភាព​អសកម្ម​ទាំង​នេះ គួរ​ណាស់​តែ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ជួយ​កែលំអ និង​មាន​វិធានការ​ទប់ស្កាត់៖ «បើ​សិន​ជា​យើង​កាត់​បន្ថយ​ថវិកា​ផ្សេងៗ ដូច្នេះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គម្រោង និង​មាន​បញ្ហា​ដល់​គុណភាព ទៅ​លើ​កិច្ចការ​សាធារណៈ។ ឧទាហរណ៍ សាលា​រៀន ផ្លូវ​ថ្នល់ ឬ​មួយ​ក៏​សម្ភារៈ​បរិក្ខារ ឬ​ក៏​គម្រោង​ផ្សេងៗ​ដែល​ត្រូវ​ធ្វើ​នៅ​ថ្នាក់​មូលដ្ឋាន គឺ​ធ្វើ​មិន​បាន​ល្អ​ប្រសើរ​ទេ បើ​សិន​ជា​យើង​បណ្ដែត​បណ្តោយ​ឲ្យ​មាន​ការ​កាត់​កង»
យ៉ាង​នេះ​ក្តី មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ខេត្ត​ស្វាយរៀង ក៏​បាន​ស្នើ​ឲ្យ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ពិនិត្យ​ចំពោះ​ការ​ចំណាយ​ថវិកា​អភិវឌ្ឍន៍​មូលដ្ឋាន ឲ្យ​ចំ​គោល​ដៅ និង​មាន​ការ​អភិវឌ្ឍ​ពិត​ប្រាកដ៕

No comments:

Post a Comment

yes