សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 5, 2012

តុលាការ​កំពូល​រក្សា​សាល​ដីកា​សាលា​ឧទ្ទរណ៍​ផ្តន្ទា​ទោស​លោក​ស្រី​សេង ច័ន្ទដា​ ជាប់​គុក​២០​ឆ្នាំ

IMG_1526
លោកស្រីសេង ច័ន្ទដា (ឆ្វេង) និងឧកញ្ញ៉ាខូវ ជីលី (ស្តាំ)

ភ្នំពេញៈ តុលាការ​កំពូល​កាល​ពី​ព្រឹក ថ្ងៃ​សុក្រ​ ទី៥ ខែ តុលា បាន​ប្រកាស​សាល​ដីកា លើ​បណ្តឹង​សារ​ទុក្ខ​របស់​លោក​ស្រី សេង​ច័ន្ទដា  ភរិយា​វ័យ​ក្មេង​របស់​មហា​សេដ្ឋី​ប្រាំ​ជំនាន់ ឧកញ៉ា ខូវ ជីលី និង ជន​ជាប់​ចោទ​ពាក់​ព័ន្ធ​បី​នាក់​ផ្សេង​ទៀត ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«ការ​ប៉ុន​ប៉ង​មនុស្ស​ឃាត ដោយ ចេតនា» លើ​ភរិយា និង បុត្រី​អាយុ​៩ឆ្នាំ ​របស់​លោក​ទេស​រដ្ឋ​មន្ត្រី ស៊ុន ចាន់​ថុល ប្រព្រឹត្ត​កាល​ពី​រាត្រី ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១០ នៅ​ភូមិ​គ្រឹះ​លេខ​០១​បេ ផ្លូវ​ហាណូយ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។
តុលាការ​កំពូល​ក៏​បាន​សម្រេច តម្កល់​នូវ សាល​ដីកា​របស់​សាលា​ឧទ្ទរណ៍ និង​សាល​ក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ រក្សា​ទុក​នៅ​ដដែល​ និង ផ្តន្ទា​ទោស លោក​ស្រី សេង ច័ន្ទដា អាយុ ៤៩ ឆ្នាំ និង ខន ឡាក់ ​អាយុ​៣០ ​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន​២០​ឆ្នាំ និង​បង្ខំ​ឲ្យ​ធ្វើការ​ជា​ទម្ងន់​ ចំណែក​ឯ​ឈ្មោះ ចាន់ សុខា អាយុ​៣៨​ ឆ្នាំ និង​ នាង ស៊ីណាត អាយុ ២៨ ឆ្នាំ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៨​ឆ្នាំ​ម្នាក់ៗ។

លោក​ទេស​រដ្ឋ​មន្រ្តី ស៊ុន ​ចាន់ថុល​ តំណាង​ភាគី​ដើម​ចោទ ដែល​ចូល​រួម​ស្តាប់ ការ​ប្រកាស​សាល​ដីកា​របស់​តុលាការ​កំពូល​បាន​ថ្លែង​ប្រាប់​ក្រុម​​អ្នក​កាសែត​ថា៖​« ខ្ញុំ​សូម​សម្តែង​ការ ​អរគុណ​ចំពោះ​តុលា​ការ​ទាំង​បី​ថ្នាក់​ គឺ សាលា​ដំបូង​រាជធានី​ភ្នំពេញ  សាលា​ឧទ្ទរណ៍ និង តុលាការ​កំពូល ដែល​បាន​រក និង ផ្តល់​យុត្តិធម៌​ជូន​ដល់​ខ្ញុំ និង ក្រុម​គ្រួសារ​របស់​ខ្ញុំ ដែល​ជា​ជន​រង​គ្រោះ។ នេះ​គឺជា​ការ​បង្ហាញ ពី​ភាព​យុត្តិធម៌ របស់​តុលាការ​ទាំង​បី»។
លោក​ទេស​រដ្ឋ​មន្រ្តី ស៊ុន  ​ចាន់​ថុល​បាន​បញ្ជាក់​ថា៖​« ខ្ញុំ​ត្រូវ​តែ​ខិតខំ កសាង​កិត្តិយស​និង កេរ្ត៍ឈ្មោះ​ខ្ញុំ ឡើង​វិញ​ដែល​គេ​បាន​បង្ខូច​កិត្តិយស​ខ្ញុំ រយៈ​ពេល​២​ឆ្នាំ ៤ ខែ​មក​ហើយ។ ខ្ញុំ​ឈឺ​ចាប់ បិះ​អស់ ប្រពន្ធ និង​កូន ប៉ុន្តែ​ទន្ទឹម​នឹង​នេះ គេ​បែរ​ជា​និយាយ​មួល​បង្កាច់​ខ្ញុំ​ថា ខ្ញុំ​ប្រឌិត​រឿង​នេះ ដើម្បី​ចង់​បាន​កេរមតក​លោក​ឧកញ៉ា ខូវ ជឺលី​ទៅ​វិញ»។
លោក​បន្ថែម​ថា៖​«ខ្ញុំ​សូម​ជម្រាប​ថា ស៊ុន ចាន់ថុន និង ក្រុម​គ្រួសារ​ស៊ុន​ ចាន់​ថុល មិន​ចង់​បាន​មួយ​សេន​ពី​ឧកញ៉ា ខូវ ជឺលី ទាល់​តែ​សោះ។  រឿង​ពិត​ប្រាកដ គឺ ឧកញ៉ា ខូវ ជឺលី​បាន​មក​ប្រាប់​ខ្ញុំ​ផ្ទាល់​មាត់​ថា​ ប្រពន្ធ​គាត់ គឺ សេង ច័ន្ទដា​បាន​រក​ដៃ​ជើង​មក​សម្លាប់​កូន​គាត់ និង​ចៅ​គាត់ តាម​បញ្ជា​របស់ ឡាយ ហួង។ នេះ គឺជា​សម្តី​របស់​លោក​ឧកញ៉ា ខូវ ជឺលី ពិត​ប្រាកដ ខ្លួន​ឯង។ ខ្ញុំ​មិន​បាន​ប្រឌិត​ទេ»។
ចំណែក​ឯ លោក​ស្រី សេង ច័ន្ទដា​បាន​មាន​ប្រសាសន៍​ថា សាល​ក្រម និង​​សាល​ដីកា​របស់​តុលាការ​ទាំង​បី​ថ្នាក់​ខាង​លើ ដែល​បាន​សម្រេច​ផ្តន្ទា​ទោស​លោក​ស្រី​គឺ​ អយុត្តិធម៌​ណាស់ សម្រាប់​រូប លោក​ស្រី ហើយ​លោក​ស្រី មិន​អាច​ទទួល​យក​បាន​ឡើយ។
លោក​ស្រី​សេង ច័ន្ទ​ដា​ថ្លែង​ថា៖​« ខ្ញុំ​ជា​ជន​រងគ្រោះ តែ​តុលាការ​ដែល​ក្នុង​នាម​ដូច​ជា​ព្រះឥន្ទ ដូចជា ទេវត្តា ដូចជា​ព្រះ​ បែរ​ជា​មិន​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ឡើយ។ ខ្ញុំ​មិន​ដឹង​ថា​ តុលាការ កំពុង​បំរើ​ឲ្យ​ជន​ណា​ទេ។ មិន​មែន​រក​យុត្តិធម៌​ជូន​ប្រជាជន​ទេ។ គាត់​ស្លៀក​ពាក់​ឯក​សណ្ឋាន​បាន​ល្អ​ណាស់ និង​អង្គុយ​លើ​កៅអី សង្ហា​ណាស់  តែ​ពួក​គាត់ គ្មាន​ឆន្ទៈ រក​យុត្តិធម៌ ជូន​ប្រជាជន​ទេ»។
លោក​ស្រី​សេង ច័ន្ទដា​បាន​បញ្ជាក់​ថា ដើម្បី​ស្វែង​រក​យុត្តិធម៌​ ចំពោះ រូបលោក​ស្រី ផ្ទាល់ ​លោក​ស្រី​នឹង​បន្ត​តស៊ូ​និង ​សុំ​អន្តរា​គមន៍ ទៅ​ស្ថាប័ន​ក្រសួង​យុត្តិធម៌ និង ព្រះ​មហា​ក្សត្រ​ទៀត៕

No comments:

Post a Comment

yes