សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 25, 2012

លោក សម រង្ស៊ី៖ មិន​ទៅ​បំភ្លឺ​នៅ​គណៈ​មេធាវី​កម្ពុជា​នៅ​ថ្ងៃ​ទី​៩​តុលា


ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី និង​ជា​ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថា លោក​មិន​ទៅ​បំភ្លឺ​នៅ​គណៈ​មេធាវី​កម្ពុជា នៅ​ថ្ងៃ​ទី៩ ខែ​តុលា ទៅ​តាម​ការ​កោះ​ហៅ​របស់​ប្រធាន​គណៈ​មេធាវី​នោះ​ទេ។
RFA Photo
លោក សម រង្ស៊ី នៅ​ក្នុងបន្ទប់​ផ្សាយ​នៃ​វិទ្យុ​អាស៊ីសេរី​នៅ​សហរដ្ឋ​អាមេរិក។
លោក សម រង្ស៊ី មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​បរទេស នៅ​ថ្ងៃ​ទី២៤ កញ្ញា ថា ករណី​គណៈ​មេធាវី​កោះ​ហៅ​រូប​លោក​នេះ លោក​គ្មាន​ការ​ព្រួយ​បារម្ភ​អ្វី​ទេ ដូច្នេះ លោក​ក៏​មិន​បញ្ជូន​តំណាង​របស់​លោក​ទៅ​បំភ្លឺ​នៅ​គណៈ​មេធាវី​កម្ពុជា ដែរ ពីព្រោះ លោក​ប្រកាស​ថា ទាំង​តុលាការ ទាំង​គណៈ​មេធាវី​នៅ​ក្រោម​សម្ពាធ​នយោបាយ​របស់​រដ្ឋាភិបាល គឺ​ស្ថាប័ន​ទាំង​ពីរ​នេះ​មិន​ឯករាជ្យ​នោះ​ទេ៖«សូម្បី​តែ​រដ្ឋសភា ក៏​ឡប់​ឡែ តុលាការ ក៏​ឡប់​ឡែ វា​អត់​ប៉ះពាល់​ដល់​រូប​ខ្ញុំ​ទេ។ ការ​តស៊ូ​របស់​ខ្ញុំ មិន​មែន​តែ​ដើម្បី​បុគ្គល​នេះ បុគ្គល​នោះ​ទេ គឺ​ចង់​ឲ្យ​ប្ដូរ​ប្រព័ន្ធ​យុត្តិធម៌​ទាំង​មូល ដូច​បំណង​ប្រជារាស្ត្រ​ខ្មែរ ដែល​ស្អប់​ខ្ពើម​តុលាការ​ស្រុក​ខ្មែរ»
ការ​ប្រកាស​ជំហរ​របស់​លោក សម រង្ស៊ី មិន​ចូល​ទៅ​បំភ្លឺ​នៅ​គណៈ​មេធាវី​កម្ពុជា នេះ នៅ​បន្ទាប់​ពី​លោក សម រង្ស៊ី ត្រូវ​បាន​ប្រធាន​គណៈ​មេធាវី​កម្ពុជា លោក ជីវ សុងហាក់ បាន​អញ្ជើញ​លោក​ដែល​ជា​សមាជិក​នៃ​គណៈ​មេធាវី​មាន​អត្តលេខ​១០៨ ឲ្យ​ចូល​បំភ្លឺ​នៅ​ចំពោះ​មុខ​គណៈ​មេធាវី នៅ​ថ្ងៃ​ទី៩ តុលា អំពី​សាល​ដីកា​សាលា​ឧទ្ធរណ៍​ផ្ដន្ទាទោស​លោក។

អ្នក​នាំ​ពាក្យ​គណៈ​មេធាវី​កម្ពុជា លោក យឹម សារី បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី២៣ កញ្ញា ថា តាម​ច្បាប់ និង​លក្ខន្តិកៈ​របស់​មេធាវី ប្រសិន​បើ​មេធាវី​ណា​ម្នាក់​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ពី​បទ​ណា​មួយ​ហើយ គឺ​មេធាវី​នោះ អាច​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​គណៈ​មេធាវី។ ប៉ុន្តែ ករណី​លោក សម រង្ស៊ី នេះ លោក យឹម សារី បាន​បញ្ជាក់​ថា លោក​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ថា​តើ​គណៈ​មេធាវី​នឹង​ត្រូវ​សម្រេច​យ៉ាង​ណា​ទេ បញ្ហា​នេះ អាស្រ័យ​លើ​ការ​ចូល​បំភ្លឺ​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី៩ តុលា៖ «យើង​អត់​ទាន់​បាន​ដឹង​ថា ក្រុម​ប្រឹក្សា គាត់​សម្រេច​យក​ទោស​បែប​ណា​មួយ​នោះ​ទេ ពីព្រោះ ទោស​វា​មាន​ច្រើន ទោស​វា​មាន​ការ​ស្ដី​បន្ទោស ការ​ព្រមាន ការ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី ការ​ផ្អាក​មិន​ឲ្យ​ប្រកប​វិជ្ជាជីវៈ​ជា​បណ្ដោះ​អាសន្ន ឬ​ក៏​ទោស​ហាម​មិន​ឲ្យ​មាន​សិទ្ធិ​បោះ​ឆ្នោត នៅ​ក្នុង​មហាសន្និបាត ឬ​ឈរ​ជា​ប្រធាន​គណៈ​មេធាវី ឬ​ក៏​លុប​ឈ្មោះ​ចោល​តែ​ម្ដង។ អ៊ីចឹង ក្នុង​ទោស​ទាំង​អស់​នោះ យើង​មិន​ទាន់​ដឹង​ថា ចំណុច​ណា​មួយ​នៅ​ឡើយ​ទេ។ អ៊ីចឹង រង់ចាំ​តែ​គាត់​មក ហើយ​ក្រុម​ប្រឹក្សា​សម្រេច​ទៅ​តាម​ឆន្ទានុសិទ្ធិ​របស់​គាត់»
លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១២ឆ្នាំ ពី​បទ​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម និង​បទ​ក្លែង​បន្លំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ផែនទី​ព្រំដែន​កម្ពុជា-វៀតណាម។ ប៉ុន្តែ ការ​កាត់​ទោស​នេះ ត្រូវ​បាន​គណបក្ស​ប្រឆាំង​បាន​ច្រាន​ចោល និង​អះអាង​ថា តុលាការ​មិន​ឯករាជ្យ តុលាការ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​អ្នក​នយោបាយ។ រីឯ​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ បាន​ចាត់​ទុក​ថា ការ​កាត់​ទោស​លោក សម រង្ស៊ី ជា​រឿង​នយោបាយ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ករណី​គណៈ​មេធាវី​កម្ពុជា បាន​ចេញ​លិខិត​កោះ​ហៅ​លោក សម រង្ស៊ី នេះ ជា​រលក​នយោបាយ​មួយ​ថ្មី​ទៀត​ដែល​លោក សម រង្ស៊ី កំពុង​តែ​ប្រឈម ទោះ​បី​ជា​លោក សម រង្ស៊ី បាន​ប្រកាស​ថា លោក​មិន​ចាប់​អារម្មណ៍​ចំពោះ​ករណី​នេះ​ក៏ដោយ។
ទាក់​ទង​នឹង​ករណី​នេះ ក្រុម​អ្នក​វិភាគ​បាន​បញ្ចេញ​ទស្សនៈ​ខុសៗ​គ្នា ខ្លះ​ថា​ការ​កោះ​ហៅ​លោក សម រង្ស៊ី របស់​គណៈ​មេធាវី​នេះ អាច​ថា ជា​ការ​ត​ថ្លៃ​គ្នា​ផ្នែក​នយោបាយ ពីព្រោះ​ថា បច្ចុប្បន្ន​នេះ គណបក្ស​ប្រឆាំង​កំពុង​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល ធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។
ប៉ុន្តែ​ទស្សនៈ​ខ្លះ​ថា ការ​កោះ​ហៅ​លោក សម រង្ស៊ី នៅ​ពេល​នេះ ជា​រឿង​ដាក់​បន្ទុក ឬ​សម្ពាធ​នយោបាយ​មក​លើ​រូប​លោក សម រង្ស៊ី កាន់​តែ​ខ្លាំង​ថែម​ទៀត​ទៅ​វិញ។
អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច បាន​លើក​ឡើង​ថា ទោះ​បី​ជា​លោក សម រង្ស៊ី មិន​អាច​ចូល​ស្រុក​វិញ​បាន​ដោយ​សារ​តែ​ប្រឈម​នឹង​ការ​ទទួល​ទោស​នោះ​ក្ដី តែ​លោក​ពន្យល់​ថា លោក សម រង្ស៊ី ត្រូវ​តែ​បញ្ជូន​មេធាវី​របស់​ខ្លួន​ចូល​ទៅ​បំភ្លឺ​ជំនួស​លោក នៅ​ការិយាល័យ​គណៈ​មេធាវី ទៅ​តាម​កាល​កំណត់​របស់​គណៈ​មេធាវី។
លោក សុខ ទូច បាន​លើក​ជា​ឧទាហរណ៍​មេ​បក្ស​ប្រឆាំង​នៅ​ប្រទេស​ភូមា ដែល​ប្រកាន់​គោល​ជំហរ​ទន់​ភ្លន់ ដើម្បី​ដោះស្រាយ​បញ្ហា៖ «លោកស្រី អ៊ុងសាន ស៊ូជី ថា អ្នក​នយោបាយ​មិន​ត្រូវ​ប្រកាន់​អស្មិមានះ អ្នក​នយោបាយ​ត្រៀម​ខ្លួន​ទន់​ភ្លន់ ដើម្បី​ដោះស្រាយ​បញ្ហា នេះ​ជា​សម្ដី​ល្អ​ណាស់​សម្រាប់​ឲ្យ​អ្នក​នយោបាយ​ត្រូវ​ពិចារណា និង​គិត។ គាត់​និយាយ​មួយ​ឃ្លា​ទៀត​ថា បើ​សិន​ជា​អ្នក​នយោបាយ​ប្រកាន់​គោលការណ៍​ច្បាស់​លាស់ អ៊ីចឹង​មិន​បាច់​ធ្វើ​នយោបាយ​ទេ។ យ៉ាង​ណា​ក៏ដោយ លោក សម រង្ស៊ី ត្រូវ​បញ្ជូន​តំណាង​របស់​គាត់ ឬ​មេធាវី​របស់​គាត់ ទៅ​គណៈ​មេធាវី ដើម្បី​ឲ្យ​ដឹង​រឿង​ហ្នឹង»
លោក សម រង្ស៊ី បាន​សិក្សា​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ពាណិជ្ជសាស្ត្រ សេដ្ឋកិច្ច និង​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ នៅ​ប្រទេស​បារាំង។ លោក​បាន​ចូល​ជា​សមាជិក​នៃ​គណៈ​មេធាវី​កម្ពុជា ក្នុង​រយៈពេល​ប្រមាណ​ជា ១៥ឆ្នាំ​មក​ហើយ។
ដោយ​ឡែក​អ្នក​វិភាគ​ឯករាជ្យ អ្នកស្រី ជា វណ្ណាត បាន​រៀបរាប់​ថា អ្នក​នយោបាយ​កម្ពុជា បាន​ក្លាយ​ទៅ​ជា​រឿង​ប្រវត្តិសាស្ត្រ​ទៅ​ហើយ ដែល​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច​មិន​ចុះ​សម្រុង​នឹង​គ្នា។ អ្នកស្រី​សង្កត់​ធ្ងន់​ថា នេះ​មិន​មែន​ជា​លើក​ទី១ ទេ ដែល​លោក សម រង្ស៊ី ត្រូវ​និរទេស​ខ្លួន​ដោយ​សារ​តែ​រឿង​នយោបាយ។
នៅ​ត្រង់​ចំណុច​នេះ អ្នកស្រី ជា វណ្ណាត បាន​បន្ថែម​ថា ករណី​គណៈ​មេធាវី​កោះ​ហៅ​លោក សម រង្ស៊ី នេះ ជា​រឿង​ដាក់​សម្ពាធ​ផ្នែក​នយោបាយ​មួយ​កម្រិត​ទៀត មក​លើ​រូប​លោក សម រង្ស៊ី។ តែ​យ៉ាង​នេះ​ក្ដី អ្នកស្រី​មាន​សុទិដ្ឋិនិយម​ថា នៅ​ទី​បំផុត នឹង​មាន​ដំណោះស្រាយ​ផ្នែក​នយោបាយ​វិញ ចំពោះ​ករណី​លោក សម រង្ស៊ី នេះ៖ «តាំង​ពី​ឆ្នាំ​១៩៩៨ មក ជំនាន់​ហ្នឹង​ក៏​មាន​បញ្ហា​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ និង​លោក សម រង្ស៊ី ដែរ។ ប៉ុន្តែ នៅ​តែ​មាន​ការ​ចរចា​គ្នា​អ៊ីចឹង ដើម្បី​មក​រួម​ការ​បោះ​ឆ្នោត​ហ្នឹង»
លើស​ពី​នេះ​ទៀត បញ្ហា​លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​នេះ ទាំង​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច ទាំង​អ្នក​សិក្សា​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី បាន​លើក​ហេតុផល​ដូច​គ្នា​ថា លោក សម រង្ស៊ី ត្រូវ​តែ​ចូល​ខ្លួន​មក​ប្រទេស​កម្ពុជា មក​ត​តាំង​នឹង​តុលាការ និង​គណៈ​មេធាវី​វិញ​ប្រសើរ​ជាង ទោះ​បី​ជា​សាធារណជន​ជាតិ និង​អន្តរជាតិ​ដឹង​ច្បាស់​ថា តុលាការ​កម្ពុជា មិន​ឯករាជ្យ និង​ស្ថិត​នៅ​ក្រោម​សម្ពាធ​អ្នក​នយោបាយ​ក្ដី។
លោក កែម ឡី បាន​អះអាង​ថា បើ​សិន​ជា​លោក សម រង្ស៊ី ចូល​ខ្លួន​មក​តាម​ការ​កោះ​ហៅ​របស់​គណៈ​មេវី ឬ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​កន្លង​មក​នោះ ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​សេចក្ដី​ក្លាហាន​នៃ​ការ​ត​តាំង​ចំពោះ​មុខ​ច្បាប់ ឬ​អំពើ​អយុត្តិធម៌។ លោក​បញ្ជាក់​ថា ការ​ធ្វើ​ដូច្នេះ សម្រាប់​ជា​គំរូ​ល្អ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​លែង​មាន​ការ​ភ័យ​ខ្លាច​អំពី​ការ​គំរាម​កំហែង និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​មាន​ភាព​ក្លាហាន ហ៊ាន​ប្រឈម​ចំពោះ​មុខ​ច្បាប់៖ «បើ​គាត់​ហ៊ាន​មក​ប្រឈម គាត់​ហ៊ាន​មក​បក​ស្រាយ​ជា​នយោបាយ​ល្អ​បំផុត​ហើយ តែ​បើ​គាត់​កំសាក​របៀប​នេះ ខ្ញុំ​គិត​ថា ខាង​រដ្ឋាភិបាល​គាត់​ចង់​ប្រើប្រាស់​ប្រព័ន្ធ​អី​ក៏​បាន​ដែរ ពីព្រោះ​ថា គាត់​មិន​បាន​ចូល​មក​ត​តាំង មិន​បាន​មក​ធ្វើ​ជា​សាក្សី នៅ​ក្នុង​តុលាការ​ដែល​តុលាការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក»
ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ លោក សម រង្ស៊ី បាន​ប្រកាស​ថា លោក​នឹង​ចូល​មក​ប្រទេស​កម្ពុជា នៅ​ក្នុង​ពេល​ឆាប់ៗ នៅ​មុន​ពេល​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ខាង​មុខ។
ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា លោក សម រង្ស៊ី មិន​មែន​ជា​អ្នក​ទោស​បំផ្លាញ​ជាតិ ដូច​ជា​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​លុប​បឹងបួ​ធម្មជាតិ​នោះ​ទេ ទោស​របស់​លោក សម រង្ស៊ី ទាក់​ទង​ទៅ​នឹង​បញ្ហា​បូរណភាព​ទឹកដី បញ្ហា​ប្រទេស​ជាតិ។ ដូច្នេះ អ្នក​វិភាគ​បាន​ជំរុញ​ឲ្យ​លោក សម រង្ស៊ី វិល​ត្រលប់​ចូល​ស្រុក​វិញ ទោះ​បី​ជា​លោក​ប្រឈម​នឹង​ការ​ចាប់​ខ្លួន ឬ​យ៉ាង​ណា​ក៏ដោយ៕

No comments:

Post a Comment

yes