សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 2, 2012

ដុងហេ ដើរ​តួ​រង​ជា​កូន​អ្នក​មាន​ឆ្មើង​ឆ្មៃ​ក្នុង​រឿង​ភាគ​ថ្មី

121002_23
តារា​សម្ដែង ជី ចាង​វុក ដែល​គេ​ស្គាល់តាម​រយៈ​តួ​អង្គ ដុងហេ​

ភ្នំពេញ : តារា​សម្តែង កូរ៉េ​ខាង​ត្បូង ជី ចាងវុក (Ji Chang Wook) ដែល​មិត្ត​អ្នក​អាន​ភាគ​ច្រើន​ស្គាល់​លោក​ថា ដុង ហេ តាម​រយៈ​ការ​សម្តែង​រឿង «ស្នាម ញញឹម​ជាថ្មី» សព្វ​ថ្ងៃ​កំពុង​តែ​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ភាគ រឿង «ម្រាម​ដៃ​៥» ក្នុង​តំណែង​ជា​តួរង​ជា​កូន​សេដ្ឋី​ចរិត​ឆ្មើងឆ្មៃ​។
ទាក់ទិន នឹង​ភាពយន្ត​អំពី​ជីវិត​តស៊ូ​ និង​មនោសញ្ចេតនា​នេះ ជី ចាងវុក បាន​រំឭក​ពី​ប្រវត្តិ​ស្នេហា​របស់​ខ្លួន​ថា៖ «ខ្ញុំ​ធ្លាប់​ស្រឡាញ់​ស្រី​ម្នាក់​នៅ​ពេល​ដែល​ខ្ញុំ​រៀន​ថ្នាក់​បញ្ចប់​នៅ​ វិទ្យាល័យ។ មក​ទល់​បច្ចុប្បន្ន ខ្ញុំ​ធ្លាប់​ទាក់ទង​ស្រីៗ​៥​នាក់​ហើយ ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​ពិត​ជា​ឯកា​ណាស់​ដែល​គ្មាន​សង្សារ»។
នៅ​ក្នុង​ ភាពយន្ត​ភាគ​ថ្មី​នេះ ជី ចាង​វុក ដើរ​តួ​ជា​កូន​សេដ្ឋី​ដ៏​ស្ដុក​ស្ដម្ភ ដែល​មាន​ចរិត​ទំនើង​ធ្វើ​អ្វី​តាម​តែ​ចិត្ត​ចង់។ លុះ​ដល់​ឪពុក​របស់​ខ្លួន​រក​ឃើញ​កូន​ក្រៅ​ខោ​ម្នាក់​ទៀត​មក​រួមរស់​ក្រោម​ ដំបូល​តែ​មួយ ចរិត​ទំនើង​នេះ​ក៏​កាន់​តែ​សាប​រលាប​បន្តិច​ម្ដងៗ។
ទាក់ទិន​នឹង​ជីវប្រវត្តិ​របស់ ជី ចាង​វុក តារា​ភាពយន្ត​រូប​នេះ​ជា​កូន​ទោល ដែល​កើត​នៅ​ថ្ងៃ​ទី ៥ ខែ​កក្កដា ឆ្នាំ​១៩៨៧។

កាលពី យុវភាព ជី ចាងវុក មាន​បំណង​ប្រាថ្នា​ក្លាយ​ជា​វិស្វករ​នា​ថ្ងៃ​អនាគត ប៉ុន្តែ​ក្ដី​សុបិន​របស់​ខ្លួន​ចេះ​តែ​រេរា​ដោយ​ជួន​កាល​ចង់​ធ្វើ​ជា​ប៉ូលិស គ្រូ​បង្រៀន ចៅក្រម មេធាវី ឬ​ពេទ្យ​ ដោយ​ឥត​មាន​ទិស​ដៅ​ច្បាស់​លាស់។
ប៉ុន្តែ ជី ចាងវុក ចាប់​ផ្ដើម​សាង​ក្ដី​សុបិន​ក្នុង​វិស័យ​សិល្បៈ​នៅ​ពេល​ដែល​ខ្លួន​ជាប់​ជា សិស្ស​នៃ​សាកល​វិទ្យាល័យ ដេនគុក ផ្នែក​សម្ដែង និង​ភាពយន្ត។
តាម​ការ​ពិត​ទៅ លោក​ជី​មាន​ឫសគល់​ចេញ​ពី​ការ​សម្ដែង​ល្ខោន​សម័យ​ទំនើប មុន​នឹង​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត។
ថ្វី ដ្បិត​តែ​លោក​សម្ដែង​ច្រើន​តែ​ភាពយន្ត​ភាគ​មនោសញ្ចេតនា ប៉ុន្តែតារា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ចូល​ចិត្ត​មើល​ភាពយន្ត​បែប​រន្ធត់​ញាប់ញ័រ​ណាស់»។
ក្រោយ​ពី​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បាន​យូរ​ក្រែល ជី ជាង​វុក ថត​បាន​ ៧ រឿង​ភាគ​វែងៗ និង​៣​ខ្សែ​ភាពយន្ត​ខ្នាត​ខ្លី​ហើយ។
ប៉ុន្តែ មាន​តែ​រឿង​ភាគ «ស្នាម​ញញឹម​ជា​ថ្មី» ទេ​ដែល​ធ្វើ​ឲ្យ​តារា​កម្ពស់​១,៨២​ម៉ែត្រ​នេះ​ទទួល​បាន​ពាន​តារា​ប្រុស​ ឆ្នើម ដែល​សម្តែង​ល្អ​ឥត​ខ្ចោះ​ឆ្នាំ ២០១១ ពី​ប៉ុស្តិ៍​ទូរទស្សន៍ KBS។
រីឯ រឿង​ភាគ​បុរាណ​មួយ​ទៀត ​ចំណង​ជើង​ថា អ្នក​ចម្បាំង ប៊េក​ដ ដុង​ស៊ូ ក៏​ធ្វើ​ឲ្យ​តារា​នេះ​ទទួល​បាន​ពាន​ខាង​តារា​សម្តែង​ឆ្នើម​ថ្មី ប្រចាំ​ឆ្នាំ​២០១១ ពី​ប៉ុស្តិ៍​ទូរទស្សន៍ SBS របស់​កូរ៉េ​ផង​ដែរ។
បើ​និយាយ ដល់​តារា​ភាពយន្ត​សំណព្វ​ក្នុង​កែវ​ភ្នែក​របស់​លោក ជី ចាងវុក វិញ គឺ​លោក​តែង​តែ​និយម​គាំទ្រ​តារា​ហូលីវូត ប្រេត​ ភីត ជា​ស្វាមី​ឥត​រៀបការ​របស់​នាង អេនជឺលីណា ជោលី។
នៅ​ក្នុង​បទ​សម្ភាស​ កាលពី​ថ្មីៗ​នេះ​ផង​ដែរ ជី ចាង​វុក ក៏​បាន​រៀបរាប់​ពី​ចំណូល​ចិត្ត​នា​ពេល​ទំនេរ​របស់​ខ្លួន​ថា៖ «ខ្ញុំ​ចូលចិត្ត​ហាត់​ប្រាណ​ណាស់។ កាល​ខ្ញុំ​នៅ​ជា​សិស្ស​សាលា ខ្ញុំ​ចូល​ចិត្ត​រត់​លេង​ជាមួយ​មិត្ត​ភក្ដិ​នៅ​ទីលាន​បាល់ទាត់ និង​បាល់​បោះ​ណាស់។ ខ្ញុំ​ក៏​ចូលចិត្ត​កីឡា​ហែល​ទឹក​ខ្លាំង​ណាស់​ដែរ»។
តារា​ភាពយន្ត​វ័យ​២៥​ឆ្នាំ​រូប​នេះ ក៏​បាន​និយាយ​ទៀត​ថា៖ «ខ្ញុំ​ជា​អ្នក​ស្រុក​អាន​យ៉ាង ហើយ​ឲ្យ​តែ ​មាន​ពេល​ទំនេរ​ខ្ញុំ​ចូលចិត្ត​ទៅ​ស្រុក​លេង​មិត្តភក្តិ​ចាស់ៗ​ ជា​ពិសេស​ដើម្បី​និយាយ​អំពី​ការ​លំបាក និង​ទុក្ខ​សោក​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​»។
ទន្ទឹម​នឹង​នោះ តារា​វ័យ​ជាង​ម្ភៃ​រូប​នេះ​ក៏​បាន​បង្ហើប​ពី​ចំណូល​ចិត្ត​មិន​ល្អ​របស់​ខ្លួន​ ខ្លះៗ​ដែរ​ថា៖ «ខ្ញុំ​ចូល​ចិត្ត​លេង​បៀរ​ ឬ​អង្គុយ​នៅ​ហាង​អ៊ីនធឺណិត​លេង​ហ្គេម​ផង​ដែរ។ ទោះ​បី​ជា​ខ្ញុំ​អាយុ​ច្រើន​បន្តិច​មែន ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ចូលចិត្ត​លេង​ហ្គេម Starcraft ដូច​កាល​ពី​នៅ​ក្មេង​អ៊ីចឹង»។
ក្រៅពី​ចំណូល​ចិត្ត​ទាំង​នេះ ជី ចាងវុក បាន​និយាយ​ថា ខ្លួន​ចង់​ចេះ​លេង​ឧបករណ៍​ភ្លេង​ណាស់។
លោក និយាយ​ថា៖ «ខ្ញុំ​ចង់​ចេះ​លេង​ហ្គីតា និង​ព្យ៉ាណូ។ កាល​ខ្ញុំ​នៅ​ជា​កូន​ក្មេង ខ្ញុំ​ធ្លាប់​រៀន​លេង​ឧបករណ៍​ភ្លេង​ទាំង​នោះ​ខ្លះៗ​ដែរ ក៏​ប៉ុន្តែ​កាល​នោះ ​ខ្ញុំ​មិន​ចូល​ចិត្ត​សាលា​ភ្លេង​ទេ។ ប៉ុន្តែ​ឥឡូវ​ទើប​ខ្ញុំ​ដឹង​ថា ការ​ចេះ​លេង​ឧបករណ៍​តន្ត្រី​ពិត​ជា​ឱសថ​ដ៏​ប្រសើរ​ក្នុង​ការ​កែ​រោគ​ អផ្សុក»៕

No comments:

Post a Comment

yes