សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 19, 2012

វៀតណាម សម្តែង​នូវ​សេចក្តី​ក្រៀមក្រំ និង​សោកស្តាយ​ឥតឧបមា ចំពោះ​ព្រះមហាវីរក្សត្រ​កម្ពុជា​

វៀតណាម សម្តែង​នូវ​សេចក្តី​ក្រៀមក្រំ និង​សោកស្តាយ​ឥតឧបមា ចំពោះ​ព្រះមហាវីរក្សត្រ​កម្ពុជា​
​លោក ង្វៀន តាន់​យុង (Nguyen Tan Dung) នាយករដ្ឋមន្ត្រី​វៀតណាម

ភ្នំពេញ: “​រដ្ឋាភិបាល ប្រជាជន និង​ថ្នាក់ដឹកនាំ​វៀតណាម​ទាំងអស់ មាន​សេចក្តី​ក្រៀមក្រំ និង​សោកស្តាយ​ឥតឧបមា ចំពោះ​ព្រះរាជ​បិតា​ជាតិ​កម្ពុជា សម្តេច​ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​។ វៀតណាម ក៏​បាន​ចាត់ទុក​ព្រះករុណា សម្តេច​ព្រះមហាវីរក្សត្រ ថា​ជា​មហាមិត្ត​របស់​វៀតណាម​”។ នេះ​បើ​តាម​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន តាន់​យុង​។​

​លោក ង្វៀន តាន់​យុង ( Nguyen Tan Dung ) បានប្រកាស​ដូច្នេះ នៅ​ចំពោះមុខ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​ដោយ​បិទទ្វារ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២ ខណៈ​ដែល​នាយករដ្ឋមន្ត្រី​វៀតណាម បាន​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ នៅក្នុង​ព្រះបរមរាជវាំង​។​


​ជំនួប​រវាង​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយនឹង​លោក ង្វៀន តាន់​យុង នាយករដ្ឋមន្ត្រី​វៀតណាម ត្រូវបាន​លោក អៀង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ប្រាប់​ក្រុមអ្នកកាសែត​ថា លោកនាយក​រដ្ឋមន្ត្រី វៀតណាម ង្វៀន តាន់​យុង បាន​ជម្រាបជូន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថា "​បន្ទាប់ពី​បាន​ទទួលដំណឹង​អំពី​ការចូល​ទិវង្គត​របស់​ព្រះករុណា ព្រះមហាវីរក្សត្រ​កម្ពុជា​, រដ្ឋាភិបាល ប្រជាជន ថ្នាក់ដឹកនាំ​វៀតណាម​ទាំងអស់ មាន​សេចក្តី​ក្រៀមក្រំ និង​សោកស្តាយ​ឥតឧបមា ចំពោះ​ព្រះរាជ​បិតា​ជាតិ​កម្ពុជា ហើយ​ដែល​ជា​មហាមិត្ត​របស់​វៀតណាម​"​។​

​លោក អៀង សុផល្លែត ក៏​បាន​បន្ថែមថា “​ឯកឧត្តម ( លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ) បាន​មានប្រសាសន៍ថា ឯកឧត្តម​ដឹកនាំ​គណៈប្រតិភូ មក​កាន់​កម្ពុជា នាពេលនេះ គឺ​តំណាង​ឲ្យ​រដ្ឋាភិបាល និង​គណបក្ស​កុម្មុយនីស្ត​វៀតណាម ប្រជាជន​វៀតណាម​ទាំងអស់ ដើម្បី​សូម​រំលែក​ព្រះរាជ​មរណទុក្ខ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជាមួយនឹង​ព្រះរាជវង្សានុវង្ស​កម្ពុជា ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​កំពុង​តែ​ទទួល​នូវ​ការ​ក្រៀមក្រំ ចំពោះ​ការបាត់បង់​នូវ​ព្រះរាជ​បិតា​ជាតិ​នេះ​”​។​

​លោក អៀង សុផល្លែត ក៏​បាន​បន្ថែមថា ជា​ការឆ្លើយតប សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ព្រមទាំង​គណៈប្រតិភូ​ទាំងមូល ដែល​បាន​អញ្ជើញ​មក​កម្ពុជា ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា សម្តេច​ព្រះមហាវីរក្សត្រ​កម្ពុជា​ពេល​នេះ​។​

​ដោយឡែក នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១៩ ខែតុលា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សេន ក៏​បាន​ទទួល​ជួប​លោក​នាយករដ្ឋមន្ត្រី​ឡាវ ថង​ស៊ី​ង ថាំ​ម៉ា​វង់ ( Thongsing Thammavong ) នៅ​វិមាន​សន្តិភាព​ផងដែរ​។​

​លោក អៀង សុផល្លែត បាន​មានប្រសាសន៍ថា លោកនាយក​រដ្ឋមន្ត្រី​ឡាវ បាន​ជម្រាបជូន​សម្តេច​នាយក​រដ្ឋមន្ត្រី​ថា តាង​នាម​ឲ្យ​ប្រជាជនឡាវ លោក​សូម​គោរព​សម្តែង​ព្រះ​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ចំពោះ​ការ​ចូល​ទិវង្គត​របស់​ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ​។ លោកនាយក​រដ្ឋមន្ត្រី​ឡាវ ក៏​សូម​ចូលរួម​រំលែក​ព្រះ​ទុក្ខ ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ព្រះរាជវង្សានុវង្ស និង​ប្រជាជន​កម្ពុជា​ទាំងអស់ ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ​។​

​ជា​ការឆ្លើយតប​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថង​ស៊ី​ង ថាំ​ម៉ា​វង់ និង​គណៈប្រតិភូ រួម​ទាំង​ថ្នាក់​ដឹកនាំ​ឡាវ​ទាំងអស់ ដែល​បាន​សម្តែង​នូវ​ការចូលរួម​រំលែក​ព្រះ​មរណទុក្ខ ជូន​ចំពោះ​ព្រះមហាវីរក្សត្រ​កម្ពុជា និង​ដឹកនាំ​ប្រតិភូ មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា សម្តេច​ព្រះមហាវីរក្សត្រ​កម្ពុជា​។​

​សូម​រម្លឹកថា នៅ​រសៀល​ម៉ោង ៤ ថ្ងៃ​សុក្រ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ត្រូវ​ទទួល​ជួប​លោក​ស្រី យ៉ីង​ឡាក់ ស៊ីណា​វ៉ាត់ នាយករដ្ឋមន្ត្រី​ថៃ នៅ​វិមាន​សន្តិភាព​ផងដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម នាយករដ្ឋមន្ត្រី​ឡាវ និង​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ បាន​ធ្វើដំណើរ ដាច់ដោយឡែក ជា​បន្តបន្ទាប់ មក​កាន់​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​សុក្រ ទី​១៩​តុលា ឆ្នាំ​២០១២ ដើម្បី​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅក្នុង​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ​៕​

No comments:

Post a Comment

yes