ការទាមទារនេះបានធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈញឹកញាប់ អំពីគោលការណ៍ដំឡើងប្រាក់ខែ ២០% ជូនមន្ត្រីរាជការនៅឆ្នាំ២០១៣ ដែលរំពឹងថា ប្រាក់បន្ថែមនោះអាចសមាមាត្រនឹងតម្លៃទំនិញកំពុងឡើងថ្លៃ។
នាយកសាលាមួយនៅស្រុកព្រៃកប្បាស ខេត្តតាកែ លោក ឡាក់ គឹមសាន។ លោកបានថ្លែងថា ការដំឡើងប្រាក់ខែមន្ត្រីរាជការ ២០% នេះ មានគម្លាតខុសគ្នាឆ្ងាយពេករវាងមន្ត្រីរាជការថ្នាក់ទាប និងមន្ត្រីរាជការថ្នាក់ខ្ពស់។ មន្ត្រីថ្នាក់ទាប ដូចជាមេភូមិ មេឃុំ គ្រូសាលាបឋមសិក្សាជាដើម ប្រាក់ខែទាបស្រាប់ទៅហើយ ពេលដំឡើង ២០% មន្ត្រីទាំងនោះនឹងទទួលបានប្រមាណតែ ៤ម៉ឺន ទៅ ៥ម៉ឺនរៀល ផ្ទុយពីមន្ត្រីថ្នាក់ខ្ពស់ ដូចជាតំណាងរាស្ត្រ ឬរដ្ឋមន្ត្រី នឹងទទួលប្រាក់ខែជាង ៤លានរៀល។ នៅពេលរដ្ឋាភិបាលថែម ២០% មន្ត្រីទាំងនោះនឹងទទួលបានជាង ៨០ម៉ឺនរៀលទៀត។ លោកបានប្រៀបធៀបប្រាក់ខែគាត់ក្នុង ១ខែ ទទួលបានតែជាង ២០ម៉ឺនរៀល បើសិនជាដំឡើង ២០% គាត់នឹងបានតែជាង ៤ម៉ឺនរៀលទេ។
លោកទាមទារឲ្យរដ្ឋាភិបាលបន្ថែមប្រាក់ឲ្យមន្ត្រីរាជការស្មើគ្នាវិញ ចំណេញថវិការដ្ឋជាងការដំឡើង ២០% នោះ៖ «បើប្រាក់ខែ ១០ម៉ឺន ហើយឡើង ២០% គឺគ្នាបានតែ ២ម៉ឺន តែបើសិនជាគេបានប្រាក់ខែ ១ពាន់ ឡើង ២០% គេបាន ២០០ដុល្លារ។ គិតទៅ ២០០ដុល្លារ វាស្មើនឹង ៨០ម៉ឺនទៅហើយ។ អ៊ីចឹងម្នាក់ឡើងបាន ២ម៉ឺន ម្នាក់ឡើងបាន ៨០ម៉ឺន ហើយតម្លៃទីផ្សារអត់មានគិតពីអ្នកធំអ្នកតូចអីណា គឺអីវ៉ាន់វាឡើងទូទៅ»។
កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១.៦៨២នាក់ នៅវិទ្យាស្ថានជាតិអប់រំថា រដ្ឋាភិបាលកម្ពុជា នឹងដំឡើងប្រាក់ ២០% ជាបន្ត នៅឆ្នាំ២០១៣ ជូនមន្ត្រីរាជការក្នុងក្របខ័ណ្ឌគោលនយោបាយ។ លោកថា ថវិការដ្ឋសំរាប់ចំណាយលើប្រាក់ខែបុគ្គលិក មិនអាចអត់បញ្ឈប់បានទេ មិនដូចការសង់ផ្លូវថ្នល់ឡើយ។
លោកបានលើកជាឧទាហរណ៍ថា កសាងផ្លូវចម្ងាយ ១០០គីឡូដី គេទើបសាងសង់បាន ២០ ឬ ៣០គីឡូ អាចផ្អាកបាន ប្រសិនបើរដ្ឋខ្វះថវិកា ប៉ុន្តែបើចំណាយលើប្រាក់ខែមន្ត្រីរាជការហើយ គឺមិនអាចឈប់បានទេ តែដំឡើងប្រាក់ខែហើយថយមកវិញគឺមិនអាច។
លោក ហ៊ុន សែន៖ «បើនិយាយពីចំណាយចរន្តទៅលើបញ្ហាបុគ្គលិក គេអនុញ្ញាតឲ្យចាយតែ ៤០% នៃចំណាយចរន្ត (current) ឬស្មើនឹង ៤% នៃផលិតផលសរុបក្នុងស្រុក (GDP) តែប៉ុណ្ណោះន័យជាគោលៗ ប៉ុន្តែឥឡូវនេះយើងបានចំណាយដល់ទៅ ៤២% នៃចំណាយចរន្ត បានសេចក្ដីថា វាលើស ២% រួចបាត់ទៅហើយ ស្មើនឹង ៤,៧% នៃផលិតផលសរុបក្នុងស្រុក បើមិនដូច្នោះទេ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនឹងត្រូវបំផ្លាញភ្លាម លុយអភិវឌ្ឍន៍ក៏វាគ្មានដែរ ហើយកុំភ្លេចណា លុយអភិវឌ្ឍន៍គេអាចអភិវឌ្ឍន៍ទៅ គេអាចទុកមួយដំណាក់»។
ក្រុមប្រឹក្សាខេត្តតាកែវ លោក ម៉ៅ សុផល ថ្លែងថា បើវាស់គម្លាតនៃការដំឡើងប្រាក់ខែ ២០% នៅឆ្នាំ២០១៣ ដល់មន្ត្រីរាជការ គឺគិតពីគម្លាតខ្ពស់ទាប អាស្រ័យលើប្រាក់ខែដែលទទួលបានតាមឋានន្តរសក្ដិ ឬតាមឋានៈការងារ និងតាមកម្រិតជំនាញការងារ។ បើមន្ត្រីមានឋានៈមេភូមិ គ្រូបង្រៀនមិនអាចធៀបនឹងតំណាងរាស្ត្របានទេ នៅពេលដំឡើងប្រាក់ខែ ២០% ឲ្យនោះ៕
No comments:
Post a Comment
yes