២៩-តុលា-២០១២៖ ផ្ទះជនជាតិវៀតណាម ដែលមកជួលដីកសិកម្ម
ពីពលរដ្ឋខ្មែរនៅក្នុងឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល
សកម្មភាពជួលដីកសិកម្មរបស់ប្រជាកសិករខ្មែររស់នៅតាមព្រំដែនទៅឲ្យជនជាតិវៀតណាម នៅតែកើតមានឡើងរាល់ថ្ងៃ ដែលបញ្ហានេះ ត្រូវអ្នកវិភាគសង្គម និងពលរដ្ឋមួយចំនួន ព្រួយបារម្ភខ្លាចនាំឲ្យពលរដ្ឋបាត់បង់សិទ្ធិគ្រប់គ្រងទាំងនោះទៅប្រទេសវៀតណាម នៅថ្ងៃអនាគត។
ប្រជាពលរដ្ឋរស់នៅឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល លោក ឡេង ញ៉ បានឲ្យដឹងថា សព្វថ្ងៃនេះមានជនជាតិវៀតណាម បានមកជួលដីកសិកម្មដើម្បីដាំដំណាំ និងស្នាក់នៅក្នុងមូលដ្ឋាននេះ។ លោកថា សកម្មភាពនេះបានកើតមានជាង ១០ឆ្នាំមកហើយ ហើយមានជនជាតិវៀតណាម ខ្លះ នៅពេលចប់កុងត្រាជួលដី ពួកគេមិនវិលទៅប្រទេសវៀតណាមវិញទេ ដោយសុខចិត្តបន្ថែមតម្លៃជួលដីឲ្យម្ចាស់ដី ដើម្បីបានរស់នៅបន្តក្នុងប្រទេសកម្ពុជា។ លោកបារម្ភខ្លាចសកម្មភាពនេះអាចនាំឲ្យកើតមានបញ្ហាសិទ្ធិកាន់កាប់ដីធ្លីនៅថ្ងៃអនាគត បើអាជ្ញាធរ ឬផ្នែកពាក់ព័ន្ធមិនមានវិធានការ ឬក៏ប្រជាពលរដ្ឋបន្តជួលដីកសិកម្មទៅឲ្យជនជាតិវៀតណាម ទៀតនោះ។
ពលរដ្ឋរូបនេះបញ្ជាក់ថា រូបលោកមិនចង្អៀតចង្អល់ ឬក៏រើសអើងទេទៅលើជាតិសាសន៍ដទៃនោះទេ ប៉ុន្តែគ្រាន់តែមានការព្រួយបារម្ភខ្លាចកើតមានបញ្ហាលើការគ្រប់គ្រងដីធ្លីរបស់ពលរដ្ឋខ្មែរ ទៅថ្ងៃអនាគត។
បញ្ហានេះនាំឲ្យនិស្សិតច្បាប់ និងអ្នកវិភាគបញ្ហាសង្គម និងសេដ្ឋកិច្ចឯករាជ្យ ព្រមទាំងមនុស្សវ័យចាស់មួយចំនួន ព្រួយបារម្ភថា ប្រជាពលរដ្ឋខ្មែរអាចបាត់បង់សិទ្ធិគ្រប់គ្រងដីកសិកម្មតាមព្រំដែនទាំងនោះទៅឲ្យជនជាតិវៀតណាម នៅថ្ងៃអនាគត។
លោក ធន់ វុទ្ធី ជានិស្សិតច្បាប់នៃសកលវិទ្យាល័យឯកទេសនៃកម្ពុជា បានបារម្ភចំពោះសកម្មភាពជួលដីកសិកម្មរបស់កសិករខ្មែរក្នុងខេត្តកណ្ដាល ទៅឲ្យជនជាតិវៀតណាម ខ្លាចអាចនាំឲ្យពលរដ្ឋខ្មែរបាត់បង់សិទ្ធិកាន់កាប់ដីធ្លីទាំងនោះនៅថ្ងៃខាងមុខ បើសិនការជួលដីនោះមានរយៈពេលយូរអង្វែង។ និស្សិតរូបនេះស្នើឲ្យប្រជាពលរដ្ឋខ្មែរ ឬអាជ្ញាធរមូលដ្ឋាន គួរពិចារណាចំពោះការជួលដីកសិកម្មតាមព្រំដែនទៅឲ្យជនជាតិវៀតណាម ដើម្បីជៀសវាងកើតមានបញ្ហាទៅថ្ងៃខាងមុខ។
ករណីនេះលោកក៏បានស្ដីបន្ទោសចំពោះសកម្មភាពរបស់អាជ្ញាធរមូលដ្ឋាន ដែលអនុញ្ញាតឲ្យមានសកម្មភាពជួលដីកសិកម្មតាមព្រំដែនកើតឡើង។
ចំណែកលោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានបញ្ចេញទស្សនៈថា រដ្ឋាភិបាលគួរទប់ស្កាត់រាល់សកម្មភាពទិញ ឬជួលដីធ្លីនៅតាមព្រំដែនទៅឲ្យប្រទេសជិតខាងកុំឲ្យកើតមានបន្តទៀត ព្រោះអាចនាំឲ្យមានបញ្ហាប្រឈមនៅថ្ងៃអនាគត។
លោកថា ការចូលមកតាំងទីលំនៅរបស់ជនជាតិដទៃក្នុងទឹកដីកម្ពុជា យូរឆ្នាំ នឹងបង្កើតឲ្យមានហេដ្ឋរចនាសម្ព័ន្ធ ឬឈានដល់ការទទួលបានសិទ្ធិគ្រប់គ្រងដីធ្លីជាដើម។ ដូច្នេះរដ្ឋាភិបាល ឬប្រជាពលរដ្ឋខ្មែរ គួរប្រយ័ត្នប្រយែងចំពោះសកម្មភាពជួលដីជាប់ព្រំដែនទៅឲ្យជនជាតិប្រទេសជិតខាង ដូចជាជនជាតិវៀតណាម ជាដើម។
ទោះយ៉ាងណា លោក ហ៊រ សុផល អនុប្រធានមន្ទីរកសិកម្មខេត្តកណ្ដាល បានអះអាងថា លោកមិនទាន់ទទួលបានព័ត៌មានជុំវិញសកម្មភាពជួលដីកសិកម្មតាមព្រំដែនទៅឲ្យជនជាតិវៀតណាម នៅឃុំឈើខ្មៅ ស្រុកកោះធំ នេះទេ ប៉ុន្តែលោកថា នឹងពិនិត្យស្រាវជ្រាវចំពោះបញ្ហាទាំងនេះ។
យ៉ាងនេះក្ដី លោក ខៀង ម៉េង ប្រធានក្រុម១១ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល បានអះអាងថា ការជួលដីកសិកម្មទៅឲ្យជនជាតិវៀតណាម ក្នុងមូលដ្ឋានលោក នឹងមិនប៉ះពាល់ដល់ការគ្រប់គ្រងដីធ្លីនៅថ្ងៃអនាគតទេ។ លោកបញ្ជាក់ថា ដីធ្លីកសិករខ្មែរជួលនោះ គឺមានម្ចាស់ត្រឹមត្រូវ ហើយជនជាតិវៀតណាម ដែលមកជួលដាំដំណាំទាំងនោះ បានធ្វើកុងត្រា ឬលិខិតស្នាម ជាមួយម្ចាស់ដី ព្រមទាំងមានការដឹងឮពីអាជ្ញាធរមូលដ្ឋានថែមទៀត។
ជុំវិញបញ្ហានេះដែរ ប្តីប្រពន្ធជនជាតិវៀតណាម ១គ្រួសារ ដែលបានមកជួលដីកសិកម្មដាំដំណាំផ្សេងៗ ដូចជា ម្ទេស ពោត ត្រសក់ និង ម្រះ ជាដើម ក្នុងឃុំឈើខ្មៅ បានឲ្យដឹងថា ពួកគេបានមកជួលដីធ្វើដំណាំទាំងនេះជាង ៤ឆ្នាំហើយ។ គ្រួសារជនជាតិវៀតណាម បានឲ្យដឹងទៀតថា ដីកសិកម្ម ១ហិកតារ គ្រួសារគាត់ជួលក្នុង១ឆ្នាំមានតម្លៃជាង ១០លានដុង ឬស្មើជាង ១ពាន់ដុល្លារសហរដ្ឋអាមេរិក។ ពលរដ្ឋវៀតណាម បន្តថា ការប្រកបរបរកសិកម្ម ឬដាំដំណាំក្នុងប្រទេសកម្ពុជា ងាយរកទីផ្សារ និងទទួលបានផលច្រើនគ្រប់រដូវកាល ទើបពួកគេចង់មករស់នៅ និងរករបរទទួលទានក្នុងប្រទេសកម្ពុជា។
ទោះជាបែបនេះក្តី ពលរដ្ឋស្នើមិនបញ្ចេញឈ្មោះម្នាក់ រស់នៅឃុំឈើខ្មៅ ស្រុកកោះធំ បានឲ្យដឹងថា មានជនជាតិវៀតណាម មួយចំនួន ដែលមកជួលដីកសិកម្មអស់រយៈពេលជាង ១០ឆ្នាំក្នុងមូលដ្ឋាននេះ មិនចង់ចាកចេញពីដីធ្លីធ្លាប់ធ្វើកសិកម្មទេ ដោយសុខចិត្តបន្ថែមតម្លៃជួលដីទៅឲ្យម្ចាស់ដីក្នុងតម្លៃថ្លៃ ជាថ្នូរបានរស់នៅបន្តក្នុងទឹកដីកម្ពុជា បើទោះម្ចាស់ដីមិនចង់ជួលបន្តបែបណាក្តី។
យ៉ាងណាក៏ដោយ អាជ្ញាធរមូលដ្ឋានឃុំឈើខ្មៅ ស្រុកកោះធំ និងប្រជាពលរដ្ឋខ្លះបានឲ្យដឹងថា មូលហេតុនាំឲ្យពលរដ្ឋជួលដីកសិកម្មទៅឲ្យជនជាតិវៀតណាម ដោយសារកសិករខ្មែរមិនមានជំនាញដាំដុះដំណាំកសិកម្ម ខ្វះសម្ភារៈ និងគ្មានដើមទុនសម្រាប់បង្កបង្កើនផល។ ជាងនេះទៅទៀត តម្លៃដែលទទួលបានពីការជួលដីកសិកម្មទៅឲ្យវៀតណាម ក៏មានតម្លៃខ្ពស់សមរម្យ៕
No comments:
Post a Comment
yes