សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 3, 2012

អ្នក​វិភាគ៖ ផ្តន្ទាទោស​សូណង់ដូ​បង្ហាញ​ពី​ភាព​មិន​ឯករាជ្យ​របស់​តុលាការ

121003_02
រូប​ថត​របស់​លោក​ម៉ម សូណង់​ដូ ត្រូវ​បាន​ក្រុម​អ្នក​គាំ​ទ្រ លើក​នៅ​ចំពោះ​មុខ​
កង​កម្លាំង​នគរ​បាល​កាល​ពី​ថ្ងៃ​ចន្ទ​ ក្នុង​ពេល​​តវ៉ាសុំឲ្យ​តុលាការ​ដោះ​លែង​ប្រធាន​វិទ្យុ​រូបនេះ​

វិភាគ​នយោបាយ​
សាល ក្រម របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ចន្ទ ដែល​បាន​ផ្តន្ទាទោស​លោក​ម៉ម សូណង់ដូ ឲ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់ ២០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០ លាន​រៀល គឺជា​ការ​សម្រេច​ក្តី​ថ្មី​ចុង​ក្រោយ​បំផុត​មួយ​ទៀត ដែល​ក្រុម​អ្នក​វិភាគ​ លើក​មក​ចង្អុល​បង្ហាញ​ ពី​ភាព​មិន​ឯករាជ្យ របស់​ប្រព័ន្ធ​តុលាការ​ប្រទេស​កម្ពុជា​ ដែល​កំពុង​ទទួល​រង​នូវ​ការ​រិះគន់​កាន់​តែ​ខ្លាំង​ឡើង តាំង​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ។
កាល​ពី​ចុង​ខែ​ឧសភា សាលា​ដំបូង​រាជធានី បាន​សម្រេច​ផ្តន្ទាទោស ទៅ​លើ​ស្ត្រី​បឹងកក់ ចំនួន ១៣ នាក់​ ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ២ ឆ្នាំ​កន្លះ​ ពី​បទ​រំលោភ​កាន់​កាប់​ដោយ​ខុស​ច្បាប់ លើ​អចលនវត្ថុ របស់​នីតិបុគ្គល​ សាធារណៈ និង​បទ​ប្រឆាំង​អាជ្ញាធរ​សាធារណៈ ដោយ​មាន​ស្ថាន​ទម្ងន់​ទោស ជា​ការ​ផ្តន្ទាទោស ដែល​មជ្ឈដ្ឋាន​ជាច្រើន​ហៅ​ថា «ម្ចាស់​ផ្ទះ​​ជាប់គុក ចោរ​ប្លន់​ផ្ទះ​រួច​ខ្លួន»។ កាល​ពី​ដើម​ខែ​កញ្ញា តុលាការ​ដដែល​នេះ បាន​សម្រេច​ឃុំ​ខ្លួន​ជា​បន្ត​បន្ទាប់​ទៅ​លើ​ស្ត្រី​អ្នក​ភូមិ​បឹងកក់ ម្នាក់ និង​ស្ត្រី​សហគមន៍​បុរី​កីឡា​ម្នាក់ ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា និង​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស ជា​បទ​ចោទ​ប្រកាន់​ ដែល​ក្រុម​អ្នក​ភូមិ និង​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា ធ្វើ​ឡើង​ដើម្បី​បំបាក់​ស្មារតី​របស់​ក្រុម​អ្នក​ភូមិ ដែល​ហ៊ាន​ងើប​តវ៉ា ការ​ពារ​ផ្ទះ​សម្បែង​ដី​ធ្លី​របស់​ខ្លួន​ដែល​ត្រូវ​បាន​រំលោភ​បំពាន​។

លោក​ម៉ម សូណង់ដូ ត្រូវ​បាន​ផ្តន្ទាទោស ពី​បទ​ផ្ដើម​គំនិត​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ផ្តើម​ធ្វើ​កុបកម្ម​ជ្រៀត​ជ្រែក​ខុស​ច្បាប់ នៅ​ក្នុង​ការ​បំពេញ​មុខ​ងារ​សាធារណៈ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ កាន់​អាវុធ​ខុស​ច្បាប់ និង​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់ ដែល​មាន​ចែង​ក្នុង​មាត្រា មួយ​ចំនួន​នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​ចោទ​ប្រកាន់​ទាំង​នេះ ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ជម្លោះ​ដី​ធ្លី​ដ៏​ចម្រូង​ចម្រាស​មួយ នៅ​ក្នុង​ភូមិ​ប្រមា ​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ថា ក្រុម​អ្នក​ភូមិ ដែល​ដឹក​នាំ​ដោយ លោក​ ប៊ុន រដ្ឋា បាន​បង្កើត​តំបន់​អបគមន៍ ប្រឆាំង​រដ្ឋាភិបាល​។ នៅ​ក្នុង​ការ​បង្ក្រាប​កាល​ពី​ថ្ងៃ​ទី១៦ ខែ​ឧសភា កង​កម្លាំង​ប្រដាប់ អាវុធ​របស់​រដ្ឋាភិបាល បាន​ធ្វើ​ការ​បាញ់​រះ ធ្វើ​ឲ្យ​ត្រូវ​ក្មេង​ស្រី​អាយុ ១៤ ឆ្នាំ​ម្នាក់​ស្លាប់ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ពុំ​មាន​កម្លាំង​សមត្ថកិច្ច​ណា​ម្នាក់ ត្រូវ​បាន​គេ​នាំ​យក​មក​ផ្តន្ទាទោស​ទេ​។
លោក​អ៊ូ វីរៈ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចង្អុល​ទៅ​រក​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែ​ន ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ តុលាការ​ខេត្ត​ក្រចេះ បាន​ចេញ​ដី​កាចាប់​ខ្លួន​លោក​ម៉ម សូណង់​ដូ ជា​អំណះ​អំណាង​មួយ​ ក្នុង​ចំណោម​អំណះ​អំណាង​ផ្សេង​ទៀត ដែល​លោក ​អ៊ូ វីរៈ បាន​លើក​យក​មក​សំអាង​ ចំពោះ​អ្វី​ដែល​លោក​បាន​និយាយ​ថា សាល​ក្រម​ផ្តន្ទា​ទោស​លោក​ម៉ម​ សូណង់​ដូ ជា​ការ​សរ​សេរ​ដោយ​អ្នក​នយោ​បាយ។ ​លោក​អ៊ូ វីរៈ បាន​គូស​បញ្ជាក់​ថា​៖ «​ខ្ញុំ​គិត​ថា ចៅ​ក្រម​ ដែល​អាន​សាលក្រម​នេះ គាត់​ក៏​មាន​ការ​ឈឺ​ចាប់​ដែរ​ ពីព្រោះ​វា​មិន​មែន​ជា​ការ​សម្រេច​ផ្អែក​ទៅ​តាម​ផ្លូវ​ច្បាប់ ដែល​ស្រប​ទៅ​តាម​ឧត្តម​គតិ​របស់​គាត់​ជា​ចៅក្រម​»។ លោក​អ៊ូ វីរៈ ក៏​បាន​លើក​ពី​ករណី អតីត​អភិបាល​ក្រុង​បាវិត ដែល​បាន​ដក​កាំភ្លើង​បាញ់​កម្មករ ឲ្យ​រង​របួស​ធ្ងន់​រហូត​ទៅ​ដល់​ ៣ នាក់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ត្រឹម​តែ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា ហើយ​រហូត​មក​ដល់​ពេល​នេះ មិន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ឡើយ និង​ករណី​លោក​ឧត្តម​សេនីយ៍​ផ្កាយ​ពីរ ប៊ុន សុខា អតីត​នាយ​រង​សេនាធិការ កង​អង្គរក្ស របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​វាយ​ដំ​ច្រំ​ធាក់​យ៉ាង​ធ្ងន់ធ្ងរ ទៅ​លើ​បុរស​ ៣ នាក់ រហូត​ដល់​សន្លប់​ នៅ​ក្នុង​សណ្ឋាគារ​មួយ​នៅ​ខេត្ត​កោះ​កុង ដែល​រហូត​មក​ដល់​ពេល​នេះ​ មិន​ត្រូវ​បាន​ជាប់​ទោស​ឡើយ។ ចំណែក​ករណី​លោក​ម៉ម សូណង់​ដូរ វិញ លោក​អ៊ូ វីរៈ មើល​មិន​ឃើញ​ពី​ទោស​កំហុស​ជាក់​ស្តែង​ណា​មួយ​ ដែល​គាត់​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​ឡើយ ប៉ុន្តែ​តុលាការ​ បែ​រជា​ផ្តន្ទា​ទោស​គាត់ រហូត​ទៅ​ដល់ ២០ ឆ្នាំ​។ លោក​អ៊ូ វីរៈ​ គូស​បញ្ជាក់​ទៀត​ថា «តុលាការ​កម្ពុជា មិន​ឯក​រាជ្យ​ទេ»។ សំណុំ​រឿង​លោក​ម៉ម សូណង់​ដូ គឺ​ជា​រឿង​នយោបាយ​សុទ្ធ​សាធ សូម្បី​តែ​កូន​ក្មេង ​ក៏​​អាច​មើល​ដឹង​ដែរ។
លោកស្រី​ចាំង ស៊ីណាត​ ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​កាន់​សំណុំ​រឿង និង​​ជាអ្នក​ប្រកាស​សាលក្រម លោក​ម៉ម សូណង់​ដូ មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ ដោយ​ទូរស័ព្ទ​រោទ៍​តែ​ពុំ​មាន​អ្នក​ទទួល​។
ប៉ុន្តែ លោក​ផៃ ស៊ី​ផាន អ្នក​នាំ​ពាក្ស​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​ច្រាន​ចោល​ចំពោះ​ការ​រិះគន់​​ដែល​ថា សាលក្រម​ផ្តន្ទា​ទោស​លោក​ម៉ម សូណង់​ដូ ត្រូវ​បាន​សរសេរ​ដោយ​អ្នក​នយោបាយ​។
លោក​ផៃ ស៊ី​ផាន​ បាន​មាន​ប្រសាសន៍​ថា​៖«​វា​ជា​ការ​វាយ​ប្រហារ​ដែល​មិន​អាច​ទទួល​យក​បាន​។​ បើ​ថា​ជា​សារណា​នយោបាយ​ ឲ្យ​គាត់​វិភាគ​ទៅ​លើ​បញ្ហា​ហ្នឹង​ទៅ​» ហើយ​បើ​ថា ភាគី​ការ​ពារ​ផល​ប្រយោជន៍​លោក​ម៉ម សូណង់​ដូ និយាយ​ថា ការ​កាត់​ទោស​នេះ​ធ្វើ​ឲ្យ​ខាត​​ប្រយោជន៍​លោក​ម៉ម សូណង់​ដូ សូម​ទៅ​តតាំង​នៅ​ឧទ្ធរណ៍​ទៅ​។ លោក​គូស​បញ្ជាក់​ថា មតិ​រិះគន់​នៅ​ខាង​ក្រៅ​តុលាការ​ វា​គ្រាន់​តែ​ជា​មតិ​សាមញ្ញ​តែ​ប៉ុណ្ណោះ ​មិន​មែន​ជា​មតិ​របស់​អ្នក​ច្បាប់​ទេ។
យ៉ាង​ណា​ក្តី លោក​បណ្ឌិត​ឡៅ ម៉ុង​ហៃ អ្នក​វិភាគ​ឯក​រាជ្យ​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ទេ ចំពោះ​ការ​ផ្តន្ទាទោស​លោក​ម៉ម សូណង់ដូ​ឲ្យ ​ជាប់​ពន្ធនាគារ​រហូត​ទៅ​ដល់ ២០ ឆ្នាំ​នោះ ប៉ុន្តែ​លោក​មាន​ការ​ក្រៀម​ក្រំ ជា​អ្វី​ដែល​លោក​ហៅ​ថា «ធ្វើ​ឲ្យ​មាន​អំពើ​អយុត្តិធម៌​កើត​ឡើង​»។ លោក​ឡៅ ម៉ុង​ហៃ បាន​មាន​ប្រសាន៍​ថា រូប​លោក ក៏​ដូច​ជា​មតិ​សាធារណជន​ជា​ច្រើន​ទៀត​ដែរ​ គឺ​យល់​ថា សំណុំ​រឿង​លោក​ម៉ម សូណង់​ដូ គឺ​មាន​ទិដ្ឋភាព​នយោបាយ។ ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​មក​ គ្រប់​គ្នា​សុទ្ធ​តែ​យល់​ថា លោក​ម៉ម សូណង់​ដូ នឹង​មិន​រួច​ខ្លួន​ទេ​។
ដោយ​សំដៅ​ទៅ​លើ​ការ​កោះ​ហៅ​របស់​ តុលាការ ចំពោះ​សកម្មជន​សិទ្ធិ​មនុស្ស​ជា​បន្ត​បន្ទាប់​នា​ពេល​ថ្មីៗ​នេះ លោក​ឡៅ ម៉ុងហៃ បាន​គូស​បញ្ជាក់​ថា៖ «​មាន​ការ​កោះ​ហៅ​សកម្មជន​សិទ្ធិ​មនុស្ស​ជាច្រើន​នា​ពេល​ថ្មី​ៗ​នេះ។ ដូច្នេះ​អាច​សន្និដ្ឋាន​ថា ប្រព័ន្ធ​តុលាការ​ ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​ឧបករណ៍​ ដើម្បី​បង្ក្រាប​ បំបិទ​សិទ្ធិ​អ្នក​ប្រឆាំង»។ អ្នក​វិភាគ​ផ្សេង​ទៀតក៏​មាន​មតិ​ស្រដៀង​គ្នា និង​លោក​ឡៅ ម៉ុងហៃ​ដែរ​។
លោក​បណ្ឌិត​សុខ ទូច ជា​អ្នក​វិភាគ​ឯករាជ្យ និង​ជា​សាកល​វិទ្យាធិការ នៃ​សាកល​វិទ្យាល័យ​ខេមរៈ បាន​ថ្លែង​ថា ពាក្យ​ថា «អបគមន៍» វា​ជា​រឿង​នយោបាយ​រួច​ជា​ស្រេច​ទៅ​ហើយ​។ លោក​សុខ ទូច បាន​ចោទ​សួរ ចំពោះ​បទ​ចោទ​ដែល​យោង​ទៅ​ដល់​ការ​បង្កើត​តំបន់​អបគមន៍​ នៅ​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ ថា​តើ​មាន​មូល​ដ្ឋាន​គ្រប់គ្រាន់​ ក្នុង​ការ​បង្កើត​តំបន់​អបគមន៍​ឬ​អត់​? មាន​កម្លាំងទ័ព មាន​សព្វាវុធ​ឬអត់? និង​ថា តើ​មាន​ប្រទេស​ណា​មួយ ជួយ​គាំទ្រ​ដល់​ការ​បង្កើត​តំបន់​អបគមន៍​នោះ​ឬ​អត់​? លោក​សុខ ទូច បាន​មាន​ប្រសាសន៍​ថា​៖«(ករណី នៅ​ឆ្លូង) វា​ជា​ការ​ព័ទ្ធ​វាយ​ (ប្រជា​ពលរដ្ឋ​) ឥត​ដឹង​ខ្លួន​។​ ថា​តើ​អ្នក​ណា​ ជា​អ្នក​ទទួល​ខុស​ត្រូវ ចំពោះ​ការ​ស្លាប់​របស់​ក្មេង​ស្រី​ម្នាក់? តុលាការ​ធ្វើ​ការ​កាត់​ទោស​លឿន​ពេក»។
លោក​សុខ ទូច បាន​ចោទ​សួរ​ទៀត​ថា តើ​ការ​ដាក់​បន្ទុក​ចោទ​ប្រកាន់ ​ទៅ​លើ​ជន​ជាប់​ចោទលោក​ ម៉ម សូណង់​ដូ មាន​ភស្តុតាង និង​មាន​មូល​ដ្ឋាន​គ្រប់​គ្រាន់​តាម​ផ្លូវ​ច្បាប់​ហើយ​ឬ​នៅ? ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក​ សុខ ទូច ថ្លែង​ថា នៅ​ពេល​នេះ តុលាការ​បាន​កាត់​ទោស​រួច​ហើយ ថា​តើ​ព្រះ​មហា​ក្សត្រ​គួរ​លើក​លែង​ទោស​ឬ​យ៉ាង​ណា?
កាសែត​ភ្នំពេញ ប៉ុស្តិ៍ បាន​ព្យាយាម​ទំនាក់​ទំនង​ជាច្រើន​លើក កាល​ពី​ម្សិលមិញ​ ដើម្បី​សុំ​ការ​អធិប្បាយ​ ពី​លោក​បណ្ឌិត​ជាម យៀប តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​មិន​មាន​អ្នក​ទទួល​ទូរស័ព្ទ​ឡើយ។
ដោយ​ធ្លាប់​ជា​អតីត​អ្នក នយោបាយ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ ដែល​ជា​វិទ្យុ​ឯករាជ្យ​ល្បី​ឈ្មោះ​នៅ​កម្ពុជា ហើយ​ក៏​ធ្លាប់​ជាប់​ពន្ធនាគារ ចំនួន​ពីរ​ដង រួច​មក​ហើយ​នោះ កេរ្តិ៍​ឈ្មោះ​របស់​លោក​ម៉ម សូណង់​ដូ ហាក់​ដូច​ជា​កាន់​តែ​ល្បី​សុស​សាយ​ និង​កាន់​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ឡើង នៅ​ពេល​លោក​ជាប់​ពន្ធនាគារ​លើក​ទី​៣ នេះ​ទៀត​។ យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​សាល​ក្រម​លើក​នេះ​មិន​ត្រូវ​បាន​កែ​ប្រែ​នោះ​បុរស​វ័យ​៧២ ឆ្នាំ​កាន់​សញ្ជាតិ​ខ្មែរ-បារាំង​រូប​នេះ នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់​អាយុ ៩២ ឆ្នាំ៕

No comments:

Post a Comment

yes