ព្រះសង្ឃ និងមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋប្រមាណជិត ៥ពាន់នាក់ បាននាំគ្នាដើរដង្ហែក្បួននៅតាមដងផ្លូវ និងនៅក្នុងទីវត្តអារាមនាទីក្រុងសៀមរាប ដើម្បីចូលរួមមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រខ្មែរ សម្ដេចព្រះ នរោត្ដម សីហនុ កាលពីរសៀលថ្ងៃពុធ ទី១៧ ខែតុលា។
អ្នកចូលរួមមរណទុក្ខទាំងអស់ សុទ្ធតែដាក់ក្រណាត់ខ្មៅសញ្ញាកាន់ទុក្ខនៅនឹងដើមទ្រូងខាងឆ្វេង ហើយនៅក្នុងដៃមានកាន់ផ្កា ទៀន និងធូបដោយទឹកមុខក្រៀមក្រំ។ ចំណែកឯក្រុមព្រះសង្ឃ បានសូត្រធម៌ឥតឈប់ ព្រមទាំងមានសំឡេងគងមូងបន្លឺឡើងម្តងៗ។
ទាំងប្រជារាស្ត្រ និងមន្ត្រីរាជការ ព្រមទាំងព្រះសង្ឃដែលបានចូលរួមដង្ហែក្បួនមរណទុក្ខ បានសម្ដែងការសោកស្ដាយចំពោះការយាងចូលទិវង្គតរបស់ព្រះមហាវីរក្សត្រខ្មែរ។ ប្រជាពលរដ្ឋខ្លះបាននិយាយថា ប្រសិនបើគេអាចកាត់ជីវិតរបស់ពួកគេម្នាក់បន្តិចៗបាន ហើយជួយព្រះអង្គឱ្យមានព្រះជន្មឡើងវិញ គឺពួកគេព្រមលះបង់ដោយមិនស្ដាយស្រណោះឡើយ។
ព្រះសង្ឃ៖ «ពរ ប្រៀបដូចជាបាត់វត្ថុដ៏មានតម្លៃ ដែលយើងមិនអាចកាត់ថ្លៃបាន។ សោកស្ដាយ ពីព្រោះថា ប្រទេសកម្ពុជាទាំងមូល គោរពស្ញប់ស្ញែងនូវស្នាព្រះហស្ត ការទាមទារឯករាជ្យមកឱ្យខ្មែរ បូរណភាពទឹកដីទាំងមូល អីចឹងការបាត់បង់ព្រះអង្គ គឺជាអគ្គបុគ្គលដ៏ឆ្នើមក្នុងប្រទេសកម្ពុជា»។
ស្ត្រី៖ «ខ្ញុំស្រឡាញ់ឪ សុខចិត្តថ្វាយជីវិត សុខចិត្តបន្ថយជីវិតបន្តិចៗម្នាក់ បើថាអាយុខ្ញុំ ១០០ឆ្នាំ ឱ្យនៅសល់តែ ៧០ឆ្នាំ ក៏ខ្ញុំយកដែរ ឱ្យតែឪរស់ឡើងវិញ។ ឪជួយកូនគ្រប់ពេលគ្រប់វេលាទាំងអស់»។
បុរស៖ «ព្រះករុណាខ្ញុំ! ខ្ញុំបាទសូមឧទ្ទិសបរមកុសលទាំងអស់ថ្វាយដល់វិញ្ញាណក្ខន្ធសម្ដេចឪ សម្ដេចតា សម្ដេចតាទួត។ សូមព្រះអង្គបានសោយសុខនៅព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
ស្ត្រី៖ «ក្នុងចិត្តរបស់នាងខ្ញុំ គឺក្ដុកក្ដួលបំផុត រកអ្វីប្រៀបផ្ទឹមពុំបាន។ ពីមុនមក គឺខ្ញុំមានភាពកក់ក្ដៅបំផុតចំពោះព្រះអង្គ។ ខ្ញុំទុកព្រះអង្គ គឺជាឪពុករបស់នាងខ្ញុំ»។
នៅក្នុងព្រះរាជដំណាក់របស់ព្រះមហាវីរក្សត្រ នាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៧ ខែតុលា គឺមានប្រជាពលរដ្ឋរាប់សិបនាក់ បាននាំគ្នាសរសេរនៅក្នុងសៀវភៅជាច្រើនក្បាល ដើម្បីបញ្ជាក់ពីទឹកចិត្តស្រឡាញ់ទៅលើអតីតព្រះមហាក្សត្រ និងការសោកស្ដាយរបស់ពួកគេ នៅពេលដែលបាត់ព្រះវត្តមានរបស់ព្រះអង្គទៅនេះ ហើយនៅតាមវត្តអារាមក្នុងទីក្រុងសៀមរាប ដូចជា វត្តពោធិលង្កា វត្តរាជបូព៌ និងវត្តដំណាក់ ជាដើម ក៏បានរៀបចំធ្វើពិធីបង្សុកូល ឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធ និងចូលរួមមរណទុក្ខដែរ៕
No comments:
Post a Comment
yes