សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 3, 2012

ផ្លូវ​ថ្ម​ចូល​អង្គរ​វត្ត និង​គូ​ទឹក​ព័ទ្ធ​ជុំវិញ​ដែល​បាក់​ស្រុត​ត្រូវ​ស្ទូច​រុះរើ​ជួស​ជុល​ឡើង​វិញ

121003_21a
កម្ម​ករ​ម្នាក់​ឈរ​នៅ​លើ​ច្រាំង​ចាំ​បោះ​បាវ​ខ្សាច់​ឲ្យ​កម្ម​ករ​៤​នាក់​ផ្សេង​ទៀត​
នៅ​ក្នុង​ទឹក​រៀប​ដើម្បី​បូម​ទឹក​ជួស​ជុល​

ភ្នំពេញៈ ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍​ រួម​ទាំង​ជន​ជាតិ​កម្ពុជា​ផង ដែល​បាន​ឈាន​ជើង​ដើរ​ចូល​ប្រាសាទ​អង្គរ​វត្ត​បាន​លើក​ឡើង​ពី​ចម្ងល់​នៅ​ពេល​ ឃើញ​កម្មករ​កម្មការិនី​ រួម​ទាំង​និស្សិត​ជន​ជាតិ​ជប៉ុន​នាំ​គ្នា​លី​សែង​បាវ​ដី​ខ្សាច់​ និង​ដី​ខ្សាច់​ទប់​ទឹក​នៅ​ជាប់​នឹង​ផ្លូវ​ថ្ម​ចូល​ប្រាសាទ​អង្គរ​វត្ត និង​នៅ​ជុំវិញ​គូ​ទឹក​។
នៅ​ពេល​សួរ​នាំ​អ្នក​ដឹក​នាំ​កម្មករ និង​ក្រុម​និស្សិត​ជន​ជាតិ​ជប៉ុន​ធ្វើ​ការ​នៅ​ទី​នោះ ទើប​ដឹង​ថា ពួក​គេ​កំពុង​រៀប​បាវ​ខ្សាច់​ទប់​ទឹក​ដើម្បី​ស្ទួច​រើ​ផ្ទាំង​ថ្ម​នៅ​តាម​ ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ និង​ជុំវិញ​គូ​ទឹក​​ធ្វើ​ការ​ជួស​ជុល​ជា​ថ្មី​ និង​ស្វែង​រក​រូប​នាគ​ដែល​បាត់​បាក់​ធ្លាក់​ចូល​ទឹក។
លោក ទ្រឿង នី ប្រធាន​ក្រុម​កម្ម​ករ​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា ការ​ទប់​ទឹក​ស្ទូច​លើក​ផ្លូវ​ថ្ម​ចូល​ប្រាសាទ​នោះគឺ​ធ្វើ​ឡើង​តែ​មួយ​ចំហៀង ​ទេ ខណៈ​ដែល​ផ្នែក​ផ្សេង​បាន​ជួស​ជុល​រួច​ហើយ​នោះ​។ ដំណើរ​ការ​ប្រើ​បាវ​ខ្សាច់​ទប់​ទឹក​នោះ​បាន​ដំណើរ​ការ​អស់​រយៈ​ពេល​​ប្រហែល ​៥​ខែ​ហើយ​ ដើម្បី​បូម​ទឹក​ចេញ​ស្វែង​រក​បង្កាន់​ដៃ​នាគ​ដែល​បាក់​ធ្លាក់​ចូល​ទឹក​កប់​ ដី​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នោះ​ និង​បង់​លេខ​ផ្ទាំង​ថ្ម​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​នោះ ដើម្បី​ស្ទូច​រើ​ធ្វើ​ការ​ជួស​ជុល​ផ្លូវ​ថ្ម​ដែល​បាន​បាក់​ស្រុត​នោះ​ជា​ ថ្មី​។

លោក ទ្រឿង នី បាន​និយាយ​ថា៖​«យើង​កំពុង​ដាក់​បាវ​ខ្សាច់​ទប់ ​ដើម្បី​បូម​ទឹក​ជួស​ជុល​ផ្លូវ​ថ្ម​ចូល​ប្រាសាទ​ដែល​បាន​បាក់​ស្រុត​ ពិសេស​គឺ​ដើម្បី​ស្វែង​រក​រូប​នាគ​ថ្ម​ដែល​បាន​បាក់​ធ្លាក់​ទៅ​កប់​ដី​ចូល​ ទឹក ព្រោះ​កាល​ពី​មុន​មក​ផ្លូវ​ចូល​ប្រាសាទ​នេះ​មាន​រូប​នាគ​អម​សង​ខាង​»។
ដំណើរ ​ការ​ជួស​ជុល​នេះ​នឹង​ប្រើ​ពេល​យូរ​ចន្លោះ​ពី​៦​ទៅ​៧​ឆ្នាំ​ឯណោះ ដោយ​ការ​ងារ​នោះ​មិន​អាច​បង្ខំ​បាន​ឡើយ។ ម្យ៉ាង​ការ​លើក​ដាក់​ផ្ទាំង​ថ្ម​នោះ​គឺ​ត្រូវ​លើក​ស្ទូច​ដាក់​តាម​លំដាប់​ ដោយ​ធ្វើ​ការ​បង់​លេខ​ដោយ​ប្រុង​ប្រយ័ត្ន និង​ត្រូវ​ស្តារ​កាយ​ផ្ទាំង​ថ្មី​ទាំង​អស់​ដល់​បាត​នោះ​។
ប្រធាន​កម្ម​ករ​រូប​នេះ​បាន​បន្ត​ថា៖​«ដំណើរ​ការ​ជួស​ជុល​នេះ​ប្រហែល​ជា​ប្រើ​ពេល​យូរ​ណាស់ ៦​ទៅ​៧​ឆ្នាំ​ឯណោះ​ទើប​រួច ព្រោះ​យើង​ត្រូវ​ស្ទូច​លើក​ថ្ម​ទៅ​ដាក់​ឆ្ងាយ។ រើ​មួយ​សើរ​ត្រូវ​បង់​លេខ​មួយ​សើ យើង​រើ​ដល់​បាត ហើយ​ធ្វើ​ការ​ដាក់​ខ្សាច់​នៅ​បាត និង​រៀប​ថ្ម​មួយ​សើ​ៗ ការងារ​នេះ​មិន​អាច​ធ្វើ​បង្ខំ​បាន​ទេ ហើយ​យើង​នឹង​រៀប​នាគ​ថ្ម​តាម​បង្កាន់​ដៃ​វិញ​»។
ជុំវិញ​ព័ត៌មាន​នៃ​ការ​ រុះ​រើ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក ដើម្បី​ជួស​ជុល​ឡើង​វិញ​នេះ លោក​ស្រី ម៉ៅ ល្អ ប្រធាន​នាយកដ្ឋាន​អភិរក្ស និង​បង្ការ​របស់​អាជ្ញាធរ​អប្សរា សុំ​មិន​ផ្តល់​ព័ត៌មាន​តាម​ទូរស័ព្ទ​ឡើយ​។ បើ​តាម​កម្មករ​នៅ​កន្លែង​ធ្វើ​ការ​ដែល​មាន​បែង​ចែក​ជា​ពីរ​ផ្នែក​បាន​ឲ្យ​ ដឹង​ថា ការ​ជួស​ជុល​គូ​ទឹក​ទទួល​ជំនួយ​ពី​ប្រទេស​អូស្ត្រាលី រីឯ​ផ្លូវ​ថ្ម​ចូល​ប្រាសាទ​អង្គរ​វត្ត​ទទួល​ជំនួយ​ពី​ប្រទេស​ជប៉ុន​។
កាល ​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១២ ការ​ចុះ​ហត្ថលេខា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​រវាង​លោក​ឧបនា​យក​រដ្ឋ​មន្ត្រី​ សុខ អាន​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ និង​ជា​ប្រធាន​អាជ្ញាធរ​អប្សរា ជា​មួយ​លោក​ស្រី Anne Lemaistre តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​ ស្តី​ពីការ​បន្ត​គាំពារ​ប្រាសាទ​អង្គរ​វត្ត ក្នុង​ទំហំ​ទឹក​ប្រាក់​២៥​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ផ្តោត​ទៅ​លើ​ការ​ជួស​ជុល​គូទឹក នៅ​ព័ទ្ធ​ជុំវិញ​ប្រាសាទ​។
យោង តាម​អាជ្ញាធរ​អប្សរា បាន​ឲ្យ​ដឹង​ថា ប្រាសាទ​អង្គរ​វត្ត​ ត្រូវ​បាន​កសាង​ឡើង​នៅ​ក្នុង​សតវត្សរ៍ទី១២ ក្នុង​រាជ​ព្រះ​បាទ​សូរ្យវរ្ម័នទី២ ហើយ​សន្មត​នៅ​ជំនាន់​នោះថា​ជា​លំនៅ​ដ្ឋាន​ព្រះ​នរាយណ៍។​ គេ​ប៉ាន់​ស្មាន​ថា​ ប្រហែល​ជា​ចំណាយ​ពេល​ប្រមាណ ៣០ ឆ្នាំ ទើប​កសាង​អង្គរវត្ត​ហើយ​ជា​ស្ថាពរ។ នៅ​សម័យ​កណ្តាល ជា​ពិសេស​នៅ​សតវត្សរ៍ទី​១៦ ប្រាសាទ​អង្គរ​វត្ត​ កាល​នោះ​មាន​ឈ្មោះថា​ ព្រះ​ពិស្ណុលោក ពោល​គឺ​យក​តាម​មរណនាម​នៃ​ព្រះ​បាទ​សូរ្យវរ្ម័នទី២ ក្លាយ​ទៅ​ជា​បូជនីយដ្ឋាន ​ដែល​ពុទ្ធ​សាសនិក​ជាតិ និង​អន្តរជាតិ​មក​សំពះ។ សព្វ​ថ្ងៃ​នេះ​ ខ្មែរ​ទាំង​មូល​សន្មត​អង្គរ​វត្ត ឬ​អង្គរតូច ថា​ជា​និមិត្ត​រូប​នៃ​ជាតិ​របស់​ខ្លួន។
អង្គរ​ដែល​ជា​បុរាណ​ដ្ឋាន​ធំ​មួយ ​នៅ​លើ​លោក ​ត្រូវ​បាន​ទទួល​ចំណាត់​ថ្នាក់​ក្នុង​បញ្ជី​​បេតិកភណ្ឌ​ពិភព​លោក​ នៃ​អង្គការ​យូណេស្កូ​នៅ​ចុង​ឆ្នាំ​១៩៩២ ក្រោយ​ពី​បាន​ទទួល​ការ​អំពាវនាវ​ពី​សំណាក់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ ​ នរោត្តម​សីហនុ​ ដែល​កាល​នោះ​ព្រះអង្គ​ធ្វើ​ឡើង​ក្នុង​ឋានៈ​ជា​ព្រះ​ប្រធាន​នៃ​ឧត្តមក្រុម​ ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​ ។
តាំង​ពីពេល​នោះ​មក​ គេ​បាន​បង្កើត​គណៈ​កម្មាធិការ​អន្តរជាតិ​មួយ​ (គណៈ​កម្មាធិការ​អន្តរ​ជាតិ​ដើម្បី​សម្រប​សម្រួល​កិច្ច​គាំពារ​ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅកាត់​ថា​ ICC) ដើម្បី​ដើរ​តួនាទី​សម្រប​សម្រួល ​រាល់​ការងារ​សំខាន់​ទាំង​ឡាយ​ណា​ពាក់​ព័ន្ធ​នឹង​ រមណីយដ្ឋាន​នេះ ។
តាម អាជ្ញាធរ​ដដែល​ឲ្យ​ដឹង​ថា អត្ថ​បទ​នីតិក្រម​មុន​គេ​បង្អស់​ ដែល​ព្រះ​ករុណា​ជា​អម្ចាស់​បាន​ឡាយ​ព្រះហស្តលេខា​ បន្ទាប់​ពី​ឡើង​គ្រង​រាជជា​ថ្មី​ភ្លាម​ គឺ​ព្រះរាជក្រឹត្យ​ស្តី​ពីការ​កំណត់​តំបន់​សៀមរាប-អង្គរ​។ នេះ​ស​ឲ្យ​ឃើញ​អំពី​សារ​សំខាន់​បំផុត​នៃ​កិច្ច​ការពារ​ និង​អភិវឌ្ឍ​តំបន់​នោះ៕

No comments:

Post a Comment

yes